កាលពីម្សិលមិញនេះ Facebook បានធ្វើការអាប់ដេតនូវមុខងារថ្មីមួយដែលប្លែក ដោយវាធ្វើសកម្មភាពដូចទៅនឹង TikTok ដែរ គ្រាន់តែការប្រើប្រាស់ Facebook គឺអ្នកប្រើប្រាស់ទាំងអស់មានសិទ្ធិប្រើប្រាស់ទម្រង់នៃ Facebook ទាំងមុខងារចាស់ ទាំងមុខងារថ្មីមួយទៀតក្នុងកម្មវិធីតែមួយ។ ចំពោះការអាប់ដេតថ្មីនោះ Facebook អនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចមើលឃើញការបង្ហោះតាមលំដាប់លំដោយ តាមរយៈការបែងចែកនៃការមើលឃើញជាក្រុម ដូចជាការមើលឃើញនូវការផ្សព្វផ្សាយទាំងអស់ ការមើលឃើញចំពោះមិត្តក្នុងហ្វេសប៊ុកដែលអ្នកចូលចិត្ត (Favorites) អាចមើលឃើញការបង្ហោះរបស់មិត្តក្នុងហ្វេសប៊ុករបស់អ្នក (Friends) អាចមើលតែចំពោះគ្រុបដែលអ្នកបានចូលចិត្ត និងមើលតែផេកណាដែលអ្នកបានតាមដានប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរថា មុខងារថ្មីរបស់ Facebook មានឈ្មោះហៅថា “Feeds” ដែលជាឧបករណ៍ពិសេសមួយនៅក្នុងកម្មវិធី Facebook ដោយបង្ហាញពីការបង្ហោះចុងក្រោយបំផុតទាំងអស់ពីមិត្តរបស់អ្នកប្រើប្រាស់នៅក្នុងហ្វេសប៊ុក។ បន្ថែមពីនេះ ក្រុមហ៊ុន Meta ក៏បាននិយាយដែរថា អត្ថបទព័ត៌មានសំខាន់ឥឡូវនេះនឹងត្រូវបានគេស្គាល់ថាជា “Home” ហើយនឹងដើរតួជា “ម៉ាស៊ីនស្វែងរក” បន្ថែមទៀតដោយផ្អែកលើទម្លាប់អនឡាញរបស់មនុស្ស។ ហើយនេះបើយោងតាមការចុះផ្សាយរបស់ CNBC។
អត្ថប្រយោជន៍សំខាន់ៗអំពីមុខងារថ្មីរបស់ Facebook រួមមាន៖
- ធ្វើឱ្យអ្នកប្រើប្រាស់ទាំងអស់ មិនខកខានរាល់ការបង្ហោះអ្វីមួយពីមិត្តភក្តិក្នុងហ្វេសប៊ុក ក្នុងគ្រុប ផេក និងអ្វីជាច្រើនទៀត។
- ធ្វើឱ្យអ្នកប្រើប្រាស់កាន់តែមានបទពិសោធន៍ល្អៗជាមួយហ្វេសប៊ុកជាងមុនសម្រាប់អតិថិជនចាស់របស់ហ្វេសប៊ុក និងឱកាសដើម្បីទាញយកនូវអតិថិជនថ្មីៗជាបន្តបន្ទាប់។