ការធ្វើទីផ្សារមិនមែនគ្រាន់តែជាការផ្សាយពាណិជ្ជកម្មនោះទេ តែជាការភ្ជាប់ទំនាក់ទំនងជាមួយអតិថិជនគោលដៅរបស់អ្នកឲ្យបានត្រឹមត្រូវ។ ការមានយុទ្ធសាស្ត្រទីផ្សារច្បាស់លាស់ នឹងជួយសន្សំសំចៃពេលវេលានិងថវិកា ហើយនាំមកនូវលទ្ធផលល្អប្រសើរសម្រាប់អាជីវកម្មរបស់អ្នក។
ខាងក្រោមនេះជាវិធីសាស្ត្រសំខាន់ៗដែលអ្នកគួរអនុវត្ត៖
១. កំណត់អតិថិជនគោលដៅឲ្យបានច្បាស់
អាជីវកម្មខ្លះមិនអាចលក់ទៅឲ្យមនុស្សគ្រប់វ័យនោះទេ។ មុននឹងចាប់ផ្តើម អ្នកត្រូវដឹងច្បាស់ថា អតិថិជនរបស់អ្នកគឺជាអ្នកណា?
របៀបអនុវត្ត: ត្រូវកំណត់អាយុ ភេទ ចំណូលចិត្ត បញ្ហា និងទីកន្លែងដែលពួកគេចំណាយពេលច្រើនបំផុត។ ការយល់ដឹងពីចំណុចទាំងនេះនឹងជួយអ្នកបង្កើតការផ្សព្វផ្សាយដែលត្រូវចំគោលដៅ។
២. កសាងម៉ាកយីហោរឹងមាំ
ម៉ាកយីហោ គឺជាអត្តសញ្ញាណរបស់អាជីវកម្មរបស់អ្នក។ វាជាអ្វីដែលធ្វើឲ្យអាជីវកម្មរបស់អ្នកលេចធ្លោ និងត្រូវបានគេចងចាំ។
របៀបអនុវត្ត: កំណត់ឲ្យច្បាស់ពីចក្ខុវិស័យ គុណតម្លៃ និងរឿងរ៉ាវរបស់ម៉ាកយីហោអ្នក។ ត្រូវប្រាកដថាការរចនា និងសារនៃការផ្សព្វផ្សាយរបស់អ្នកមានលក្ខណៈសុីគ្នាតាមរយៈគ្រប់បណ្តាញសង្គមទាំងអស់។
៣. ជ្រើសរើសបណ្តាញសង្គមសម្រាប់ទីផ្សាររបស់អ្នក
នៅពេលអ្នកដឹងច្បាស់ពីអតិថិជនគោលដៅរបស់អ្នកហើយ អ្នកត្រូវជ្រើសរើសបណ្តាញសង្គមសម្រាប់ទីផ្សារដែលពួកគេសកម្មបំផុត។
របៀបអនុវត្ត: ឧទាហរណ៍៖ ប្រសិនបើអតិថិជនរបស់អ្នកជាយុវវ័យ អ្នកគួរផ្តោតលើ TikTok ឬ Instagram។ បើអតិថិជនជាអ្នកជំនាញ អ្នកគួរផ្តោតលើ LinkedIn។
៤. បង្កើតខ្លឹមសារដែលមានគុណភាព
ខ្លឹមសារ (Content) គឺជាអ្វីដែលទាក់ទាញអតិថិជន។ ខ្លឹមសារល្អមិនមែនគ្រាន់តែបង្ហាញពីផលិតផលនោះទេ តែវាត្រូវផ្តល់តម្លៃឲ្យអ្នកមើលផងដែរ។
របៀបអនុវត្ត: បង្កើតខ្លឹមសារដែលផ្តល់ចំណេះដឹង (វីដេអូបង្រៀន) ការកម្សាន្ត ឬការបំផុសគំនិត (រឿងរ៉ាវជោគជ័យ)។ ខ្លឹមសារដែលមានគុណភាពខ្ពស់ជួយកសាងទំនុកចិត្តនិងភាពស្មោះត្រង់របស់អតិថិជន។
សរុបមក ការធ្វើទីផ្សារដែលត្រឹមត្រូវគឺទាមទារការយល់ដឹងពីអតិថិជន ម៉ាកយីហោ និងការជ្រើសរើសកម្មវិធីក្នុងការផ្សព្វផ្សាយឱ្យបានត្រឹមត្រូវ។ ការអនុវត្តវិធីសាស្ត្រទាំងនេះនឹងជួយឲ្យអាជីវកម្មរបស់អ្នកទទួលបានភាពជោគជ័យ។