បច្ចុប្បន្នគឺជាយុគសម័យដែលជឿនលឿនផ្នែកសំភារៈបច្ចេកវិទ្យាដែលមិនធ្លាប់មានពីមុនមក។ ឧបករណ៍អេឡិចត្រូនិកដូចជា ទូរស័ព្ទដៃ កាម៉េរា ទូរទស្សន៍ កុំព្យូទ័រ អាយផត និងឧបករណ៍ផ្សេងៗទៀត ដែលមានច្រើនម៉ូដច្រើនម៉ាក កំពុងប្រជែងគ្នាដណ្តើមទីផ្សាររៀងៗខ្លួន។ ឧបករណ៍ទាំងនេះគឺពោរពេញទៅការរចនាដែលល្អឥតខ្ចោះ ព្រមទាំងមានប្រយោជន៍ជាច្រើនសម្រាប់ការរស់នៅប្រចាំថ្ងៃ។ ប៉ុន្តែអ្វីៗនៅលើលោកយើងនេះគឺមិនមានភាពជានិរន្តរនោះទេ ហើយឧបករណ៍ទាំងនេះនឹងត្រូវបោះបង់ចោលនៅពេលដែលវាខូច ឬហួសសម័យកាល។ តើឧបករណ៍ដែលអេឡិចត្រូនិកដែលគេបោះបង់ចោលហៅថាអ្វីទៅ? ហើយវាមានផលប៉ះពាល់ដែរឬទេ?
នៅពេលដែលឧបករណ៍អេឡិចត្រូនិក ដូចជាកុំព្យូទ័រ ទូរស័ព្ទដៃ កាម៉េរា និងឧបករណ៍ដ៏ទៃទៀត ខូច ឬត្រូវបានបោះបង់ចោល គេអោយឈ្មោះវាថា កាកសំណល់អេឡិចត្រូនិក(electronic waste ឬe-waste)។ វាគឺជាកាកសំណល់រឹងដែលកើនឡើងច្រើនជាងគេបំផុតនៅក្នុងសកលលោក។ ការកើនឡើងនូវកាកសំណល់នេះគឺបណ្តាលមកពីការរីកចម្រើននៃបច្ចេកវិទ្យា ការធ្លាក់ចុះនូវតំលៃ និងការកាត់បន្ថយអាយុប្រើប្រាស់របស់ផលិតផលនីមួយៗ។ ការធ្លាក់ចុះ និងកំណាត់បន្ថយអាយុរបស់ផលិតផលនេះហើយបានដែលធ្វើអ្នកប្រើប្រាស់ជាច្រើនជ្រើសរើសនូវការជាវផលិតផលថ្មី ជាជាងការជួសជុលនូវឧបករណ៍ចាស់ៗ ដែលធ្វើអោយកំនើនកាកសំណល់អេឡិចត្រូនិកកើនឡើងយ៉ាងឆាប់រហ័ស។ យោងតាមកម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិបានអោយដឹងថា កាកសំណល់អេឡិចត្រូនិក ប្រមាណ ២០-៥០ លានតោន ត្រូវបានបោះចោលក្នុងពិភពលោកក្នុងមួយឆ្នាំៗ។ សហរដ្ឋអាមេរិក និងសហគមន៍អ៊ឺរុប គឺជាបណ្តាប្រទេសដែលបង្កើតកាកសំណល់អេឡិចត្រូនិកច្រើនជាងគេនៅក្នុងសកលលោក។
ដោយសារតែកាកសំណល់នេះគឺជាកាកសំណល់ដែលកើនឡើងលឿនជាងគេ ហេតុនេះហើយវាគឺជាកង្វល់ដ៏ធំមួយសម្រាប់ពិភពលោកយើងសព្វថ្ងៃនេះ។ មានមនុស្សជាច្រើនបានជឿជាក់ថា កាកសំណល់ទាំងនេះ នឹងត្រូវបានគេយកទៅផលិតឬកែច្នៃឡើងវិញ។ ប៉ុន្តែជាក់ស្តែង គឺវាផ្ទុយស្រឡះដោយភាគច្រើននៃកាកសំណល់ទាំងនោះត្រូវបានគេបញ្ចូនទៅបោះចោលនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ ឧទាហរណ៍ នៅក្នុងសហរដ្ឋអាមេរិក ដែលជាប្រទេសផលិតកាកសំនល់នេះច្រើនជាងគេបំផុតនោះ កាកសំនល់ប្រហែល១៨% ប៉ុណ្ណោះត្រូវបានគេយកទៅកែច្នៃឡើងវិញ ហើយជាង៨០%ដែលនៅសេសសល់ត្រូវបានគេយកទៅបោះចោល(យោងតាមភ្នាក់ការពារបរិស្ថាន) នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ដូចជាប្រទេសចិន ឥណ្ឌា និងនៅប្រទេសមួយចំនួនទៀតដូចជានៅទ្វីបអាស៊ី និងអាព្រិច។ ការដឹកជញ្ចូនកាកសំនល់ទៅកាន់ប្រទេសទាំងនេះគឺស្ថិតក្រោមឈ្មោះឧបករណ៍អេឡិចត្រូនិកជជុស ដើម្បីបំបាំងភ្នែកមហាជនទូទៅ។ ទង្វើ នេះបានធ្វើអោយបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ទាំងនោះ រងនូវផលប៉ះពាល់ដល់បរិស្ថានយ៉ាងធ្ងន់ធ្ងរដោយសារតែជាតិពុលដែលមាននៅក្នុងកាកសំនល់ទាំងនោះ។
នៅក្នុងឧបករណ៍អេឡិចត្រូនិកទាំងនេះ មានផ្ទុកនូវជាតិពុលជាច្រើនដូចជា Lead, Cadmium, Mercury, Chromium, Plastics, Brominated flame retardants, Berylliumហើយសារធាតុទាំងនេះមិនត្រឹមតែធ្វើអោយមានផលប៉ះខ្លាំងដល់បរិស្ថានប៉ុណ្ណោះទេ វាថែមទាំងមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពរបស់មនុស្សទៀតផងដូចជា វាបណ្តាលខូចខួរក្បាល ជម្ងឺគ្រលាន មហារីក និងជម្ងឺជាច្រើនទៀត។ នៅក្នុងខែត្រមួយឈ្មោះកួយូ ប្រទេសចិន បន្ទាប់ពីមានកាកសំណល់អេឡិចត្រូនិកជាច្រើនបានបោះចោលនៅទីនោះ ធ្វើអោយទឹកទន្លេនៅក្នុងខែត្រនោះមិនអាចប្រើប្រាស់បានតទៅទៀត។ មិនតែប៉ុណ្ណោះ នៅក្នុងខែត្រនេះ អត្រាស្ត្រីរលូតកូន គឺមានខ្ពស់ជាងគេនៅលើពិភពលោក ហើយសារធាតុពលនៅក្នុងឈាមកុមារនៅទីនេះគឺមានខ្ពស់ហួសកំរិតដែលកុមារទាំងនោះប្រឈមមុខនូវជម្ងឺផ្សេងៗជាច្រើនដូចជា មានការចងចាំខ្សោយ ជម្ងឺមហារីក និងជម្ងឺផ្សេងជាច្រើនទៀត។