ពិភព Digital Marketing មានការវិវឌ្ឍយ៉ាងលឿន។ ដើម្បីឲ្យអាជីវកម្មរបស់អ្នកអាចឈានមុខគេក្នុងឆ្នាំ ២០២៥ អ្នកត្រូវតែយល់ច្បាស់ពីនិន្នាការថ្មីៗ។ យុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពនាពេលបច្ចុប្បន្ន គឺផ្តោតលើភាពពិតប្រាកដ ការប្រើប្រាស់ AI និងការកសាងទំនាក់ទំនងផ្ទាល់ខ្លួន។
ខាងក្រោមនេះជាយុទ្ធសាស្ត្រសំខាន់ៗដែលអ្នកគួរអនុវត្ត៖
១. ទីផ្សារតាមរយៈខ្លឹមសារវីដេអូខ្លីៗ
វេទិកាដូចជា TikTok, Instagram Reels និង YouTube Shorts បានក្លាយជាឧបករណ៍ដ៏មានឥទ្ធិពលបំផុតក្នុងការទាក់ទាញអតិថិជន។ វីដេអូខ្លីៗងាយស្រួលមើល ងាយស្រួលចែករំលែក ហើយអាចបង្កើតការចាប់អារម្មណ៍បានយ៉ាងឆាប់រហ័ស។ អ្នកអាចបង្កើតវីដេអូដែលបង្ហាញពីផលិតផលរបស់អ្នកតាមរបៀបប្លែកៗ អាចថតវីដេអូពីក្រោយឆាក ឬផ្តល់គន្លឹះមានប្រយោជន៍ខ្លីៗ។
២. ការប្រើប្រាស់ AI និង Automation
AI ជាឧបករណ៍ដ៏សំខាន់សម្រាប់ទីផ្សារក្នុងឆ្នាំ ២០២៥នេះ AI អាចជួយអ្នកសន្សំពេលវេលា និងធ្វើការសម្រេចចិត្តបានត្រឹមត្រូវ។ អ្នកអាចប្រើប្រាស់ AI ដើម្បីសរសេរចំណងជើងផ្សាយពាណិជ្ជកម្ម បង្កើតគំនិតខ្លឹមសារ ឬវិភាគទិន្នន័យអតិថិជន និងប្រើប្រាស់ Automation សម្រាប់ផ្ញើអ៊ីម៉ែលឬបង្ហោះខ្លឹមសារទៅលើបណ្តាញសង្គមដោយស្វ័យប្រវត្តិ។
៣. ការផ្សាយពាណិជ្ជកម្មតាមរយៈ Influencer
នៅក្នុងឆ្នាំ ២០២៥ អតិថិជនជឿជាក់លើភាពពិតប្រាកដ Influencer (អ្នកមានឥទ្ធិពលដែលមានអ្នកតាមដាន) តែងតែមានទំនាក់ទំនងជិតស្និទ្ធជាមួយទស្សនិកជនរបស់ពួកគេ ដែលធ្វើឲ្យការផ្សាយពាណិជ្ជកម្មកាន់តែមានប្រសិទ្ធភាព។ អ្នកអាចរក Influencer ដែលមានលក្ខណៈត្រូវនឹងផលិតផលរបស់អ្នក ដើម្បីផ្សព្វផ្សាយផលិតផលអ្នកឱ្យកាន់តែទូលំទូលាយ។
៤. ការផ្តោតលើបទពិសោធន៍អតិថិជន
បទពិសោធន៍ដែលអតិថិជនទទួលបាន គឺជាផ្នែកមួយនៃការផ្សព្វផ្សាយ។ ដំណើររបស់អតិថិជនពីការឃើញការផ្សាយពាណិជ្ជកម្មរហូតដល់ការទិញ និងក្រោយពេលទិញ គឺសំខាន់ណាស់។ អ្នកត្រូវធានាថាគេហទំព័ររបស់អ្នកមានល្បឿនលឿន និងងាយស្រួលប្រើ។ ផ្តល់សេវាកម្មអតិថិជនល្អឥតខ្ចោះ ហើយតាមដានពួកគេក្រោយពេលទិញ។ បទពិសោធន៍ល្អនឹងជំរុញឲ្យអតិថិជនផ្តល់ Feedback ល្អៗនិងណែនាំអ្នកទៅកាន់អ្នកដទៃ។
សរុបមក ឆ្នាំ ២០២៥ គឺជាឆ្នាំដែលពោលពេញទៅដោយបច្ចេកវិទ្យាឌីជីថល។ ដូចនេះការអនុវត្តយុទ្ធសាស្ត្រទាំងនេះនឹងជួយឲ្យអាជីវកម្មរបស់អ្នកមិនត្រឹមតែមានភាពរស់រវើកនោះទេ តែថែមទាំងអាចរីកចម្រើនយ៉ាងឆាប់រហ័សទៀតផង។