គំនិតជឿជាក់ថាអ្នកប្រាកដជានៅចាំហាងគុយទាវទូក8 Boat Noodle ឬគុយទាវទូកដែលមានឈ្មោះប្រហាក់ប្រហែលនេះ។ គុយទាវទូកបានចាប់ផ្តើមបើកលក់នៅកម្ពុជាដំបូងចុងឆ្នាំ២០១៤។ ក្រោយពេលបើក ហាងគុយទាវទូកទទួលបានការចាប់អារម្មណ៍យ៉ាងរហ័សពីសំណាក់មហាជន ហើយថែមទាំងបានលក់សិទ្ធិធុរកិច្ច(Franchise)ជាច្រើនថែមទៀត។ ប៉ុន្តែមិនយូរប៉ុន្មានក៏ឃើញថាហាងទាំងនោះបានទទួលបរាជ័យនិងបិទទ្វារជាបន្តបន្ទាប់។
តើមូលហេតុអ្វីដែលធ្វើឲ្យហាងគុយទាវទូកមួយនេះរីកលូតលាស់លឿនតែក៏បរាជ័យលឿនបែបនេះ?
- ចិត្តសាស្រ្តរបស់មនុស្ស
មនុស្សពេលដែលឃើញអ្វីដែលប្លែកថ្មីតែងតែចង់សាកចង់ដឹង ហើយមនុស្សតែងតែចង់បង្ហាញទៅមិត្តភ័ក្តិនៅពេលពួកគាត់មានអារម្មណ៍ថាខ្លួនពិសេស(ញ៉ាំគចានច្រើន)។ គុយទាវទូកធ្វើឲ្យអ្នកញុំាមានអារម្មណ៍ថាប្លែក និងពិសេសដោយសារតែញុំារហូតដល់គរចានដែលជម្រុញឱ្យគាត់បង្ហោះនៅលើបណ្តាញFacebookដើម្បីអួត និងបង្ហាញមិត្តភ័ក្តិ ។ ដូច្នេះនៅពេលដែលទើបតែបើកដំបូងមានមនុស្សជាច្រើនបានទៅតម្រង់ជួរញុំា។ តែក្រោយពេលបានសាកល្បងញុំារួចមកក៏មិនសូវមានមនុស្សចាប់អារម្មណ៍នឹងទៅញុំាទៀត ជាមូលហេតុដែលធ្វើឲ្យហាងគុយទាវទូកនេះមិនអាចដំណើរការតទៅមុខទៀតបាន។ ក្រោយពេលដែលបានសាកល្បងអ្វីដែលប្លែកថ្មីរួចមកមនុស្សក៏មានអារម្មណ៍ថាធម្មតានិងលែងចាប់អារម្មណ៍ទៀត។
- និនា្នការសង្គម
មនុស្សនៅក្នុងសង្គមភាគច្រើនទន់ទោរទៅរកគ្នា។ នៅពេលដែលឃើញគេញុំា ផឹកអ្វី ទៅកន្លែងណាមួយ ឬធ្វើអ្វីមួយដែលខ្លួនមិនធ្លាប់បានធ្វើនោះ អ្នកតែងតែចង់សាកល្បងនិងធ្វើតាមគេភ្លាម។ ដូចគ្នានេះដែរ អ្នកខ្លះពេលដែលឃើញគេទៅញុំាគុយទាវទូកហើយថតផុសនៅក្នុងហ្វេសប៊ុកធ្វើឲ្យគេមានចិត្តមួយថា ត្រូវតែទៅញុំានិងថតផុសឲ្យដូចគេដែរ។ បើគេមិនបានញុំានិងថតផុសនោះទេ គេនឹងគិតថាខ្លួនឯងដើរមិនទាន់សង្គម មិនទាន់អ្នកដទៃដែលនៅក្នុងបរិបទសង្គមតែមួយ។ ប៉ុន្តែមួយរយៈក្រោយមកការនិយមនេះនឹងផ្លាស់ប្តូរ ឬអន់ថយទៅវិញព្រោះម្នាក់ៗបានសាកល្បងរួចហើយ។ និន្នាការនៃសង្គមតែងតែដើរទៅមុខជានិច្ច ដូចនេះបើគ្មានការផ្លាស់ប្តូរ ឬកែប្រែខ្លះៗនោះទេនឹងធ្វើឲ្យអ្នកបរាជ័យជាក់ជាមិនខាន។
- តម្លៃ
បើយើងសង្កេតមើលពីតម្លៃរបស់គុយទាវទូកវិញ ក្នុងមួយចានប្រហែល២៥០០៛ប៉ុណ្ណោះយើងប្រាកដជាគិតថាមិនថ្លៃនោះទេ ប៉ុន្តែបើញុំាមួយឆ្អែតមនុស្សម្នាក់ប្រហែលជាត្រូវញុំាពី៤ចានឡើងទៅ។ ជាមួយគ្នានេះដែរ បើយើងញុំាគុយទាវក្នុងហាងដទៃទៀតគឺមានតម្លៃប្រហែល៨០០០៛ប៉ុណ្ណោះក្នុងមួយចាន។ សរុបមក បើចង់ញុំាគុយទាវទូកឲ្យឆ្អែតប្រហែលជាត្រូវចំណាយថ្លៃបន្តិច។
- ការពង្រីកខ្លួនលឿនពេក
ហាងគុយទាវទូកគឺបានពង្រីកខ្លួនយ៉ាងលឿនរហូតដល់រាប់សិបហាងក្នុងរយៈពេលដ៏ខ្លី។ ការពង្រីកខ្លួនលឿនពេកនេះ ក៏ជាមូលហេតុមួយដែលធ្វើឱ្យហាងគុយទាវទូកឆាប់សាបរលាបពីភាពពេញនិយមផងដែឬ។ ហេតុអ្វី? ព្រោះថា វិជាចិត្តសាស្ត្រមួយរបស់មនុស្ស នៅពេលដែលវាងាយស្រួលនឹងទទួលបានពេក (ទៅណាក៏ឃើញ) វាលែងក្លាយទៅជារបស់ពិសេសដូចមុនទៀតហើយ។ ម្យ៉ាងវិញទៀត នៅពេលដែលការផ្គត់ផ្គង់កើនលឿនពេក ធ្វើឱ្យអតិថិជនត្រូវបែកសាចទៅហាងផ្សេងៗគ្នាដែលធ្វើឱ្យមើលពីក្រៅហាងទៅលែងមានមនុស្សច្រើនតម្រង់ជួរដូចមុន ដែលកត្តានេះក៏រួមចំណែកជះឥទ្ធិពលដល់ចិត្តសាស្ត្រអតិថិជន ធ្វើឱ្យគាត់យល់ថាវាលែងពេញនិយមដូចមុនទៀតហើយ។ ចិត្តសាស្ត្ររបស់អតិថិជនភាគច្រើនគឺប្រហាក់ប្រហែលគ្នា នៅពេលដែលហាងណាមានមនុស្សច្រើន គឺគាត់ចូលចិត្តចូលហាងនោះ ទោះបីត្រូវប្រជ្រៀតគ្នា ឬរង់ចាំក៏ដោយ។
- គុណភាពសេវា និងផលិតផល
បើយើងក្រឡេកទៅមើលគុណភាពសេវាកម្មរបស់គុយទាវទូកវិញគឺមិនខុសពីកន្លែងដទៃទៀតនោះទេ។ យើងត្រូវចំណាយពេលរង់ចាំនិងកម្ម៉ុង់ប្រហាក់ប្រហែលនឹងហាងដទៃទៀតដែរ និងមិនមានលក្ខណៈពិសេសអ្វីដែលគួរឲ្យចាប់ចិត្តដែរ។
បើក្រឡេកពីគុណភាពផលិតផលវិញ យុទ្ធសាស្ត្រទីផ្សារល្អអាចធ្វើឱ្យមនុស្ស មកភ្លោកទឹកភ្លោកដីបានដើម្បីសាក ប៉ុន្តែបន្ទាប់ពីបានសាកល្បងហើយមានអារម្មណ៍ថាមិនមានអ្វីឆ្ងាញ់ ឬពិសេសនោះ អាត្រានៃការវិលត្រឡប់មកវិញគឺមានកម្រិតទាបប៉ុណ្ណោះ។ ដូចនេះ មានតែគុណភាពផលិតទេដែលអាចរក្សានិរន្តរភាពនៃភាពពេញនិយមបានពីសំណាក់អតិថិជន។
សរុបសេចក្តីមក ចំណុចខាងលើនេះគឺពិតជាសំខាន់ណាស់ក្នុងការធ្វើអាជីវកម្ម បើសិនជាអ្នកមិនបានយកចិត្តទុកដាក់ទៅលើប៉ុន្មានចំណុចនេះទេ អ្នកអាចនឹងជួបប្រទះបញ្ហា និងការបរាជ័យជាមិនខានឡើយ។ អត្ថបទនេះគ្រាន់តែជាការសង្កេតនិងយល់ឃើញ ដើម្បីសិក្សាយល់ដឹងនិងធ្វើជាបទពិសោធន៍សម្រាប់ការធ្វើអាជីវកម្មតែប៉ុណ្ណោះ។