Facebook Page គឺជាបណ្តាញសង្គមមួយដែលមានប្រជាប្រិយភាពបំផុតនៅក្នុងកម្ពុជាក្នុងចំណោមអ្នកប្រើប្រាស់ និងអ្នករកស៊ី។ ប៉ុន្តែមានរឿងមួយដែលអ្នករកស៊ី ឬអ្នកគ្រប់គ្រងPageតែងតែរអ៊ូនោះគឺ បណ្តាញសង្គមមួយនេះតែងតែមានការផ្លាស់ប្តូរ និងធ្វើបច្ចុប្បន្នភាពឥតឈប់ឈរ ដែលធ្វើឱ្យអ្នកមិនសូវចេះប្រើប្រាស់និងចូលចិត្តបច្ចេកវិទ្យា ពិបាកនឹងតាមទាន់។
មួយរយៈចុងក្រោយនេះ មានអ្នកធ្លាប់ចូលវគ្គបណ្តុះបណ្តាលខ្ញុំ និងមិត្តភក្តិខ្ញុំជាច្រើនបានទាក់ទងមកសួរថាហេតុអ្វីគាត់លែងអាចឆ្លើយតបជាសារសម្លេងទៀតបានតាមរយៈការប្រើប្រាស់ទូរស័ព្ទដោយប្រើPage Manager។ តាមពិតទៅ Facebook បានណែនាំកម្មវិធីទូរស័ព្ទថ្មីគឺ Creator Studio ដែលអនុញ្ញាតិឱ្យអ្នកកាន់Page ឬម្ចាស់អាជីវកម្មអាចទាក់ទងភ្ញៀវបានតាមរយៈPageដូចFacebook Messengerអញ្ចឹង ដែលយើងអាចធ្វើការផ្ញើរសារជាសម្លេងបានងាយស្រួលទាំងAndroi និង IOs ដោយមិនចាំបាច់ប្រើប្រាស់ Page Managerទៀតនោះទេ។ ក្រៅពីការឆ្លើយតប អ្នកអាចមើលព័ត៌មាននានាបានពីការផ្សព្វផ្សាយរបស់អ្នក ថាតើវាបានទៅដល់មនុស្សប៉ុន្មាននាក់ មានអ្នក Like Share Commentប៉ុន្មាននាក់ជាដើម។
តាមពិតទៅ Creator Studio មិនមែនជាអ្វីថ្មីនោះទេ។ Facebook បានបង្កើតវាបានយូរគួរសមមកហើយ ដោយដាក់ឱ្យប្រើប្រាស់នៅលើWeb Browser ដែលអនុញ្ញាតិឱ្យយើងធ្វើការគ្រប់គ្រងការផ្សព្វផ្សាយ ដាក់កាលវិភាគកាលផ្សព្វផ្សាយទុកមុន បង្ហោះវីដេអូមួយទៅកាន់Pageលើសពីមួយក្នុងពេលដំណាលគ្នា និងមានលក្ខណៈសម្បតិ្តពិសេសផ្សេងៗទៀត ជាពិសេសគឺអាចបង្ហោះការផ្សព្វផ្សាយពីCreator Studioទៅកាន់Instagram បានដោយផ្ទាល់ទៀតផង។ ថ្មីត្បិតតែកម្មវិធីនៅលើទូរស័ព្ទមិនទាន់អាចធ្វើបានច្រើនដូចនៅតាមWeb Browser មែនតែខ្ញុំជឿជាក់ថា វានឹងកាន់តែប្រសើរនាពេលអនាគត។
Facebookតែងតែធ្វើបច្ចុប្បន្នភាពស្ទើររាល់ខែ ត្រីមាស ឆមាស និងឆ្នាំ ដែលទាមទារឱ្យអ្នកប្រើប្រាស់តាមដានជាប់ជានិច្ចដើម្បីទទួលបានផលប្រយោជន៍មុនគេ។ ហើយនៅប្រទេសកម្ពុជា គឺមានប្រភពផ្សព្វផ្សាយអំពីតិចនិកថ្មីតិចតួចបំផុត ដែលជម្រុញឱ្យគេហទំព័រគំនិតខិតខំចែករំលែកនូវអ្វីដែលថ្មីបំផុត និងវិធីសាស្ត្រដែលត្រឹមត្រូវបំផុតដើម្បីចែកជូនម្ចាស់អាជីវកម្ម អ្នកទីផ្សារ និងអ្នកស្រឡាញ់វិស័យនេះដើម្បីរក្សានិរន្តរភាពរីកចម្រើន ជាជាងកើនតែរយៈពេលខ្លី!