ការបែងចែកការងារឱ្យក្រុមបុគ្គលិក មានសារៈសំខាន់ណាស់ ពីព្រោះបើប្រធាន ឬថ្នាក់ដឹកនាំ ចេះពីរបៀបនៃការបែងចែក គឺវាអាចជួយកាន់តែខ្លាំងលើកម្លាំងចិត្ត ដោយបុគ្គលិកដែលមានសមត្ថភាពខ្លាំង នៅតែធ្វើកន្លែងការងារណាដែលសាកសមនឹងសមត្ថភាពខ្លួនឯង ព្រមទាំងអាចបម្លែងខ្លួនឯងក្លាយជាអ្នកជំនាញក៏ថាបាន។ បន្ថែមពីនេះ ចំពោះបុគ្គលិកដែលមានសមត្ថភាពមធ្យម ឬខ្សោយ ក៏អាចធ្វើអ្វីទៅតាមកម្រិតនៃសមត្ថភាព និងពង្រឹងសមត្ថភាពខ្លួនឱ្យកាន់តែខ្លាំងជាបន្តបន្ទាប់ ថែមទាំងមិនងាយធុញនឹងការងារឡើយ។ ដូច្នេះ ការបែងចែកការងារឱ្យបុគ្គលិកប្រកបដោយភាពយុត្តិធម៌ ធ្វើឱ្យបុគ្គលិកឆាប់សម្រេចបាននូវលទ្ធផលការងារ រីកចម្រើនលើសមត្ថភាពបានលឿន និងមានភាពទទួលស្គាល់ពីសំណាក់ថ្នាក់ដឹកនាំ។
បើយោងតាមគេហទំព័រ Harvard Business Review បានបង្ហាញពីតិចនិកមួយចំនួន ដើម្បីជួយដល់ការបែងចែកការងារឱ្យក្រុមការងារប្រកបដោយភាពយុត្តិធម៌ និងផ្ដល់ផលិតភាពខ្ពស់ដល់សមាជិកក្រុម និងលទ្ធផលល្អរបស់ក្រុមទាំងមូល។
តិចនិកបែងចែកការងារឱ្យក្រុមការងារដ៏ល្អ
1. បង្កើតផែនការ
ប្រធាន ឬថ្នាក់ដឹកនាំ ត្រូវធ្វើយ៉ាងណាឱ្យក្រុមការងារទាំងអស់ បានយល់ដឹងយ៉ាងច្បាស់ពីគោលដៅដែលក្រុមទាំងមូលព្យាយាមចង់សម្រេចជោគជ័យ។ បន្ទាប់មក ត្រូវកំណត់ថា តើនរណាជាអ្នកធ្វើសកម្មភាព ជាអ្នកមានទំនួលខុសត្រូវ? នរណាដែលអាចធ្វើបានល្អបំផុត? ហើយចង់រីកចម្រើននៅក្នុងវិស័យណា? បន្ទាប់មក រៀបចំផែនការក្នុងរយៈពេលខ្លី និងរយៈពេលវែង ព្រមទាំងកំណត់របៀបនៃការធ្វើការងារដើម្បីសម្រេចបាននូវគោលដៅរួម។
2. បញ្ជាក់ពីតួនាទី
សំដៅលើ ការធ្វើឱ្យសមាជិកក្រុមទាំងអស់ បានយល់ច្បាស់ពីតួនាទី និងទំនួលខុសត្រូវ ព្រមទាំងស្គាល់ពីអ្វីដែលខ្លួនត្រូវធ្វើ និងចូលរួមដើម្បីសម្រេចគោលដៅ។
3. កំណត់ការរំពឹងទុក
ដើម្បីអាចសម្រេចជោគជ័យលើគោលដៅរួម ប្រធាន ឬថ្នាក់ដឹកនាំ ត្រូវតែមានការកំណត់នូវលទ្ធផលរំពឹងទុកឱ្យបានច្បាស់ ព្រមទាំងឱ្យសមាជិកក្រុមទាំងអស់បានដឹង និងស្គាល់ពីរបៀបដើម្បីសម្រេចបានទៅតាមការរំពឹងទុកទាំងនោះ។
4. បង្កើតទំនាក់ទំនងជាលក្ខណៈប្រព័ន្ធ
ប្រធាន ឬថ្នាក់ដឹកនាំ ត្រូវតែមានការប្រាស្រ័យទាក់ទងជាមួយសមាជិកក្រុមជាលក្ខណៈបុគ្គល មួយទល់នឹងមួយ ដើម្បីឱ្យបុគ្គលិកទាំងអស់រក្សាបាននូវកម្លាំងចិត្តក្នុងការបំពេញការងារ និងចូលរួមយ៉ាងសកម្មផងដែរ។
5. បទបែនលឿន
ប្រធាន ឬថ្នាក់ដឹកនាំ ត្រូវតែមានភាពបទបែនលឿនគ្រប់ស្ថានភាព មានន័យថា នៅពេលដែលស្ថានភាពមិនអំណោយផលទៅតាមផែនការ និងការរំពឹងទុកដែលបានកំណត់ ដូច្នេះប្រធាន ឬថ្នាក់ដឹកនាំ ត្រូវតែមានភាពបទបែនដើម្បីប្ដូរយុទ្ធសាស្រ្ត ប្ដូរផែនការ ព្រមទាំងធ្វើយ៉ាងណាឱ្យក្រុមការងារទាំងអស់បានយល់ច្បាស់ពីស្ថានភាពទាំងនោះ និងអាចចូលរួមយ៉ាងសកម្មដើម្បីជួយជ្រោមជ្រែងគ្នាអស់ពីកម្លាំងកាយចិត្ត ដើម្បីសម្រេចបាននូវគោលដៅធំ។
6. បង្កើតគោលការណ៍សម្រាប់ក្រុម
ប្រធាន ឬថ្នាក់ដឹកនាំ ត្រូវតែបង្កើតច្បាប់វិន័យ និងគោលការណ៍សំខាន់សម្រាប់ក្រុម ថា អ្វីគួរធ្វើ និងមិនគួរធ្វើ ហើយបើមិនអនុវត្តតាម ឬធ្វើខុសពីអ្វីដែលបានកំណត់ តើត្រូវទទួលវិន័យបែបណាជាដើម?