spot_img
spot_img
Homeទូទៅតើខ្ញុំគួរចាប់យកជំនាញជាវិស្វករដែរឬទេ?

តើខ្ញុំគួរចាប់យកជំនាញជាវិស្វករដែរឬទេ?

-

មនុស្ស​ម្នាក់ៗ​តែង​តែ​មាន​ចំណង់​ចំណូល​ចិត្ត​ និង​មានជំនាញ​ខុស​ៗគ្នា។ ហេតុនេះ​ហើយ គឺ​មាន​តែ​អ្នក​ទេ​ដែល​អាច​កំណត់​គោល​ដៅ​ខ្លួន​ឯង ថា​តើ​អ្នក​គួរ​ជ្រើស​យក​ជំនាញ​មួយណា​សម្រាប់​ថ្នាក់​បរិញ្ញាប័ត្រ​របស់​អ្នក។ តែ​ប្រសិន​បើ​អ្នក​ចាប់​អារម្មណ៍​មុខ​ជំនាញ​វិស្វកម្ម សម្រាប់​ថ្នាក់​បរិញ្ញាប័ត្រ​របស់​អ្នក ហើយ​ចង់​ដឹង​ថា​ តើ​អ្នកស័ក្តសម​នឹង​វា​ដែរ​ឬ​ទេ​នោះ គន្លឹះ​មួយ​ចំនួន​ខាង​ក្រោម​នះ​អាចជា​មគ្គុទេស​នាំ​ផ្លូវ​ក្នុង​ការ​សម្រចេ​ចិត្តរបស់​អ្នក​បាន។

១- អ្នក​ត្រូវ​ប្រាកដ​ថា អ្នក​ស្រលាញ់ និង​ចូល​ចិត្ត​មុខ​ជំនាញ​នេះ។ អ្នក​នឹង​ឆាប់​រីក​ចម្រើន និង​ទទួលបាន​ជោគជ័យ​ប្រសិន​បើការងារ​ដែល​អ្នក​កំពុង​ធ្វើ​គឺជា​ចំណង់ចំណូលចិត្ត​និង​ក្តី​ស្រម៉ៃ​របស់​អ្នក។ អ្នក​មិនគួរ​ជ្រើស​រើស​មុខជំនាញ​វិស្វកម្ម​ដោយសារ​តែ​មុខជំនាញ​នេះ​ទទួលបាន​ប្រាក់​ខែ​ខ្ពស់​នោះទេ។ ប្រើសិនបើអ្នកធ្វើ​ដូច​នេះ​ អ្នក​នឹង​មាន​ការ​ស្តាយ​ក្រោយទៅ​ថ្ងៃ​អនាគត។

២- អ្នក​ជា​មនុស្ស​សម្បូរ​គំនិត​ច្នៃ​ប្រឌិត និង​ចង់​បង្កើតនូវអ្វី​ដែល​ថ្មី។

៣- ជា​មនុស្ស​ចូល​ចិត្ត​ដោះ​ស្រាយលំហាត់​ និង​ពូកែ​ខាង​តក្ក​វិជ្ជា ដែល​ ​វាគឺ​ជា​ផ្នែក​មួយ​នាំ​អោយ​អ្នក​ទទួល​បាន​ជោគជ័យ​ទាំងជីវិត​សិក្សា​ និង​ការងារ​ទៅ​ថ្ងៃ​អនាគត។

៤- មុខវិជ្ជា​វិស្វកម្មគឺជា​ជំនាញ​មួយ​ដែល​ពឹង​ផ្អែក​យ៉ាង​ខ្លាំង​ទៅ​លើ​គណិត​វិទ្យា និង​រូប​វិទ្យា។ ហើយមុខ​ជំនាញ​វិស្វកម្ម​ខ្លះ​ក៏​តម្រូវ​អោយ​អ្នក​មាន​ចំណេះ​ដឹង​ល្អ​ជាមួយ​នឹងមុខវិជ្ជា​គីមី​  ជីវវិទ្យា និង​មុខវិជ្ជា​វិទ្យា​សាស្រ្ត​ដ៏​ទៃ​ទៀត​ផង​ដែរ។ ដូច្នេះ​អ្នក​ត្រូវ​តែ​មាន​សមត្ថភាព​ល្អគួរ​សម​ជាមួយ​នឹង​គណិត​ និង​រូបវិទ្យា។ ប៉ុន្តែ​ប្រសិន​បើនៅពេលដែល​រៀន​នៅ​វិទ្យាល័យ អ្នក​មិន​ទទួល​បាន​លទ្ធ​ផល​ក្នុង​មុខវិជ្ជា​គណិត​ និង​រូប​វិទ្យាទេនោះ​ វា​មិនមាន​ន័យ​ថា​អ្នក​មិន​អាច​សិក្សា​មុខជំនាញ​នេះ​បាន​ទេ។ ប្រសិន​បើ​អ្នក​ជ្រើសរើស​មុខ​វិជ្ជា​នេះ​ដោយសារ​តែ​ការ​ស្រឡាញ់​ និង​ចូល​ចិត្ត​ដោយ​សុទ្ធចិត្ត​នោះ អ្នក​អាច​នឹង​ជំនះ​រាល់​ឧបសគ្គ​ទាំង​អស់ទោះ​បី​មុខ​វិជ្ជា​ទាំង​នោះ​ពិបាក​យ៉ាង​ណា​ក៏ដោយ។

៥- មុខជំនាញ​វិស្វកម្ម​គឺ​ជា​ជំនាញ​ដែល​តម្រូវ​អោយ​អ្នក​ចំណាយ​ពេល​ច្រើន​បើ​ប្រៀប​ធៀបជាមួយ​មុខ​វិជ្ជា​ដ៏ទៃ​ទៀត។ អ្នក​នឹង​តម្រូវ​អោយ​រៀននូវ​មុខវិជ្ជា​ និងធ្វើ​កិច្ច​ការសាលា​ជាច្រើន។ អ្នក​នឹង​មិនសូវ​មាន​ពេល​ទំនេរ បើប្រៀប​ធៀប​ជាមួយ​នឹង​មិត្ត​របស់​អ្នក​ដែល​ចាប់​យក​មុខជំនាញ ពាណិជ្ជកម្ម ធនាគារ គណនេយ្យ ។ល។

៦- មុខជំនាញ​នេះ នឹង​តម្រូវ​អោយ​អ្នក​ចំណាយ​ពេល​វេលា​យ៉ាង​ច្រើន​ជាមួយនឹង​កុំព្យូទ័រ​និង​ម៉ាស៊ីន។ មិន​តែ​ប៉ុណ្ណោះអ្នក​នឹង​តម្រូវ​អោយ​ធ្វើ​ការ​ពិសោធន៍​ជាក់​ស្តង ធើ្វ​ការ​សិក្សា​ស្រាវជ្រាវ ព្រម​ទាំង​ធ្វើ​គម្រោង។

៧- ប្រសិន​បើ​អ្នក​ជា​នារី អ្នក​ត្រូវ​ត្រៀម​ខ្លួ​នអោយ​រួចជា​ស្រេច ព្រោះ​ថា​មុខ​ជំនាញ​នេះគឺ​សម្បូរទៅ​ដោយ​បុរស ហើយ​ពេល​ខ្លះ​គឺ​យើង​អាច​និយាយ​បាន​ថា​គឺមិន​មាន​នារីសូម្បី​តែ​ម្នាក់។ អ្នក​អាច​នឹង​ទទួល​ការ​សម្លឹងជាមួយ​នឹង​កែវ​ភ្នែក​ជាច្រើន។ ប៉ុន្តែ​កត្តា​នេះ មិន​គួរ​ណា​អាច​រារាំង​អ្នក​ពី​ការជ្រើស​រើស​នូវ​មុខ​ជំនាញ​វិស្វកម្ម​សម្រាប់អាជីព​របស់​អ្នកឡើយ។

បន្ទាប់​ពី​បាន​អាន​នូវ​អត្ថ​បទ​ខាង​លើ​នេះ អ្នក​ប្រាកដជា​អាច​សម្រេច​ចិត្ត​ថា​តើ​គួរចាប់​យក​ជំនាញ​វិស្វកម្ម​ដែរ​ឬទេ។ ចូរ​ចាំ​ថា អ្នក​ត្រូវ​ជ្រើស​រើស​នូវ​មុខជំនាញ​ណា​មួយ​ដែល​អ្នក​ស្រឡាញ់​ ពេញ​ចិត្ត​ ជា​ជាង​ស្តាប់​អ្នកដ៏ទៃ។ មាន​តែ​អ្នក​ខ្លួន​ឯង​ទេ ដែល​ស្គាល់​ខ្លួន​ឯង​ច្បាស់​ជាង​នរណា​ៗទាំង​អស់។ អ្នក​នឹង​ទទួល​បាន​ជោគជ័យ និង​មាន​សុភមង្គល​ប្រសិន​បើ​អ្នក​ធ្វើ​អ្វី​ដែល​អ្នក​ចង់​ធ្វើ។

ហាក់ គីមថុង
ហាក់ គីមថុងhttp://www.kumnit.com
លោក ហាក់គីមថុង គឺជាស្ថាបនិកគេហទំព័រគំនិត និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Viniyuk Brokerage Solution Co.,Ltd។ គាត់មានបទពិសោធន៍ទាំងក្នុង និងក្រៅប្រទេសក្នុងវិស័យទីផ្សារឌីជីថល អចលនវត្ថុ និងការអភិវឌ្ឍអាជីវកម្មជិត១០ឆ្នាំមកហើយ។ គាត់ក៏ជាទីប្រឹក្សាយុទ្ធសាស្ត្រអាជីវកម្មផងដែរក្នុងវិស័យអចលនវត្ថុ លក់រាយ និងសេវាកម្ម​សម្រាប់ម្ចាស់អាជីវកម្ម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ