មុខជំនាញវិស្វកម្មគឺជាមុខជំនាញមួយដែលមិនអាចខ្វះបានដើម្បីចូលរួមចំនែកអភិវឌ្ឍប្រទេសជាតិ។ នៅប្រទេសកម្ពុជាយើង មានសិស្ស និស្សិតមិនច្រើនទេ ដែលចាប់អារម្មណ៍និងយល់ដឹងអំពីមុខជំនាញនេះ។ នេះប្រហែលមកពីការយល់ដឹងពីមុខជំនាញនេះមានកម្រិត និងបញ្ហាទីផ្សារការងារ។ មុខជំនាញវិស្វកម្ម គឺជាមុខវិជ្ជាដ៏ទូលំទូលាយដែលត្រូវបានគេចែកជាជំនាញជាច្រើនទៀត ដូចជា វិស្វកម្មសំណង់ស៊ីវិល វិស្វកម្មកុំព្យូទ័រ វិស្វកម្មអេឡិចត្រូនិក ។ល។ គំនិតបានសរសេរ២អត្ថបទមកហើយដែលទាក់ទងទៅនឹងវិស្វកម្មនេះ គឺ ”តើអ្នកគួរចាប់យកមុខជំនាញវិស្វកម្មដែរឬទេ?” និង”អ្វីជាវិស្វកម្ម”? ។ថ្ងៃនេះ ដើម្បីអោយនិស្សិតដែល មានចំណាប់អារម្មណ៍ចង់រៀននូវមុខជំនាញនេះ យល់អោយកាន់តែច្បាស់ថាតើ ប្រភេទ វិស្វកម្មណាណាមួយដែលស័ក្តសមសម្រាប់ពួកគេនោះ គំនិតនឹងលើកយកប្រធានបទនេះមកបកស្រាយត្រួសៗនៅក្នុងអត្ថបទនេះ។
វិស្វកម្មសំណង់ស៊ីវិល
មុខវិជ្ជានេះគឺជាមុខជំនាញដែលមានប្រជាប្រិយភាពជាងគេក្នុងចំណោមវិស្វកម្មទាំងអស់។ បន្ទាប់ពីបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកវិស្វកម្មសំណង់ស៊ីវិលហើយ និស្សិតមានសមត្ថភាព៖
– ប្រើប្រាស់ចំណេះដឹងមូលដ្ឋានដែលបានសិក្សានៅក្នុងមហាវិទ្យាល័យធ្វើការរចនា និងមើលការខុសត្រូវរាល់ការសាងសង់ដូចជា ផ្លូវថ្នល់ អគារ ព្រលានយន្តហោះ ផ្លូវក្រោមដី វារីអគ្គិសនី ស្ពាន ប្រព័ន្ធធារាសាស្ត្រ ។ល។
– មានសមត្ថភាពក្នុងការវិភាគនូវរាល់កត្តាផ្សេងៗដែលអាចប៉ះពាល់ដល់គម្រោង ដូចជារយៈពេលនៃគម្រោង តម្លៃ ច្បាប់រដ្ឋ និងសក្តានុពលនៃគ្រោះធម្មជាតិជាដើម។
-មានឱកាសធ្វើការនៅក្នុងក្រុមហ៊ុនសំណង់ និង ស្ថាប័នផ្សេងៗដែលទាក់ទងហើយមានតួនាទីជាអ្នករចនាគម្រោង អ្នកត្រួតពិនិត្យសំណង់ ស្រាវជ្រាវ និងបង្រៀន។ល។
វិស្វកម្មអគ្គិសនី និងអេឡិចត្រូនិក
មុខជំនាញវិស្វកម្មនេះគឺជាមុខជំនាញដែលពិបាកជាងគេមួយក្នុងចំណោមមុខជំនាញទាំងអស់។ និស្សិតគ្រប់ត្រូវមានចំណេះដឹងផ្នែកគណិត រូបវិទ្យា(អគ្គិសនី) និងគីមីវិទ្យា អោយបានសមរម្យដើម្បីសិក្សាមុខជំនាញនេះអោយបានទទួលជោគជ័យ។ ក្រោយពីបញ្ចប់ថ្នាក់បរិញ្ញាបត្រវិស្វកម្មអគ្គិសនី និងអេឡិចត្រូនិកហើយ និស្សិតមានសមត្ថភាព៖
– ធ្វើការ រចនា អភិវឌ្ឍន៍ តេស្ត និងត្រួតពិនិត្យរាល់ការផលិតផលិតផលអគ្គិសនីផ្សេងៗ ដែលមានដូចជាម៉ូទ័រ ប្រព័ន្ធអគ្គិសនីក្នុងអគារ រ៉ាដា និងប្រព័ន្ធមើលគោលដៅ(Navigation System) ប្រព័ន្ធទំនាក់ទំនង ម៉ាសីនភ្លើង និងប្រព័ន្ធ និងឧបករណ៍ផ្សេងៗទៀតដែលមានទំនាក់ទំនងនឹងអគ្គិសនី។
– ធ្វើការច្នៃប្រឌិតបច្ចេកវិទ្យាថ្មីៗ ដែលមានដូចជា ម៉ាស៊ីនចាក់បទចម្រៀង(Music Player) ប្រព័ន្ធស្វែងរកទីតាំង(Global Position System) និងគ្រឿងអេឡិចត្រូនិកជាច្រើនទៀត។
-វិស្វករអគ្គិសនី និងអេឡិចត្រូនិកខ្លះក៏អ្នកផលិតឧបករណ៍ផ្នែករឹងរបស់កុំព្យូទ័រផងដែរ។
– បន្ទាប់ពីបានចប់ពីមហាវិទ្យាល័យ និស្សិតអាចធ្វើការនៅក្នុងរៀងចក្រផលិតគ្រឿងអេឡិចត្រូវនិកផ្សេងៗ ព្រមទាំងតាមបណ្តាស្ថាប័នដែលពាក់ព័ន្ធ។
វិស្វកម្មបរិស្ថាន
សម្រាប់មុខវិជ្ជានេះ និស្សិតមានតម្រូវការចំណេះដឹងមូលដ្ឋានគ្រឹះដូចជា គីមី ជីវវិទ្យា គណិតវិទ្យា និងរូបវិទ្យាខ្លះៗផងដែរ។ បន្ទាប់ពីបានសិក្សាចប់មុខវិជ្ជានេះនិស្សិតអាច៖
-ប្រើប្រាស់ចំណេះដឹងមូលដ្ឋានគ្រឹះនៃជីវវិទ្យា និងគីមីវិទ្យា ដើម្បីដោះស្រាយរាល់បញ្ហាបរិស្ថានដែលកើតមាន ដែលមានដូចជា រៀបចំប្រព័ន្ធគ្រប់គ្រងទឹក និងខ្យល់កខ្វក់ ការកែច្នៃឡើងវិញនូវកាកសំណល់ផ្សេងៗ និងដោះស្រាយបញ្ហាសុខភាពសាធារណៈ។
– វិស្វករបិរស្ថានគឺមានសមត្ថភាពបង្កើតប្រព័ន្ធសម្អាតទឹកកខ្វក់ ធ្វើការសិក្សាស្រាវជ្រាវ និងវាយតម្លៃ និងដោះស្រាយពីផលប៉ះពាល់នានាដែលអាចកើតមានឡើងពីការសាងសង់សំណង់ផ្សេងៗ ផលប៉ះពាល់ដែលកើតឡើងពីធម្មជាតិ(ដូចជា ភ្លៀងអាស៊ីត កំណើនកំដៅផែនដី)ធ្វើការវិភាគទិន្នន័យ ។ល។
-បន្ទាប់ពីបានក្លាយជាវិស្វករបរិស្ថាន និស្សិតអាចធ្វើការនៅតាមស្ថាប័នរដ្ឋ អង្គការនានា ដែលមានតួរនាទីជាអ្នកដោះស្រាយបញ្ហាបរិស្ថាននានា ឬក៏អាចធ្វើជាអ្នកស្រាវជ្រាវតាមស្ថាប័ន ឬមហាវិទ្យាល័យ ព្រមទាំងអាចធ្វើជាគ្រូបង្រៀនផងដែរ។
សម្រាប់មុខជំនាញវិស្វកម្មផ្សេងទៀតនឹងធ្វើការចុះផ្សាយនៅ អត្ថបទក្រោយ។ កុំភ្លេចមកតាមដានជាមួយនឹងគំនិត!