កាលពីប្រហែលមួយឆ្នាំមុន ក្រុមហ៊ុន Ponds Cambodia បានបង្កើតកម្មវិធីមួយ ដែលមានឈ្មោះថា High School Love ។ កម្មវិធីនេះគឺជាកម្មវិធីវិដេអូរឿងភាគបែបយុវវ័យ ដែលផ្តោតលើសិស្សវិទ្យាល័យ ដែលប្រឈមមុខនឹងរឿងស្នេហា និងបញ្ហាមុខមុន។ មកដល់ពេលថ្មីៗនេះ ក្រុមហ៊ុននេះបានប្រកាសពីវត្តមានបន្តរបស់កម្មវិធី វិដេអូរឿងភាគ High School Love រដូវកាលទីពីរ ដែលនឹងចាក់ជូនទស្សនាក្នុងពេលឆាប់ៗនេះ។
តើហេតុអ្វីបានជាក្រុមហ៊ុន Ponds Cambodia បង្កើតកម្មវិធីនេះឡើង? តើនរណាគឺជាអតិថិជនគោលដៅរបស់ក្រុមហ៊ុន Ponds Cambodia? មនុស្សស្រីជំទង់ ( អាយុ ១៨ដល់២៧ឆ្នាំ) ឬក្មេងជំទង់ ( អាយុ ១៣ដល់១៧ឆ្នាំ)?
ប្រសិនបើយើងសង្កេតមើល វីដេអូពាណិជ្ជកម្មកាលពីមុនៗ របស់ក្រុមហ៊ុននេះ យើងនឹងឃើញថា ការផ្តោតគឺស្ថិតទៅលើមនុស្សស្រីជំទង់ អាយុប្រមាណ១៨ឆ្នាំដល់២៧ឆ្នាំ ហើយមិនមែនជាក្មេងជំទង់នោះទេ។
ឧទាហរណ៍ នៅក្នុងវីដេអូពាណិជ្ជកម្មមួយរបស់ Ponds គឺសម្តែងដោយ កញ្ញាមាស សូនីតា ដែលបង្ហាញពីរបៀបរក្សាសម្រស់ ដើម្បីរក្សាបានភាពស្រស់ស្អាតរបស់នារីនាវ័យជំទង់ ។
ប៉ុន្តែមួយរយៈក្រោយនេះ តើហេតុអ្វីក្រុមហ៊ុននេះ បែរជាសម្រេចចិត្តថតជាខ្សែររឿងភាគ ដែលនិយាយពីក្មេងជំទង់ទៅវិញ? តើ Ponds កំពុងតែដើរខុសគោលដៅមែនដែរឬទេ?
ដើម្បីឆ្លើយទៅនឹងសំនួរ ដែលខ្ញុំបានចោទខាងលើនេះ ជាដំបូងយើងត្រូវមើលថាតើក្រុមហ៊ុន Ponds កំពុងប្រម៉ូតផលិតផលដដែល ឬផលិតផលថ្មី? ព្រោះទោះបីជាមានម៉ាកសញ្ញាដូចគ្នា ប៉ុន្តែផលិតផលទាំងនោះ អាចមានអតិថិជនគោលដៅខុសគ្នា។
ក្រឡេកមករឿងភាគ High School Love យើងម្តងទៀត យើងអាចសង្កេតឃើញថាកម្មវិធីនេះគឺត្រូវបានបង្កើតឡើងដើម្បីប្រម៉ូតផលិតផលថ្មីនៃ Pond’s ដែលជា Pond’s Acne Clear ។ Pond’s Acne Clear គឺជាផលិតផលរូបមន្តថ្មី ប្រើប្រាស់សម្រាប់កំចាត់មុន។ ខ្ញុំគិតថា Pond’s មានភាពវៃឆ្លាតក្នុងការចាប់យកអតិថិជនគោលដៅ សម្រាប់ផលិតផលថ្មីរបស់ខ្លួន ព្រោះក្មេងស្រីវ័យពី១៣ឡើងដល់១៧ឆ្នាំ គឺត្រូវប្រឈមនឹងបញ្ហាមុខមុនខ្លាំងជាងវ័យផ្សេងៗទៀត ហើយពួកគេតែងតែចង់បានថ្មាំព្យាបាលណា ដែលមានតម្លៃធូរថ្លៃ និងមិនមានភាពស្មុគស្មាញ (over-the-counter medications )!
ដូច្នេះលើកនេះ Ponds កំពុងប្រើយុទ្ធសាស្ត្រត្រឹមត្រូវណាស់ ជាមួយនឹងផែនការថតជាខ្សែររឿងភាគយុវវ័យ ដើម្បីបញ្រ្ជៀបការយល់ដឹងអំពីផលិតផលថ្មីរបស់ខ្លួនដោយប្រយោល ហើយជាពិសេសនោះគឺ បង្កើតបានជាអារម្មណ៍ស្និទ្ធស្នាលរវាងក្មេងស្រីជំទង់និងផលិតផល ដោយសារការសម្តែងក្នុងខ្សែររឿងបានបង្ហាញដូចទៅនឹងអារម្មណ៍ពិតរបស់ពួកគេ ដូចជាក្តីទុក្ខសោក កង្វល់ អារម្មណ៍តូចចិត្តដែលកើតចេញពីបញ្ហាមុខមុនជាដើម។