spot_img
spot_img
Homeអេកូណូម៉ាញទម្លាប់របស់អ្នកប្រើប្រាស់នៅអាស៊ាននឹងផ្លាស់ប្ដូរត្រឹមឆ្នាំ២០៣០ ដោយសារតែជម្ងឺកូវីដ១៩ និង បច្ចេកវិទ្យាថ្មីៗ តាមរយៈវិធីទាំង៨នេះ

ទម្លាប់របស់អ្នកប្រើប្រាស់នៅអាស៊ាននឹងផ្លាស់ប្ដូរត្រឹមឆ្នាំ២០៣០ ដោយសារតែជម្ងឺកូវីដ១៩ និង បច្ចេកវិទ្យាថ្មីៗ តាមរយៈវិធីទាំង៨នេះ

-

ក្នុងរយៈពេលមួយទសវត្សន៍បន្ទាប់ អាស៊ាននឹងក្លាយទៅជាប្រទេសដែលមានសេដ្ឋកិច្ចធំលំដាប់ទី៤នៅលើពិភពលោកជាមួយនឹងទីផ្សារអ្នកប្រើប្រាស់ប្រមាណ 4 Trillion USD ​ ខណៈពេលដែលប្រទេសទាំង១០នៃសមាជិកអាស៊ាននឹងវិវត្តន៍ខ្លួនទៅតាមលក្ខណៈផ្សេងៗគ្នា។ យ៉ាងណាមិញជម្ងឺកូវីដ១៩នេះ​​ បានបង្កនូវភាពចលាចល និង ផលប៉ះពាល់ដល់សេដ្ឋកិច្ចយ៉ាងខ្លាំងជាមួយនឹងការថយចុះនូវ GDP នៅក្នុងឆ្នាំ២០២០នេះ ហើយជម្ងឺនេះដែរក៏ប្រហែលជានៅមានឥទ្ធិពលទៅដល់ឆ្នាំ២០២១ដែរ។ នៅក្នុងកំឡុងកាលកូវីដ១៩នេះដែរ វាបានធ្វើឲ្យមានការផ្លាស់ប្ដូរយ៉ាងខ្លាំងទៅលើបែបបទនៃការប្រើប្រាស់របស់មនុស្សពីការប្រើប្រាស់លក់ចេញទិញចូលធម្មតា ទៅជាការប្រើប្រាស់បែបឌីជីថល ដូចជា ផ្លាស់ប្ដូរនៃការទិញរបបអាហារ ការទិញសម្លៀកបំពាក់ ការសិក្សា និង ផ្សេងៗទៀត គឺត្រូវធ្វើឡើងតាមរយៈបច្ចេកវិទ្យាទាំងអស់។ អាស្រ័យហេតុនេះហើយ ទោះបីជាកូវីដ១៩បានផ្ដល់ផលប៉ះពាល់ដល់សេដ្ឋកិច្ចយ៉ាងខ្លាំងក៏ដោយ ប៉ុន្តែវាក៏បានផ្ដល់ឱកាសឲ្យមនុស្សបានសិក្សាស្វែងយល់ពីបច្ចេកវិទ្យា និង ជួយបង្កើនល្បឿននូវអនាគតឌីជីថលយ៉ាងខ្លាំង ជាពិសេសរឹតតែជួយអភិវឌ្ឍប្រទេសបន្ថែមទៀតបន្ទាប់ពីជម្ងឺនេះរលាយបាត់។ ដូចនេះ វីធីទាំង៨ខាងក្រោមនេះ នឹងលេចចេញនូវទូទាំងអាស៊ានក្រោយពេលដែលជម្ងឺរាតត្បាតកូវីដ១៩ បានបាត់មុខនៅលើពិភពលោក៖

       ១. ការចំណាយរបស់អ្នកប្រើប្រាស់នឹងកើនឡើងទ្វេដង

       វិបត្តិសេដ្ឋកិច្ចដែលបណ្ដាលមកពីការរាតត្បាតនៃជម្ងឺកូវីដ១៩នឹងធ្វើឲ្យអារម្មណ៍អតិថិជនធ្លាក់ចុះ និង កាត់បន្ថយការចំណាយទូទៅក្នុងមួយឆ្នាំ ប៉ុន្តែអាកប្បកិរិយាបែបនេះនឹងលែងមានតទៅទៀត​នៅពេលដែលសង្គមជាតិបានរួចផុតពីការគម្រាមកំហែងនៃជម្ងឺកូវីដ១៩នេះ។ ធនាគារអភិវឌ្ឍអាស៊ី បានប៉ាន់ប្រមាណថាកំណើន ផ.ស​.ស( GDP) នឹងធ្លាក់ចុះដល់ទៅ​ ១% នៅក្នុងឆ្នាំ២០២០ និង ស្ទុះឡើងសល់ទៅ៥% នៅក្នុងឆ្នាំ២០២១។ តែទោះបីជាយ៉ាងណាក៏ដោយនៅឆ្នាំ២០៣០ ប្រជាជនអាស៊ានប្រមាណ ៧០% នឹងក្លាយទៅជាវណ្ណៈកណ្ដាល។

២. ព្រំដែននៃការទិញទំនិញពិសេស និងតម្លៃដែលមិនច្បាស់លាស់

ឥរិយាបទរបស់អ្នកប្រើប្រាស់បានផ្លាស់ប្ដូរយ៉ាងខ្លាំងនៅពេលដែលសហគមន៍ជាច្រើននៅដាច់ឆ្ងាយពីតំបន់អាស៊ាន។ ដើម្បីការពារនូវគ្រោះមហន្តរាយដែលអាចនឹងកើតឡើងជាយថាហេតុនោះ បានធ្វើឲ្យមនុស្សចាប់ផ្ដើមទិញនូវផលិតផល និង ចំណាយទៅលើរបស់របរ និងសម្ភារៈដែលចាំបាច់និង មិនចាំបាច់។ ហើយទំនិញដែលផ្ដោតលើភាពងាយស្រួល និង សុខុមាលភាពហាក់ដូចជាឃើញថាមានតម្រូវការខ្ពស់ នឹងនៅតែបន្តកើតមានឡើង ក្រោយពេលដែលមានការស្ដារឡើងវិញ។ ក្នុងមួយទសវត្សបន្ទាប់នេះ មានអ្នកប្រើប្រាស់អាស៊ានថ្មីជាច្រើន នឹងទិញផលិតផលដែលប្រណិតៗមុនគេ ហើយមានចិត្តចង់ចំណាយទៅលើថ្លៃដើមសម្រាប់ភាពងាយស្រួល និង សុខុមាលភាពរបស់ខ្លួនឯងផ្ទាល់។ ក្នុងពេលជាមួយគ្នានោះដែរ ពួកគេនឹងស្វែងរកតម្លៃមួយដែលគាប់ប្រសើរសម្រាប់ទឹកប្រាក់ដែលច្រើនជាង៦០%នៃអតិថិជនដែលត្រូវបានស្ទង់មតិនៅក្នុងឆ្នាំ២០១៩ ក្នុងតម្លៃអត្រាដែលមានលក្ខណៈវិនិច្ឆ័យទិញកំពូល។

៣.​ ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនឹងក្លាយទៅជាបទដ្ឋាន

រោគរាតត្បាតនៃជម្ងឺកូវីដ១៩ នេះកំពុងតែជួយពន្លឿននូវអនាគតឌីជីថលឲ្យកាន់តែរីកចម្រើន និង រីករាលដាលពេញផ្ទៃប្រទេស។ ដោយបច្ចុប្បន្ននេះមនុស្សស្ទើរតែទាំងអស់ប្រមាណ ៩៩.៩%​​ នៅលើពិភពលោកកំពុងតែប្រើប្រាស់បច្ចេកវិទ្យាដើម្បីទំនាក់ទំនង ដើម្បីសិក្សា ធ្វើការរកស៊ី…ជាដើម។ នៅទូទាំងតំបន់ការប្រើប្រាស់ទូរស័ព្ទចល័ត និង​ ប្រព័ន្ធអ៊ីនធើណេតបានកើនឡើងចំនួន៦០% ដោយគិតពីថ្ងៃទី២០ ខែមករា ដល់ ថ្ងៃទី១១ ខែមេសាឆ្នាំនេះ។ នៅប្រទេស ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ភីលីពីន សាំងហ្គាព័រ ថៃ និង វៀតណាម អ្នកប្រើប្រាស់តែងចំណាយពេលជាមធ្យម ៤.២ ម៉ោង នៅលើអេក្រង់ទូរស័ព្ទក្នុង១ថ្ងៃ  ប៉ុន្តែក្មេងៗជំនាន់ក្រោយបានចំណាយពេលដល់ទៅ៥ម៉ោងក្នុងការចុចទូរស័ព្ទ នេះបើយោងតាមរបាយការណ៍ពី គេហទំព័រHootsuite។

៤. បច្ចេកវិទ្យានឹងបំផ្លាញជញ្ជាំងសេដ្ឋកិច្ចសង្គម

នៅពេលដែលសហគមន៍ដែលមានចំណូលទាបនៅជនបទអាចទទួលបានពត៌មាន និង មានចំណេះដឹងស្រដៀង នឹងអ្នកដែលមានចំណូលខ្ពស់នៅទីក្រុង នោះមានន័យថា បច្ចេកវិទ្យាបានចាប់ផ្ដើមធ្វើឲ្យមានលក្ខណៈដូចគ្នាទៅនឹងអាកប្បកិរិយារបស់អ្នកប្រើប្រាស់។ ម្យ៉ាងវិញទៀត បច្ចេកវិទ្យា វានឹងលុបរបាំងសម្រាប់អាជីវកម្មខ្នាតតូចឲ្យរីកលូតលាស់ដែលអាចផ្ដល់នូវសេវាកម្មមូលដ្ឋាន ដូចជាការថែទាំសុខភាព ការអប់រំ និង ផ្ដល់លិទ្ធភាពឲ្យទទួលបាននូវផលិតផលជាមួយនឹងតម្លៃគុណភាព ព្រមទាំងការចាត់ថ្នាក់ឲ្យកាន់តែប្រសើរឡើង។

៥. ការប្រកួតប្រជែងក្នុងតំបន់ និង នៅតាមតំបន់ នឹងទទួលបាននូវជោគជ័យ

កំឡុងពេលដែលកើតមាននូវជម្ងឺកូវីដ១៩ ក្រុមហ៊ុនផលិតភេសជ្ជៈ និង ក្រុមហ៊ុនបម្រើម្ហូបអាហារ ពិតជាមានសារសំខាន់ ហើយទទួលបាននូវគុណប្រយោជន៍ជាច្រើន ដោយសារតែអតិថិជនមានទំនោរចូលចិត្តជាមួយនឹងម៉ាកយីហោធំៗ និង គួរឲ្យទុកចិត្ត។ នៅក្នុងនិន្នការដែលកំពុងតែធ្វើឡើង ម៉ាករបស់កូរ៉េ ជប៉ុន និង ចិន គឺកំពុងតែទទួលបាននូវប្រជាប្រិយភាពលើយីហោលោកខាងលិច។ យីហោទាំងនេះកំពុងតែដណ្ដើមយកនូវចំណែកទីផ្សារសំខាន់ៗ ពី ៥៧% នៅហ្វីលីពីន ដល់៧៤% នៅឥណ្ឌូនេស៊ីក្នុងឆ្នាំ២០១៩ ទៅតាមប្រភេទដែលទាក់ទងទៅនឹង សម្រស់  សម្លៀកបំពាក់ និង ស្មាតហ្វូន។

៦. ភាពងាយស្រួលក្នុងការប្រើប្រាស់បច្ចេកវិទ្យា

កូវីដ១៩ បានដឹកនាំអ្នកប្រើប្រាស់ឲ្យចេះធ្វើការទិញនូវរបស់របរប្រើប្រាស់ ឬ គ្រឿងទេសតាមប្រព័ន្ធអ៊ីនធើណេតជាលើកដំបូង ហើយមនុស្សភាគច្រើនក៏មានភាពសោមនស្សជាមួយនឹងភាពងាយស្រួលនៃការដឹកជញ្ជូនដល់គេហដ្ឋានផងដែរ។ សរុបមកពាណិជ្ជកម្មអេឡិចត្រូនិចទំនងជានឹងកើនឡើងក្នុងអត្រា១៣%នៃការលក់រាយនៅឆ្នាំ២០៣០។ ខណៈពេលដែលការឃ្លាតឆ្ងាយពីសង្គមបានជះឥទ្ធិពលដល់បណ្ដាញអ៊ីធើណេតដែលទទួលបានការប្រើប្រាស់យ៉ាងខ្លាំង យើងក៏ឃើញថា នៅតាមហាង និង អាជីវកម្មបែបប្រពៃណីមួយចំនួនក៏នៅតែអាចវិវឌ្ឍន៍ទៅមុខបានតាមរយៈការផ្ដល់ជូននូវសេវាកម្មដូចជា សេវាកម្មហិរញ្ញវត្ថុឌីជីថល ឬ ការចែកចាយអេឡិចត្រូនិចជាដើម។

៧. ភាពងាយស្រួលនឹងក្លាយទៅជារូបិយប័ណ្ណថ្មី

នេះបើយោងតាមការស្ទង់មតិរបស់លោក Bain ៖ អ្នកប្រើប្រាស់អាស៊ានពីរក្នុងចំណោមបីនៅក្នុងទីក្រុងទទួលបាននូវភាពងាយស្រួលជាលក្ខណៈវិនិច្ឆ័យមួយក្នុងចំណោមកំពូលលក្ខណៈវិនិច្ឆ័យទាំង៣របស់ពួកគេសម្រាប់ការទិញ។ដោយនៅក្នុងនោះ អតិថិជន២នាក់ក្នុងចំណោមអតិថិជន៣នាក់ សុខចិត្តលះបង់ទិន្នន័យឯកជនរបស់ខ្លួនដើម្បីភាពងាយស្រួល។ របកគំហើញបែបនេះបង្ហាញថា នេះគឺជាឱកាសមួយដែលធំសម្រាប់កម្មវិធីទំនើបៗ ដើម្បីបញ្ចេញនូវការទិញទំនិញ និង ការចែកចាយអាហារ។

៨. និរន្តភាពនឹងមិនអាចចរចារបានទេ

ខណៈដែលអតិថិជនអាស៊ានចំនួន៨០% បានឲ្យតម្លៃនិរន្តរភាព និង បានផ្លាស់ប្ដូររបៀបរស់នៅរបស់ពួកគេឲ្យកាន់តែមានលក្ខណៈបរិស្ថាន ការឆ្លងរាលដាលពាសពេញផ្ទៃប្រទេសអាចបង្កឲ្យមាននិន្នាការបញ្ច្រាសរយៈពេលខ្លី។ ហើយរដ្ឋាភិបាល និង អាជីវកម្មដែលខ្វះខាតសាច់ប្រាក់នៅទូទាំងអាស៊ានទំនងជាដាក់គោលដៅប្រកបដោយចីរភាពលើវិស័យទ្រទ្រង់សេដ្ឋកិច្ចជាងការផ្ដោតទៅលើការជម្រុញសេដ្ឋកិច្ច ដូចជាកាត់បន្ថយការធ្វើដំណើរ និង កាត់បន្ថយការបំពុលបរិយាកាសសម្រាប់អាស៊ានដើម្បីទទួលបានសុខភាពល្អនៅក្នុងឆ្នាំ២០៣០។

អាស៊ានបានត្រៀមខ្លួនរួចជាស្រេចដើម្បីក្លាយខ្លួនក្លាយជាឱកាសនៃការប្រើប្រាស់យ៉ាងច្រើនដែលជម្រុញដោយកម្លាំងធំៗចំនួន៤៖ និន្នាការប្រជាសាស្ត្រខ្លាំង,​ ការកើនឡើងកម្រិតប្រាក់ចំណូល,ការផ្លាស់ប្ដូរភូមិសាស្ត្រនយោបាយដើម្បីបង្កើនការវិនិយោគបរទេស និង ឌីជីថលដែលមានភាពជឿនលឿនក្នុងការបើកទីផ្សារអ្នកប្រើប្រាស់ថ្មី។ការសម្រេចបាននូវចក្ខុវិស័យនេះទាមទារឲ្យមានការសហការគ្នាយ៉ាងយកចិត្តទុកដាក់ពីសំណាក់អ្នកពាក់ព័ន្ធតាមរយៈគម្រូអាជីវកម្មដែលមានលក្ខណៈច្នៃប្រឌិត និង បញ្ចូលគ្នាដែលគាំទ្រដោយបរិយាកាសគោលនយោបាយ។ យ៉ាងណាមិញវិស័យសាធារណៈនឹងត្រូវបង្កើតឲ្យមានការកែទម្រង់ពាណិជ្ជកម្ម និង ផ្ដល់ភាពងាយស្រួលដល់វិនិយោគិនដើម្បីវិនិយោគលើការដាក់បញ្ចូលសេដ្ឋកិច្ចសង្គមតាមរយៈការអភិវឌ្ឍទេពកោសល្យ និង ការធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ​ដើម្បីឲ្យមានការតភ្ជាប់ និង ចីរភាពនាពេលអនាគត។

ភាពជាដៃគូរវាងវិស័យសាធារណៈនិង ឯកជន ពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការចាប់យកសក្ដានុពលពេញលេញរបស់អាស៊ាន និង ដើម្បីការពារអនាគតឲ្យតំបន់នេះដែលជាទីផ្សារមួយក្នុងចំណោមទីផ្សារអ្នកប្រើប្រាស់ដែលកំពុងរីកចម្រើនយ៉ាងឆាប់បំផុតនៅលើពិភពលោក។

 

 

Rin Hanavy
Rin Hanavyhttp://www.kumnit.com
គឺជាអ្នកបង្កើត និងសរសេរមាតិកានៅក្នុងគេហទំព័រគំនិត គេហទំព័រពន្លក ផ្នែកយុទ្ធសាស្ត្រទីផ្សារ ភាពជាអ្នកដឹកនាំ យុទ្ធសាស្ត្រអាជីវកម្ម ការងារ និងការអភិវឌ្ឍខ្លួនឯង។ ជានិស្សិតថ្នាក់បរិញ្ញាបត្រ ជំនាញទីផ្សារ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ