IQ (Intelligence Quotient) ដែលប្រែថាជា កំរិតបញ្ញា គឺជារង្វាស់បញ្ញាម្យ៉ាង ។ IQ ជាតេស្តស្តង់ដា ដែលមានពិន្ទុមេដ្យាន 100 និង គំលាតស្តង់ដា 15 ត្រូវបានបង្កើតឡើងដើម្បីស្ទង់មើលប្រាជ្ញាមនុស្ស ។ វាជារង្វាស់សមត្ថភាពក្នុងការយល់ដឹង ការប្រើប្រាស់ចំណេះ អនុវត្តដើម្បីសម្របសម្រួល និងគ្រប់គ្រងមជ្ឈដ្ឋានជុំវិញខ្លួន រឺសមត្ថភាពក្នុងការគិតជាអរូបី តក្កៈ និងការវិនិច្ឆ័យជាដើម ។
ឯ EQ (Emotional Quotient) ដែលប្រែថា កំរិតអារម្មណ៍ គឺជារង្វាស់បញ្ញានៃអារម្មណ៍ រឺសមត្ថភាពក្នុងការប្រើប្រាស់ទាំងអារម្មណ៍ និងចំណេះដឹង នៅក្នុងជីវិត ។ វាគឺជាវិធីមួយក្នុងការស្ទង់មើលភាពជោគជ័យរបស់មនុស្សក្នុងជីវិត ។ ឃ្លានេះត្រូវបានគេបង្កើតឡើង និងប្រើប្រាស់ដំបូងបង្អស់ក្នុងទសវត្សឆ្នាំ 1980 ហើយវាបញ្ជាក់ថា EQ មានតម្លៃដូច IQ ដែរ ។ គេតែងតែនិយាយថា EQ នាំឲ្យយើងជោគជ័យក្នុងជីវិត ឯ IQ នាំឲ្យយើងជោគជ័យក្នុងសាលារៀន ។
ទោះបីជា IQ អាចបញ្ជាក់ពីពាក្យនានាដូចជា ការរកហេតុផលតក្កៈ ចំណេះពាក្យពេចន៍ និងសមត្ថភាពគណិតវិទ្យាយ៉ាងណាក៏ដោយ អ្នកខ្លះនៅតែយល់ថាវាមិនទាន់គ្រប់គ្រាន់នៅឡើយក្នុងការស្ទង់សមត្ថភាពច្នៃប្រឌិត រឺសមត្ថភាពអារម្មណ៍ ។ ជាការពិត អ្នកជាច្រើនដែលមាន IQ ខ្ពស់គឺហាក់ដូចជាមិនសូវប៉ិនប្រសប់ក្នុងការថែទាំទំនាក់ទំនងឡើយ ។
អ្នកគួរតែអាចយល់អំពីភាពខុសគ្នារវាង EQ នឹង IQ បានកាន់តែច្បាស់ជាមួយឧទាហរណ៍ខាងក្រោមនេះ ៖
សេដ្ឋាមាន IQ ខ្ពស់ ។ គេអាចមានហេតុផលត្រឹមត្រូវ ចេះវិនិច្ឆ័យប្រកបដោយតក្កៈ និងអាចផ្តោតខ្លាំងទៅលើការងារចំពោះមុខ ។ គេរៀនឆាប់ចេះចាំរហ័សនូវអ្វីដែលថ្មី ។ ប៉ុន្តែគេមិនអើពើពីអារម្មណ៍ខ្លួនឯង រឺអ្នកដទៃឡើយ ។ បើការងារមិនសម្រេចដូចដែលគេចង់បាននោះទេ គេនឹងចាប់ខឹងសម្បារ ហើយស្រែកឡួឡាររករឿងអ្នកដទៃ ។ គេមិនអាចភ្ជាប់ខ្លួនគេទៅអ្នកដទៃ រឺធ្វើជាមិត្តភក្តិជាមួយនរណាដែលមិនឆ្លាតខ្លាំងដូចគេបានឡើយ ។ លើសពីនោះគេមិនយល់ចិត្តអ្នកដទៃសោះឡើយ ។ នេះកំរិតសមត្ថភាពរបស់គេនៅក្នុងក្រុម ទោះបីជាគេមាន IQ ខ្ពស់ក៏ដោយ ។
នេះជាឧទាហរណ៏មូយដែលបង្ហាញអំពីអ្នកដែលមាន IQ ខ្ពស់ តែមាន EQ ទាប ។ វាជាឧទាហរណ៏មួយដែលស្តាប់ទៅដូចជាការពិត តែវាសម្បូរលើសពីយើងគិតដល់ ។ អ្នកអាចដឹងបានដោយធ្វើការសង្កេតអំពីមនុស្សដែលនៅជុំវិញខ្លួនអ្នក ។
ដូចបានបង្ហាញក្នុងឧទាហណ៍ខាងលើ បញ្ញានៃអារម្មណ៍ ផ្គុំឡើងពីធាតុជាច្រើនដែលត្រូវការសម្រាប់គ្រប់គ្រងអារម្មណ៍ និងអាកប្បកិរិយាខ្លួនឯង និងទំនាក់ទំនងជាមួយអ្នកដទៃ ជាពិសេសគឺ ការស្គាល់ខ្លួនឯង (Self-awareness) ការដាក់បទបញ្ជាខ្លួនឯង (Self-regulation) ការយល់ចិត្តអ្នកដទៃ (Empathy) ការជំរុញទឹកចិត្ត (Motivation) និងភាពប៉ិនប្រសប់ក្នុងចំនងទំនាក់ទំនង (Adeptness in relationships) ជាហេតុធ្វើឲ្យ បញ្ញានៃអារម្មណ៍មានសារសំខាន់ណាស់សម្រាប់ភាពជាអ្នកដឹកនាំប្រកបដោយប្រសិទ្ធិភាព ជាពិសេសសម្រាប់តំណែងកាន់តែខ្ពស់។
តែសូមអ្នកកុំអស់សង្ឃឹម ពីព្រោះការសិក្សាជាច្រើនបានបង្ហាញថា ខុសពី IQ ដែលមិនប្រែប្រួល EQ អាចអភិវឌ្ឍបានតាមរយៈការបំប៉ន និងការវឹកហាត់ ។
ដូចនេះ បើអ្នកជាអ្នកដឹកនាំម្នាក់ រឺក៏អ្នកចង់ក្លាយជាអ្នកដឹកនាំមួយរូបដ៏ពូកែ អ្នកគួរតែចាប់ផ្ដើមសង្កេតមើល និងអភិវឌ្ឍ EQ របស់អ្នកឲ្យបានឆាប់កាលណាកាន់តែល្អ ។
ឯកសារយោង៖
http://www.frugalmarketing.com/dtb/eq-iq.shtml
http://www.wisegeek.com/what-is-the-difference-between-eq-and-iq.htm
http://psychology.about.com/od/personalitydevelopment/a/emotionalintell.htm