នៅក្នុងបទសម្ភាសន៍រវាង Mark Zuckerberg ជាមួយ podcaster Dwarkesh Patel នៅសប្តាហ៍នេះ ជុំវិញពេលដែល Meta បានបញ្ចេញនូវចំណុចប្រទាក់កម្មវិធីថ្មីសម្រាប់ម៉ូឌែល AI របស់លោក។ Mark Zuckerberg បានបន្ថែមថា AI នឹងអាចជួយប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃភាពឯកកោបាន ដែលវាអាចនឹងធ្វើមិត្តសម្រាប់មនុស្សដែលខ្វះទំនាក់ទំនងក្នុងជីវិតពិត។
លោកបានកត់សម្គាល់ថាមនុស្សជាច្រើនមិនមានទំនាក់ទំនងក្នុងជីវិតពិតគ្រប់គ្រាន់ទេ ភាគច្រើនមានមិត្តតិចជាងបីនាក់ ប៉ុន្តែពួកគេពិតជាចង់បានច្រើនជាងនេះ។ ដូច្នេះ Zuckerberg ជឿជាក់ថា AI អាចជួយបំពេញចន្លោះផ្លូវអារម្មណ៍នោះបាន និងធ្វើឱ្យមនុស្សឯកកោមានអារម្មណ៍ថាមានទំនាក់ទំនងកាន់តែច្រើន ជាពិសេសនៅពេលដែល AI កាន់តែរីកចម្រើន។
បើក្រឡេកមើល ការស្ទង់មតិឆ្នាំ 2024 បានរកឃើញថា 30% នៃមនុស្សពេញវ័យនៅសហរដ្ឋអាមេរិកមានអារម្មណ៍ឯកោនៅថ្ងៃដែលគេឈប់សម្រាក ប៉ុន្តែមនុស្សពីរភាគបីបាននិយាយថាបច្ចេកវិទ្យា AI “ជួយខ្ញុំបង្កើតទំនាក់ទំនងថ្មី”។ ថែមពីនេះ លោក Zuckerberg ជឿជាក់ថា មនុស្សនឹងអាចស្វែងរកមិត្តភ័ក្តិក្នុងបច្ចេកវិទ្យា AI បាន ដោយផ្តល់ការគាំទ្រដល់អ្នកដែលមានអារម្មណ៍ឯកោ ហើយសង្គមនឹងសម្របខ្លួនជាមួយមិត្តភក្តិដែលជា AI ផងដែរ។