កាលពីប៉ុន្មានសប្ដាហ៍មុន បើអ្នកទាំងអស់គ្នាបានចូលលេង TikTok អ្នកប្រហែលជាបានឃើញវីដេអូវីដេអូរបស់នារីម្នាក់ឈ្មោះ “Zheng Xiangxiang” ។ នាងជាអ្នកលក់ស្រីជនជាតិចិនម្នាក់ដែលមានរូបរាងស្អាត និងស្លៀកពាក់ពណ៌ខ្មៅ។ នាងលក់ផលិតផលនៅលើវេទិកា Douyin (TikTok in China) ។ នាងយកផលិតផលចេញពីប្រអប់ពណ៌ទឹកក្រូច បង្ហាញវាភ្លាមៗ ប្រកាសតម្លៃ ហើយបន្ទាប់មកដាក់ផលិតផលចុះក្រោម ហើយរុញប្រអប់ចេញយ៉ាងលឿន។ នាងចំណាយពេលត្រឹមតែ 2-3 វិនាទីប៉ុណ្ណោះក្នុងការលក់ផលិតផលនីមួយៗ។ ប៉ុន្តែជឿឬមិនជឿ ជាមួយនឹងវិធីសាស្ត្រនេះ ក្នុងរយៈពេលត្រឹមតែ 3 ថ្ងៃ នាងរកចំណូលបានជាងខ្ទង់លានដុល្លារពីអ្នកទស្សនាជាង 100 លាននាក់នៃការផ្សាយផ្ទាល់របស់នាងនៅក្នុងប្រទេសចិន។
លើសពីនេះ វិធីសាស្ត្រនៃការលក់ផលិតផលរបស់នាងបានក្លាយជានិន្នាការដ៏ពេញនិយមនៅក្នុងប្រទេសដទៃ ដោយអ្នកលក់អនឡាញជាច្រើនបានប្រើប្រាស់វិធីសាស្ត្ររបស់នាងជា “ល្បិចកល” ដើម្បីទាក់ទាញអតិថិជន។
វិធីសាស្រ្តដែល Zheng Xiangxiang លក់ផលិតផលឲ្យអតិថិជនគេហៅ “Impulsive Buying”។ Impulsive Buying គឺជាទង្វើនៃការទិញផលិតផលដោយមិនគិតទុកជាមុន ទិញភ្លាមៗ។
@ikool789 Speed sales#foryou #tiktok #douyin #funnyvideo
ការវិភាគវិធីផ្សាយផ្ទាល់របស់ Zheng Xiangxiang
វិធីសាស្រ្តផ្សាយផ្ទាល់របស់ Zheng Xiangxiang មានកត្តាជាច្រើនដែលជំរុញការទិញដោយអន្ទះសារ។
ទីមួយ ល្បឿននៃការផ្សាយផ្ទាល់គឺត្រឹមតែ 2-3 វិនាទីក្នុងមួយផលិតផល។ នេះផ្តល់ឱ្យអ្នកទស្សនាគ្មានពេលគិត ឬពិចារណាថាតើផលិតផលមួយណាដែលពួកគេពិតជាចង់បាននោះទេ។ នៅពេលដែលពួកគេឃើញផលិតផលដែលមើលទៅគួរអោយចាប់អារម្មណ៍ ពួកគេក៏សម្រេចចិត្តទិញវាភ្លាមៗ បើទោះបីជាពួកគេមិនដឹងព័ត៌មានលម្អិតអំពីផលិតផលក្រៅពីរូបរាង និងតម្លៃរបស់វាក៏ដោយ។
លើសពីនេះ ការផ្សាយផ្ទាល់របស់ Zheng Xiangxiang មានអ្នកទស្សនាច្រើន ប៉ុន្តែផលិតផលអាចមានចំនួនកំណត់។ ចឹងភាពភ័យខ្លាចនៃការបាត់បងផលិតផលរឹតតែខ្លាំងធ្វើឱ្យអ្នកទស្សនាសម្រេចចិត្តទិញយ៉ាងឆាប់រហ័ស ដើម្បីកុំឱ្យពួកគេខកខានផលិតផល និងសោកស្តាយនៅពេលក្រោយ។
បន្ទាប់មកការភ័យខ្លាចក៏ជំរុញឱ្យអ្នកទស្សនាមានអារម្មណ៍ថាមានការប្រកួតប្រជែងក្នុងការទិញផលិតផលផងដែរ។ អ្នកមើលដែលអាចទិញផលិតផលនឹងមានអារម្មណ៍ថាពួកគេជាអ្នកឈ្នះក្នុងការប្រកួតប្រជែងនេះ នេះបើយោងតាមចិត្តវិទ្យាមូលដ្ឋានរបស់មនុស្ស។ បន្ទាប់មកការផ្សាយផ្ទាល់របស់ Zheng Xiangxiang ជំរុញឱ្យមនុស្សចង់ចូលរួមដោយចូលមកក្នុងការផ្សាយផ្ទាល់ដើម្បីទិញផលិតផល ទោះបីជាពួកគេមិនត្រូវការវាក៏ដោយ។