ការអញ្ចើញតារាកម្រិតពិភពលោកមកសម្តែងមិនមែនជារឿងថ្មីនោះទេ ប៉ុន្តែលើសពីការកម្សាន្តសប្បាយ វាគឺជាយុទ្ធសាស្ត្របែបឆ្លាតវៃមួយសម្រាប់ទាញចំណូល និងយុទ្ធសាស្ត្រទីផ្សារក្នុងការផ្សព្វផ្សាយវិស័យទេសចរ និងភាពល្បីល្បាញរបស់ប្រទេសនោះ ហើយវាគឺពិតជាករណីសិក្សាដ៏ល្អសម្រាប់យើងក្នុងការរៀនសូត្រ និងច្នៃធ្វើតាម។
តារាដ៏ល្បីរបស់សហរដ្ឋអាមេរិក និងពិភពលោក Taylor Swift បានទទួលចុះកុងត្រាផ្តាច់មុខមកសម្តែងតែនៅសិង្ហបុរីប៉ុណ្ណោះក្នុងតំបន់អាស៊ាន ដែលភាពជោគជ័យនេះគឺទទួលបានការជ្រោមជ្រែងពីក្រសួងទេសចរណ៍របស់ប្រទេសកូនកោះ តែលេចធ្លោមួយនេះ។
ក្រសួងទេសចរណ៍សឹង្ហបុរីបានបញ្ចេញកញ្ចប់ថវិកាដើម្បីគាំទ្រកម្មវិធីសម្តែងរបស់តារាលំដាប់កំពូលរូបនេះ ដែលជាយុទ្ធសាស្ត្រជម្រុញវិស័យទេសចរណ៍របស់សិង្ហបុរីឡើងវិញបន្ទាប់ពីការរីករាលត្បាតនៃជម្ងឺកូវីដ១៩ ដោយហ៊ានចំណាយរហូតដល់៣លានដុល្លារអាមេរិកក្នុងការសម្តែងមួយលើក។
ផលត្រឡប់មកវិញចំពោះសេដ្ឋកិច្ចប្រទេសដែលមានចំណូលច្រើនជាងគេក្នុងតំបន់អាស៊ាននេះគឺ
- ចំណូលពីការលក់សំបុត្រ៖ ៧៥,២ លានដុល្លារ
- ប្រាក់ចំណូលពីវិស័យទេសចរណ៍៖ ជាង៤០០ លានដុល្លារ ដោយការចំណាយនឹងចូលទៅកាន់
- សេវាដឹកជញ្ចូន: ៤០%+
- សណ្ឋាគារ: ២៥%+
- តំបន់ទាក់ទាញផ្សេងៗ: ២៥%+
- ភេសជ្ជៈ និងម្ហូបអាហារ: ១០%+
ក្នុងនោះផងដែរសម្រាប់គេសង្កេតឃើញថា មានការកើនឡើងនៃការកក់យ៉ាងគំហុកក្នុងកំឡុងពេលនៃកម្មវិធីសម្តែងដោយក្នុងនោះ៖
- អាកាសចរណ៍កើនឡើង១៨៦%
- ការកក់សណ្ឋាគារកើនឡើង ៤៦២%
- តំបន់ទេសចរណ៍ផ្សេងៗកើនឡើង២.៣៧៣%
ឥទ្ធិពលTaylor Swiftពិតជាជួយសេដ្ឋកិច្ចសិង្ហបុរីមិនតិចនោះទេ ហើយក៏ជួយផ្សព្វផ្សាយអំពីប្រទេសកូនកោះមួយនេះផងដែរដែលគេរំពឹងថានឹងមានអ្នកមើលឃើញចំនួន៥០០លាននាក់។ តួរលេខខាងលើគឺគ្រាន់តែជាតួរលេខដែលប្រទេសសិង្ហបុរីទទួលបានរយៈពេលខ្លីប៉ុណ្ណោះ ហើយអ្នកជំនាញក៏រំពឹងថា ឥទ្ធិពលនៃការមកសម្តែងនេះនឹងអាចជួយឲ្យប្រទេសមានឱកាសទាក់ទាញចំណូល និងផលប្រយោជន៍រយៈពេលវែងផងដែរ។
នេះគឺជាករណីសិក្សាមួយដែលយើងអាចយកជាគំរូបាន សម្រាប់វិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជាយើង វាគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រម៉ាឃិធីង ដែលមិនត្រឹមតែអាចទាក់ទាញចំណូលរយៈពេលខ្លីQនោះទេ តែក៏អាចផ្សព្វផ្សាយអំពីប្រទេសយើងសម្រាប់ផលវិជ្ជមានរយៈពេលវែងផងដែរ។