មុននឹងក្លាយជាមេអំបៅដ៏ស្រស់ស្អាតដែលអាចហោះហើរបាន ដង្កូវត្រូវឆ្លងកាត់ការឈឺចាប់នៅក្នុងសំបុកជាមុនសិន។ ភាពរីកចម្រើនរបស់មនុស្សក៏ដូចគ្នា វាមិនដែលកើតឡើងនៅលើផ្លូវត្រង់រហូតនោះទេ ប៉ុន្តែវាជាផ្លូវដែលពោរពេញដោយការសាកល្បង។ នេះគឺជាផ្លូវ ៣ ដំណាក់កាលដែលអ្នកត្រូវតែឆ្លងកាត់ជាចាំបាច់ បើចង់ជោគជ័យ៖
១. ផ្លូវនៃភាពឯកា នៅពេលអ្នកចាប់ផ្តើមផ្លាស់ប្តូរខ្លួនឯងដើម្បីរីកចម្រើន អ្នកនឹងមានអារម្មណ៍ថាឯកាខ្លាំង។ មិត្តភក្តិដែលធ្លាប់ដើរលេងសប្បាយជាមួយគ្នាអាចនឹងឃ្លាតឆ្ងាយ ព្រោះគោលដៅអ្នកលែងដូចគ្នា។ល។ ចូរចាំថា «ផ្លូវទៅកាន់ភាពកំពូល មិនសូវមានមនុស្សដើរច្រើនទេ» ដូច្នេះកុំភ័យខ្លាចក្នុងការដើរម្នាក់ឯង។
២. ផ្លូវនៃភាពបរាជ័យ និងការខកចិត្ត គ្មាននរណាម្នាក់ជោគជ័យដោយមិនធ្លាប់ដួលនោះទេ។ អ្នកនឹងជួបឧបសគ្គដែលធ្វើឱ្យអ្នកចង់បោះបង់ចោលរាប់រយដង។ ប៉ុន្តែសូមកុំយល់ច្រឡំ ការបរាជ័យមិនមែនជាភាពអន់ខ្សោយទេ វាគឺជា «ជី» ដែលជួយឱ្យដើមឈើនៃភាពជោគជ័យរបស់អ្នកលូតលាស់។ រាល់ការដួល គឺជាមេរៀនដ៏មានតម្លៃដែលសាលារៀនមិនអាចបង្រៀនអ្នកបាន។
៣. ផ្លូវនៃការមើលងាយ និងការសង្ស័យ មុនពេលអ្នកជោគជ័យ មនុស្សជុំវិញខ្លួននឹងសើចចំអក ឬមើលងាយក្តីស្រមៃរបស់អ្នក។ គេនឹងនិយាយថា «ឯងធ្វើមិនកើតទេ» ឬ «កុំចេះតែស្រមៃ»។ នេះគឺជាដំណាក់កាលសាកល្បងចិត្តដ៏ធំបំផុត។ បើអ្នកស្តាប់សម្តីគេ អ្នកនឹងបរាជ័យ តែបើអ្នកយកពាក្យគេមកធ្វើជាកម្លាំងជំរុញ អ្នកនឹងឈ្នះ។
ជារួម ផ្លូវទាំងនេះពិតជាលំបាក និងហត់នឿយ ប៉ុន្តែវាគឺជាតម្រូវការចាំបាច់នៃជីវិត។ បើគ្មានការឆ្លងកាត់ភ្លើងទេ ដែកក៏មិនអាចក្លាយជាដាវដ៏មុតស្រួចបានដែរ។ ដូច្នេះ នៅពេលអ្នកកំពុងជួបការលំបាកទាំងនេះ សូមកុំតូចចិត្ត តែត្រូវញញឹមទទួល ព្រោះវាជាសញ្ញាបញ្ជាក់ថា «អ្នកកំពុងតែដើរទៅរកភាពរីកចម្រើនហើយ»។