សម្រាប់អ្នកដែលទើបតែនឹងចាប់ផ្ដើមប្រឡូកនៅក្នុងវិស័យការងារជាលើកដំបូង អ្នកប្រាកដជាពិបាកនៅក្នុងការសម្រេចចិត្តទៅលើការជ្រើសរើសប្រភេទការងារជាមិនខាន ពោលគឺអ្នកមិនដឹងថាតើគួរតែទៅធ្វើការងារអ្វី ហើយធ្វើនៅក្រុមហ៊ុនណាដែលអាចធ្វើឲ្យអ្នកសប្បាយចិត្ត អាចរៀនជំនាញថ្មីៗបានច្រើន និងអាចជួយបណ្ដុះការគិតឲ្យមានភាពច្នៃប្រឌិតជាដើម។
អញ្ចឹងតើខ្ញុំគួរតែទៅធ្វើការនៅក្នុងក្រុមហ៊ុនណា??
អ្នកអាចចាប់ផ្ដើមធ្វើការនៅក្នុងក្រុមហ៊ុនណាដែលមានជំនាញឯកទេសប្រហាក់ប្រហែលឬដូចគ្នាទៅនឹងអ្វីដែលកំពុងតែរៀននៅឯសាកលវិទ្យាល័យ និងជ្រើសរើសក្រុមហ៊ុនណាដែលអាចជួយបណ្ដុះបណ្ដាលអ្នកឲ្យក្លាយទៅជាមនុស្សម្នាក់ដែលខ្លាំង ក្លាហាន និងមានគំនិតច្នៃប្រឌិតច្រើនជាងមុន។ នៅពេលដែលអ្នកបានទៅធ្វើការនៅក្នុងក្រុមហ៊ុនដែលមានតួនាទីទាក់ទងទៅនឹងជំនាញរបស់អ្នក វាគឺជាឱកាសមួយដែលអ្នកអាចរៀនស្វែងយល់បានកាន់តែស៊ីជម្រៅអំពីជំនាញមួយនោះបានកាន់តែច្បាស់ជាងមុន ច្បាស់ជាងការសិក្សានៅឯសាលាទៅទៀត។ ជាក់ស្ដែងប្រសិនបើអ្នកកំពុងតែសិក្សាថ្នាក់បរិញ្ញាបត្រជំនាញធនាគារនិងហិរញ្ញវត្ថុ អ្នកគប្បីស្វែងរកការងារ ឬមួយក៏ដាក់ពាក្យជាអ្នកហាត់ការទៅលើមុខងារណាដែលមានទំនាក់ទំនងគ្នាជាមួយនឹងជំនាញដែលអ្នករៀននេះ ដូចជាធ្វើការឬដាក់ពាក្យធ្វើជាអ្នកហាត់ការនៅឯធនាគារឬនៅក្នុងក្រុមហ៊ុនឯកជនណាមួយជាដើម។ល។ ឬមួយប្រសិនបើអ្នកជានិស្សិតដែលកំពុងតែសិក្សាថ្នាក់បរិញ្ញាបត្រជំនាញទីផ្សារ អ្នកគប្បីស្វែងរកប្រភេទការងារណាដែលទាក់ទងជាមួយនឹងជំនាញមួយនេះឬប្រហាក់ប្រហែលគ្នាក៏បាន ដើម្បីផ្សាំខ្លួនអ្នកជាមួយនឹងការងារទាំងនោះឲ្យហើយ ដូចជាអ្នកអាចធ្វើជាការងារ Freelance ចូលរួមការធ្វើការងារស័គ្រ្មចិត្តក្នុងតួនាទីជា Team Marketing ឬមួយក៏ដាក់ពាក្យទៅធ្វើការនៅក្នុងក្រុមហ៊ុនអាជីវកម្មណាដែលផ្ដោតទៅលើការធ្វើទីផ្សារនេះតែម្ដងក៏បាន ដើម្បីជួយពង្រឹងសមត្ថភាពរបស់អ្នកឲ្យកាន់តែប្រសើរឡើងជាងមុន និងយល់បានច្បាស់ជាមុនអំពីដំណើរការនៃការធ្វើយុទ្ធសាស្ត្រទីផ្សារ និងការផ្សព្វផ្សាយឲ្យមានភាពទាក់ទាញជាដើម។ និយាយរួមទៅប្រសិនបើអ្នកចង់ស្វែងយល់ ឬចង់ចេះអំពីជំនាញដែលអ្នកកំពុងតែសិក្សានៅឯសាកលវិទ្យល័យនោះបានកាន់តែឆាប់រហ័ស អ្នកគួរតែចូលរួមធ្វើការងារជាអ្នកស្ម័គ្រចិត្តខ្លះដើម្បីយល់អំពីសង្គមបានខ្លះៗ ឬស្វែងរកការងារណាដែលវាស៊ីគ្នាជាមួយអ្វីដែលអ្នកកំពុងតែរៀននេះ ដើម្បីធ្វើឲ្យអ្នកក្លាយជាជំនាញខាងផ្នែកនេះតែម្ដង។ ហើយប្រសិនបើអ្នកអាចជ្រើសរើសការធ្វើការជាមួយនឹងអ្នកណាម្នាក់ដែលអាចជួយបង្រៀនអ្នកឲ្យយល់ដឹងពីជំនាញមួយនោះបានកាន់ច្រើន ឬអាចធ្វើការជាមួយនឹងមនុស្សដែលចូលចិត្តចែករំលែក ចិត្តទូលាយ ជាមនុស្សដែលមានបទពិសោធន៍ច្រើន និងមានចំណេះដឹងច្រើនពាក់ព័ន្ធនឹងជំនាញដែលអ្នកកំពុងតែចង់ដឹងនោះ វាគឺជាឱកាសមួយដែលអ្នកអាចអភិវឌ្ឍសមត្ថភាពរបស់អ្នកឲ្យកាន់តែខ្លាំងជាមុន។