ការចាប់ផ្ដើមអាជីវកម្មមួយបាន លុះត្រាតែអ្នកមានគំនិតអាជីវកម្មដ៏ត្រឹមត្រូវមួយក្នុងការចាប់ផ្ដើមជាមុនសិន ប៉ុន្តែអ្វីជាបញ្ហាចោទនោះគឺថា អ្នកមិនដឹងស្វែងរកគំនិតអាជីវកម្មបែបណា គួរជ្រើសរើសមួយណាបើមានគំនិតច្រើនជាដើម។ ហេតុនេះហើយ នៅក្នុងខ្លឹមសារអត្ថបទខាងក្រោមនេះ នឹងបង្ហាញពីតិចនិកមួយចំនួនដែលអ្នកអាចអនុវត្តន៍ក្នុងការស្វែងរកគំនិត និងជ្រើសរើសគំនិតក្នុងការធ្វើអាជីវកម្មផ្ទាល់ខ្លួនឱ្យបានល្អប្រសើរ។
1. ផ្តោតលើជំនាញ បទពិសោធន៍ និងចំណង់ចំណូលចិត្តរបស់អ្នក
មនុស្សគ្រប់គ្នាតែងតែមានជំនាញ បទពិសោធន៍ និងចំណង់ចំណូលចិត្តផ្សេងៗគ្នា ដោយអាស្រ័យលើស្ថានភាពរស់នៅ ការសេពគប់ និងទីតាំងដែលពួកគេចំណាយពេលវេលាច្រើននៅទីនោះ។ ត្រង់ចំណុចនេះ មិនទាមទារឱ្យអ្នកក្លាយជាអ្នកជំនាញខ្លាំងនោះទេ គ្រាន់តែជាជំនាញដែលអ្នកមានភាពលេចធ្លោជាងគេដែលអ្នកមានស្រាប់។ រីឯបទពិសោធន៍វិញ សំដៅលើបទពិសោធន៍ដែលអ្នកធ្លាប់ឆ្លងកាត់ និងធ្លាប់ធ្វើកន្លងមកទាំងនៅក្នុងជីវិត និងនៅកន្លែងធ្វើការជាដើម។ ហើយទាំងជំនាញ ទាំងបទពិសោធន៍ សុទ្ធតែអ្នកអាចគិតពិចារណា ដើម្បីយកមកប្រើជាគំនិតអាជីវកម្មដែលអ្នកចង់ចាប់ផ្ដើមវា ហើយអ្នកមានចំណង់ចំណូលចិត្ត និងមហ្ឆិចតាក្នុងការធ្វើវាខ្លាំង។
ឧទាហរណ៍
- មានជំនាញសរសេរកូដ អាចធ្វើជាអ្នកធ្វើការឯករាជ្យដល់ក្រុមហ៊ុនណាមួយ
- មានជំនាញទីផ្សារ អាចធ្វើជាអ្នកផ្ដល់ប្រឹក្សាយោបល់ដល់ម្ចាស់អាជីវកម្ម
- មានជំនាញឆុងកាហ្វេ អាចបើកហាងកាហ្វេផ្ទាល់ខ្លួន
- មានចំណង់ចំណូលចិត្តផ្នែកហាត់ប្រាណ អាចបើកខ្លឹបហាត់ប្រាណ
- អ្នកមានបទពិសោធន៍ធ្វើការច្រើនលើផ្នែកណាមួយ ដូច្នេះអ្នកអាចចាប់ផ្ដើមលើផ្នែកនោះជាគំនិតអាជីវកម្មរបស់អ្នក ។ល។
2. គិតអំពីបញ្ហាដែលជួបចំពោះមុខ
អ្នកអាចគិតពិចារណានូវរឿងដែលអ្នកធ្លាប់ខកចិត្តពីក្រុមហ៊ុនណាមួយ ហើយអ្នកអាចលឺមិត្តភក្តិ ឬអ្នកជុំវិញជួបបញ្ហាដូចអ្នកដែរ ឬអាចជារឿងផ្សេង ហើយអ្នកអាចគិតថាវាជារឿងអាចទៅរួចប្រសិនបើអ្នកចាប់យកឱកាសនោះដើម្បីបង្កើតអ្វីដែលថ្មីក្នុងការបំពេញនូវចន្លោះខ្វះខាត ឬធ្វើឱ្យល្អប្រសើរជាងមុន។ លើសពីនេះ អ្នកក៏អាចធ្វើការស្ទង់មតិបន្ថែមពីអ្នកជុំវិញខ្លួន ជាពិសេសគ្រួសារ មិត្តរួមថ្នាក់ មិត្តរួមការងារ និងបងប្អូនជាដើម ដើម្បីសួរអំពីការខកចិត្ត ឬបញ្ហាដែលជួបប្រទះនានាដែលមិនមានដំណោះស្រាយ ហើយតែងតែកើតឡើងដដែល ព្រមទាំងគ្មានក្រុមហ៊ុនណាមិនទាន់ធ្វើអ្វីដើម្បីដោះស្រាយបញ្ហានោះជាដើម ដើម្បីផ្ដល់ជាគំនិតដល់អ្នកក្នុងការមានគំនិតអាជីវកម្ម។
3. គិតលើការបំពេញតម្រូវការរបស់មនុស្ស
មនុស្សនៅក្នុងតំបន់នីមួយៗ និងទូទាំងពិភពលោកសុទ្ធតែមានតម្រូវការជាច្រើនផ្នែក ហើយពេលខ្លះមានផ្នែកមួយចំនួនដែលអាចបំពេញតម្រូវការមនុស្សបានពេញមួយជីវិតដែលមនុស្សមិនអាចខ្វះបាន ឧទាហរណ៍ មនុស្សត្រូវការញុំា ដូច្នេះត្រូវតែមានអាហារ មនុស្សត្រូវការស្លៀកពាក់ ដូច្នេះត្រូវតែមានសម្លៀកបំពាក់ ហើយមនុស្សត្រូវការសម្អាត ដូច្នេះត្រូវតែមានសាប៊ូ ។ល។ ហើយផ្នែកទាំងនេះ ក៏មានក្រុមហ៊ុនជាច្រើនដែលកំពុងបង្កើតដើម្បីបំពេញតម្រូវការរបស់មនុស្ស។ ចំណែកអ្នកវិញ អ្នកអាចគិតពិចារណានៅក្នុងតំបន់ដែលអ្នកចង់ចាប់ផ្ដើមអាជីវកម្ម បន្ទាប់មកគិតលើតម្រូវការរបស់មនុស្សដែលមនុស្សចូលចិត្តប្រើប្រាស់ជាប្រចាំ អាចជាប្រចាំថ្ងៃ ប្រចាំខែ និងប្រចាំឆ្នាំជាដើម ហើយបង្កើតជាគំនិតអាជីវកម្មមួយដែលអាចបំពេញតម្រូវការរបស់ពួកគេ។
4. ជ្រើសរើសគំនិតអាជីវកម្មមួយ
ក្រោយពីឆ្លងកាត់ដំណាក់កាល 3 ខាងលើរួចហើយ អ្នកអាចសរសេរនូវគំនិតអាជីវកម្មដែលអ្នកមានយ៉ាងហោចចំនួន 10 បន្ទាប់មកចាប់ផ្ដើមចម្រាញ់យកគំនិតអាជីវកម្មមួយដែលអ្នកស្រលាញ់បំផុត ហើយមានជំនាញស្រាប់ ព្រមទាំងមានមហិ្ឆចតាចង់ធ្វើខ្លាំងជាងគេ និងអាចពង្រីកបានធំនាពេលអនាគត។ ហើយអ្នកអាចយកសំណួរសួរមួយចំនួន៖
- តើអ្វីជាគំនិតអាជីវកម្មដ៏ល្អបំផុតមួយសម្រាប់អ្នក?
- ហេតុអ្វីបានជាអ្នកជ្រើសរើសយកគំនិតអាជីវកម្មមួយនេះ? (បង្ហាញហេតុផលសំខាន់ 3)
- តើកម្រិតនៃក្ដីស្រលាញ់លើគំនិតអាជីវកម្មនោះកម្រិតណា?
- តើអ្នកច្បាស់ទេថាអ្នកមានជំនាញក្នុងគំនិតអាជីវកម្មនោះ?
- តើគំនិតអាជីវកម្មនោះអាចពង្រីកបានធំកម្រិតណា?
5. តេស្តសាកល្បងនូវគំនិតដែលអ្នកជ្រើសរើស
បន្ទាប់ពីអ្នកបានជ្រើសរើសគំនិតអាជីវកម្មមួយដែលអ្នកបានជ្រើសរើសរួចហើយ អ្នកអាចចាប់ផ្ដើមប្រឡូកនៅក្នុងគំនិតអាជីវកម្មនោះឱ្យស៊ីជម្រៅដើម្បីធ្វើឱ្យកាន់តែប្រាកដថាអ្នកច្បាស់លាស់ក្នុងការធ្វើវា ហើយគំនិតអាជីវកម្មនោះអាចដំណើរការបាន។ អ្នកអាចចាប់ផ្ដើមសិក្សាអំពីទំហំទីផ្សារនូវគំនិតអាជីវកម្មរបស់អ្នក សិក្សាអំពីក្រុមអតិថិជនគោលដៅ ដៃគូប្រកួតប្រជែង សិក្សាពីចំណុចខ្លាំង ចំណុចខ្សោយ ភាពគំរាមគំហែង និងឱកាសនៃគំនិតអាជីវកម្មរបស់អ្នកជាដើម។