spot_img
spot_img
Homeធុរកិច្ច​ស្វែង​យល់​ពី Digital Marketing

​ស្វែង​យល់​ពី Digital Marketing

-

តើអ្នក​ធ្លាប់ឮពាក្យ​Digital Marketingដែរឬទេ? អ្វីទៅជា​Digital Marketing? តើគេធ្វើវា​ដោយ​របៀបណា? តើវា​ពិតជា​មាន​ប្រសិទ្ធភាព​មែនទេ? ។ល។ ខ្ញុំជឿជាក់​ថា​​អ្នក​អាន​ប្រហែល​ជា​ចង់យល់​ច្បាស់​ពី​ជំនាញ​Digital Marketingនេះ។ ជួនកាល​អ្នក​អាច​ជា​អតិថិជន​គោលដៅ​ដែល​អ្នក​ទីផ្សារ​បាន​ប្រើប្រាស់​យុទ្ធសាស្រ្ត​នេះ​មក​លើ​អ្នក​​ដោយ​អ្នក​មិន​បាន​ដឹង​ខ្លួន​ផង​ក៏ថា​បាន​។ ដើម្បី​ពង្រីក​ចំណេះដឹង​ទាក់ទង​នឹង​ផ្នែក​នេះ​​​ គំនិត​សូម​លើក​យក​អត្ថបទ​មួយ​ដែលយើង​បាន​សរសេរ​ចេញ​អំពី​ការ​សម្ភាសន៍​ជាមួយ​នឹង​អ្នក​ជំនាញ​ផ្នែក​​Digital Marketing គឺលោក ហាក់ គីមថុង ​ដែលជា​ស្ថាបនិក​នៃ​គេហទំព័រ​“គំនិត”​​និង​ជា​​នាយក​នៃ​ “Kumnit Creative”​ ដែល​ជា​ស្ថាប័នផ្តល់សេវាកម្ម​ប្រឹក្សា​ពី​យុទ្ធសាស្ត្រ​ទីផ្សារ​សម័យទំនើប​ (Digital Marketing)។

អ្វីទៅជាការធ្វើទីផ្សារ (Marketing)? ​Digital Marketing?

ចំពោះ​លោក​ផ្ទាល់​លោក​យល់​ឃើញ​ថា​ ការធ្វើទីផ្សារ​គឺ​ជា​វិធី​សាស្ត្រ​មួយ​ដែល​គេ​ប្រើ​ដើម្បីផ្សព្វផ្សាយ​ផលិតផល​ឬ​សេវាកម្ម​ បង្ហាញ​ពី​គុណ​តម្លៃ ធ្វើឲ្យ​អតិថិជន​ស្គាល់ និង​ជឿទុកចិត្ត។ ម្យ៉ាង​ទៀត​ការធ្វើ​ទីផ្សារគឺ​ធ្វើ​ឲ្យ​អតិថិជន​មាន​អារម្មណ៍​ថា​​អាជីវកម្ម​របស់​យើង​គឺ​ប្លែកពី​គេ​ ល្អជាងគេ ​និង​ស្ថិត​នៅ​ក្នុង​ជម្រើស​របស់អតិថិជន។ ​ចំណែក​ឯការ​ធ្វើ​យុទ្ធសាស្ត្រ​ទីផ្សារ​សម័យ​ទំនើប(​Digital Marketing)​​គឺ​ជា​វិធីសាស្ត្រ​មួយ​ដែលគេ​ប្រើ​ដើម្បី​ធ្វើ​យុទ្ធសាស្រ្ត​ទីផ្សារផ្សាភ្ជាប់ជាមួយ​នឹង​បច្ចេកវិទ្យា​ដើម្បីធ្វើ​ការ​ផ្សព្វផ្សាយឱ្យមានភាព​ទាក់ទាញ​​​​​តាមច្រកផ្សព្វផ្សាយ​បច្ចេកវិទ្យា​ផ្សេងៗ​ដូចជា៖

[ad id=”5037″]

  • ​តាម​បណ្តាញ​សង្គម​(Facebook Instagram LinkedIn Line…)
  • អ៊ីមែល
  • គេហទំព័រ
  • SMS Marketing
  • ការផ្សាយ​ពាណិជ្ជកម្ម​លើ​គេហទំព័រ
  • SEO​(Search​ Engine Optimization)
  • ​Search Engine Marketing។ល។

ការធ្វើទីផ្សារ​គឺ​ជា​វិធី​សាស្ត្រ​មួយ​ដែល​គេ​ប្រើ​ដើម្បីផ្សព្វផ្សាយ​ផលិតផល​ឬ​សេវាកម្ម​ បង្ហាញ​ពី​គុណ​តម្លៃ ធ្វើឲ្យ​អតិថិជន​ស្គាល់ ​ជឿទុកចិត្ត និងបញ្ចុះបញ្ចូលឱ្យអតិថិជនជ្រើស​រើស​ផលិតផល ឬសេវាកម្មនោះយក​ទៅប្រើប្រាស់។

Digital Marketing​តម្រូវ​ឲ្យ​មាន​ទាំងចំណេះដឹង​បច្ចេកទេសនិងជំនាញយុទ្ធសាស្ត្រ​ទីផ្សារ​​។ ជាពិសេស​ការធ្វើទីផ្សារ​នៅលើបណ្តាញសង្គម(Facebook Instagram ។ល។) តម្រូវឱ្យមានយុទ្ធសាស្ត្រ​ត្រឹមត្រឹម​ដើម្បី​ទាក់ទាញចំណាប់អារម្មណ៍ បញ្ចុះ​បញ្ចូល ផ្តល់​គុណតម្លៃ​​​​ឲ្យ​អតិថិជន​គោលដៅចាប់អារម្មណ៍ស្គាល់​និង​ទិញ​ទំនិញ​យក​ទៅប្រើប្រាស់។ វារួមបញ្ចូល​ទាំងការ​រៀបគម្រោងថាតើគួរបង្ហោះអ្វីខ្លះ ប្រើប្រាស់រូបភាពបែបណាដើម្បីទាក់ទាញ ប្រើប្រាស់ពាក្យសម្តី ឬឃ្លោងឃ្លាបែបណា​ដើម្បី​​ឱ្យគេឆាប់ចាប់អារម្មណ៍កំណត់​អត្តសញ្ញាណម៉ាកសញ្ញាសម្រាប់ការផ្សព្វផ្សាយ ត្រូវធ្វើយ៉ាងណាដើម្បី​ឱ្យគេស្គាល់ម៉ាកសញ្ញា និងគុណតម្លៃម៉ាកសញ្ញា​សម្រាប់ភាពជោគជ័យរយៈពេលវែង រៀបចំ​ថត​វីដេអូបែបណាដើម្បីឱ្យមានគេមើលច្រើន ឬធ្វើការ​ផ្សព្វផ្សាយ​ដោយការចំណាយលុយបែបណាដើម្បី​ឱ្យមានប្រសិទ្ធភាពខ្ពស់ (ដូចជាការកំណត់គោលដៅអតិថិជន ការប្រើប្រាស់​វិធីសាស្ត្រ​ផ្សព្វផ្សាយកម្រិត​ខ្ពស់ដែលមាននៅក្នុងបណ្តាញសង្គម)ជាដើម។

ជាក់ស្តែង​មានក្រុមហ៊ុន និងអាជីវកម្មតិចតួចប៉ុណ្ណោះ​ដែល​ម៉ាកយុទ្ធសាស្ត្រល្អ​និង​ត្រឹមត្រូវ។ ភាគច្រើន​ពួកគាត់​យល់ឃើញថា ការបង្ហោះ​ពាក្យ​ស្លោកជោគជ័យនិង​ភាពជាអ្នកដឹកនាំគឺជា​យុទ្ធសាស្ត្រ​ទីផ្សារ។ ប៉ុន្តែ​អ្វីដែលពួកគាត់ធ្វើ​មិន​បាន​ជួយ​បង្កើនគុណ​តម្លៃ​ម៉ាកសញ្ញារបស់គាត់នោះទេ ហើយអតិថិជន​នឹង​មិនស្គាល់គាត់​ និង​ផលិត​ផលគាត់​បានច្បាស់ឡើយ។ មិនតែ​ប៉ុណ្ណោះ វា​បានធ្វើឱ្យ​អតិថិជន​មានការភ័ន្តច្រឡំ​អំពី​ផលិតផល​របស់គាត់ទៅវិញ។

អតិថិជន​បែបណា​សក្តិសម​ឲ្យម្ចាស់​​អាជីវកម្ម​ប្រើ​​Digital Marketing​?

ដូចដែល​យើងបាន​ឃើញ​ខាង​លើ​ថា​ការធ្វើយុទ្ធសាស្ត្រទីផ្សារ​សម័យ​ទំនើបទាមទារ​ឲ្យ​មាន​កា​រប្រើប្រាស់​​ប្រព័ន្ធ​អ៊ីនធឺណិត។ ហេតុ​នេះ​​មុន​នឹង​ម្ចាស់​អាជីវកម្ម​ជ្រើសរើស​យក​វិធី​សាស្ត្រ​នេះ​ គេ​ត្រូវ​សិក្សា ស្រាវជ្រាវ​ និង​ស្ទាបស្ទង់​​ពី​អតិថិជន​គោល​ដៅ​ឲ្យបាន​ច្បាស់​លាស់​​ជាមុនសិន​។ អតិថិជនគោលដៅ​​​ខុសៗគ្នា​នាំឲ្យ​ឥរិយាបថ​របស់​ពួកគេ​ក៏​មិនដូចគ្នា​ដែរ។ បើពួកគេ​មិន​បាន​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត​ទេ​នោះម្ចាស់​អាជីវកម្ម​ក៏​មិន​គួរ​រើស​យក​វិធីនេះ​ឡើយ​។ ឧទាហរណ៍​ថា​គាត់មាន​អាជីវកម្ម​លក់​ជីកសិកម្ម​នាំឲ្យ​អតិថិជន​គោលដៅ​របស់គាត់​គឺ​ជាប្រជាកសិករ​នៅជនបទ​ដែល​ប្រព័ន្ធ​អ៊ីនធឺណិត​ពិបាក​ទៅដល់​នោះDigital Marketing មិនមែនជា​ច្រកមួយ​ដ៏​ល្អទេ។ ប៉ុន្តែ​បើគាត់មាន​អាជីវកម្ម​លក់​សម្លៀក​បំពាក់​សម្រាប់យុវវ័យ​នោះ​ការ​ប្រើវិធី​នេះ​គឺ​មាន​ប្រសិទ្ធភាព​ល្អណាស់។

អត្ថប្រយោជន៍​នៃ​Digital Marketingធៀបនឹង​Traditional Marketing

​បច្ចុប្បន្ន​អតិថិជន​មាន​ទំនោរ​ទៅរកការ​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិតដែល​មាន​អ្នក​​​កំពុង​តែ​ប្រើប្រាស់ប្រមាណ​លើស​១ភាគ៣​នៃ​ប្រជាជន​សរុប​​និង​​បណ្តាញ​សង្គម​ប្រហែល​ជាង​៥លាន​នាក់​នៅលើ​ហ្វេសប៊ុក​និង​​ប្រហែល​៣លាននាក់នៅ​លើ​​Instagram។ ចំនួន​ទាំង​នេះ​គឺ​មាន​ការកើន​ឡើងយ៉ាង​ខ្លាំង​នៅ​ប្រមាណ​៥ឆ្នាំ​ចុងក្រោយនេះ​ហើយ​លោក​គិតថា​នឹង​មាន​ការកើនឡើង​បន្តទៀត​ទៅ​ថ្ងៃ​អនាគត​ព្រោះ​មនុស្ស​នឹង​នៅជាមួយ​បច្ចេកវិទ្យា​ហើយ​ម្នាក់ៗ​គឺ​សុទ្ធតែមាន​Smart Phonesប្រើ​​។​ ​លក្ខណៈ​បែប​នេះ​គឺមាន​អំណោយផល​​ខ្លាំងណាស់​។ យ៉ាងណា​មិញ​ការ​ធ្វើ Digital Marketingគឺ​ត្រូវការ​ចំណាយ​លុយ​តិច មាន​ប្រសិទ្ធភាព​ល្អ ទៅដល់ដៃ​អតិថិជន​លឿន អាច​វាស់ស្ទង់​អំពីប្រសិទ្ធភាព​ អាចផ្សព្វផ្សាយ​ឬបញ្ឈប់​ពេលណា​ក៏បាន អាចជ្រើសរើសអតិថិជនគោលដៅ ភេទ​ស្រីឬ​ប្រុស អាយុ មិនបាច់មាន​កុងត្រា​ផ្សព្វផ្សាយជាដើម។ ជាពិសេស​​វាពិតជា​សក្តិសម​ចំពោះ​អាជីវកម្ម​ធុនតូច​និង​មធ្យម​ដែល​មាន​ដើមទុន​តិចតួច​ដើម្បី​​ផ្សព្វផ្សាយ​។ រីឯការ​ផ្សព្វផ្សាយ​បែប​ Traditional​​​ដូចជា​តាម​វិទ្យុ​ ទូរទស្សន៍ កាសែត ទស្សនាវដ្តី ចែក​ខិត្តប័ណ្ណជាដើមគឺ​​ត្រូវ​ចំណាយ​​ប្រាក់​ច្រើន​និងត្រូវ​មាន​កុងត្រា​ជាក់លាក់​ ហើយ​ពិបាកវាស់ស្ទង់​ពីប្រសិទ្ធភាពរបស់វា។ ជាពិសេស​មាន​មនុស្ស​កាន់តែច្រើនទៅៗចំណាយពេលវេលាកាន់តែតិចទៅៗជាមួយនឹងច្រកទាំងនោះ។​​​

ជំនាញគោល​សម្រាប់អ្នកទីផ្សារមានអ្វីខ្លះ?

ចំពោះអ្នក​ទីផ្សារ​ដែល​មាន​បំណង​ចង់​ធ្វើយុទ្ធសាស្ត្រទីផ្សារ​​សម័យ​ទំនើបនេះ​ផងដែរ​ លោកបាន​ណែនាំ​ឲ្យ​អ្នក​ត្រូវ​មាន​ជំនាញ​ដូចជា៖

  • មាន​ចំណេះដឹង​ផ្នែក​យុទ្ធសាស្ត្រ​ទីផ្សារ
  • ពូកែ​សង្កេត សិក្សា​ស្វែងយល់​ពីទីផ្សារ​
  • ស្រាវជ្រាវ ស្ទាបស្ទង់ពី​ទំនោរ​របស់អតិថិជន​និង​សង្គមសព្វថ្ងៃ
  • ចេះបត់បែន​តាម​អតិថិជន​គោលដៅ
  • យល់ដឹងពី​ចិត្ត​សាស្ត្រ​មនុស្ស​
  • សង្កេត​ពី​ចំណុច​ខ្លាំង​និង​ចំណុច​ខ្សោយ​របស់​​អាជីវកម្ម​​ខ្លួន​ឯង​
  • ដឹងច្រើនអំពី​បច្ចេកវិទ្យាថ្មីៗ ជាពិសេស​ការធ្វើបច្ចុប្បន្នភាព​នៅលើ​បណ្តាញសង្គម និងច្រកផ្សព្វផ្សាយនានា។

ជាចុងក្រោយ​លោកបានណែនាំថា សិស្សនិស្សិត ​អ្នក​ទីផ្សារ​គួរចំណាយពេល​ដើម្បី​អភិវឌ្ឍ​សមត្ថភាពផ្នែក​យុទ្ធសាស្ត្រទីផ្សារ​សម័យទំនើបនេះ​ដោយសារ​នៅកម្ពុជា អ្នក​ជំនាញ​ផ្នែក​នេះនៅមាន​​​តិចតួច​នៅឡើយ។​ យ៉ាងណាមិញ​តម្រូវ​ការ​ជំនាញមួយ​នេះ​នឹង​មាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​ដោយសារ​តែ​វា​ជា​យុទ្ធសាស្ត្រ​ទីផ្សារ​ដែលគ្រប់​អាជីវកម្ម​ទាំងអស់ត្រូវតែមាន​នាពេលអនាគត​ដ៏ខ្លីខាងមុខ។

Pisey So
Pisey So
សូ ពិសី​មាន​តួនាទី​ផ្នែក Business Creative នៅក្នុងគំនិត​​ដែល​ផ្តោតលើ​ការបង្កើត​មាតិកា​ធុរកិច្ច សហគ្រិន យុទ្ធសាស្ត្រ​​អាជីវកម្ម​សម័យ​ទំនើប​ព្រមទាំង​ធ្វើករណី​សិក្សា​ទៅលើ​អាជីវកម្ម​​ក្នុងស្រុក។គាត់​ក៏​​ជា​និស្សិត​នៅ​សាកលវិទ្យាល័យ​មេគង្គកម្ពុជា​សិក្សា​ផ្នែក​​​គ្រប់គ្រង​ធុរកិច្ច​អន្តរជាតិ​។ គាត់​​ធ្លាប់​ចូលរួម​សិក្ខា​សាលា​និង​វគ្គ​បណ្តុះបណ្តាល​ដូចជា ​ភាពជា​អ្នកដឹកនាំ ជំនាញទន់ និង​ជំនាញ​នៃ​ការលក់​ជាច្រើន ​​ព្រមទាំង​សកម្មភាព​ក្នុង​ការងារ​ស្ម័គ្រចិត្ត​ផងដែរ។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ