spot_img
spot_img
Homeទូទៅប្រសិនបើអ្នកចង់ចេញពីវិបត្តិហិរញ្ញវត្ថុ ចូរលុបបំបាត់នូវទម្លាប់ទាំងនេះ

ប្រសិនបើអ្នកចង់ចេញពីវិបត្តិហិរញ្ញវត្ថុ ចូរលុបបំបាត់នូវទម្លាប់ទាំងនេះ

-

ការកើតមាននូវបញ្ហាសេដ្ឋកិច្ចនាពេលបច្ចប្បន្ន ស្របពេលជាមួយនឹងមនុស្សមួយចំនួនធំកំពុងជួបប្រទះនឹងវិបត្តិហិរញ្ញវត្ថុ និងអ្នកខ្លះទៀតផ្នែកហិរញ្ញវត្ថុនៅតែមានស្ថានភាពធម្មតា។ ដូចនេះហើយប្រសិនបើអ្នកកំពុងជួបបញ្ហាផ្នែកហិរញ្ញវត្ថុ វាជារឿងសំខាន់ក្នុងការលុបបំបាត់ចោលនូវទម្លាប់ដែលធ្វើឱ្យអ្នកជាប់គាំងក្នុងវដ្តនៃបំណុល និងការគ្រប់គ្រងហិរញ្ញវត្ថុមិនបានល្អ។ ខាងក្រោមនេះជាទម្លាប់សំខាន់ៗដែលត្រូវលុបបំបាត់ចោល ដើម្បីគ្រប់គ្រងហិរញ្ញវត្ថុរបស់អ្នកឱ្យល្អឡើងវិញ៖

ចំណាយលើសពីចំណូល៖ ទម្លាប់មួយក្នុងចំណោមទម្លាប់ទូទៅបំផុតដែលនាំឱ្យមានបញ្ហាហិរញ្ញវត្ថុគឺ ការចំណាយច្រើនជាងអ្វីដែលអ្នកអាចរកបាន។ នេះកើតឡើងតាមរយៈការទិញ​ ឬចំណាយតាមចិត្តចង់ និងមិនមានការគ្រប់គ្រងក្នុងការចំណាយបានត្រឹមត្រូវ ដែលនាំឱ្យកើតមានអតិផរណាក្នុងជីវភាពរស់នៅ។ ដូចនេះអ្នកត្រូវចាប់ផ្តើមឡើងវិញក្នុងការរៀបចំផែនការក្នុងការសន្សំ ដើម្បីទប់ទល់នៅពេលដែលមានគ្រាអាសន្នដែលត្រូវការប្រើលុយភ្លាមៗ មិនតែប់ុណ្ណោះអ្នកត្រូវកត់ត្រាក្នុងការចំណាយទៅលើរបស់របរណាដែលត្រូវចំណាយ និងកាត់បន្ថយនូវរបស់ណាដែលមិនចំាបាច់។

មិនអើពើនឹងបំណុលរបស់ខ្លួន៖ មនុស្សមួយចំនួនបានគេចវេសក្នុងការសងបំណុលនៅពេលដែលគេជួបវិបត្តិផ្នែកហិរញ្ញ ប៉ុន្តែការមិនអើពើក្នុងការសងបំណុលនឹងធ្វើឱ្យស្ថានភាពហិរញ្ញវត្ថុរបស់អ្នកកាន់តែអាក្រក់ទៅៗថែមឡើងទៀត។ ដូចនេះអ្នកត្រូវប្រឈមមុខក្នងការសងបំណុង ដោយធ្វើការតាមដាននូវអ្វីដែលអ្នកបានជំពាក់ និងត្រូវស្វែងយល់ដឹងអំពីអត្រាការប្រាក់ ព្រមទាំងរៀបចំក្នុងការបង្កើតផែនការសងបំណុល បើអាចកាន់តែលឿនកាន់តែល្អដើម្បីកាត់បន្ថយការកើនឡើងនូវអត្រាការប្រាក់។

ពន្យារពេលលើការធ្វើផែនការហិរញ្ញវត្ថុ៖ ការចាយវាយដែលមិនមានផែនការបានច្បាស់លាស់​ ហើយនៅតែពន្យារពេលមិនព្រមចាប់ផ្តើមរៀបចំផែនការគ្រប់គ្រង និងកាត់បន្ថយនូវការចំណាយទៀតនោះនឺងធ្វើឱ្យអ្នកធ្លាក់ចូលទៅវិបត្តិហិរញ្ញវត្ថុកាន់តែធ្ងន់ធ្ងរទៅៗ។ កត្តានេះហើយអ្នកត្រូវកែប្រែឡើងវិញទម្លាប់នេះ ហើយចាប់ផ្តើមក្នុងការមើលទៅលើការចំណាយចាយវាយប្រចាំថ្ងៃ បើអាចត្រូវមានបញ្ចីមួយក្នុងការកត់ត្រាពីអ្វីដែលអ្នកនឹងត្រូវទិញ​ និងអ្វីដែលអ្នកគួរកាត់បន្ថយ។ ការធ្វើបែបនេះជាប្រចាំខែនឹងធ្វើឱ្យអ្នកចំណាយចំគោលដៅ មិនតែប៉ុណ្ណោះថែមទាំងធ្វើឱ្យផ្នែកហិរញ្ញវត្ថុអ្នកកាន់តែប្រសើរឡើងពីមួយខែទៅមួយខែ។ លើសពីនេះអ្វីដែលសំខាន់គឺ បង្កើតទម្លាប់ក្នុងការពិនិត្យមើលហិរញ្ញវត្ថុរបស់អ្នកឱ្យបានទៀងទាត់ ដោយកំណត់គោលដៅហិរញ្ញវត្ថុរយៈពេលវែង និងផែនការសម្រាប់ការចូលនិវត្តន៍នៅពេលខាងមុខ។

មិនខ្វាយខ្វល់នឹងបញ្ហាហិរញ្ញវត្ថុដែលកំពុងតែកើតមាន៖ ប្រសិនបើអ្នកនៅតែបន្តមិនខ្វល់ខ្វាយក្នុងការដោះស្រាយនូវបញ្ហានេះទេ វានឹងបន្តឱ្យស្ថានភាពនេះកាន់តែអាក្រក់ឡើងៗ ជាពិសេសធ្វើឱ្យអ្នកកាន់តែស្មុគស្មាញ តានតឹង និងកាន់តែពិបាកក្នុងការដោះស្រាយ។ ដូចនេះហើយបើអ្នកមានបញ្ហា វាពិតជាចាំបាច់ណាស់ក្នុងការទទួលស្គាល់ និងចាត់វិធានការដើម្បីរកដំណោះស្រាយ។

មិនមានទម្លាប់ក្នុងការសន្សំ៖ ការពឹងផ្អែកលើប័ណ្ណឥណទាន ឬប្រាក់កម្ចី នៅពេលដែលត្រូវការចំណាយទៅលើស្ថានភាពបន្ទន់ និងគ្រាអាសន្ន គឺពិតជាទម្លាប់ដ៏គ្រោះថ្នាក់មួយដែលធ្វើឱ្យអ្នកកាន់តែកើនបំណុល លើសពីនេះទៀតនោះគឺប្រសិនជាចាំបាច់ខ្លាំងមែនទែនច្បាស់មិនអាចរកលុយមកដោះស្រាយបានទាន់ពេលនោះឡើយ។ ហេតុនេះហើយអ្នកត្រូវតែបែងចែកនូវប្រាក់ចំណូល ចំណាយ និងយកលុយមួយផ្នែកទុកធ្វើការសន្សំ ដើម្បីការពារនៅពេលកើតមានហេតុ ឬស្ថានភាពណាមួយដែលចាំបាច៉ និងបន្ទន់ ដែលអាច​ឱ្យអ្នកដោះស្រាយបានទាន់ពេលវេលា ជាងនេះទៅទៀតអ្នកមិនចាំបាច់ពឹងផ្អែកលើឥណទានដែលធ្វើឱ្យអ្នកជាប់នូវបំណុលនោះទេ។

តាមរយៈការលុបបំបាត់ចោលទម្លាប់ទាំងនេះនឹងជួយអ្នកកាត់បន្ថយនូវបញ្ហាហិរញ្ញវត្ថុ និងជៀសវាងកុំឱ្យស្ថានភាពនៃវិបត្តិនេះកាន់តែធ្ងន់ធ្ងររឹតខ្លាំងឡើង។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ