មានអតិថិជនមិនតិចទេដែលចូលចិត្តធ្វើដំណើរឆ្លងខេត្តបានស្គាល់ក្រុមហ៊ុនវីរៈប៊ុនថាំ(Virak Bhuntham Express Tour & Travel ហៅកាត់ថា VET) ដែលជាក្រុមហ៊ុនដឹកជញ្ចូនអ្នកដំណើរទូទាំងប្រទេស។ ក្រុមហ៊ុននេះគឺជាក្រុមហ៊ុនក្នងស្រុកមួយដែលតែងតែពង្រីកខ្លួន និងចាប់យកឱកាសផ្សេងៗជាច្រើន។
អ្វីដែលខ្ញុំកើតសរសើរសម្រាប់ VETនេះគឺគាត់មានគំនិតបត់បែន និងអាចផ្លាស់ប្តូរបែបសហគ្រិនបានលឿនក្នុងបរិបទផ្សេងៗ ដែលធ្វើឱ្យគាត់អាចធ្វើការបន្តដំណើរការ ទោះក្នុងកាលទេសៈណាក៏ដោយ។ ជាក់ស្តែងថ្មីៗនេះ ព្រឹត្តិការណ៍២០កុម្ភៈនៃការឆ្លងរីករាលដាលជាសហគមន៍ជម្ងឺកូវីដ១៩ ដែលរីកសាយរហូតដល់ការសម្រេចចិត្តបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញទាំងមូល និងក្រុងតាខ្មៅកាលពីថ្ងៃទី១៤ខែមេសាកន្លងទៅនេះ បានបង្កឱ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ស្បៀងអាហារនៅលើទីផ្សារ។ មិនដល់១០ថ្ងៃផងបន្ទាប់ពីការបិទខ្ទប់នេះ ក្រុមហ៊ុនវីរៈប៊ុនថាំក៏បានកែខៃសេវាកម្មរបស់ខ្លួនដែលពីមុនផ្តោតតែសេវាកម្មដឹកជញ្ចូនទំនិញ និងអ្នកដំណើរ ហើយបានបង្កើតចេញជាផ្សារឡានក្រុងចល័តដោយធ្វើការលក់ទំនិញចាំបាច់ក្នុងតម្លៃទាបជូនដល់អ្នកដែលនៅភូមិសាស្ត្របិទខ្ទប់ ដែលពិបាកនឹងចេញក្រៅរកទិញអាហារចាំបាច់ក្នុងកំឡុងពេលដែលតម្រូវឱ្យនៅតែផ្ទះ។
កាលពីឆ្នាំមុន នៅពេលដែលកូវីដ១៩ទើបចាប់ផ្តើមផ្ទុះឡើង ហើយវិស័យធ្វើដំណើរឆ្លងខេត្តបានធ្លាក់ចុះ យើងក៏ឃើញកាលផ្លាស់ប្តូរមួយពីVETផងដែឬ។ ពេលនោះគាត់បានបង្កើតសេវាថ្មីមួយទៀតយ៉ាងរហ័សគឺសេវាកម្មដឹកជញ្ចូនឥវ៉ាន់ដល់ផ្ទះ និងសេវាកម្មទូទាត់សាច់ប្រាក់ជំនួសអ្នកលក់ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារដឹកជញ្ចូនដែលកំពុងតែកើនឡើងក្នុងកំឡុងពេលការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩។
មិនដល់១០ថ្ងៃផងបន្ទាប់ពីការបិទខ្ទប់នេះ ក្រុមហ៊ុនវីរៈប៊ុនថាំក៏បានកែខៃសេវាកម្មរបស់ខ្លួនដែលពីមុនផ្តោតតែសេវាកម្មដឹកជញ្ចូនទំនិញ និងអ្នកដំណើរ ហើយបានបង្កើតចេញជាផ្សារឡានក្រុងចល័តដោយធ្វើការលក់ទំនិញចាំបាច់ក្នុងតម្លៃទាប…
សកម្មភាពនេះគឺជាសកម្មភាពដែលពោពេញដោយភាពជាសហគ្រិន ដែលតែងតែគិតចេញវិធីសាស្ត្រផ្សេងៗ ដើម្បីកែខៃស្ថានភាព និងច្នៃឱ្យអស់លទ្ធភាពក្នុងការប្រើប្រាស់ធនធានដែលមានស្រាប់។ ប្រាកដណាស់ គាត់អាចធ្វើដូចនេះបាន ដោយសារតែការមានធនធានរួចជាស្រេច តែអ្វីដែលធ្វើឱ្យយើងមិនសរសើរមិនបាន គឺការច្នៃវិបត្តិ ដោយគាត់សម្រេចចិត្តលឿនក្នុងការកែខៃស្ថានភាព ដែលក្នុងប្រទេសកម្ពុជាយើងមានក្រុមហ៊ុនដឹកជញ្ចូនផ្សេងទៀតមិនតិចទេ ដែលមិនបានអនុវត្តយុទ្ធសស្ត្របត់ខ្លួននេះ។