កាលពីយប់ថ្ងៃទី១៤ខែមេសានេះ រាជរដ្ឋាភិបាលកម្ពុជាបានធ្វើសេចក្តីសម្រេចបិទក្រុងភ្នំពេញទាំងមូល និងភូមសាស្ត្រក្រុងតាខ្មៅរយៈពេល១៤ថ្ងៃ ដើម្បីរាំងផ្ទប់ការរីករាលដាលការឆ្លងកូវីដជាសហគមន៍ដែលនៅបន្តឆ្លងក្នុងចំនួនមួយគួរឱ្យព្រួយបារម្មណ៍។ នេះជាលើកទី១ហើយដែលប្រទេសយើងបានជួបបទពិសោធន៍Lockdown បែបនេះ ដោយប្រជាជនស្ថិតនៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅទាំងអស់ត្រូវនៅផ្ទះ ដោយមិនអាចចេញទៅណាបានប្រសិនបើគ្មានករណីចាំបាច់ ហើយវាគឺជាវិធីដ៏ល្អមួយសម្រាប់ប្រយុទ្ធប្រឆាំងការរីករាលដាលលឿន និងអាចនាំទីក្រុងទាំង២នេះត្រឡប់ទៅរកសភាពដើមវិញ។
ការបិទទីក្រុងទាំងស្រុងនេះ អាចនឹងធ្វើឱ្យអារម្មណ៍មនុស្សភាគច្រើនមានភាពភ័យខ្លាច ស្ត្រេស ឬក៏កើតមានអារម្មណ៍តានតឹងខ្លាំង ដោយសារតែវាជាបទពិសោធន៍លើកដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រ ហើយវាជារបត់ភ្លាមៗពេកដែលមនុស្សជាច្រើនមិនទាន់ស៊ាំ។
ដើម្បីចូលរួមចំណែកដោះស្រាយបញ្ហានេះ ខ្ញុំសូមលើកយកនូវសកម្មភាពខ្លះៗដែលអ្នកទាំងអស់គ្នាអាចយកទៅអនុវត្ត ជាប្រយោជន៍ក្នុងកំឡុងពេលដែលមនុស្សភាគច្រើនត្រូវស្ថិតនៅក្នុងផ្ទះ ហើយក៏ជាមធ្យោបាយមួយយើងអាចប្រើប្រាស់ពេលវេលាដែលមិនអាចចេញទៅប្រកបការងារនេះ ឱ្យបានផ្លែផ្កាក្នុងរយៈពេល១៤ថ្ងៃនេះ ជាជាងចំណាយពេលច្រើនពេកលើបណ្តាញសង្គម ហើយពេលខ្លះ អាចមើលឃើញតែព័ត៌មានអវិជ្ជមាន ដែលនាំឱ្យប៉ះពាល់ដល់សុខភាពសតិអារម្មណ៍ ប្រសិនបើយើងមើលឃើញព័ត៌មានទាំងនោះ១ថ្ងៃ២ម៉ោង ដូចដែលលោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលបានលើកឡើងកាលពីពេលថ្មីៗនេះ។
១. ចំណាយពេលវេលាមួយចំនួនធំរៀនបន្ថែមជំនាញថ្មី
ក្នុងកាលទេសៈLockdownនេះ ខ្ញុំជឿជាក់ថាយើងនឹងមានពេលកាន់តែច្រើនជាងមុន ហើយអាចយកពេលនេះទៅរៀនជំនាញថ្មីៗជាច្រើនដើម្បីអាចយកទៅប្រើប្រាស់ពេលដែលសភាពការ និងសេដ្ឋកិច្ចត្រឡប់ទៅរកភាពដើមវិញ។ ខ្ញុំជឿជាក់ថា បន្ទាប់ពីវិបត្តិកូវីដ១៩នេះ មនុស្សនឹងកាន់តែឆ្លាតជាងមុន ចេះជាងមុន ប្រើប្រាស់បច្ចេកវិទ្យាច្រើនជាងមុន ដែលក្នុងនាមយើងជាមនុស្សសម័យថ្មីមួយរូប ត្រូវតែក្លាយជាបុគ្គលប្រកបដោយការប្រកួតប្រជែង រៀនបន្ថែមមុខជំនាញដែលអាចជួយអាជីព និងអាជីវកម្មយើងដូចជាជំនាញប្រើប្រាស់បច្ចេកវិទ្យា និងធ្វើបដិវដ្តបច្ចេកវិទ្យានៅក្នុងស្ថាប័នរបស់ខ្លួន(Digitalization and Digital Transformation) ជំនាញយុទ្ធសាស្ត្រទីផ្សារសម័យថ្មី ភាពជាអ្នកដឹកនាំក្នុងសម័យឌីជីថល ជំនាញប្រើប្រាស់ និងរក្សាទិន្នន័យ ស្វែងយល់ពីប្រធានបទ AI AR VR Big Data IoTជាដើម។ល។ ជំនាញទាំងនេះសុទ្ធតែអាចរៀនបានពីច្រើនកន្លែងទាំងបង់ប្រាក់និងមិនបង់ប្រាក់ ហើយមានប្រភព២ដែលយើងអាចរៀនបានឥតគិតថ្លៃគឺ www.coursera.org និង www.edx.org ដែលជាគេហទំព័រប្រមូលផ្តុំដោយកម្មវិធីបង្រៀនលក្ខណៈអន្តរជាតិ ចេញពីសាកលវិទ្យាល័យល្បីៗកំពូលទូទាំងពិភពលោក ដូចជា Harvard MIT Sandford ។ល។ អាចឱ្យយើងស្វែងយល់ និងបង្កើនជំនាញបាន ហើយមុខជំនាញខ្លះ ត្រូវបានរៀបចំឡើងចេញជាវគ្គសិក្សាបែបអាជីព និងយើងអាចទទួលបានវិញ្ញាបនបត្រផងដែរ បន្ទាប់ពីបញ្ចប់បានជោគជ័យដោយគ្រាន់តែចំណាយប្រាក់លើថ្លៃសិក្សា ជាមួយនឹងតម្លៃសមរម្យ។
ក្រៅពីប្រភពខាងលើ ខ្ញុំក៏តែងចូលប្រភពផ្សេងៗទៀតដែលមានការបង់ប្រាក់ដូចជា www.lynda.com Linkedin Learning និង www.udemy.com ជាដើមដែលជាស្ថានប័នផ្តល់មេរៀនថ្មីៗ ខ្លីៗ ស្ទើរតែគ្រប់វិស័យ និងតម្លៃសិក្សាសមរម្យដែលក្នុងនាមយើងជាអ្នកចង់ក្លាយជាអ្នកជំនាញអាជីព ជាសហគ្រិនសម័យថ្មី និងជាអ្នកដឹកនាំសម័យឌីជីលត្រូវតែហ៊ានចំណាយដើម្បីអាចក្លាយទៅជាបុគ្គលប្រកបដោយភាពប្រកួតប្រជែង និងឈានមុខគេមួយគេ។
២.ចូលរួមបណ្តាញសង្គម Clubhouse
Clubhouseគឺជាបណ្តាញសង្គមថ្មីមួយ និងកំពុងតែពេញនិយមខ្លាំងនៅសហរដ្ឋអាមេរិច និងប្រទេសផ្សេងទៀត។ វាជាបណ្តាញសង្គមសម្លេង មួយដែលឈានមុខគេ និងគួរឱ្យចាប់អារម្មណ៍ផងដែរ។ យោងតាមគេហទំព័របច្ចេកវិទ្យារបស់សាកលវិទ្យាល័យ MITបាននិយាយថា បណ្តាញសង្គមសម្លេងគឺជាបណ្តាញសង្គមនាពេលអនាគត ហើយយោងតាមប្រភពជាច្រើនបានលើកឡើង អនាគតនៃជីវិតរបស់យើងនឹងប្រើប្រាស់សម្លេងច្រើនជាងការអាន ឬការមើលទៅទៀត ហើយបើនិយាយតាមភាពជាក់ស្តែង យើងកំពុងតែចាប់ផ្តើមទទួលបទពិសោធន៍នេះហើយ ដោយសារតែយើងមិនចាំបាច់វាយអត្ថបទទៀតទេ គឺយើងអាចប្រើប្រាស់សម្លេងរបស់យើងនិយាយ ហើយកម្មវិធីឆ្លាតវៃនឹងជួយយើងបន្លែងសម្លេងនោះទៅជាអត្ថបទសរសេរដោយស្វ័យប្រវត្តិ។
បច្ចុប្បន្ននេះសហគមន៍អ្នកប្រើប្រាស់បណ្តាញសង្គម Clubhouseក៏កំពុងតែមានវត្តមាននៅកម្ពុជាផងដែរ ដែលភាគច្រើនអ្នកប្រើប្រាស់ទាំងនោះ សុទ្ធតែមានសាវតាជាអ្នកនៅក្នុងវិស័យបច្ចេកវិទ្យា ស្ថាបនិកអាជីវកម្មបែបថ្មី អ្នកជំនាញទីផ្សារឌីជីថល ផ្នែកច្នៃប្រឌិតនិងប្រព័ន្ធផ្សព្វផ្សាយ សហគ្រិន និងអ្នកជំនាញអាជីព និងអ្នកដែលស្រឡាញ់វិស័យទាំងអស់ខាងលើ។
នៅក្នុងClubhouseសហគមន៍ខ្មែរ អ្នកនឹងឃើញមានកម្មវិធីជជែកពីប្រធានបទដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើនដូចជា ការធ្វើបដិវដ្តបច្ចេកវិទ្យាក្នុងអាជីព និងអាជីវកម្ម ការប្រើប្រាស់ប្រព័ន្ធឌីជីលដើម្បីផ្សព្វផ្សាយ សុខភាពផ្លូវអារម្មណ៍ និងការអភិវឌ្ឍន៍ខ្លួនឯង ដែលខុសពីបណ្តាញសង្គមផ្សេងៗទៀតនាពេលបច្ចុប្បន្នដែលផ្តោតភាគច្រើនលើការកម្សាន្ត។ ដូចនេះប្រសិនបើអ្នកចង់អភិវឌ្ឍន៍ខ្លួនឯង កុំភ្លេចសាកល្បងប្រើប្រាស់Clubhouseក្នុងកំឡុងពេលLockdown នេះ។
បច្ចុប្បន្ន Clubhouseមិនទាន់បើកឱ្យប្រើប្រាស់ទូលំទូលាយនៅឡើយទេ ដែលទាមទារឱ្យអ្នកដែលមានគណនីInviteអ្នកឱ្យចូលរួម ហើយអាចប្រើប្រាស់បានតែអ្នកប្រើiOS ប៉ុណ្ណោះ។ ដូចនេះ បើអ្នកមិនទាន់មាន អាចធ្វើការស្វែងរកអ្នកដែលមានគណនីClubhouseដើម្បីទាញអ្នកចូលក្នុងបណ្តាញសង្គមនេះ។
៣. អានសៀវភៅ ឬស្តាប់សៀវភៅ
ខ្ញុំជឿជាក់ថា មានមនុស្សជាច្រើនដែលតែងតែនិយាយថា ខ្លួនគ្មានពេលគ្រប់គ្រាន់សម្រាប់អានសៀវភៅនោះទេ តែពេលបិទទីក្រុងនេះគឺជាពេលវេលាដ៏ល្អបំផុតដែលអ្នកអាចយកសៀវភៅដែលនាំធ្លាប់ទិញយកមកអាន ឬមួយក៏ចាប់ផ្តើមអានសៀវភៅ។ ប្រសិនបើអ្នកថា អ្នកមិនមានសៀវភៅនៅក្នុងផ្ទះ ខ្ញុំមានវិធីជាច្រើនដែលអ្នកនៅតែបន្តបេសកកម្មនេះ ដូចជាស្វែងរយកសៀវភៅអេឡិចត្រូនិកមកអានតាមប្រភពជាច្រើនដូចចា Amazon ឬអាចសួរនាំមិត្តភក្តិឱ្យផ្ញើរសៀវភៅអេឡេចត្រូនិកមកឱ្យ ឬក៏ណែនាំសៀវភៅដែលល្អសម្រាប់អាន។ ហើយប្រសិនបើអ្នកខ្ចិលអាន សម័យនេះក៏មានសៀវភៅជាលក្ខណៈសម្លេងជាច្រើនដែលមានដូចជានៅលើល Blinkist ឬ Audible ជាដើមដែលជាសៀវភៅអង់គ្លេស និងក៏មានជាសៀវភៅភាសាខ្មែរផងដែរដូចជា Bookeyond និងកម្មវិធីផ្សេងៗទៀតដែលមានសៀវភៅរាប់សិបក្បាលដែលអ្នកអាចស្តាប់បាន។ តែបើអ្នកនិយាយថាមិនចង់ចំណាយលើការបង់ប្រាក់ បណ្តាញវីដេអូ YouTube គឺជាកន្លែងដែលអ្នកស្វែងរកសៀវភៅជាសម្លេងទាំងខ្មែរ និងអង់គ្លេសជាច្រើនដែលមិនអស់ប្រាក់។ ដូចនេះ អ្នកគួរតែឆ្លៀតពេលនេះសម្លៀងខួរក្បាលរបស់អ្នកជាមួយនឹងប្រភពចំណេះដឹងរាប់លាន ដើម្បីឱ្យអ្នកក្លាយជាអ្នកឈានមុខគេមួយ។
៤. មើលការនិយាយជាសាធារណៈ
មានកម្មវិធីការនិយាយជាសាធារណៈជាច្រើនដែលមានវត្តមានលើបណ្តាញអ៊ីនធឺណិត ដូចជាកម្មវិធី Ted Talk,Ignite,Adobe Conference, Google Conference និងកម្មវិធីផ្សេងទៀតដែលអ្នកអាចរកមើលបាននៅលើYouTube។ វាជាសម័យកាលមួយដែលប្រជាជនខ្មែរយើងត្រូវតាមដានកម្មវិធីទាំងនេះដើម្បីអាចរត់តាមគេ និងដឹងនូវអ្វីៗដែលថ្មីៗ កើតមានជុំវិញពិភពលោក ហើយពេលនេះជាពេលដែលសក្តិសមបំផុតសម្រាប់យើងគ្រប់គ្នាដោយសារតែវិបត្តិកូវីដ ដែលយើងត្រូវតែដឹងពីបច្ចេកវិទ្យា ដឹងពីរៀបដែលយើងត្រូវបត់ខ្លួន ដឹងពីការត្រៀមខ្លួនសម្រាប់អនាគត និងក្លាយជាជំនាន់ដែលដឹកនាំការផ្លាស់ប្តូរនៃរបត់ការងារ និងរបៀបធ្វើការងារ។
ក្រៅពីប្រភពពីបរទេស នៅក្នុងប្រទេសកម្ពុជាក៏មានស្ថាប័នជាច្រើនដែលតែងតែមានរៀបចំកិច្ចពិភាក្សាលើប្រធានបទជាច្រើនពីការអភិវឌ្ឍខ្លួនឯង ភាពជាអ្នកដឹកនាំ រហូតដល់ការប្រើប្រាស់បច្ចេកវទ្យា និងការផ្សព្វផ្សាយតាមប្រព័ន្ធឌីជថលកំពុងតែវត្តមានលើបណ្តាញសង្គម និងYouTube។
៥. ធ្វើជាអ្នកចែករំលែក និងកសាងម៉ាកយីហោឱ្យខ្លួនឯងក្នុងពេលLockdown
ពេលនេះអ្នកមិនត្រឹមតែអាចរៀនបន្ថែមនោះទេ នេះក៏ជាឱកាសដែលអ្នកទាំងអស់គ្នាអាចចែករំលែកចំណេះផងដែរដោយចាប់ផ្តើមដោយការសរសេរ ឬបង្កើតជាវីដេអូ ឬសម្លេង ឬការLiveជាដើម សម្រាប់ចែករំលែកដល់មិត្តភក្តិ និងអ្នកតាមដានអ្នក។ ចូរកុំខ្មាស់អៀន ហើយហ៊ានចែករំលែកនូវជំនាញ គំនិត ការយល់ឃើញរបស់អ្នកក្នុងវិស័យដែលអ្នកមានជំនាញ ឬចូលចិត្ត ជាពិសេសការផ្តល់ជាដំណោះស្រាយ និងគំនិតល្អៗនានាដែលអាចយកមកដោះស្រាយបញ្ហាវិបត្តិកូវីដ។
នៅពេលដែលអ្នកចែករំលែកបានច្រើន ហើយចែករំលែកចំជំនាញរបស់អ្នក អ្នកប្រាកដជាអាចក្លាយជាមនុស្សក្នុងចិត្តរបស់អ្នកតាមដានជាច្រើន ដែលវាជាគុណប្រយោជន៍មួយជួយឱ្យម៉ាកយីហោអ្នកកាន់ល្អ និងមានឱកាសកាន់តែច្រើន។