អាជីវកម្មមួយដែលអាចរីកចម្រើន និងមានស្ថេរភាពមិនតម្រូវចាំបាច់ “ដេញតាម” អតិថិជនរហូតនោះទេ ប៉ុន្តែវាទាមទារនូវយុទ្ធសាស្ត្រដែលឆ្លាតវៃតាមរយៈការកសាងទំនុកចិត្ត និងប្រព័ន្ធការងារច្បាស់លាស់។ ខាងក្រោមនេះគឺជាជំហានសំខាន់ៗទាំង ៥ ដើម្បីជួយឱ្យអ្នកទទួលបានអតិថិជនដោយស្វ័យប្រវត្តិ និងមានប្រសិទ្ធភាពបំផុត៖
១. ចាប់ផ្តើមពីមនុស្សជិតខ្លួន៖ កុំអាលទៅទាក់ទងអ្នកដទៃភ្លាមៗ។ ចាប់ផ្តើមពីមនុស្សដែលស្គាល់អ្នកស្រាប់ ដោយប្រាប់ពីផលិតផល ឬសេវាកម្មរបស់អ្នកទៅកាន់ពួកគេ វិធីនេះនឹងជួយឱ្យអ្នកទទួលបានអតិថិជនដំបូងបានយ៉ាងលឿន ដោយមិនមានអារម្មណ៍ថាបង្ខំ ឬមានសម្ពាធក្នុងការលក់ពេកនោះទេ។
២. កសាងភស្តុតាង៖ ចូរខំធ្វើការឱ្យអតិថិជនដំបូងទទួលបានលទ្ធផលល្អបំផុត រួចសុំយកលទ្ធផលនោះមកធ្វើជា “ការបញ្ជាក់” បង្ហាញអ្នកដទៃ។ ភស្តុតាងពិតប្រាកដនេះហើយ ដែលនឹងធ្វើឱ្យអតិថិជនក្រោយៗទៀតមានទំនុកចិត្ត ហើយហ៊ានប្រើផលិតផល ឬសេវាកម្មរបស់អ្នកដោយមិនរារែក។
៣. បង្កើតកន្លែងទាក់ទាញអតិថិជន៖ ឈប់បង្ហោះអ្វីដែលមិនទាក់ទងនឹងការងារ ហើយងាកមកបង្កើតមាតិកាដែលបង្ហាញពីសមត្ថភាព និងដោះស្រាយបញ្ហាឱ្យអតិថិជនវិញ។ រាល់អ្វីដែលអ្នកបង្ហោះ ដាក់link ដើម្បីឱ្យមនុស្សដែលចាប់អារម្មណ៍អាចទាក់ទាងអ្នក។ ការធ្វើបែបនេះ នឹងជួយឱ្យអ្នកមើលឃើញថាជាអ្នកជំនាញពិតប្រាកដ និងងាយស្រួលក្នុងការបំប្លែងអ្នកមើល ឱ្យក្លាយជាអតិថិជនពិតប្រាកដ។
៤. បង្កើតប្រព័ន្ធស្វ័យប្រវត្តិ៖ នៅពេលអតិថិជនទាក់ទងមក អ្នកត្រូវមានប្រព័ន្ធដែលបង្ហាញពីភាពអាជីព។ កុំឆ្លើយតបយឺតយ៉ាវ ឬគ្មានរបៀប។ ប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិ ដើម្បីផ្ញើអ៊ីមែលឆ្លើយតប នោះប្រព័ន្ធដ៏រលូននេះនឹងធ្វើឱ្យអតិថិជនមានអារម្មណ៍ថាពួកគេកំពុងធ្វើការជាមួយអ្នក។
៥. ការផ្លាស់ប្តូរបន្តិចម្តងៗ៖ កុំទាន់បោះបង់វិធីរកម៉ូយបែបចាស់ភ្លាមៗអី។ ខែទី ១-៣៖ ត្រូវបន្តដើររកម៉ូយផង និងខំធ្វើការយកលទ្ធផលមកបង្ហាញគេផង។ បន្ទាប់មកខែទី ៤-៦៖ អ្នកនឹងចាប់ផ្តើមឃើញមានអតិថិជនខ្លះ ចាប់អារម្មណ៍មកសួរនាំអ្នកមុន។ រួចខែទី ៧-១២៖ បើអ្នកធ្វើបានល្អ អ្នកមិនបាច់ហត់ដើររកគេទៀតទេ គឺភ្ញៀវនឹងមករកអ្នកដោយខ្លួនឯង។
សរុបមក ការផ្លាស់ប្តូររបៀបរកអតិថិជនពីវិធីសាស្ត្រចាស់មកជាប្រព័ន្ធទំនើប ត្រូវការពេលវេលា និងការអត់ធ្មត់។ ចាប់ផ្ដើមពីជំហានតូចៗជាមួយមនុស្សជិតខ្លួន រួចកសាងភស្តុតាងជោគជ័យឱ្យបានរឹងមាំ ដើម្បីទាក់ទាញអតិថិជនក្រោយៗទៀតដោយមិនបាច់ប្រឹងលក់ខ្លាំង។