Home អចលនវត្ថុ តើស្ថានភាពទីផ្សារអចលនវត្ថុក្នុងឆ្នាំ 2026 នេះយ៉ាងណាដែរ?

តើស្ថានភាពទីផ្សារអចលនវត្ថុក្នុងឆ្នាំ 2026 នេះយ៉ាងណាដែរ?

ចំពោះស្ថានភាពអចលនទ្រព្យនាពេលបច្ចុប្បន្ននេះ បើយោងទៅតាមការបង្ហោះសារអត្ថបទ របស់លោក ហាក់ គីមថុង ដែលជាប្រធានក្រុមប្រឹក្សាភិបាល របស់ក្រុមហ៊ុន វិនិយោគ-Viniyuk លោកបានលើកឡើងថា បន្ទាប់ពីឆ្លងកាត់ដំណាក់កាលជូរចត់ (ឥទ្ធិពលកូវីដ19 និងសង្គ្រាមភូមិសាស្ត្រនយោបាយ) មិនទាន់បានប៉ុន្មានផង យើងបានជួបរឿងថ្មី គឺសង្គ្រាមឈ្លានពានថៃលើទឹកដីកម្ពុជា។ នេះគឺជារឿងមួយមិននឹកស្មានដល់ តែទោះជាយ៉ាងណា ខ្ញុំសូមសរសេរការយល់ឃើញខ្លះសម្រាប់វិស័យអចលនវត្ថុនាឆ្នាំ2026។ ខ្ញុំគិតថា វិស័យអចលនវត្ថុនៅកម្ពុជាចាប់ផ្តើមចូលក្នុងដំណាក់កាលចាស់ទុំ មិនហក់ឡើងថ្លៃខ្លាំងទៀតទេ។ គ្មានទៀតទេសម័យកាលទិញភ្លាមចំណេញភ្លាមក្នុងឆ្នាំនេះ ឬក៏រយៈពេលខ្លី និងធ្យម។ វាគឺដល់សម័យកាលដែលតម្លៃមានស្ថិរភាព នឹងនរ និងទៅមុខសន្សឹមៗ។ ខាងក្រោមនេះគឺជាទស្សនៈវិស័យរបស់ខ្ញុំសម្រាប់ឆ្នាំនេះ៖

+ ទីផ្សារស្ថិរភាព និងមានភាពចាស់ទុំ៖ យើងលែងឃើញការឡើងថ្លៃបែបហក់លោតដោយគ្មានមូលដ្ឋានដូចមុនទៀតហើយ។ អ្នកវិនិយោគ អ្នកទិញ លែងសួរទៀតហើយថាទ្រព្យនេះនឹងឡើងថ្លៃប៉ុន្មាន%នៅឆ្នាំក្រោយ តែពួកគេនឹងសួរថា ទិញហើយអាចធ្វើអ្វីបាន ឬអាចបានចំណូលឬទេ? ទីផ្សារឆ្នាំ2026 ផ្អែកលើតម្រូវការជាក់ស្តែង គឺទិញដើម្បីប្រើប្រាស់ភ្លាមៗ ជាជាងទិញទុកចំណេញ។ នេះជាសញ្ញាវិជ្ជមានសម្រាប់និរន្តរភាពសេដ្ឋកិច្ចយូរអង្វែង។ ទោះបីជាតម្លៃចាប់ផ្តើមមានស្ថិរភាព ប៉ុន្តែវានៅតែជាឱកាសសម្រាប់អ្នកដែលមានសាច់ប្រាក់ ក្នុងដៃ។ ការទិញក្នុងឆ្នាំនេះ មិនមែនទិញតាមអារម្មណ៍នោះទេ ឬពុះកញ្ច្រោលតាមប្រព័ន្ធផ្សព្វផ្សាយនោះទេ គឺការទិញលើទ្រព្យដែលមានសក្តានុពលជាក់លាក់មួយដែលអាចបង្កើតចំណូលដូចជាអចលនវត្ថុជួល ឬទីតាំងពាណិជ្ជកម្ម និងទ្រព្យដែលមានតម្លៃក្រោមទីផ្សារច្រើន និងទ្រព្យដែលមានតម្លៃកម្រិតមធ្យម។

+ ការផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់អ្នកអភិវឌ្ឍន៍លំនៅដ្ឋាន: ម្ចាស់គម្រោងលែងអាចផ្តោតលើតែការលក់ផ្ទះដែលមានតែអាគារ និងម៉ូដដដែលៗទៀតហើយ។ ឆ្នាំ2026 ជាឆ្នាំនៃ “គុណភាពរស់នៅ”។ អតិថិជនមានតម្រូវការខ្ពស់ជាងមុន ចេះជាងមុន ប្រៀបធៀងច្រើនជាងមុន និងអង្គុយស្រាវជ្រាវតាមអេក្រង់ទូរស័ព្ទដើម្បីប្រមូលជម្រើស។ គម្រោងដែលទទួលបានជោគជ័យ គឺជាគម្រោងដែលមានការគ្រប់គ្រងល្អ បរិយាកាសល្អ បរិស្ថានបៃតង និងប្រសិនបើមានបច្ចេកវិទ្យាទំនើបនឹងអាចទាក់ទាញយុវវ័យសម័យGenZបានកាន់តែច្រើន។

+ ហេដ្ឋារចនាសម្ព័ន្ធជាក្បាលម៉ាស៊ីនរុញច្រានវិស័យនេះ៖ ការបើកដំណើរការព្រលានយន្តហោះអន្តរជាតិថ្មីៗ បានកំណត់មុខមាត់តំបន់ប៉ូលសេដ្ឋកិច្ចថ្មី។ តំបន់ជាយក្រុងដែលមានការតភ្ជាប់ល្អ កំពុងក្លាយជាចំណុចក្តៅ និងមានភាពទាក់ទាញថ្មីសម្រាប់ដីឡូតិ៍ និងបុរីលំដាប់មធ្យម។ ប៉ុន្តែ បញ្ហាកន្លងមកក្នុងវិស័យនេះ ដូចជាការបោកប្រាស់ និងគម្រោងស្អុយជាដើម បានធ្វើឲ្យទំនុកចិត្តក្នុងវិស័យនេះធ្លាក់ចុះយ៉ាងគំហុក។ ដូចនេះ សម្រាប់គម្រោងនានា តម្រូវឲ្យមានផែនការច្បាស់លាស់ មានទុនវិនិយោគត្រឹមត្រូវ និងយុទ្ធសាស្ត្រជាច្រើនដើម្បីបង្កើនទំនុកចិត្តឡើងវិញ។ ឆ្នាំនេះ តំបន់ភាគខាងត្បូង ជិតព្រលានយន្តហោះថ្មីនឹងមានសន្ទុះខ្លាំងក្លាលើគម្រោងបុរី គម្រោងឃ្លាំង សណ្ឋាគារ អាគារស្នាក់នៅ ទីក្រុងរណបដើម្បីគាំទ្រព្រលានយន្តហោះ និងគម្រោងអាគារពាណិជ្ជកម្មនានាដើម្បីទ្រទ្រង់ការអភិវឌ្ឍ និងលំហូរមនុស្សហូរចូលទៅកាន់តំបន់នោះ។ ដូចនេះ ចរន្តអចលនវត្ថុនៅតំបន់នោះ នឹងមានភាពមមាញឹក។ ក៏ប៉ុន្តែ ដូចខ្ញុំបានលើកពីខាងលើ ពេលនេះមិនមែនទិញទ្រព្យដើម្បីរំពឹងចំណេញខ្ពស់ដូចមុននោះទេ គឺទិញដើម្បីប្រើប្រាស់ និងអភិវឌ្ឍជាក់ស្តែង។ សូមកុំទិញតាមអារម្មណ៍ កុំទិញតាមការផ្ទុះតាមរយៈសារព័ត៌មាន តែទិញដោយមានការវិភាគ និងជំនាញ ដើម្បីកាត់បន្ថយហានិភ័យ និងឲ្យត្រូវសម័យកាលនេះ។

+ ឥទ្ធិពលហិរញ្ញវត្ថុ៖ ជាមួយនឹងការកែសម្រួលគោលនយោបាយរូបិយវត្ថុសកល និងក្នុងស្រុក ដែលអត្រាការប្រាក់មានសភាពធូរស្រាលជាងមុនក្នុងមួយរយៈកាលកន្លងមកនេះ គឺជាចំណែកជួយសម្រួលដល់លំហូរសាច់ប្រាក់របស់អ្នកវិនិយោគ ក៏ដូចជាអតិថិជនផងដែរ។ ការបន្តទំលាក់ការប្រាក់ឲ្យស្ថិតនៅអាត្រាសមរម្យ (ក្រោម៨%) នឹងជាកម្លាំងជម្រុញ លើកទឹកចិត្តឲ្យអតិថិជនមានលទ្ធភាពក្នុងការវិនិយោគនៅក្នុងវិស័យនេះ។

+ អស់រយៈពេលយ៉ាងតិច4ឆ្នាំមកនេះ គឺជាពេលដែលមនុស្សទន្ទឹងរង់ចាំមើលថាតើគួរធ្វើអ្វី ឬក៏ទុកលុយក្នុងដី ជាជាងហក់ចូលប្រឡូក ឬចាប់ផ្តើមអ្វីថ្មី (ព្រោះវាមានហានិភ័យខ្ពស់)។ ឆ្នាំ2026នេះ ខ្ញុំគិតថា គឺជាឆ្នាំដែលមនុស្សចាប់ផ្តើមមានសកម្មភាពឡើងវិញ ព្រោះវាយូរពេកហើយ ហើយអផ្សុកពេកហើយដែលត្រូវអង្គុយរង់ចាំមើល។ ដូចនេះខ្ញុំជឿជាក់ថា ឆ្នាំនេះ សកម្មភាពបើករកស៊ី ឬក៏សកម្មភាពសេដ្ឋកិច្ចផ្សេងៗនឹងមានដំណើរការឡើងវិញ ដែលជម្រុញឲ្យទីផ្សារជួលអចលនវត្ថុដូចជាអាគារពាណិជ្ជកម្ម ឬផ្ទះអាជីវកម្ម ឃ្លាំង និងអចលនវត្ថុនៅទីតាំងល្អនឹងមានសង្ឃឹមឡើងវិញ។

+ ឥទ្ធិពលសង្គ្រាមឈ្លានពានលើកម្ពុជាពីសំណាក់ថៃ ចង់មិនចង់ ប្រាកដជាជះឥទ្ធិពល លើការសម្រេចចិត្តលើការវិនិយោគ ជាពិសេសនៅតាមតំបន់ជិតព្រំដែន។ ប៉ុន្តែប្រសិនបើបទឈប់បាញ់មិនមានអ្វីប្រែប្រួល ហើយបញ្ហានេះត្រូវបានលើកយកទៅដោះស្រាយតាមរយៈច្បាប់ និងស្ថាប័នអន្តរជាតិ នោះអ្វីៗអាចនឹងប្រសើរឡើង។ ខ្ញុំជឿជាក់ថា បញ្ហាជម្លោះលើកនេះមានឥទ្ធិពលខ្លាំង និងដក់ជាប់ក្នុងអារម្មណ៍រយៈពេលយូរសម្រាប់ប្រជាជនខ្មែរគ្រប់ៗរូប។ បញ្ហានេះ នឹងបន្តឲ្យប្រជាជនខ្មែរលែងគាំទ្រផលិតផលមកពីប្រទេសថៃ។ សន្ទុះរីកចម្រើន និងការគាំទ្រនៃផលិតក្នុងស្រុកនឹងចាប់ផ្តើមកម្រើកឡើងខ្លាំង ហើយស្ថានភាពនេះ តិចឬច្រើន វានឹងជះឥទ្ធិពលវិជ្ជមានក្នុងវិស័យអចលនវត្ថុផងដែរ។ ក្រៅពីសន្ទុះនៃការផលិតក្នុងស្រុករបស់សហគ្រាសខ្មែរ ប្រទេសផ្សេងៗទៀតដែលសម្លឹងឃើញឱកាស អាចនឹងពិចារណាក្នុងការវិនិយោគលើការបើករោងចក្រ និងកន្លែងផលិតនៅក្នុងប្រទេសកម្ពុជាផងដែរ។ នេះគឺជាចរន្តថ្មីមួយ ដែលផ្តល់ក្តីសង្ឃឹមដល់វិស័យអចលនវត្ថុមួយចំណែក។ ឥទ្ធិពលវិជ្ជមានតិចឬច្រើន គឺអាស្រ័យលើការជម្រុញរបស់រាជរដ្ឋាភិបាល (ទាក់ទាញវិនិយោគិនបន្ថែម និងគាំទ្រអ្នកក្នុងស្រុក) សហគ្រិនក្នុងស្រុក និងការគាំទ្ររបស់ប្រជាជនខ្មែរ។ ដូចនេះ យើងមានតែរង់ចាំមើលអំពីលទ្ធផលទាំងអស់គ្នា ប៉ុន្តែសម្រាប់ខ្ញុំ ខ្ញុំនៅតែមានជំនឿជាក់ថា វាប្រាកដជាអាចទៅរួច។ ប៉ុន្តែ សម្រាប់តំបន់នៅជាយដែន អាចត្រូវការពេលមួយរយៈដើម្បីបង្កើតទំនុកសម្រាប់អ្នកវិនិយោគក្នុងការអភិវឌ្ឍអ្វីនៅទីនោះ ដែលវាប្រាកដជះឥទ្ធិពលលើការទិញលក់ទ្រព្យក្នុងតំបន់នោះ។

+ ការលើកលែងពន្ធចំណេញមូលធនមួយឆ្នាំទៀតរបស់រាជរដ្ឋាភិបាលលើការទិញលក់អចលនវត្ថុក៏ជាការដកសម្ពាធមួយយ៉ាងធំផងដែរសម្រាប់វិស័យនេះ ជាពិសេសអ្នកលក់។ ការដាក់ចេញនូវការយកពន្ធ ប្រាកដណាស់នឹងជះឥទ្ធពលនៃការសម្រេចចិត្តលើការទិញលក់ ដែលជាទូទៅ នឹងធ្វើឲ្យតម្រូវការធ្លាក់ចុះ។ ដូចនេះ សេចក្តីប្រកាសចេញថ្មីៗនេះ គឺជាដំណឹងល្អមួយសម្រាប់ម្ចាស់អចលនវត្ថុក្នុងការសម្រេចចិត្តលក់ទ្រព្យឲ្យបានលឿនក្នុងឆ្នាំនេះដើម្បីគេចផុតពីការបង់ពន្ធចំណេញមូលធន ព្រោះថា បច្ចុប្បន្ន តម្លៃលក់នៅតែបានទាប អ្នកលក់មានច្រើនជាងអ្នកទិញ អ្នកទិញចង់ទិញទ្រព្យដែលមានតម្លៃធូរ ហេតុដូចនេះហើយ ការមិនជាប់ពន្ធចំណេញមូលធន វាក៏អាចសម្រាលបន្ទុកអ្នកលក់ ជម្រុញការសម្រេចចិត្តលក់ឲ្យបានលឿន ដើម្បីយកលុយមកប្រើប្រាស់ក្នុងគោលបំណងផ្សេងៗ (សងបំណុលដែលខំទ្រាំជាយូរ ឬយកមកប្រើប្រាស់ធ្វើអ្វីផ្សេងៗវិញ)។

+ សម្រាប់អ្នកអភិវឌ្ឍគម្រោងវិញ ការប្រកួតប្រជែងកាន់តែស្រួចស្រាវ ដែលទាមទារឲ្យមានការខិតខំប្រឹងប្រែងខ្លាំងជាងមុន ក្រុមការងារល្អជាងមុន មានជំនាញខ្ពស់ជាងមុនទាំងការសាងសង់ ទាំងការរចនាសហគមដែលប្រកបដោយគុណភាពនិងសោភ័ណ្ឌភាព ទាំងការគ្រប់គ្រងនិងដឹកនាំ។ សម័យកាលចំណេញច្រើន ហើយលក់លឿនពីការអភិវឌ្ឍវាមិនអាចមានទេ ដែលធ្វើឲ្យម្ចាស់គម្រោងត្រូវមានអ្នកជំនាញរៀបចំកិច្ចការឲ្យបានល្អ គិតមុនគូរ ដោយពង្រឹងគុណភាព បង្កើនប្រសិទ្ធភាពប្រព័ន្ធការងារ កាត់បន្ថយចំណាយដែលមិនចាំបាច់ គិតគូរថ្លៃដើមឲ្យបានហ្មត់ចត់ (ទាំងចំណាយមើលមិនឃើញ) មានក្រុមផ្សព្វផ្សាយលក់ខ្លាំង (ជាពិសេសតាមប្រព័ន្ធឌីជីថល) និងក្រុមលក់ដែលមានជំនាញ និងវិជ្ជាជីវៈ។ ដូចនេះ ខ្ញុំគិតថា សម័យកាល2026 គឺជាសម័យកាលដែលត្រូវតែអភិវឌ្ឍសមត្ថភាពធនធានខាងក្នុង និងស្វែងរកប្រភពធនធានមនុស្សពីខាងក្រៅដែលអាចជួយបន្ថែមល្បឿន និងជំនាញដល់ខាងក្នុងប្រកបដោយប្រសិទ្ធភាព។

💡 សារសម្រាប់អ្នកវិនិយោគ៖ កុំវិនិយោគតាម “ពាក្យចចាមអារ៉ាម តាមគេតាមឯងដោយមិនមានការគិតពិចារណា”។ ចូរវិនិយោគតាម “ទិន្នន័យ និងសក្តានុពលពិត”។