ក្នុងនាមជាសហគ្រិនថ្មី ម្ចាស់អាជីវកម្ម Startup ឬអាជីវកម្មខ្នាតតូច-មធ្យម លោកអ្នកប្រាកដជាចង់ឃើញអាជីវកម្មរបស់ខ្លួនរីកចម្រើនលឿន។ ការពង្រីកអាជីវកម្មមិនមែនត្រឹមតែជាការបង្កើនប្រាក់ចំណូលប៉ុណ្ណោះទេ តែវាក៏ជាការកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់អនាគតផងដែរ។ នៅក្នុងអត្ថបទនេះ អ្នកនឹងស្វែងយល់ពីយុទ្ធសាស្ត្រឆ្លាតវៃមួយចំនួន ដែលអាចជួយលោកអ្នកពង្រីកអាជីវកម្មបានលឿន និងប្រកបដោយនិរន្តរភាព។
១. ស្វែងយល់ឱ្យស៊ីជម្រៅពីអតិថិជនគោលដៅរបស់អ្នក
មុននឹងគិតដល់ការលក់ ឬទីផ្សារ លោកអ្នកត្រូវតែស្គាល់អតិថិជនគោលដៅរបស់ខ្លួនឱ្យបានច្បាស់លាស់។ តើពួកគេជានរណា? តើពួកគេមានបញ្ហាអ្វីខ្លះ? តើផលិតផល ឬសេវាកម្មរបស់អ្នកអាចដោះស្រាយបញ្ហាពួកគេដោយរបៀបណា? នៅពេលអ្នកយល់ច្បាស់ពីអតិថិជនរបស់អ្នក នោះរាល់កិច្ចខិតខំប្រឹងប្រែងផ្នែកទីផ្សារ និងការលក់របស់អ្នកនឹងកាន់តែមានប្រសិទ្ធភាព។
២. បង្កើនវត្តមានលើប្រព័ន្ធឌីជីថល
នៅក្នុងយុគសម័យបច្ចេកវិទ្យា ការមានវត្តមានលើប្រព័ន្ធឌីជីថលគឺជារឿងចាំបាច់សម្រាប់អាជីវកម្ម។ លោកអ្នកអាចបង្កើតវត្តមានលើបណ្តាញសង្គម ដោយបង្ហោះខ្លឹមសារដែលមានប្រយោជន៍ និងទាក់ទាញ ដូចជាប្រើប្រាស់ Google My Business និងបណ្តាញសង្គមផ្សេងៗទៀត ដើម្បីឱ្យអតិថិជនងាយស្រួលស្វែងរក។ ការមានវត្តមានឌីជីថលដ៏រឹងមាំ ជួយឱ្យអាជីវកម្មរបស់អ្នកមើលទៅគួរឱ្យទុកចិត្ត និងអាចទៅដល់អតិថិជនកាន់តែទូលំទូលាយ។
៣. បង្កើតទំនាក់ទំនងជាមួយអតិថិជន
ការរក្សាអតិថិជនចាស់គឺពិតជាមានសារៈសំខាន់ណាស់ក្នុងអាជីវកម្ម ពីព្រោះថាកាលណាអ្នកមានអតិថិជនចាស់ដែលគេមកគាំទ្រអាជីវកម្មរបស់អ្នកម្តងហើយម្តងទៀត មានន័យថាសេវាកម្ម ឬផលិតផលរបស់អ្នកមានគុណភាព នោះគេអាចនឹងណែនំាទៅអ្នកផ្សេងៗទៀត ដែលធ្វើឱ្យអ្នកកើនអតិថិជនថ្មីៗជាបន្តបន្ទាប់។ ដូច្នេះ ការកសាងទំនាក់ទំនងល្អជាមួយអតិថិជនគឺជារឿងសំខាន់បំផុត។
៤. ពង្រីកបណ្តាញទំនាក់ទំនង
ការបង្កើតទំនាក់ទំនងជាមួយសហគ្រិនដទៃ អ្នកជំនួញ ឬអ្នកជំនាញក្នុងវិស័យតែមួយ អាចផ្តល់អត្ថប្រយោជន៍ច្រើនមកដល់អាជីវកម្មរបស់អ្នក។ អ្នកគួរចូលរួមព្រឹត្តិការណ៍ពាក់ព័ន្ធនឹងអាជីវកម្មមានដូចជា ការចូលរួមសិក្ខាសាលា ឬពិព័រណ៍ពាណិជ្ជកម្ម ដើម្បីជួបអ្នកដទៃ និងផ្លាស់ប្តូរគំនិតគ្នា។ នេះគឺជាឱកាសមួយដែលអាចឱ្យអ្នកស្វែងរកឱកាសសហការជាមួយអាជីវកម្មផ្សេងទៀត ដែលមានផលិតផល/សេវាកម្មបំពេញគ្នាទៅវិញទៅមក ដើម្បីឈានដល់អតិថិជនថ្មីៗដែលជួយឱ្យអាជីវកម្មរបស់អ្នកកាន់តែរីកចម្រើន។
៥. គ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព
ការរីកចម្រើនលឿន ក៏អាចមកជាមួយហានិភ័យហិរញ្ញវត្ថុផងដែរ ប្រសិនបើមិនមានការគ្រប់គ្រងល្អ។ ដូចនេះអ្នកត្រូវតាមដានចំណូល-ចំណាយ ដោយកត់ត្រារាល់ចំណូល និងចំណាយទាំងអស់។ ត្រូវដឹងថាលុយរបស់អ្នកទៅណា ហើយមកពីណា។ ថែមពីនេះកំណត់ថវិកាសម្រាប់ប្រតិបត្តិការ ទីផ្សារ និងការអភិវឌ្ឍន៍ឱ្យបានច្បាស់លាស់ ការធ្វើបែបនេះ វាមិនងាយធ្វើឱ្យអាជីវកម្មរបស់អ្នកធ្លាក់ចុះក្នុងវិបត្តិហិរញ្ញវត្ថុ។
៦. កសាងក្រុមការងារដ៏រឹងមាំ
ការចាំបើកអាជីវកម្មដំបូងអ្នកអាចនឹងចាប់ផ្តើមដោយមានតែអ្នកម្នាក់ឯង តែនៅពេលដែលអាជីវកម្មមួយចាប់ផ្តើមដំណើរការបន្តិចហើយ ប្រាកដណាស់អ្នកមិនអាចធ្វើអ្វីគ្រប់យ៉ាងតែម្នាក់ឯងបានទេ។ ដូចនេះនៅពេលដែលអ្នកត្រូវការមានក្រុមការងារ អ្នកត្រូវជួលបុគ្គលិកឱ្យស្របនឹងជំនាញដែលអ្នកត្រូវការ និងធ្វើការបណ្តុះបណ្តាល ដើម្បីឱ្យសមត្ថភាពរបស់ពួកគេកាន់តែកើនឡើងដែលអាចចូលរួមចំណែកឱ្យក្រុមហ៊ុនអ្នកមានភាពរីកចម្រើន។
សរុបមក ការពង្រីកអាជីវកម្មត្រូវការការតាំងចិត្ត ភាពប៉ិនប្រសប់ និងយុទ្ធសាស្ត្រច្បាស់លាស់។ សូមចងចាំថា ភាពជោគជ័យមិនមែនកើតឡើងក្នុងមួយយប់នោះទេ។ ចាប់ផ្តើមអនុវត្តយុទ្ធសាស្ត្រទាំងនេះបន្តិចម្តងៗ ដោយផ្តោតលើការយល់ដឹងពីអតិថិជន ការកសាងវត្តមានឌីជីថល ការបង្កើតទំនាក់ទំនងល្អជាមួយអតិថិជន ការពង្រីកបណ្តាញ ការគ្រប់គ្រងហិរញ្ញវត្ថុ និងការកសាងក្រុមការងារ មិនយូរមិនឆាប់អាជីវកម្មរបស់អ្នកនឹងដំណើរការល្អប្រសើរ រីកចម្រើនម្តងបន្តិចៗ។