រៀនសរសេរកូដ ឬProgramming មិនមែនជាអ្វីដែលអ្នកអាចចេះក្នុងរយៈពេលមួយថ្ងៃនោះទេ ហើយវាក៏មិនមែនជាអ្វីដែលអ្នកត្រូវចំណាយពេលមួយជីវិតផងដែរ។ មានវិធីជាច្រើនដែលជួយឲ្យអ្នកអាចរៀនសរសេរកូដបានដោយងាយស្រួល និងឆាប់រហ័ស។ ប៉ុន្តែថ្ងៃនេះ «គំនិត»សូមលើកយកវិធី៥យ៉ាងដែលអាចជួយឲ្យអ្នករៀនសរសេរកូដបានឆាប់រហ័ស។
មិនត្រូវបង្ខំ និងត្រូវរៀនតាមដំណាក់
អ្នកខ្លះ ដោយសារតែគេស្គាល់ និងចេះសរសេរកូដបន្តិចបន្តូច ពួកគេតែងតែមិនចាប់អារម្មណ៍រៀន និងអានឲ្យបានហ្មត់ចត់នូវមេរៀនមូលដ្ឋានគ្រឹះ ដោយសារតែពួកគេគិតថាពួកគេបានចេះនិងយល់ពីមូលដ្ឋានគ្រឹះស្តីពីការសរសេរកូដរួចទៅហើយ។ ផ្ទុយទៅវិញ ពួកគេគ្រាន់តែយល់ដឹងពីផ្នែកខ្លះប៉ុណ្ណោះ ប៉ុន្តែមិនមែនមានមូលដ្ឋានគ្រឹះរឹងមាំស្តីពីការសរសេរកូដនោះទេ។ ដូចនេះអ្នកមិនត្រូវមើលរំលងនោះទេ អ្វីៗគឺមានទំនាក់ទំនងគ្នាជានិច្ច។ ត្រូវយល់ឲ្យច្បាស់ពីមេរៀនដំបូងមុននឹងឈានទៅរៀននូវមេរៀនបន្តបន្ទាប់ទៀត។
១-មើលឧទាហរណ៍ឲ្យបានច្រើន
ប្រសិនបើអ្នកទើបតែចាប់ផ្តើមរៀនសរសេរកូដ អ្នកគួរតែព្យាយាមមើលឧទាហរណ៍ឲ្យបានច្រើន និងព្យាយាមស្វែងយល់ពីកូដទាំងនោះ។ វិធីដ៏ល្អមួយនោះគឺ ប្រសិនបើអ្នកកំពុងតែអានសៀវភៅស្តីពីការសរសេរកូដ អ្នកគួរតែមើលកូដជាមុនសិន ហើយព្យាយាមគិត និងសន្និដ្ឋានថាតើកូដទាំងនោះមានតួនាទីអ្វីខ្លះ។ បន្ទាប់មក ចូរធ្វើការប្រៀបធៀបការសន្និដ្ឋានរបស់អ្នកជាមួយនឹងការបកស្រាយក្នុងសៀវភៅ តើមានលក្ខណៈដូចគ្នាដែរឬទេ។ ធ្វើដូចនេះ អ្នកនឹងអាចរៀនសរសេរកូដឆាប់ចេះជាងការដែលអ្នកគ្រាន់តែអានដោយមិនបានគិតដោយខ្លួនឯង។
២-អានហើយយកកូដទាំងនោះមកសរសេរក្នុងCompiler
នៅពេលដែលអ្នកអានមេរៀនការសរសេរកូដ និងឧទាហរណ៍ អ្នកនឹងគិតថា អ្នកយល់វាហើយ។ ការនិយាយ និងគិតគឺងាយស្រួល ប៉ុន្តែពេលខ្លះអ្នកមិនយល់នោះទេ អ្នកគ្រាន់តែមិនដឹងខ្លួនតែប៉ណ្ណោះ។ មានតែវិធីមួយប៉ុណ្ណោះដែលអាចបញ្ចាក់ថាអ្នកអាចយល់វាបានកម្រិតណា គឺយកកូដទាំងនោះមកសរសេរក្នុងCompiler។
យកកូដដែលអ្នកបានឃើញនៅក្នុងសៀវភៅ ឬក៏អ៊ិនធឺណិតមកសរសេរក្នុងCompilerដោយខ្លួនឯង។ ការអនុវត្តបែបនេះ នឹងអាចធ្វើឲ្យអ្នកស៊ាំទៅនឹងការសរសេរកូដទាំងនោះ និងចេះប្រើប្រាស់វិធីសរសេរកូដឲ្យបានត្រឹមត្រូវ។ បន្ទាប់មកត្រូវដំណើរការកូដនោះ ហើយសង្កេតមើលថាតើកូដទាំងនោះ បានផ្តល់នូវលទ្ធផលដូចដែលបានបកស្រាយក្នុងសៀវភៅដែរឬទេ?
បន្ទាប់មក អ្នកអាចធ្វើការផ្លាស់ប្តូរផ្នែកខ្លះនៃកូដនោះ ហើយសង្កេតមើលថា បន្ទាប់ពីមានការផ្លាស់ប្តូរ តើវាផ្តល់នូវលទ្ធផលយ៉ាងណា? ការធ្វើដូចនេះ នឹងជួយឲ្យអ្នកយល់កាន់តែច្បាស់។
៣-សរសេរកូដដោយខ្លួនឯង
នៅពេលដែលអ្នកយល់ពី ភាសាកូដនោះហើយ អ្នកគួរតែសាកល្បងចាប់ផ្តើមរៀនសរសេរកម្មវិធីខ្លួនឯងដោយប្រើប្រាស់ភាសាកូដដែលអ្នកកំពុងតែរៀននោះ។ នៅពេលខ្លះ វាពិបាកក្នុងការរិះគិតថាតើគួរសរសេរកូដបង្កើតកម្មវិធីអ្វី។ ប្រសិនបើអ្នកមិនដឹងថាគួរសរសេរកម្មវិធីអ្វីនោះទេ គ្រាន់តែស្វែងរកគំនិតមួយចំនួននៅលើប្រព័ន្ធអ៊ិនធឺណិត ឬក៏សួរទៅកាន់មិត្តភក្តិរបស់អ្នកនោះគឺជាការស្រាច់។
ប្រសិនបើអ្នកគិតថា ការសរសេរកម្មវិធីគឺចំណាយពេលច្រើន ហើយលំបាកនោះ អ្នកអាចធ្វើកិច្ចការដែលងាយៗជាមុនសិន ដូចជាព្យាយាមដោះស្រាយលំហាត់ដែលមាននៅក្នុងសៀវភៅ ឬក៏លំហាត់ដែលមាននៅលើអ៊ិនធឺណិតក៏បាន។ ការសរសេរកូដដោយខ្លួនឯង នឹងធ្វើឲ្យអ្នគិតបានបានច្រើន និងស្វែងយល់កាន់តែច្បាស់ពីការសសេរកូដ។
៤-រៀនប្រើប្រាស់Debugger
អ្នកគួរតែរៀនប្រើប្រាស់ឧបករណ៍មួយគឺ Debugger។ឧបករណ៍នេះ នឹងអាចឲ្យអ្នកស្វែងយល់ពីកូដម្តងមួយបន្ទាត់ៗ និងដំណើរការរបស់កូដនោះ។ ការប្រើប្រាស់Debugger នឹងអាចឲ្យអ្នកស្វែងយល់ពីបញ្ហារបស់កូដដែលអ្នកបានសរសេរប្រសិនបើសរសេរមិនបានត្រឹមត្រូវហើយវាមានសារៈសំខាន់សម្រាប់អ្នកសរសេរកម្មវិធីគ្រប់គ្រប់រូប។
៥-ស្វែងរកប្រភពព័ត៌មានឲ្យបានច្រើន
ប្រសិនបើអ្នកកំពុងតែរៀនសរសេរកូដពីប្រភពមួយ ហើយអ្នកមិនយល់នូវអ្វីដែលប្រភពនោះបានពន្យល់ កុំបារម្ភអី អ្នកអាចស្វែងរកប្រភពផ្សេងៗទៀតបានយ៉ាងងាយតាមប្រព័ន្ធអ៊ិនធឺណិត។ វិធី ឬសិល្បៈពន្យល់របស់មនុស្សម្នាក់ៗគឺមានភាពខុសៗគ្នា ដូចនេះប្រសិនបើអ្នកមិនយល់នូវការបកស្រាយរបស់មនុស្សម្នាក់ អ្នកអាចស្វែងរកការបកស្រាយផ្សេងៗទៀតបានយ៉ាងងាយ។
ចូរចាំថា មិនត្រូវអៀនខ្មាស់ឡើយ។ គ្មាននរណាម្នាក់នៅលើលោកនេះចេះអ្វីៗទាំងអស់នោះទេ ដូចនេះ ប្រសិនបើអ្នកមិនយល់នូវអ្វីមួយ អ្នកអាចសាកសួរទៅកាន់មិត្តភក្តិ ឬអ្នកស្គាល់ឲ្យគេជួយពន្យល់បាន។