ការប្រជុំគឺពេលមួយដែលប្រធានក្រុមនិងសមាជិកទាំងអស់ពិភាក្សាគ្នាអំពីគម្រោងផែនការអាជីវកម្ម លើកឡើងនូវបញ្ហារាំងស្ទះ ស្វែងរកដំណោះស្រាយនិងជាពេលដែលត្រូវបញ្ចេញគំនិតថ្មីៗនៅក្នុងការប្រជុំ។ ចំពោះសមាជិកក្រុមខ្លះគាត់មិនដឹងថាត្រូវកត់ត្រាពីអ្វី អ្នកខ្លះក៏មិនបានកត់ត្រា មិនយកចិត្តទុកដាក់ស្ដាប់ និងមិនយល់ពីគោលការណ៍ដែលជាហេតុធ្វើឲ្យគាត់មិនសូវដឹងព័ត៌មានបានច្បាស់។ខាងក្រោមនេះជាគំនិតមួយដែលអាចជួយឲ្យអ្នកចាប់បាននូវចំណុចសំខាន់ៗទាំងឡាយដែលមាននៅក្នុងអង្គប្រជុំ៖
១ ចាត់ឲ្យនរណាម្នាក់សរសេរនូវកំណត់ត្រារៀងរាល់ការប្រជុំ
ការដែលអ្នកចេះកត់ត្រានូវចំណុចសំខាន់ៗនៅលើក្រដាសពេលមានការប្រជុំ ឬពេលដែលគ្រូពន្យល់ គឺពិតជាប្រសើរ ហើយជាធម្មតាសិស្សនិស្សិតតែងតែធ្វើបែបនេះជារឿយៗ។តាមការស្រាវជ្រាវបានបង្ហាញថាការសរសេរចំណាំទុកនៅលើក្រដាស ជួយឲ្យមនុស្សចងចាំនូវប្រធានបទដែលស្មុគស្មាញបានល្អប្រសើរ ប៉ុន្តែវាមិនបានធ្វើឲ្យក្រុមទាំងមូលចងចាំនូវអ្វីទាំងអស់។ពេលដែលអ្នកចាត់តាំងនរណាម្នាក់ឲ្យកត់ត្រានូវអ្វីមួយ ពួកគេនឹងដើរតួជាអ្នកតំណាងនៅក្នុងក្រុមទាំងមូល។ក្រោយពីការប្រជុំចប់អ្នកតំណាងនឹងត្រូវបង្ហាញរាល់ទិន្នន័យដែលបានកត់ត្រាឲ្យសមាជិកទាំងអស់គ្នា ដើម្បីឲ្យដឹងថាការកត់ត្រានោះពិតជាទាក់ទងទៅនឹងការពិភាក្សានោះមែន ព្រមទាំងដើម្បីរំឮកនូវចំណុចសំខាន់ៗនៅក្នុងប្រធានបទនោះផងដែរ។
២ ចាប់យកតែចំណុចលម្អិតសំខាន់ៗ
ចំណុចដែលអ្នកគួរតែចាប់យកគឺទាក់ទងជាមួយនឹង
- កាលបរិច្ឆេទនូវព្រឹត្តិការអ្វីមួយ
- ឈ្មោះសមាជិកក្រុមថ្មី
- បញ្ហាថ្មីដែលកំពុងតែមានការព្រួយបារម្ភ
- គំនិតថ្មីៗ និងសមិទ្ធិផលថ្មីៗដែលទើបនឹងទទួលបាន
- និងអ្វីផ្សេងទៀតដែលជួយអ្នកនិងក្រុមហ៊ុនអ្នកទទួលបាននូវភាពជោគជ័យ ភាពរុងរឿងចំរុងចម្រើន។ល។
៣ រំឮកឡើងវិញនូវអ្វីដែលបានកត់ត្រាមុនពេលដែលការប្រជុំត្រូវបញ្ចប់
ពេលដែលនៅសល់ប្រហែលជា១០នាទីនៃការប្រជុំ អ្នកត្រូវតែរំឮកឬសង្ខេបខ្លីៗឡើងវិញតាមរយៈការសួរដូចខាងក្រោម៖
- តើការប្រជុំរបស់ពួកយើងមានកន្លែងចន្លោះខ្វះខាតនូវចំណុចដែលសំខាន់ឬទេ?
- ទិន្នន័យនិងព័ត៌មានទាំងអស់នេះត្រឹមត្រូវឬទេ?
- តើការកត់ចំណាំនីមួយៗមានភាពច្បាស់លាស់និងត្រឹមត្រូវ ដែលអាចឲ្យអ្នកដ៏ទៃទៀតយល់ឬទេ?តើអ្វីដែលយើងអាចនឹងដឹងថារយៈពេល២សប្តាហ៍ទៀតនឹងមានអ្វីកើតឡើង?
ក្រុមរបស់អ្នកអាចនឹងព្យាយាមឆ្លើយសំណួរពីរបីខាងលើ ប៉ុន្តែសំណួរចុងក្រោយនឹងធ្វើឲ្យពួកគេគិត ហើយរកមើលចម្លើយនៅក្នុងការកត់ត្រារបស់ពួកគេវិញ។
៤ ផ្សព្វផ្សាយនូវការកត់ត្រាទាំងនោះ នៅកន្លែងណាដែលមនុស្សងាយស្រួលរក
អ្នកត្រូវបិទនូវព័ត៌មាននៅកន្លែងណាដែលមនុស្សងាយនឹងឃើញ ជាពិសេសចំពោះអ្នកដែលមិនបានមកចូលរួមក្នុងការប្រជុំនេះតែម្ដង។ដូចនេះពេលដែលអ្នកចាប់បាននូវព័ត៌មាននៅក្នុងការប្រជុំ ហើយជួយបោះផ្សាយទៅកាន់អ្នកដ៏ទៃ នោះអ្នកនឹងទទួលបានតម្លៃពិតពីការប្រជុំរបស់អ្នក ព្រោះអ្នកមានការយកចិត្តទុកដាក់ខ្ពស់ និងឲ្យតម្លៃខ្ពស់ទៅលើការប្រជុំ។