នៅក្នុងពិភពលោកដ៏មមាញឹកនេះ វាជារឿងងាយស្រួលណាស់ដែលយើងភ្លេចផ្តោតលើខ្លួនឯង។ ប៉ុន្តែភាពរីកចម្រើនផ្ទាល់ខ្លួន គឺជាកត្តាចម្បងដែលធ្វើឲ្យជីវិតរបស់យើងមានអត្ថន័យ។
ខាងក្រោមនេះជាសកម្មភាព ៤ យ៉ាងដែលនឹងជំរុញអ្នកឲ្យផ្តោតលើការអភិវឌ្ឍខ្លួនឯង៖
១. កំណត់គោលដៅរៀនសូត្រ
ភាពរីកចម្រើនចាប់ផ្តើមពីការរៀនសូត្រ។ ការមានគោលដៅច្បាស់លាស់សម្រាប់អ្វីដែលអ្នកចង់រៀន នឹងផ្តល់ឲ្យអ្នកនូវទិសដៅ។ ដូចនេះ ចូរអ្នកកំណត់ថាខ្លួនអ្នកចង់រៀនជំនាញថ្មីអ្វីមួយក្នុងរយៈពេល ៦ ខែខាងមុខ។ ឧទាហរណ៍៖ “ខ្ញុំនឹងរៀនកាត់តវីដេអូ ឬរៀនភាសាបរទេសមួយ”។ បន្ទាប់មក បែងចែកពេលវេលាតិចតួចជារៀងរាល់ថ្ងៃដើម្បីអនុវត្តវា។
២. ចេញពីតំបន់សុវត្ថិភាព
ភាពរីកចម្រើនពិតប្រាកដកើតឡើងនៅពេលអ្នកហ៊ានធ្វើអ្វីដែលថ្មី។ តែបើអ្នកនៅតែក្នុងតំបន់សុវត្ថិភាព នឹងធ្វើឲ្យអ្នកនៅមួយកន្លែង។ ដូច្នេះ អ្នកគួរហ៊ានប្រឈមមុខនឹងរឿងតូចៗដែលអ្នកខ្លាច។ ឧទាហរណ៍៖ លើយោបល់របស់អ្នកក្នុងកិច្ចប្រជុំ ឬចាប់ផ្តើមគម្រោងថ្មីមួយដែលអ្នកមិនធ្លាប់ធ្វើពីមុន។ ការធ្វើបែបនេះអាចធ្វើឲ្យអ្នកមានអារម្មណ៍ភ័យខ្លាច ប៉ុន្តែវានឹងធ្វើឲ្យអ្នករីកចម្រើន។
៣. ពិនិត្យមើលខ្លួនឯងជាប្រចាំ
ការយល់ដឹងពីខ្លួនឯង គឺជាគន្លឹះនៃភាពរីកចម្រើន។ អ្នកត្រូវចំណាយពេលដើម្បីពិចារណាពីវឌ្ឍនភាពរបស់អ្នក ចំណុចខ្លាំង និងចំណុចខ្សោយរបស់អ្នក។ ចំណាយពេលបន្តិចជារៀងរាល់សប្តាហ៍ដើម្បីសរសេរក្នុងកំណត់ហេតុ ដោយសួរខ្លួនឯងថា តើខ្ញុំបានធ្វើអ្វីខ្លះកាលពីសប្តាហ៍មុន? តើខ្ញុំអាចធ្វើអ្វីបានល្អជាងនេះ?
៤. ស្វែងរកការណែនាំពីអ្នកដទៃ
អ្នកមិនចាំបាច់ខំលំបាកតែម្នាក់ឯងដើម្បីរីកចម្រើននោះទេ។ អ្នកអាចស្វែងរកអ្នកណែនាំ (Mentor) ឬមនុស្សម្នាក់ដែលអ្នកកោតសរសើរ។ ព្យាយាមនិយាយជាមួយពួកគេ សួរយោបល់ ឬអានសៀវភៅរបស់ពួកគេ។ ការរៀនពីអ្នកដទៃនឹងផ្តល់ឲ្យអ្នកនូវទិសដៅច្បាស់លាស់ និងអាចជួយឲ្យអ្នកដើរបានលឿនជាងមុន។
សរុបមក ការផ្តោតលើភាពរីកចម្រើនផ្ទាល់ខ្លួនគឺជាដំណើរដ៏វែងឆ្ងាយ។ ដោយអនុវត្តសកម្មភាពទាំងនេះជាប់លាប់ នោះអ្នកនឹងកសាងជីវិតមួយដែលពោរពេញទៅដោយទំនុកចិត្តនិងអត្ថន័យ។