spot_img
spot_img
Homeទូទៅតើយើងគួរតែរើសជំនាញតាមចំណង់ចំណូលចិត្តខ្លួនឯង ឬតាមគ្រួសារ?

តើយើងគួរតែរើសជំនាញតាមចំណង់ចំណូលចិត្តខ្លួនឯង ឬតាមគ្រួសារ?

-

ការរើសជំនាញសម្រាប់បន្តការសិក្សាថ្នាក់បរិញ្ញាប័ត្រនៅឯសកលវិទ្យាល័យ វាគឺជារឿងមួយដែលលំបាកសម្រាប់សិស្សថ្នាក់ទី១២(ដែលទើបតែប្រឡងចប់) ក្នុងការសម្រេចចិត្ត ជាពិសេសនោះគឺចំពោះសិស្សដែលគាត់ពុំដឹងច្បាស់ពីគោលដៅរបស់ខ្លួ​ន ពុំសូវដឹងអំពីទីផ្សារការងារ ក៏ដូចជាមិនសូវច្បាស់អំពីជំនាញនីមួយៗថាគេនឹងរៀនពីអ្វីតែម្ដង។ ប៉ុន្តែចំពោះអ្នកខ្លះវិញ ពួកគេប្រហែលជាមិនសូវមានសម្ពាធក្នុងការរើសជំនាញនៅឯសកលវិទ្យាល័យប៉ុន្មាននោះទេ ដោយសារតែពួកគេដឹងថាខ្លួនចង់ចេះអ្វី ខ្លួនចង់រៀនជំនាញអ្វី រៀននៅឯណា ឬអាចនិយាយបានថាពួកគេមានជំនាញដែលគ្រួសារបានតម្រង់ផ្លូវឲ្យស្រាប់ជាដើម។ យ៉ាងណាមិញចំពោះការរើសជំនាញនេះដែរ យើងឃើញថា មានសិស្សមួយចំនួនតូច ពួកគេពិតជាមានសម្ពាធខ្លាំងមែនទែនពីគ្រួសារ ដោយត្រូវបង្ខំរៀននូវជំនាញដែលខ្លួនពុំចូលចិត្ត ជំនួសឲ្យមុខជំនាញដែលខ្លួនស្រលាញ់ទៅវិញ។

ហើយបើសិនជាមានករណីនេះកើតឡើងចំពោះអ្នកពិតមែន តើអ្នកនឹងសម្រេចចិត្តបែបណា? តាមបេះដូងឬតាមគ្រួសារ?

១. សម្រេចចិត្តតាមបេះដូង

Man in White Dress Shirt Sitting on Green Grass Field Using Laptop Computer

អ្នកអាចរៀននូវជំនាញ(A)ដែលអ្នកស្រលាញ់បាន ដែលមានន័យថា អ្នកអាចសម្រេចចិត្តធ្វើតាមបេះដូងរបស់អ្នកបាន ប្រសិនបើអ្នកដឹងច្បាស់ពីសមត្ថភាពខ្លួនឯងថាតើខ្លួនឯងសព្វថ្ងៃនេះ ចេះមុខវិជ្ជាមួយណា ហើយស្រលាញ់មុខវិជ្ជាណាជាងគេ (គំនូរ?គណិត?ជីវៈ? រូបវិទ្យា? គីមី? វិទ្យាសាស្ត្រ? បច្ចេកវិទ្យា? រកស៊ី? ឬមួយក៏អ្នកចូលចិត្តស្វែងយល់ពីសេដ្ឋកិច្ចសង្គម?) ពីព្រោះការងារដែលពាក់ព័ន្ធជាមួយនឹងមុខវិជ្ជាទាំងនោះគឺមានច្រើនណាស់ ដូចជា ជំនាញស្ថាបត្យកម្ម ទំនាក់ទំនងអន្តរជាតិ គ្រូពេទ្យ គីមីចំណីអាហារ ជំនាញសេដ្ឋកិច្ច ប៉ូលីស គ្រូបង្រៀន មេធាវី​ ទីផ្សារ សហគ្រិន ធនាគារនិងហិរញ្ញវត្ថុ គណនេយ្យ IT វិស្វករសំណង់ស៊ីវិល វិស្វករអេឡិចត្រូនិច  វិស្វករអគ្គសនី និងនៅមានជំនាញផ្សេងៗទៀតដែលអ្នកអាចស្វែងយល់ពីវាបាននៅក្នុងទូរស័ព្ទដៃឬកុំព្យូទ័ររបស់អ្នក ព្រោះសម័យនេះគឺជាសម័យឌីជីថល ដែលវាពិតជាផ្ដល់ភាពងាយស្រួលមែនទែនក្នុងការទាញយកព័ត៌មានពីអ៊ីធើណេតបាន។

ដូចនេះដើម្បីឲ្យរើសជំនាញត្រូវទៅនឹងចំណង់ចំណូលចិត្តរបស់អ្នក ជាដំបូងអ្នកគប្បីស្វែងយល់ពីខ្លួនឯងឲ្យច្បាស់សិន ថាអ្នកពិតជាស្រលាញ់ ពិតជាចង់រៀនជំនាញAនោះពិតប្រាកដមែនឬអត់? ឬមួយគ្រាន់តែឃើញគេរៀនច្រើនចង់រៀនជំនាញនោះតាមគេ? ជៀសវាងការសម្រេចចិត្តខុសដែលនាំឲ្យអ្នកស្ដាយក្រោយណា៎។

ករណីដែលអ្នកដឹងថាខ្លួនឯងចង់រៀនជំនាញA នេះហើយ ប៉ុន្តែត្រូវបានគ្រួសារបដិសេធមិនព្រមឲ្យរៀន តើគួរធ្វើបែបណា?

ចម្លើយគឺមានតែមួយទេ គឺព្យាយាមនិយាយពន្យល់គាត់ឲ្យបានដឹងពីមូលហេតុដែលអ្នករៀនជំនាញមួយនេះ ប្រាប់គាត់ថាជំនាញនោះជាជំនាញបែបណា ឬអ្នកអាចនិយាយប្រាប់គាត់ពីទីផ្សារការងារដែលគេនឹងត្រូវការខ្លាំងជាងគេនាពេលអនាគតជាដើម ព្រោះបើសិនជាអ្នកនិយាយបែបច្បាស់លាស់ និងមានភាពជឿជាក់លើខ្លួនថាការសម្រេចចិត្តរបស់អ្នកនោះវាត្រឹមត្រូវជាងការដែលគាត់ស្មាន គាត់ប្រាកដជាអនុញ្ញាតិជាមិនខាន សំខាន់លើការលើកហេតុផលរបស់អ្នក។

អ្នកត្រូវចាំថា អ្នកមិនអាចបង្ខំចិត្តខ្លួនឯងឲ្យរៀននូវអ្វីដែលខ្លួនឯងមិនចូលចិត្តឡើយ ព្រោះបើទោះបីជារៀន ក៏រៀនមិនចូល រៀនមិនចេះ រៀនចាប់មិនសូវបាន ខាតទាំងថវិកា ខាតទាំងពេលវេលា ។ រៀនដោយចិត្តចង់គឺចេះជាងរៀនដោយចិត្តបង្ខំ។

២. សម្រេចចិត្តតាមគ្រួសារ

ការសម្រេចចិត្តរៀននូវជំនាញដែលគ្រួសារអ្នកបានរៀបចំទុកដាក់ឲ្យគឺជារឿងមួយដែលល្អបំផុត សម្រាប់អ្នកដែលមិនទាន់ដឹងពីគោលដៅរបស់ខ្លួន ថាខ្លួនចង់ចេះអ្វី ខ្លួនគួររៀនជំនាញណា ហើយរៀននៅឯងសាកលវិទ្យាល័យមួយណាជាដើម។

យ៉ាងណាមិញ បើសិនជាជំនាញដែលគ្រួសារចង់ឲ្យអ្នករៀននោះ មើលទៅហាក់ដូចជាស៊ីគ្នាជាមួយនឹងចំណេះដឹងរបស់អ្នក អូខេអ្នកអាចរៀនតាមអ្វីដែលគាត់ផ្ចុងផ្ដើមឲ្យទៅ! ព្រោះគាត់អាចដឹងពីទីផ្សារការងារច្រើនជាងអ្នកក៏ថាបាន។ ហើយមួយវិញទៀត អ្នកក៏មិនចាំបាច់គិតច្រើន ហើយក៏មិនចាំបាច់មានជម្លោះពាក្យសម្ដីជាមួយគ្រួសារដែរ គឺល្អទាំងសងខាង។

 

​ជាចុងក្រោយ បន្ទាប់ពីអានអត្ថបទមួយនេះហើយ យើងសង្ឃឹមថាវានឹងអាចជួយអ្នកឲ្យរកឃើញ ក៏ដូចជាអាចរៀននូវជំនាញអ្វីដែលអ្នកស្រលាញ់ពិតប្រាកដ និងសក្តិសមសម្រាប់អ្នក។ ហើយអ្វីដែលអ្នកមិនគួរភ្លេចនោះ គឺកុំបង្ខំខ្លួនឯងរៀននូវអ្វីដែលខ្លួនមិនស្រលាញ់ កុំបង្ខំខ្លួនឯងឲ្យធ្វើនូវអ្វីដែលខ្លួនមិនចង់ធ្វើអី ព្រោះលទ្ធផលចេញមកអាចធ្វើឲ្យអ្នកខកចិត្ត និងស្ដាយក្រោយបាន។ អរគុណសម្រាប់ការអានរបស់អ្នក!

Rin Hanavy
Rin Hanavyhttp://www.kumnit.com
គឺជាអ្នកបង្កើត និងសរសេរមាតិកានៅក្នុងគេហទំព័រគំនិត គេហទំព័រពន្លក ផ្នែកយុទ្ធសាស្ត្រទីផ្សារ ភាពជាអ្នកដឹកនាំ យុទ្ធសាស្ត្រអាជីវកម្ម ការងារ និងការអភិវឌ្ឍខ្លួនឯង។ ជានិស្សិតថ្នាក់បរិញ្ញាបត្រ ជំនាញទីផ្សារ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ