ជំនាញគិតគឺជាអ្វី?វាមានភាពងាយស្រួលដែរឬទេ?ហើយធ្វើយ៉ាងម៉េចដើម្បីឲ្យគិតបានលឿន បានរហ័ស ត្រឹមត្រូវ និងមានភាពឈ្លាសវៃ?ការគិត គឺជាពាក្យមួយដែលងាយស្រួលនិយាយ ស្រួលសរសេរ។យ៉ាងណាមិញ គ្រប់ការគិតរបស់មនុស្សគ្រប់គ្នាមិនមែនសុទ្ធតែត្រឹមត្រូវនោះទេ ហើយក៏មិនមែនសុទ្ធតែខុសដែរ។ខាងក្រោមនេះគឺជាចំណុចសំខាន់ៗដែលអាចជួយឲ្យការគិតរបស់អ្នកកាន់តែខ្លាំង និង ជំនាញក្នុងការដោះស្រាយបញ្ហាយ៉ាងមានប្រសិទ្ធភាព។
ដើម្បីឲ្យមានយុទ្ធសាស្រ្តអ្នកត្រូវការ ការយល់ដឹងឲ្យច្បាស់អំពីបរិបទឧស្សាហកម្ម ពីនិន្នាការ និងកត្តាជំរុញអាជីវកម្ម។
១ ដឹង(សង្កេតនិងស្វែងរកនិន្នាការ)
ដើម្បីឲ្យមានយុទ្ធសាស្រ្តអ្នកត្រូវការ ការយល់ដឹងឲ្យច្បាស់អំពីបរិបទឧស្សាហកម្ម ពីនិន្នាការ និងកត្តាជំរុញអាជីវកម្ម។ ការទទួលបាននូវទិន្នន័យ និងនិន្នាការថ្មីៗ គឺវាមិនគ្រប់គ្រាន់ទេ ពោលគឺអ្នកត្រូវតែមាន៣ចំណុចដូចខាងក្រោម៖
- ធ្វើឲ្យវាក្លាយជាលំហាត់ធម្មតាដើម្បីស្វែងរកនិងសំយោគនិន្នាការខាងក្នុងនៅក្នុងការងារប្រចាំថ្ងៃរបស់អ្នក។ជាក់ស្ដែងអ្នកគួរតែយកចិត្តទុកដាក់លើបញ្ហាដែលបានកើតឡើងម្ដងហើយម្ដងទៀតនៅក្នុងអង្គភាពរបស់អ្នកហើយចាប់ផ្ដើមសំយោគឧបសគ្គ នោះអ្នកនឹងដឹងពីវិធីដោះស្រាយយ៉ាងងាយ ហើយការគិតរបស់អ្នកនឹងរីកចម្រើនផងដែរ។
- មានភាពសកម្មអំពីការភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្តិទាំងនៅក្នុងអង្គភាពនិង នៅក្នុងឧស្សាហកម្មរបស់អ្នក ដើម្បីយល់ដឹងពីការធ្វើទីផ្សារ ឬការធ្វើអាជីវកម្មរបស់ពួកគេ។ដូចនេះហើយអ្នកគួរតែចេះសង្កេតពីបរិស្ថានជុំវិញអ្នកទើបធ្វើឲ្យអ្នកក្លាយជាមនុស្សដែលខ្លាំងនៅក្នុងការគិត និង ការវិភាគ។
- ស្វែងយល់ពីព័ត៌មាននិងទស្សនៈតែមួយគត់ហើយ កំណត់នូវផលប៉ះពាល់របស់វាទៅលើយុទ្ធសាស្ត្រកម្រិតសាជីវកម្ម។
២ គិត(ចេះបង្កើតសំណួរសួរមកលើខ្លួនឯង)
ការដែលតែងតែបង្កើតនូវសំណួរមកចោទសួរលើខ្លួនឯង វាគឺជាយុទ្ធសាស្ត្រមួយដើម្បីពង្រីកនូវចំណេះដឹងរបស់អ្នកឲ្យកាន់តែវិវត្តទៅមុខ។អ្នកត្រូវដឹងថាសំណួរ វាគឺជាការចោទសួររាល់បញ្ហាទាំងអស់ដែលបានកើតឡើង ហើយសំណួរក៏ជាអ្នកដែលធ្វើឲ្យយើងមានមន្ទិលសង្ស័យ ចង់ដឹងចង់់ឭចង់ស្គាល់ ថាអ្វីជាអ្វី ហើយពេលនោះហើយគឺជាពេលដែល ខួរក្បាលរបស់អ្នកតាមស្វែងរកចម្លើយតាមរយៈការរុករក ការស្រាវជ្រាវ និងការសួរមនុស្សជុំវិញខ្លួននេះជាដើម។ដូចនេះហើយអ្នកត្រូវតែមានយុទ្ធសាស្ត្រក្នុងពង្រឹងការគិតរបស់អ្នកតាមរយៈ ការសួរសំណួរជាច្រើនដែលកំពុងស្ថិតនៅក្នុងខួរក្បាលរបស់អ្នក។
សំណួរដែលអ្នកគួរតែសួរមកលើខ្លួនឯងគឺ តើខ្ញុំគួរតែពង្រីកនូវអ្វីដែលខ្ញុំគិតតាមវិធីណាទៅ? តើហេតុអ្វីបានជា……? ការបង្កើតសំណួរកាន់តែច្រើនអ្នកកាន់តែអភិវឌ្ឍនូវចិត្តគំនិតរបស់អ្នកឈានទៅរកវឌ្ឍនភាពកាន់តែខ្លាំង។
ម្យ៉ាងវិញទៀតបើចំពោះអ្នកដែលមានការងារធ្វើវិញ អ្នកគួរតែចោទជាសំណួរដើម្បីសួរខ្លួនឯង ដូចជា៖ តើខ្ញុំនឹងក្លាយទៅជាអ្វីនៅរយៈពេល ១ឆ្នាំ ២ឆ្នាំ ឬក៏ ៥ឆ្នាំទៅមុខទៀត? តើរាល់ថ្ងៃនេះខ្ញុំបានធ្វើអ្វីសម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិខ្លះ? ឬ តើខ្ញុំអាចទទួលបានជោគជ័យដោយរបៀបណា? តាមិធីណាខ្លះ? ពេលដែលអ្នកតែងតែសួររាល់សំណួរទាំងនេះ អ្នកនឹងដឹងថាអ្វីដែលអ្នកត្រូវធ្វើដើម្បីជីវិតរបស់ខ្លួនខ្លះ។
៣ និយាយ( យុទ្ធសាស្រ្តនៃការនិយាយ)
យុទ្ធសាស្ត្ររបស់អ្នកដែលពូកែគិតគឺដឹងពីរបៀបនិយាយឲ្យមានប្រសិទ្ធភាព។ មនុស្សដែលខ្លាំង មនុស្សដែលពូកែ ពេលនិយាយគេតែងដឹងថាអ្វីដែលខ្លូនកំពុងធ្វើ ឬ ក៏នឹងរៀបនឹងធ្វើ។ហេតុអ្វីបានជាគេយកចិត្តទុកដាក់ទៅលើពាក្យសម្ដីម្លេះ? គឺព្រោះតែ ពាក្យសម្ដីដែលបានខ្ជាក់ចេញមកក្រៅហើយ យើងមិនអាចលេបចូលវិញទេ។ បើយើងហ៊ាននិយាយគឺយើងត្រូវតែហ៊ានធ្វើ បើអ្នកមិនគោរពពាក្យសម្ដីរបស់អ្នកទេ មានន័យថាអ្នកមិនបានផ្ដល់តម្លៃដល់ខ្លួនឯងទេ ហើយអ្នកដ៏ទៃក៏មិនគោរពកោតខ្លាចយើងដែរ។ដូចនេះហើយអ្នកត្រូវតែមានយុទ្ធសាស្ត្រនិងបែបបទក្នុងការនិយាយ។
៤ សកម្មភាព(រកពេលសម្រាប់គិតនិងទទួលយកនូវទំនាស់ដែលកើតមាន)
ការស្វែងរកនូវជំនាញយុទ្ធសាស្ត្រណាមួយឲ្យពិតប្រាកដ វាពិតជាមិនមានភាពងាយស្រួលឡើយសម្រាប់យើង។ ពេលខ្លះចក្ខុវិស័យរបស់យើងអាចនឹងស្រពិចស្រពិលនៅពេលដែលអ្នកយកអារម្មណ៍របស់អ្នកជាអាទិភាពក្នុងការដោះស្រាយបញ្ហាទាំងនោះ។ ជាតួយ៉ាងបើសិនជាអ្នកកំពុងតែមានអារម្មណ៍ស្មុគស្មាញ កើតទុក្ខ ឬធុញទ្រាន់ អ្នកមិនគួរធ្វើការសម្រេចចិត្តអ្វីភា្លមៗឡើយ ព្រោះវានឹងធ្វើឲ្យអ្នកស្ដាយក្រោយចំពោះអ្វីដែលអ្នកបានសម្រេចចិត្តនោះឯង។