spot_img
spot_img
Homeយុទ្ធសាស្ត្រទីផ្សារតើឆ្នាំ២០២០នេះមានអ្វីខ្លះត្រូវដឹងសម្រាប់ការផ្សព្វផ្សាយលើFacebook?

តើឆ្នាំ២០២០នេះមានអ្វីខ្លះត្រូវដឹងសម្រាប់ការផ្សព្វផ្សាយលើFacebook?

-

Facebook បានចូលរួមចំណែកជាច្រើន​ក្នុងពិភព​អាជីវកម្ម និងសហគ្រិនភាពនៅប្រទេសកម្ពុជា ដោយសារតែបណ្តាញសង្គម​យក្សមួយនេះបានផ្តល់ឱកាស​ឱ្យមនុស្សគ្រប់ៗគ្នា ម្ចាស់អាជីវកម្មគ្រប់ៗគ្នា​មិនថាតូចធំ អាចធ្វើការ​ផ្សព្វផ្សាយ​លើបណ្តាញរបស់ខ្លួន​ដោយ​មិនរើសអើង និងអាច​ចាប់ផ្តើម​ការចំណាយ​តិចតួចបំផុត ដែលអនុញ្ញាតិឱ្យ​អាជីវកម្ម​តូចៗ​ និងមធ្យមអាចមានលទ្ធភាពធ្វើការបង្ហាញខ្លួន​នៅលើទីផ្សារ និងមានប្រសិទ្ធភាពបំផុត។ មិនត្រឹមតែ​សហគ្រិន​ប៉ុណ្ណោះទេ សូម្បី​តែបុគ្គលមួយចំនួន​បានទទួលភាពល្បីល្បាញដោយសារFacebook ហើយអ្នកខ្លះ​អាចរកចំណូល​ពី​ភាពល្បីល្បាញដោយសារការបង្ហោះមាតិការ (ក្លាយជាការងារពេញម៉ោង) ហើយអ្នកខ្លះ​បានកសាងខ្លួន​ឱ្យទៅជា​ជនឥទ្ធមន្ត (Influencer)ទៀតផង។ តើឆ្នាំ២០២០​នេះ​មានអ្វីខ្លះដែលអ្នកត្រូវដឹង?

២០២០​នេះនៅតែជា​ឆ្នាំ​សម្រាប់វីដេអូ

មិនខុសពីឆ្នាំ២០១៩​នោះទេ វីដេអូនឹងក្លាយជាមាតិកាដែលពេញនិយម និងមានប្រសិទ្ធភាពបំផុត (អាច​ទៅដល់មនុស្សច្រើនជាង​រូបភាពឬអក្សរ)សម្រាប់ឆ្នាំកុរនេះ។ ហេតុអ្វី? Facebook ចង់ធ្វើការប្រកួតប្រជែងជាមួយ​នឹង Youtubeដែលជាបណ្តាញមើលវីដេអូធំជាងគេនៅលើពិភពលោក ដូចនេះ​មិនមានអ្វីចម្លែកទេ​ដែលFacebookចង់​លើកទឹកចិត្តអ្នកដែលបង្ហោះវីដែអូ ឬមាតិការជាបែបវីដេអូ​ដើម្បីអាចទទួលបានផលខ្ពស់ជាង​ប្រភេទមាតិការផ្សេងៗទៀត។

ក៏ប៉ុន្តែ​​​​​ មិនមែនវីដេអូ​ទាំងអស់​សុទ្ធតែទទួលបាន​ប្រសិទ្ធភាព និងទទួលបានផលខ្ពស់នោះទេ។ វីដេអូ​មានលក្ខណៈពាណិជ្ជកម្មសុទ្ធសាធ នឹងនៅតែត្រូវបានគេអូសរំលង ហើយបានផលតិចតួចដោយសារតែអ្នកប្រើប្រាស់បច្ចុប្បន្ន​មិនចូលចិត្តមើលការផ្សាយពាណិជ្ជកម្មនោះទេ។ ​ប្រៀបដូចជាយើងកំពុងមើលទូរទ្សន៍អញ្ចឹង នៅពេលដែល​ដល់ពេលផ្សាយពាណិជ្ជកម្ម យើងនឹងចុចដូរប៉ុស្តិ៍មិនខាន។

ការLive Video នៅតែទទួលបានផលខ្ពស់

មិនខុសពីឆ្នាំ២០១៩​នោះទេ ឆ្នាំ២០២០ការ​ Live Video នៅតែល្អ និងមានប្រសិទ្ធភាពខ្ពស់សម្រាប់បណ្តាញសង្គមយក្សមួយនេះដោយសារតែ Facebook ចង់បើកការប្រកួតប្រជែង​ជាមួយ​ស្ថានីយទូរទស្ស ហើយជម្រុញឱ្យ​ក្រុមហ៊ុន និង​អ្នកប្រើប្រាស់​បង្កើត​Channel ឬ Pageសម្រាប់ការផ្សព្វផ្សាយដូចជា​ស្ថានីយទូរទស្សន៍។ មិនតែប៉ុណ្ណោះ ដើម្បីទាក់ទាញការប្រើប្រាស់ រាល់ការLiveម្តងៗ Facebookតែងតែ​ផ្ញើរដំណឹងទៅដល់អ្នកដែលតាមដានPageរបស់អ្នកអំពីការLive Video ដើម្បីទាក់ទាញមនុស្សឱ្យចូលមើល ដើម្បីជាធ្នាក់ទាក់ចិត្តឱ្យយើងបន្តការផ្សាយបន្តផ្ទាល់នេះ។

Facebook Page ដែលមានម៉ាកសញ្ញាត្រឹមត្រូវ និងមានគុណតម្លៃ​និង​កាន់តែប្រសើរ

តាំងពីដើមឆ្នាំ២០១៩ គឺជាឆ្នាំ​ដែលមានការជជែកយ៉ាងច្រើន​អំពី​ព័ត៌មាន​ក្លែងក្លាយ ព័ត៌មានបំប៉ោងដែលកើតមាន​ឡើងព្រោងព្រាតនៅលើបណ្តាញសង្គមមួយនេះ។ ហេតុនេះហើយ Facebook បានខិតខំយ៉ាងខ្លាំងដើម្បីដោះស្រាយបញ្ហានេះដើម្បីទប់ស្កាត់​បញ្ហានានាដែលអាចកើតមានឡើងពីការចែកចាយ​ព័ត៌មានឥតមានប្រភពច្បាស់លាស់នេះ។ ដូចនេះហើយ មួយរយៈចុងក្រោយនេះ យើងឃើញមាន​Page និងគណនី​មួយចំនួនធំត្រូវបានលុបចោល ជាពិសេស​គណនី និងPage ដែល​មានការបង្ហោះ​មាតិការមិនសមរម្យ និងក្លែងក្លាយ ឬគណនី និងPageដែល​ប្រើប្រាស់មាតិការរបស់អ្នកផ្សេងយកមកបង្ហោះ​ដែលគ្មានការអនុញ្ញាតិ សម្រាប់បម្រើប្រយោជ៍របស់ខ្លួន (ដើម្បីបង្កើនចំនួន Like)។ នៅពេលដ៏ខ្លីខាងមុខនេះ នៅពេលដែលបច្ចេកវិទ្យា​បញ្ញាសុប្បនិម្មិត​កាន់តែប្រសើរ Pageដែលគ្មានម៉ាកសញ្ញាត្រឹមត្រូវ ឬ Page ដែលបង្ហោះមាតិការមិនបានការទាំងនោះ​នឹងត្រូវ​បាត់សូន្យ​ចេញពីពិភពគុន​នេះ ហើយPageដែលបង្កើតឡើងដើម្បីម៉ាកសញ្ញាឬគោលបំណងច្បាស់លាស់នឹងអាចឋិតឋេរ ហើយទទួលបានផលប្រសើរជាង។​

កុំរំពឹងថា Like, Share & Comment គឺបានច្រើនដូចមុន

ប្រសិនបើអ្នកមាន Page ហើយនៅពេល​ដែលបង្ហោះ​ម្តងៗកាន់តែ​មានការ Like Share ឬ Commentកាន់តែតិចទៅៗនោះ មិនបាច់ឆ្ងល់នោះទេ ព្រោះថា​តាំងពីឆ្នាំ២០១៧មក ចំនួន​ខាងលើនេះគឺធ្លាក់ចុះជាលំដាប់​ដោយសារការកែប្រែ​ការកំណត់របស់ Facebook ហើយបណ្តាញសង្គម​មួយនេះចង់​ជម្រុញ​ឱ្យម្ចាស់ Pageបង្កើតមាតិការដែលមានភាពច្នៃប្រឌិត និងគួរឱ្យទាក់ទាញ​ដើម្បីទទួលបានការ  Like Share និងComment ច្រើន។​ ហើយមួយវិញទៀត បណ្តាញមួយនេះ​ចង់ជម្រុញ​ឱ្យយើងចាយលុយផ្សព្វផ្សាយដើម្បីអាច​ទៅដល់មនុស្សកាន់តែច្រើនដើម្បីទទួលបាន Like Share និងCommentច្រើន។

ដូចនេះ ប្រសិនបើអ្នកចង់បានLike Comment និងShareច្រើននោះ អ្នកត្រូវតែខិតខំបង្កើតមាតិការណាដែលល្អ ទាក់ទាញ និងមានប្រយោជន៍សម្រាប់អ្នកប្រើប្រាស់Facebookដើម្បីអាច​ទៅដល់មនុស្សកាន់តែច្រើន។

ការចាយលុយផ្សព្វផ្សាយគឺកាន់តែចំណាយច្រើន

អ្នកបង្កើតPageគឺមានកាន់តែច្រើន អ្នករកស៊ីតាមFacebookមានការកើនឡើងយ៉ាងគំហុក ហើយអ្នកមានលុយចាយសម្រាប់ផ្សព្វផ្សាយវិញគឺរាប់សិបម៉ឺននាក់ ដែលធ្វើឱ្យការផ្សព្វផ្សាយ​កាន់តែមានការប្រកួតប្រជែង និងកាន់តែថ្លៃទៅៗ។ កាលពី​ឆ្នាំ២០១២-២០១៥​ ការផ្សព្វផ្សាយ​គឺមានតម្លៃទាប និងមិនមានការប្រកួតប្រជែងច្រើននោះទេ ហើយប្រសិនប្រៀបធៀបជាមួយនឹងបច្ចុប្បន្នវិញ ការចំណាយលើការផ្សព្វផ្សាយលើFacebookគឺឡើងថ្លៃជាងមុនពី៣ ទៅ៥ដងឯណោះ ហើយវានឹងបន្តកើនឡើងនៅថ្ងៃខាងមុខ។

ការផ្សព្វផ្សាយមានប្រសិទ្ធភាពគឺត្រូវផ្តោត​លើមាតិកាផ្សព្វផ្សាយ

ដើម្បី​កាត់បន្ថយ​ថ្លៃចំណាយផ្សព្វផ្សាយ​ជាអតិបរិមា និងធ្វើឱ្យម៉ាកយីហោអ្នកមានគេចូលចិត្តហើយចាប់អារម្មណ៍ អ្នកផ្សព្វផ្សាយ ឬម្ចាស់អាជីវកម្ម​ត្រូវមានភាព​វៃឆ្លាត​ក្នុងការបង្កើតមាតិការផ្សព្វផ្សាយឱ្យមានភាពទាក់ទាញ ដើម្បី​ជម្រុញ​ឱ្យមានការទាក់ភ្នែកអ្នកប្រើប្រាស់បណ្តាញសង្គមនេះ ងាយស្រួលក្នុងការទទួលបាន Like Share និង Comment ព្រោះថាទីនេះគឺជា​បណ្តាញសង្គមដែលទាមទារឱ្យមានទំនាក់ទំនងរវាង​មនុស្ស​និងមនុស្ស រវាងPageនិងFan ឬអ្នកប្រើប្រាស់គណនីបណ្តាញសង្គមមួយនេះ។

ការបង្កើតមាតិកាផ្សព្វផ្សាយល្អ ពិតជាមិនងាយស្រួលមែន ប៉ុន្តែប្រសិនបើអ្នកហ៊ានចំណាយធនធានដើម្បីធ្វើវាឱ្យបានល្អ អ្នកនឹងទទួលបានផលមកគាប់ប្រសើរជាមិនខាន។

ការផ្សព្វផ្សាយតាម Facebook Messengerនៅតែបន្តមានប្រសិទ្ធភាពខ្ពស់ (Chatbot)

មានម្ចាស់អាជីវកម្ម និងអ្នកទីផ្សារតិចតួចប៉ុណ្ណោះដែលដឹងឬស្គាល់ការផ្សព្វផ្សាយតាមMessengerមួយនេះ។ បើនិយាយទៅ វាស្រដៀង​នឹងការធ្វើទីផ្សារដោយការផ្ញើរអ៊ីម៉ែល (Email Marketing) តែវាមានប្រសិទ្ធភាព​ខ្ពស់ជាង​ឆ្ងាយណាស់ដោយសារតែនៅក្នុងសង្គម​ខ្មែរយើងមិនសូវមានអ្នកប្រើប្រាស់អ៊ីម៉ែលនោះទេ តែភាគច្រើនគឺមាន Messengerដើម្បីធ្វើការទំនាក់ទំនង​គ្នា។ វានឹងក្លាយជាឧបករណ៍​ផ្សព្វផ្សាយ​នៅដែលFacebookដែលអស្ចារ្យ​ និងមានប្រសិទ្ធភាពខ្ពស់បន្តទៀត​នៅឆ្នាំនេះដោយស្ថិតិនៃការបើកមើលគឺមានកម្រិតច្រើនជាង៨៥% ហើយ​អាជីវកម្មកាន់តែច្រើនឡើងៗនឹងចាប់ផ្តើម​បញ្ចូល​ការផ្សព្វផ្សាយនេះ​នៅក្នុងគម្រោងផ្សព្វផ្សាយរបស់ខ្លួន។  ប៉ុន្តែ អ្នកត្រូវតែដឹងពីការប្រើប្រាស់វាឱ្យបានល្អ ដោយមិនត្រូវផ្សព្វផ្សាយច្រើនពេកទេដើម្បីកុំឱ្យអតិថិជនអ្នកធុញទ្រាន់ និងឈប់ចង់ទទួលបានសារពីអ្នក ហើយត្រូវ​ផ្ញើរសារណាដែលមានប្រយោជន៍ជូនដល់អតិថិជនរបស់អ្នក។

ការប្រើប្រាស់វាគឺគ្រាន់តែអ្នកភ្ជាប់​ជាមួយ​នឹង Chatbot Platform នានាដូចជា Chatfuel ឬ Manychat នោះអ្នកនឹងអាច​ប្រើប្រាស់ការផ្សព្វផ្សាយនេះដោយមិនគិតថ្លៃ (អ្នកនឹងត្រូវចំណាយប្រសិនបើអ្នកចង់ប្រាស់ ឧបករណ៍កម្រិតខ្ពស់មួយចំនួន)។

ហាក់ គីមថុង
ហាក់ គីមថុងhttp://www.kumnit.com
លោក ហាក់គីមថុង គឺជាស្ថាបនិកគេហទំព័រគំនិត និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Viniyuk Brokerage Solution Co.,Ltd។ គាត់មានបទពិសោធន៍ទាំងក្នុង និងក្រៅប្រទេសក្នុងវិស័យទីផ្សារឌីជីថល អចលនវត្ថុ និងការអភិវឌ្ឍអាជីវកម្មជិត១០ឆ្នាំមកហើយ។ គាត់ក៏ជាទីប្រឹក្សាយុទ្ធសាស្ត្រអាជីវកម្មផងដែរក្នុងវិស័យអចលនវត្ថុ លក់រាយ និងសេវាកម្ម​សម្រាប់ម្ចាស់អាជីវកម្ម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ