សព្វថ្ងៃនេះ ប្រទេសកម្ពុជាកំពុងស្ថិតនៅក្នុងបដិវត្តន៍ឧស្សាហកម្ម 4.0 ដែលជាបដិវត្តន៍ ផ្ដោតសំខាន់លើការទំនាក់ទំនងបែបបច្ចេកវិទ្យា និងបម្លែងពីការធ្វើទីផ្សារបែបប្រពៃណីទៅជាការធ្វើទីផ្សារបែបទីផ្សារឌីជីថល ដែលមនុស្សគ្រប់គ្នាតែងតែនិយាយថា “សម័យឌីជីថល”។ ឌីជីថលនេះ វាអនុញ្ញាតឱ្យយើងអាចធ្វើទីផ្សារ និងជ្រើសរើសមធ្យោបាយទំនាក់ទំនងដ៏សម្បូរបែបជាមួយនឹងអ្នកប្រើប្រាស់ និងអតិថិជនបានយ៉ាងមានប្រសិទ្ធភាពជាងមុន ដោយយើងអាចកំណត់គោលដៅទៅតាមតម្រូវការបានយ៉ាងល្អ ប៉ុន្តែទាមទារឱ្យយើងសិក្សាឱ្យបានច្បាស់ពីរបៀបនៃការធ្វើទីផ្សារបែបឌីជីថល។
បន្ថែមពីនេះ ការធ្វើទីផ្សារបែបឌីជីថល ក៏អាចជំរុញការលក់ និងធ្វើឱ្យអាជីវកម្មរបស់អ្នកកាន់តែមានភាពលេចធ្លោនៅក្នុងទីផ្សារ ព្រមទាំងឆាប់រីកចម្រើន ប៉ុន្តែទាមទារឱ្យអ្នកយល់ច្បាស់ និងចេះរៀបចំផែនការឱ្យបានត្រឹមត្រូវក្នុងការអនុវត្តន៍។
ហេតុនេះ ក្នុងនាមជាអ្នកគ្រប់គ្រង និងជាម្ចាស់អាជីវកម្ម តើត្រូវគិតគូរ និងត្រូវរៀបចំធ្វើអ្វីខ្លះ ដើម្បីធ្វើឱ្យអាជីវកម្មរបស់អ្នកមានភាពលេចធ្លោ ឬមានភាពខ្លាំងផ្នែកទីផ្សារបែបឌីជីថល?
1. គិតគូរ និងរៀបចំធ្វើផែនការអាជីវកម្ម
ចំពោះអ្នកដែលទើបតែត្រៀមចាប់ផ្ដើមអាជីវកម្ម ត្រង់ចំណុចនេះ ពិតជាសំខាន់ខ្លាំងណាស់។ ផែនការអាជីវកម្ម នឹងជួយអ្នកឱ្យស្គាល់ពីអ្វីដែលអ្នកត្រូវធ្វើដើម្បីសម្រេចគោលដៅរបស់អ្នក។ ម្យ៉ាងទៀត វានឹងនាំអ្នកឱ្យដឹងថា៖
- អាជីវកម្មរបស់អ្នកផ្ដោតលើផលិតផលសេវាកម្មអ្វី
- អ្វីជាគុណតម្លៃដែលអ្នកនឹងផ្ដល់ជូនអតិថិជនរបស់អ្នក
- អ្វីជាចំណុចខ្លាំង ចំណុចខ្សោយ ឱកាស និងការគំរាមកំហែងក្នុងអាជីវកម្មរបស់អ្នក
- ស្គាល់ពីទំហំទីផ្សារ អតិថិជនគោលដៅ និងដៃគូប្រកួតប្រជែងបានច្បាស់
- មានការរៀបចំផែនការហិរញ្ញវត្ថុ យុទ្ធសាស្រ្តទីផ្សារ និងភាពពាក់ព័ន្ធជាច្រើនទៀតដែលជាផ្នែកសំខាន់នៅក្នុងការសរសេរផែនការអាជីវកម្មរបស់អ្នក។
ត្រូវចងចាំថា ការរៀបចំផែនការអាជីវកម្មបានល្អ ប្រៀបដូចជាអ្នកកំពុងមានក្បួនដើម្បីនាំអ្នកឱ្យដឹងថាអ្នកកំពុងឆ្ពោះទៅណា នឹងជួបរឿងរ៉ាវអ្វីខ្លះ ដោះស្រាយបែបណា និងចង់បានអ្វីពិតប្រាកដ។ លើសពីនេះ នៅពេលអ្នកមានផែនការអាជីវកម្ម អ្នកនឹងដឹងយ៉ាងច្បាស់អំពីអាជីវកម្មរបស់អ្នក និងងាយស្រួលក្នុងការរៀបយុទ្ធសាស្រ្តទីផ្សារឱ្យបានត្រឹមត្រូវ។
រីឯអ្នកដែលកំពុងដំណើរការអាជីវកម្មស្រាប់ហើយ អ្នកអាចត្រួតពិនិត្យមើលផែនការអាជីវកម្មរបស់អ្នកឡើងវិញ ដើម្បីកែតម្រូវម្ដងទៀតឱ្យសមស្របជាមួយនឹងសម័យកាលឌីជីថលនេះ (រក្សាទស្សនវិស័យ បេសកកម្មនៅដដែល គ្រាន់តែផ្លាស់ប្ដូរយុទ្ធសាស្រ្តដើម្បីអនុវត្តន៍)។
2. គិតគូរលើម៉ាកយីហោរបស់អ្នក
ក្នុងនាមជាម្ចាស់អាជីវកម្ម ត្រូវគិតផ្ដោតឱ្យខ្លាំងលើការកំណត់អត្តសញ្ញាណក្រុមហ៊ុនឱ្យមានភាពជាក់លាក់ និងបង្កើតភាពលេចធ្លោចេញពីម៉ាកយីហោរបស់អ្នក ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយអតិថិជន ធ្វើឱ្យអតិថិជនចងចាំ និងអាចទាក់ទាញខ្លាំងពីក្រុមអតិថិជនរបស់អ្នក។ បន្ថែមពីនេះ អ្នកក៏ត្រូវរៀបចំសរសេរបង្ហាញដើម្បីផ្សព្វផ្សាយឱ្យបានទៅដល់ក្រុមអតិថិជនរបស់អ្នកអំពីគុណតម្លៃសំខាន់ដែលបង្ហាញពីម៉ាកយីហោរបស់អ្នក ព្រមទាំងបង្ហាញថាអ្នកអាចមានលទ្ធភាពដោះស្រាយបញ្ហារបស់ពួកគេ និងផ្ដល់ជូននូវអ្វីដែលពួកគេត្រូវការជាចាំបាច់។ បន្ថែមពីនេះ ត្រូវតែធ្វើឱ្យម៉ាកយីហោរបស់អ្នកអាចភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និតជាមួយនឹងអតិថិជនរបស់អ្នកតាមរយៈបណ្ដាញសង្គម។
នៅក្នុងចំណុចនេះ អ្នកត្រូវតែមានការយល់ដឹងឱ្យបានច្បាស់អំពីរបៀបដែលម៉ាកយីហោរបស់អ្នកគួរតែឆ្ពោះទៅមុខជាមួយនឹងអន្តរកម្មតាមអ៊ីនធឺណិត ព្រមទាំងសិក្សាបន្ថែមពីរបៀបដែលគូប្រជែងរបស់អ្នកកំពុងប្រើយុទ្ធសាស្រ្តប្រាស្រ័យទាក់ទងជាមួយនឹងអតិថិជនតាមបណ្ដាញសង្គម។
បន្ទាប់មក អ្នកត្រូវតែកំណត់នូវរបៀបដែលអ្នកនឹងសរសេរ ក៏ដូចជារូបភាពដែលអ្នកនឹងធ្វើការផ្សព្វផ្សាតបង្ហាញឱ្យអតិថិជនរបស់អ្នកកាន់តែស្គាល់ច្បាស់អំពីអាជីវកម្មរបស់អ្នក។ លើសពីនេះ អ្នកក៏ត្រូវរៀបចំក្រុមការងារពាក់ព័ន្ធក្នុងការធ្វើរឿងនេះដែរ ដូចជាអ្នកសរសេរខ្លឹមសារផ្សព្វផ្សាយ អ្នកទីផ្សារឌីជីថល និងអ្នករចនានៃរាល់ផ្ទាំងផ្សព្វផ្សាយទាំងអស់ឱ្យស៊ីចង្វាក់គ្នាជាមួយនឹងអ្វីដែលអ្នកចង់បង្ហាញឱ្យមនុស្សដឹងថានេះសុទ្ធតែជាគុណតម្លៃដោយបង្ហាញឱ្យមនុស្សស្គាល់ និងចងចាំពីម៉ាកយីហោរបស់អ្នក។
3. កំណត់ KPIs របស់អ្នក
អ្នកត្រូវតែយល់ និងដឹងពីរបៀបដែលអ្នកមានផែនការក្នុងការបញ្ជូនសារឌីជីថលដែលបង្ហាញពីម៉ាកយីហោរបស់អ្នកទៅកាន់អតិថិជន។ ហើយដើម្បីកាន់តែច្បាស់ថាផែនការរបស់អ្នកទទួលបានប្រសិទ្ធភាពកម្រិតណា អ្នកអាចកំណត់ KPI ក្នុងការវាស់វែង និងតាមដានលទ្ធផល។
ចំណាំ៖ KPI មកពីពាក្យ Key Performance Indicator សំដៅលើ គុណតម្លៃដែលអាចវាស់វែងបាន ដែលបង្ហាញពីប្រសិទ្ធភាពនៃក្រុមហ៊ុនកំពុងសម្រេចបាននូវគោលដៅអាជីវកម្មសំខាន់ៗ។
ហើយ KPI ដែលអ្នកត្រូវតាមដាននោះ ដូចជាការធ្វើអន្តរកម្មរវាងអតិថិជនជាមួយម៉ាកយីហោរបស់អ្នកនៅលើបណ្ដាញសង្គមក្រោយពីអ្នកបានផ្សព្វផ្សាយ អត្រាបំប្លែងអតិថិជនថ្មីៗ ការចំណាយលើការទិញរបស់អតិថិជន ការយល់ដឹងអំពីម៉ាកយីហោរបស់អ្នក កំណើននៃការលក់ និងផ្សេងៗទៀតទៅតាមការកំណត់គោលដៅដែលអ្នកចង់សម្រេចបាន។
4. ផែនការផ្សព្វផ្សាយមាតិកា
ក្នុងនាមជាម្ចាស់អាជីវកម្ម ត្រូវគិតគូ និងរៀបចំឱ្យមានអ្នកទីផ្សារមាតិកា អ្នកសរសេរមាតិកា អ្នកផ្សព្វផ្សព្វមាតិកា និងអ្នកវិភាគអំពីលទ្ធផលនៃការផ្សព្វផ្សាយមាតិកា ដើម្បីធានាថារាល់ការផ្សព្វផ្សាយទាំងអស់ទទួលបានប្រសិទ្ធភាពដោយមានការចូលរួមពីអតិថិជនបានច្រើន ព្រមទាំងវាមានភាពជាប់ពាក់ព័ន្ធខ្លាំងជាមួយម៉ាកយីហោរបស់អ្នក។
មាតិកា ពិតជាសំខាន់ណាស់នៅក្នុងសម័យឌីជីថលនេះ ដូច្នេះម្ចាស់អាជីវកម្មមិនគួរមើលរំលងវាបានឡើយ ត្រូវតែមានអ្នករៀបចំផែនការផ្សព្វផ្សារមាតិកាឱ្យបានច្បាស់លាស់ដែលវាមានពាក់ព័ន្ធជាមួយនឹងអាជីវកម្មរបស់អ្នក។
ត្រូវចងចាំថា៖ ប្រសិនបើការផ្សព្វផ្សាយមាតិការរបស់អ្នកមានភាពល្អ នោះមនុស្សនឹងចាប់ផ្ដើមស្គាល់ម៉ាកយីហោរបស់អ្នក ហើយថ្ងៃអនាគតពួកគេនឹងក្លាយជាអតិថិជនដ៏ស្មោះត្រង់ជាមួយនឹងអ្នក។
5. សហការជាមួយអ្នកជំនាញ
ក្នុងនាមជាម្ចាស់អាជីវកម្ម ត្រូវតែចេះជ្រើសរើសបុគ្គលិកដែលមានសមត្ថភាពល្អខាងផ្នែកទីផ្សារឌីជីថល អ្នករចនាហ្រ្វិច អ្នកកាត់ត និងអ្នកសរសេរមាតិកា ដើម្បីរួមគ្នាធ្វើយុទ្ធសាស្រ្តនិងអនុវត្តន៍នៃការធ្វើទីផ្សារនៅលើអនឡាញ។ ម្យ៉ាងទៀត ប្រសិនបើអ្នកចង់ឱ្យការធ្វើទីផ្សាររបស់អ្នកនៅលើអនឡាញកាន់តែខ្លាំង និងបានត្រឹមត្រូវ អ្នកក៏អាចជ្រើសរើសការសហការជាមួយអ្នកជំនាញដែលពួកគាត់ធ្វើជាអ្នកធ្វើការឯករាជ្យក្នុងការជួយបន្ថែមទៀត។
ជារួមមក នៅក្នុងសម័យនេះ ជាសម័យឌីជីថល ដូច្នេះប្រសិនបើអ្នកចង់ធ្វើឱ្យអាជីវកម្មរបស់អ្នកខ្លាំង និងមានភាពលេចធ្លោនៅលើផ្នែកទីផ្សារឌីជីថល គឺអ្នកត្រូវតែគិតផ្ដោតលើការធ្វើទីផ្សារឌីជីថលឱ្យបានខ្លាំងដោយពាក់ព័ន្ធជាមួយនឹងអាជីវកម្មរបស់អ្នក និងត្រូវបម្លែងអាជីវកម្មរបស់អ្នកពីអាជីវកម្មបែបប្រពៃណីឱ្យក្លាយជាអាជីវកម្មដែលមានភាពសម្បូរបែប ទាន់សម័យ ព្រមទាំងត្រូវសហការជាមួយអ្នកជំនាញផ្នែកទីផ្សារឌីជីថលឱ្យបានច្រើន។