កាលពីថ្ងៃទី 23 ខែឧសភា ប្រធានាធិបតី Donald Trump បានបង្ហោះនៅលើកម្មវិធី Truth Social របស់លោកដោយបានព្រមាន Apple និងក្រុមហ៊ុនផលិតស្មាតហ្វូនផ្សេងទៀតថា លោកនឹងដាក់ពន្ធ 25% លើ iPhone និងឧបករណ៍ស្រដៀងគ្នាដែលលក់នៅសហរដ្ឋអាមេរិក លុះត្រាតែពួកគេផលិតនៅអាមេរិកផ្ទាល់។
ការបង្ហោះនេះ លោក Trump ចង់ជំរុញឱ្យនាយកប្រតិបត្តិ Apple លោក Tim Cook ធានាថាផលិតផល iPhone សម្រាប់ទីផ្សារសហរដ្ឋអាមេរិកត្រូវបានផលិតនៅអាមេរិក មិនមែននៅប្រទេសផ្សេង ដូចជាប្រទេសឥណ្ឌានោះទេ។ ហើយលោកក៏បានបន្ថែមថា ការព្រមានពន្ធមិនមែនសម្រាប់តែ Apple ទេ វាអនុវត្តចំពោះក្រុមហ៊ុនផ្សេងទៀតដូចជា Samsung ផងដែរ។
ខណៈពេលដែរ ក្រុមហ៊ុន Apple កំពុងផ្លាស់ប្តូរផលិតកម្មរបស់ខ្លួនមួយចំនួនទៅកាន់ប្រទេសឥណ្ឌា ដើម្បីជៀសវាងការពឹងផ្អែកលើប្រទេសចិនច្រើនពេក និងដើម្បីដោះស្រាយជាមួយនឹងពន្ធពីមុនរបស់សហរដ្ឋអាមេរិក។ ទន្ទឺមនឹងនោះ អ្នកជំនាញនិយាយថា ប្រសិនបើពន្ធ 25% កើតឡើងនោះ Apple ប្រហែលជាត្រូវដំឡើងថ្លៃ iPhone នៅសហរដ្ឋអាមេរិក ដើម្បីជៀសវាងការខាតបង់ តែវាធ្វើឱ្យតម្លៃកាន់តែថ្លៃសម្រាប់អ្នកទិញ។