នៅពេលបុគ្គលិកសប្បាយចិត្តនឹងការងារ ពួកគេយកចិត្តទុកដាក់ជាមួយអតិថិជន ហើយនៅពេលអតិថិជនពេញចិត្ត វាធ្វើឲ្យក្រុមហ៊ុនមានការរីកចម្រើន។ អាជីវកម្មគ្រប់ធុនតែងប្រាថ្នាឲ្យមានបុគ្គលិកដែលប្រើប្រាស់ជំនាញរបស់ខ្លួនយ៉ាងពេញទំហឹង មានការចុះសម្រុងគ្នា និងបង្កើតបរិយាការល្អៗជាមួយគ្នា ប៉ុន្តែសំណួរសួរថា តើអ្នកធ្វើយ៉ាងណាដើម្បីឲ្យមានបរិយាកាសការងារជោគជ័យ?ខាងក្រោមនេះគឺជាចំណុចមួយចំនួនដែលអាចបង្កើតបរិយាកាសល្អនៅក្នុងក្រុមការងារបាន៖
- ទទួលស្គាល់សារៈសំខាន់នៃភាពរីករាយ៖ ភាពសប្បាយរីករាយផ្តល់ភាពវិជ្ជមានដល់អាជីវកម្ម អតិថិជន និងបុគ្គលិក ព្រោះសប្បាយមានន័យថា មានថាមពល កម្លាំងចិត្តក្នុងការបំពេញការងារនៅក្នុងដៃ។ នៅពេលអ្នកមានការទទួលសមិទ្ធផលអ្វីមួយជាមួយក្រុម អ្នកអាចធ្វើការសាទរបន្តិចបន្តួច ដូចជាការជប់លៀង ឬដំណើរកំសាន្តជាដើម ថ្វីត្បិតតែវាគ្រាន់តែជារឿងតិចតួច ប៉ុន្តែវាធ្វើឲ្យមានភាពខុសប្លែកបាន។
- ផ្តល់តម្លៃឲ្យបុគ្គលិកអ្នក៖ ជាទូទៅ ក្នុងក្រុមមួយតែងតែមានអ្នកដែលអៀនច្រើន និងលាក់ខ្លួនឯងពីចំណោមមនុស្ស។ ដូចនេះអ្នកគួរតែចាត់ទុកពួកគេស្មើៗគ្នា ដោយធ្វើការទំនាក់ទំនងជាមួយពួកគេជាលក្ខណៈបើកទូលាយនិងស្មោះត្រង់។ លើសពីនេះ អ្នកអាចបង្ហាញពួកគេពីចំណុចល្អ និងអាក្រក់របស់ពួកគេ និងឲ្យពួកគេដឹងថា អ្នករង់ចាំភាពជោគជ័យរបស់គេ និងតែងតែលើកទឹកចិត្តគេឲ្យមានជំនឿចិត្ត ទំនុកចិត្ត ព្រោះវាអាចឲ្យពួកគេប្រឹងប្រែងបំពេញការងាររឹតតែសកម្ម។
- ផ្តល់ចំណេះដឹងបន្ថែម៖ អ្នកដឹកនាំត្រូវការការលើកទឹកចិត្តបុគ្គលិកឲ្យដើរផ្លូវដែលជាលក្ខណៈផ្ទាល់ខ្លួន និងមានការរីកចម្រើនជាវិជ្ជាជីវៈ។ អ្នកគួរចំណាយលុយខ្លះឲ្យសមាជិកក្រុមចូលរូមកម្មវិធីដូចជា វគ្គបណ្តុះបណ្តាល សិក្ខាសាលា ព្រឹត្តិការណ៍នានាជាដើម។