អ្នកដឹកនាំនឹងបរាជ័យ បើសិនគ្មានក្តីមេត្តា មានចិត្តមើលងាយ និងគ្មានការអត់ធ្មត់។ ចិត្តមើលងាយមើលថោក (contempt attack) អាចកើតមានឡើងភ្លាមៗ ដូចទៅនឹងចិត្តភ័យខ្លាចតក់ស្លុត( panic attack) នោះដែរ។ វាកើតឡើងដោយរហ័ស និងអាចគ្រប់គ្រងអ្នក បានទាំងស្រុង។ (សូមអ្នកអាន កុំទាន់ថាពិបាកយល់ សូមអានបន្ត ជាពិសេសមានបញ្ចូលករណីសិក្សានៅខាងក្រោម ដែលផ្តល់ជំនួយជាក់ស្តែងដល់ការស្វែងយល់របស់អ្នក។)
ឧទាហរណ៍នៃការគិត នៅពេលអ្នកមានអារម្មណ៍រំជួលចិត្តនិងអារម្មណ៍ជ្រុលហួសហេតុ៖ គាត់កំពុងខ្ជះខ្ជាយពេលវេលារបស់ខ្ញុំ និងធ្វើឱ្យអន្តរាយដល់កិច្ចខិតខំប្រឹងប្រែងរបស់ខ្ញុំ ហើយនឹងធ្វើឱ្យក្រុមនេះមិនអាចដើរទៅមុខរួចបានទេ។ ពួកគាត់ទន់ខ្សោយ ខ្ជិលច្រអូស និងមានការគិតខុស។
នៅពេលអ្នកត្រូវគ្រប់គ្រងដោយចិត្តមើលងាយមើលថោក (contempt attack ) អ្នកមិនអាចផ្តោតអារម្មណ៍លើការដោះស្រាយបញ្ហាបានទេ ពីព្រោះអ្នកមើលឃើញតែបញ្ហា។ អ្នកមើលឃើញបញ្ហាគឺជាបុគ្គល និងមិនមែនដោយសារអ្វីដែលបុគ្គលនោះបានធ្វើទេ។
មេដឹកនាំភាគច្រើនតែងតែបានជួបប្រទះ ចិត្តមើលងាយមើលថោក(contempt attack) ជាពិសេសក្នុងពេលមានវិបត្តិ ភាពមិនច្បាស់លាស់ ឬភាពតានតឹងខ្ពស់។ អ្នកដឹកនាំត្រូវធ្វើខ្លួនឲ្យរឹងមាំនិងអំណត់ ដើម្បីឆ្លងកាត់ពេលទាំងនេះបាន។ យ៉ាងណាមិញ ការធ្វើខ្លួនបែបនេះ ក៏ធ្វើឱ្យមេដឹកនាំងាយរងគ្រោះពី ចិត្តមើលងាយមើលថោក (contempt attack) ដែរ ពីព្រោះនៅពេលមេដឹកនាំភ្លេចគិតថា មិនមែនគ្រប់គ្នាសុទ្ធតែខ្លាំងនិងអាចអត់ធន់ដូចពួកគេទេ។
ឥលូវយើងមកមើល ករណីរបស់ CEO ម្នាក់ ដែលយើងនឹងហៅគាត់ថា ហ្គ្រេន។ គាត់គឺជាអ្នកដឹកនាំស្ថាប័នហិរញ្ញវត្ថុល្បីម្នាក់។ ក្នុងកំឡុងពេលមានវិបត្តិហិរញ្ញវត្ថុឆ្នាំ ២០០៩ ហ្គ្រេនបង្ហាញចេញនូវភាពស្ងប់ស្ងាត់។ គាត់មានការប្តេជ្ញាចិត្តក្នុងការធ្វើអ្វីក៏ដោយដើម្បីជួយស្ថាប័នរបស់នាងឆ្លងកាត់ពេលវេលាដ៏អាក្រក់នេះ។
បន្ទាប់ពីវិបត្តិសេដ្ឋកិច្ចបានបញ្ចប់ ហ្គ្រេន មានមោទនភាពចំពោះអ្វីដែលនាងបានធ្វើ។ នាងនិយាយថា“ ស្ថិតនៅក្រោមសម្ពាធ ខ្ញុំបានដកដង្ហើមយឺតៗ ធ្វើការដោយប្រើយុទ្ធសាស្រ្ត ហើយធ្វើឱ្យមនុស្សគ្រប់គ្នាប្រតិបត្តិការងារបានយ៉ាងអស្ចារ្យ” ។
នាង អាចទប់ទល់នឹងសម្ពាធ ដែលអាចវាយលុកលើមនុស្សធម្មតា។ ប៉ុន្តែជាអកុសលមនុស្សជាច្រើនដែលធ្វើការឱ្យនាង បែរជាមិនពេញចិត្តទៅវិញ។ ម្នាក់ក្នុងចំណោមពួកគេ ពិពណ៌នា នាងជា “ម្ចាស់ក្រត្រីទឹកកកដែលត្រួតត្រាទាសករ” ដែលមិនខ្វល់ខ្វាយទាក់ទងជាមួយក្រុមការងាររបស់នាងសោះ។ នាងគ្រប់គ្រងក្រុមដោយឥតឈប់ឈរ មើលលំអិត ហើយចូលកាន់ការខ្លួនឯងនៅពេលនាងមានអារម្មណ៍ថាសមាជិកនៃក្រុមរបស់នាងមិនអាចធ្វើវាបាន។
ក្នុងការយល់ឃើញរបស់នាង នាងធ្វើបែបនេះគឺដើម្បីជួយសង្រ្គោះក្រុម ប៉ុន្តែក្រុមរបស់នាងមិនបានដឹងគុណនាងទេ ហើយនាងក៏មិនយល់ថាមកពីមូលហេតុអ្វីដែរ។ នាងប្រហែលជាឈ្នះសង្រ្គាមវិបត្តិសេដ្ខកិច្ចមួយនេះ តែក្រុមនាងមិនសប្បាយចិត្ត អញ្ចឹងមានន័យថានាងមិនមែនឈ្នះសង្រ្គាមនេះទាំងស្រុងនោះទេ។ ដូច្នេះក្រុមប្រឹក្សាភិបាល បានសម្រេចទាមទារឲ្យនាង ស្វែងរក គ្រូបង្វឹកម្នាក់។
ខ្ញុំបានក្លាយជាគ្រូបង្វឹករបស់ហ្រ្គេន។ នៅពេលបានជួបគ្នាភ្លាម នាងមិនបង្អង់យូរទេហើយក៏និយាយភ្លាមថា “ ពួកគេគិតថាខ្ញុំគឺជាមនុស្សម្នាក់ដែលត្រូវការរៀនសូត្របន្ថែម! គួរតែជាក្រុមរបស់ខ្ញុំទៅវិញទេ! ពួកគេបរាជ័យណាស់។ ពួកគេធ្វើឲ្យស្ថាប័នយើងទាំងមូលស្ថិតក្នុងគ្រោះថ្នាក់ ហើយខ្ញុំត្រូវតែយកពួកគេចេញពីស្ថានភាពច្របូកច្របល់ទាំងនោះដោយដៃខ្ញុំផ្ទាល់។”
“ពួកគេចង់ឲ្យខ្ញុំបើកចិត្តជាងនេះ? ហើយពួកគេចង់ឲ្យខ្ញុំទន់ខ្សោយជាងនេះ?”
នាងធ្វើភ្នែកតូច ហើយនាងអោនមកជិតខ្ញុំជាមួយនឹងអារម្មណ៍ឃោរឃៅនិងពោរពេញដោយការមើលងាយមើលថោក ហើយនិយាយថា “ខ្ញុំមិនពេញចិត្តជាខ្លាំង”។
ហ្រ្គេន មិនមែនជាមនុស្សអាក្រក់ទេ។ នាងមានអារម្មណ៍ថា ក្រុមរបស់នាងក្បត់ បោះបង់នាងចោលនៅពេលដែលនាងត្រូវការពួកគេបំផុត ហើយឥឡូវនេះពួកគេបានគំរាមកំហែងដល់ការដឹកនាំរបស់នាងទៀតផង។ នាងមិនដែលធ្លាប់គិតថា សមាជិកក្រុមរបស់នាងមិនមានភាពអត់ធន់ និងស្មារតីរឹងមាំស្វាហាប់ដូចនាងនោះទេ។ មោហ៍បាំងនឹងការពិតនេះ នាងមិនអាចទាក់ទងគ្នាជាមួយក្រុមដោយការយល់ចិត្តគ្នា ហើយផ្ទុយទៅវិញនាងស្មានថាពួកគេចង់ឲ្យនាងបរាជ័យ។ តាមទស្សនៈនាង ពួកគេសមនឹងទទួលការមើលងាយពីនាង។
ក្នុងរយៈពេលជាច្រើនទសវត្សនៃអាជីពជាគ្រូបង្វឹកនាយកប្រតិបត្តិ ខ្ញុំបានឃើញរឿងបែបនេះម្តងហើយម្តងទៀត។ បុរសទំនងជាទទួលរងគ្រោះដោយ ចិត្តមើលងាយមើលថោក(contempt attack) ជាងស្ត្រី ប៉ុន្តែដូចករណីរបស់ហ្រ្គេនបានធ្វើឱ្យយើងឃើញច្បាស់ថា មេដឹកនាំនៃភេទទាំងពីរងាយរងគ្រោះដូចគ្នា។ ហើយមិនថាស្ថានភាពបែបណា ការវាយប្រហារនៃចិត្តនេះ ធ្វើឱ្យអ្នកដឹកនាំ សមាជិកក្រុម និងក្រុមហ៊ុនរបស់ពួកគេប្រឈមនឹងហានិភ័យ។ និយាយឱ្យសាមញ្ញ អ្នកដឹកនាំដែលមើលងាយក្រុម នឹងបង្កគ្រោះថ្នាក់។
ប៉ុន្មានឆ្នាំមុន ខ្ញុំបានចូលរួមធ្វើការសិក្សាស្រាវជ្រាវ នៅឯមន្ទីរពេទ្យ Maudsley Royal Hospital នៅក្នុងទីក្រុងឡុង អំពីការសិក្សាមួយដែលយើងឲ្យឈ្មោះថា “កម្រិតនៃការបញ្ចេញអារម្មណ៍”។ ការស្រាវជ្រាវបានធ្វើឲ្យពួកយើងតក់ស្លុតជាខ្លាំង។ ការរកឃើញបានបង្ហាញថា អ្នកជំងឺធ្លាក់ទឹកចិត្ត ឬបែកខ្ញែកស្មារតី អាចលាប់ជម្ងឺឡើងវិញដូចទៅនឹងការមិនបានទទួលការព្យាបាលសោះ នៅពេលពួកគេលឺសំលេងរិះគន់ឬមើលងាយដោយសមាជិកគ្រួសារ។
ក្នុងនាមជាអ្នកដឹកនាំម្នាក់ អ្នកត្រូវទទួលស្គាល់ថា ការមើលងាយរបស់អ្នក អាចមានឥទ្ធិពលយ៉ាងណាទៅលើមនុស្សដែលអ្នកកំពុងធ្វើការជាមួយ។ អ្នកមើលរំលងរឿងនេះនឹងបង្ករជាគ្រោះថ្នាក់។ ជាសំណាងល្អ អ្នកអាចហ្វឹកហាត់ខ្លួនអ្នកឱ្យប្រុងប្រយ័ត្ននឹងសញ្ញានៃការវាយប្រហាររបស់ចិត្តមើលងាយមើលថោក ( contempt attack )។ អ្នកអាចរម្ងាប់អារម្មណ៍ខ្លួនឯងបានទាន់ពេល ដោយការធ្វើចិត្តឲ្យត្រជាក់ៗ។
ការយល់ដឹងពីអារម្មណ៍ខ្លួនឯងគឺជាគន្លឹះ។
សញ្ញាដំបូងមួយនៃការជិតមកដល់របស់ ចិត្តមើលងាយមើលថោក (contempt attack) គឺថាអ្នកចាប់ផ្តើមធ្វើភ្នែកវិលចុះឡើង។ មួយចំណុចទៀត គឺអ្នកចាប់ផ្តើម បន្តុះបង្អាប់នរណាម្នាក់នៅក្នុងចិត្ត (“ មនុស្សអត់បានការ”)។ តើអ្នកទទួលបានអារម្មណ៍ថាអ្នកកំពុងសម្តែងសេចក្តីមើលងាយចំពោះអ្នកដទៃទេ? តើអ្នកគិតថាអ្នកពូកែអស្ចារ្យជាងពួកគេដែរឬទេ? ឬក៏បន្ទោសពួកគេចំពោះចំណុចខ្សោយដែលគេមាន?
ប្រសិនបើអ្នកមិនបានបង្កើតតំបន់សុវត្ថិភាពផ្លូវចិត្តសម្រាប់ខ្លួនអ្នកនិងបុគ្គលិកអ្នកទេ អ្នកនឹងបាត់បង់ប្រសិទ្ធភាពក្នុងនាមជាអ្នកដឹកនាំម្នាក់។ ចូរកុំបណ្តោយឲ្យ អារម្មណ៍មួយឆាវ គ្រប់គ្រងសកម្មភាពរបស់អ្នក។ នៅពេលដែលអ្នកដឹងថាវាជិតមកដល់ ការបញ្ឈប់វាឲ្យទាន់ពេលវេលា ត្រូវតែជាគោលដៅតែមួយគត់របស់អ្នក។ បន្ទាប់ពីអ្នកបានដោះស្រាយអាកប្បកិរិយាផ្ទាល់ខ្លួនរបស់អ្នកហើយ អ្នកអាចចាប់ផ្តើមគិតម្តងទៀតអំពីអាកប្បកិរិយារបស់អ្នកដទៃ។
ឥលូវយើងមកមើលករណីរបស់អតិថិជនខ្ញុំម្នាក់ទៀត។ ខ្ញុំនឹងហៅគាត់ថា ចន។
ចន គឺជាCEO នៅក្រុមហ៊ុនហ្វាម៉ាខ្នាតយក្សមួយ។ ចាប់តាំងពីពិភពលោកត្រូវបានកូវីត១៩ វាយលុក ចនកាន់តែមានភាពស្វាហាប់ក្នុងការងាររបស់គាត់។ គាត់បានមើលវាពីជ្រុងមួយផ្សេងពីអ្នកឯទៀត។ ដូចអ្វីដែលគាត់បានរៀបរាប់មកខ្ញុំកាលពីពេលថ្មីៗនេះ ៖ “វាគួរអោយខ្លាចណាស់ ហើយយើងកំពុងរត់ប្រណាំងជាមួយនឹងពេលវេលាសម្រាប់ការស្វែងរកបានវ៉ាក់សាំង ប៉ុន្តែឪពុកម្តាយនិងជីដូនជីតារបស់យើងមានបញ្ហាអាក្រក់ជាងនេះទៅទៀតនៅក្នុងសង្គ្រាមលោកលើកទី ២” ។
ចនបានបន្ដរៀបរាប់អំពីក្រុមរបស់គាត់។ គាត់បាននិយាយថា“ ពួកគេខ្លះអស្ចារ្យណាស់។ ពួកគេបានបោះជំហានទៅមុខ ហើយមិនមែនតែងតែជាអ្វីដែលអ្នករំពឹងទុកនោះទេ។ ស្ទើរមិនគួរឱ្យជឿ។ ប៉ុន្តែអ្នកផ្សេងទៀត? ពួកគេគ្មានសកម្មភាពសោះ។ តើពួកគេកំពុងធ្វើអ្វីទៅ? កំពុងអង្គុយនៅលើដៃមែនទេ? ”
ចនមើលងាយនិងធ្វើភ្នែកវិលចុះឡើង ហើយនិយាយថា “ ក្រុមខ្ញុំម្នាក់ឈ្មោះខេវិន – ខ្ញុំមិនយល់សោះ។ គាត់ឆ្លេឆ្លានិងភ័យខ្លាចខ្លាំងមែនទែន ។ គាត់ត្រូវតែបំពេញការងាររបស់គាត់ មិនមែនលាក់ខ្លួននៅផ្ទះទេ។”
ខ្ញុំមានការរំជួលចិត្ត ពេលខ្ញុំកំពុងស្តាប់ចននិយាយ។ អាកប្បកិរិយារបស់គាត់ ធ្វើឲ្យខ្ញុំតក់ស្លុតចិត្ត។ គាត់គឺជាមេដឹកនាំដែលគ្រប់គ្នាស្រឡាញ់ ដែលពូកែសហការ និងចេះយល់ចិត្តកូនក្រុម ប៉ុន្តែភ្លាមៗនោះគាត់ប្រែក្លាយជាមនុស្សម្នាក់ដែលក្រអឺតក្រទមនិងនិយាយរិះគន់អ្នកដទៃ។ ហើយខ្ញុំបានលឺ សំលេងនៃការមើលងាយមើលថោកនៅក្នុងសំដីរបស់គាត់។ តើគាត់អាចប្រែជាឥតមេត្តាបែបនេះដោយយ៉ាងម៉េច? ខ្ញុំក៏បាននឹកឃើញពី ហ្រ្គេន ហើយខ្ញុំយល់បានភ្លាមអំពីមូលហេតុ។ ចនគឺជា អតីតមន្រ្តីយោធា ហើយដូចគ្នានឹង ហ្រ្គេនដែរ គឺពួកគាត់មិនងាយនឹងភ័យខ្លាចទេ។
ខ្ញុំសួរថា“ ចន តើលោកចាំពីអ្វីដែលលោកចូលចិត្តធ្វើនៅអាយុ ២០ឆ្នាំ ទេ?”
គាត់មើលមកខ្ញុំដោយងឿងឆ្ងល់។
“ពេលនៅក្នុងយោធា តើលោកមិនជិះឧទ្ធម្ភាគចក្រដើម្បីភាពសប្បាយរីករាយទេឬ? ហើយរាល់ពេលដែលលោកហោះឡើង តើលោកមិនត្រូវប្រឈមនឹងសេចក្តីស្លាប់ និងយកឈ្នះការភ័យខ្លាចរបស់លោកទេឬ?”
ចន ងក់ ក្បាល។
“ រាប់រយដងដែលលោកអង្គុយលើកៅអីនោះ វាធ្វើឲ្យលោកលែងខ្លាចគ្រោះថ្នាក់។ វាបានបណ្តុះប្រព័ន្ធភាពស៊ាំនឹងការភ័យខ្លាច ក្នុងចិត្តគំនិតរបស់លោក។ ហើយលោកចូលចិត្តបែបហ្នឹងមែនទេ? ”
គាត់សារភាពថា៖ “មែនហើយ! ខ្ញុំធ្លាប់ជិះឧទ្ធម្ភាគចក្រ ឆ្លងកាត់ព្រៃ ដើម្បីសប្បាយមែន។”
ខ្ញុំបានប្រាប់គាត់ថា“ នេះហើយគឺជាចំណងនៃបញ្ហា។ លោកបានអភិវឌ្ឍឆ្អឹងខ្នងដែលធ្វើអំពីដែកថែប។ មានមនុស្សតិចណាស់ ដែលមានមានចិត្តអត់ធ្មត់ខ្លាំងជាងលោក។ ហើយវាមានន័យថា ក្នុងក្រុមលោក លោកមិនមែនជាមនុស្សធម្មតាទេ។ ចំណែក ខេរិន គេគឺមនុស្សធម្មតាម្នាក់។ លោកមិនអាចវាស់អាកប្បកិរិយារបស់គាត់ ដោយអាកប្បកិរិយារបស់លោកបានទេ។ ”
ចនគឺជាអ្នកគិតរហ័សម្នាក់ ហើយវាបានចំណាយពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះដើម្បីឲ្យគាត់យល់។
ចននិយាយថា“ ត្រូវហើយ” ។ “ ចង្រៃមែន! ខ្ញុំមិនធ្លាប់គិតវាក្នុងផ្លូវនេះពីមុនមកទេ ។ មិនសមខ្ញុំធ្វើបែបហ្នឹងដាក់ខេវិនទេ។ សំណាងហើយដែលខ្ញុំមិនបានហៅគាត់មកជួបកាលពីម្សិលមិញ។”
“ចុះឥលូវ?”
“ខ្ញុំនឹងធ្វើខ្លួនឲ្យមានចិត្តមេត្តាជាងមុន។ ”
នៅក្នុងអាជីពគ្រូជាបង្វឹក ខ្ញុំបានឃើញថាអ្នកដឹកនាំអាចចាត់វិធានមួយចំនួន ដើម្បីចៀសវាងពី ចិត្តមើលងាយមើលថោក (contempt attack ) ដូចខាងក្រោម។
- ប្រសិនបើអ្នកជាមេដឹកនាំខ្លាំងនិងពូកែម្នាក់ដូចជាចន សូមទទួលស្គាល់ថាអ្នកជាមនុស្សមិនធម្មតា ហើយមិនត្រូវថ្កោលទោសអ្នកដទៃ ដោយផ្អែកលើខ្លួនអ្នកឡើយ។ ផ្ទុយទៅវិញ ចូរក្រឡេកមើលទៅលើបទពិសោធន៍កន្លងមក ដែលបានច្នៃអ្នកឲ្យរឹងមាំ។ រួចហើយប្រើការគិតបែបនោះមើលទៅលើអ្នកដទៃ ដែលមិនបានទទួលឱកាសបំពាក់បំប៉នដូចជារូបអ្នក។ ចូរបង្វែរថាមពលនៃការគិត “តើគាត់ធ្វើការយ៉ាងមិចហ្នឹង?” ទៅប្រើដើម្បីបង្កើតបរិយាកាសមួយដើម្បីជួយក្រុមអ្នកឲ្យរឹងមាំឡើង។ សូមកុំវាយតម្លៃថាពួកគេមិនបានការលឿនពេក។ អ្នកមិនបានដឹងថាតើពួកគេកំពុងជួបរឿងអ្វីខ្លះមកនោះទេ។ ហើយ ហ្សែនក៏ជាកត្តារួមចំណែកម្យ៉ាងផងដែរ ដែលអ្នកគឺជាអ្នកសព្វថ្ងៃ ហើយមិនមាននរណាម្នាក់អាចជ្រើសរើសឬកំណត់ហ្សែនរបស់ខ្លួនបាននោះទេ។
- ចូររំលឹកខ្លួនឯងអំពីអ្វី ដែលអ្នកបានស្គាល់អំពីបុគ្គលម្នាក់ និងចៀសវាងមើលទៅគាត់ដោយផ្អែកលើស្ថានភាពជាក់លាក់ណាមួយ។ ប្រសិនបើអ្នកឃើញថា ខ្លួនអ្នកកំពុងមើលងាយគាត់ ចូរព្យាយាមរំលឹករឿងបីយ៉ាងអំពីគាត់ដែលអ្នកគោរព។ តើគាត់មានគុណសម្បត្តិសំខាន់ៗអ្វីខ្លះ មកកាន់អ្នកឬស្ថាប័នអ្នក? តើនៅពេលណាដែលគាត់បានពលីជួយអ្នកឬនរណាម្នាក់នៅក្នុងក្រុមរបស់អ្នក? ប្រសិនបើអ្នកគិតមិនឃើញអ្វីទេ ចិត្តរបស់អ្នកប្រហែលជាតានតឹងពេកក្នុងការគិតឲ្យបានត្រឹមត្រូវ – ឬ អ្នកត្រូវបង្វែរការចាប់អារម្មណ៍មកលើខ្លួនអ្នកវិញ។ ប្រសិនមនុស្សម្នាក់នេះ ពិតជាមិនសាកសមនៅក្នុងក្រុមរបស់អ្នក តើហេតុអ្វីបានជាគាត់នៅតែនៅ? វាមិនមែនជាកំហុសរបស់គាត់ទេ ដែលអ្នកជ្រើសរើសរគាត់ចូលក្នុងក្រុម។
- ការយល់ចិត្តយល់ថ្លើម កើតមានលុះត្រាតែមានក្តីមេត្តាករុណា។ ចូរដើរឆ្លងស្ពានទៅកាន់កន្លែងដែលមនុស្សម្នាក់ទៀតកំពុងឈរ ហើយព្យាយាមមើលពិភពលោកពីទស្សនៈរបស់ពួកគេ ហើយបន្ទាប់មកជួយពួកគេឱ្យមើលឃើញទស្សនៈរបស់អ្នកវិញ។ នោះហើយជាអ្វីដែល ហ្គ្រេន បានធ្វើ។ នៅពេលជួបគ្នាម្តងនោះ ខ្ញុំបានឃើញថា នាងកាន់សៀវភៅកត់ត្រាស្បែកពណ៌ខ្មៅមួយ ហើយនៅខាងក្នុងមានបញ្ជីឈ្មោះដ៏វែង។ ប្រហែលពាក់កណ្តាលនៃឈ្មោះ មានសញ្ញាធីក។ នាងនិយាយថា“ ខារ៉ូល នាងនឹងមានមោទនភាពចំពោះខ្ញុំ។ កាលពីពេលមុនយើងបាននិយាយអំពីការចាប់ផ្តើមសន្ទនារបស់ខ្ញុំជាមួយក្រុមការងារ ដើម្បីយល់ពីពួកគេកាន់តែច្បាស់។ ដូច្នេះខ្ញុំបានធ្វើបញ្ជីឈ្មោះមួួយ ហើយចាប់ផ្តើមអនុវត្តវា។ វាជាយុទ្ធនាការនៃការបង្ហាញក្តីមេត្តាករុណារបស់ខ្ញុំ ហើយវាអស្ចារ្យណាស់។ ពួកគេមិនដូចនឹងអ្វីដែលខ្ញុំបានគិតនោះទេ។ ពួកគេពូកែនិងគួរឱ្យចាប់អារម្មណ៍។ ឥឡូវនេះខ្ញុំយល់ហើយ។”
- ជាចុងក្រោយ ដើម្បីបង្កើតផលដែលអ្នកចង់បាន សូមសួរខ្លួនឯងនូវសំណួរទាំងនេះ៖ តើខ្ញុំចង់ក្លាយជានរណាឥឡូវនេះ? តើខ្ញុំកំពុងធ្វើតាមតម្លៃរបស់ខ្ញុំទេ? សួរខ្លួនឯងប្រហែល ៣០ ដងក្នុងថ្ងៃនេះ។ ហើយបន្ទាប់មកធ្វើវាម្តងទៀតនៅថ្ងៃស្អែក។
- ប្រភព www.hbr.org