តើអ្នកត្រូវធ្វើបែបណាមុនពេលមកសម្ភាសន៍ការងារ??
នាពេលបច្ចុប្បន្ននេះយើងឃើញថាសន្ទស្សន៍នៃអ្នកដែលបានមកដាក់ពាក្យធ្វើការនៅតាមក្រុមហ៊ុនឬអង្គភាពនានា គឺពិតជាមានចំនួនច្រើនមែនទែន ក៏ប៉ុន្តែអ្នកដែលធ្លាក់នៅក្នុងការសម្ភាសន៍ការងារនោះក៏មិនតិចដែរ។តើមូលហេតុអ្វីបានជាបេក្ខជនទាំងអស់នោះមិនអាចជាប់នៅក្នុងការសម្ភាសន៍បាន?? ហើយពួកគេគួរតែធ្វើបែបណាដើម្បីជាប់ក្នុងការសម្ភាសន៍ការងារទាំងនោះ? ដូចនេះ គំនិតនឹងនាំមកនូវ៤ចំណុចធំៗដែលអាចជួយឲ្យពួកគេជាប់នៅក្នុងការសម្ភាសន៍ការងារបាន៖
១. ត្រូវមើលពីប្រវត្តិក្រុមហ៊ុន និងដឹងពីវាឲ្យបានច្បាស់
មុនពេលដែលអ្នកចង់ ដាក់ពាក្យ (Apply) ការងារណាមួយដែលបានបង្ហោះនៅតាមបណ្ដាញសង្គម រឿងដំបូងបំផុតដែលអ្នកត្រូវធ្វើគឺ ត្រូវចូលទៅពិនិត្យមើលប្រវត្តិរបស់ក្រុមហ៊ុនឬអង្គភាពនោះឲ្យបានច្បាស់លាស់ ហើយត្រូវប្រាកដក្នុងចិត្តសិនថា ក្រុមហ៊ុននោះគេរកស៊ីអី្វ លក់អ្វី មានកេរ្តិ៍ឈ្មោះបែបណា មានចំនួនអ្នកLike គាំទ្រច្រើនប៉ុណ្ណានៅលើpageរបស់គេ ហើយគេប្រកាសរកបុគ្គលិកប្រភេទណា តួនាទីអ្វី និងជំនាញអ្វីខ្លះ ហើយវាស៊ីគ្នាជាមួយនឹងអ្វីដែលអ្នកចង់ធ្វើដែរឬក៏អត់(ត្រូវនឹងជំនាញខ្លួនឬអត់) ព្រោះការតាមដាននូវរឿងរ៉ាវបែបនេះវាអាចជួយអ្នកឲ្យចេះត្រៀមលក្ខណៈឲ្យបានរួចរាល់ដើម្បីដើរចូលទៅសម្ភាសន៍យ៉ាងមានជំនឿជឿជាក់។តួយ៉ាងមូលហេតុដែលអ្នកត្រូវចូលមើល Page របស់ក្រុមហ៊ុនឲ្យបានច្បាស់លាស់នោះគឺដោយសារតែ ពេលដែលអ្នកទៅសម្ភាសន៍ការងារ អ្នកគ្រប់គ្រងផ្នែកធនធានមនុស្សនឹងសុំអ្នកឲ្យនិយាយខ្លះៗពាក់ព័ន្ធនឹងក្រុមហ៊ុនរបស់ពួកគេ ដើម្បីចង់ដឹងថាបេក្ខជនរូបនេះស្គាល់ពីក្រុមហ៊ុនបានច្បាស់ប៉ុណ្ណា បានស្រាវជ្រាវពីប្រវត្តិរបស់អង្គភាពរបស់ខ្លួនហ្នឹងបានប៉ុណ្ណា ព្រោះការធ្វើបែបនេះក្រុមហ៊ុនអាចវាស់ស្ទង់សមត្ថភាពរបស់បេក្ខជនទាំងនោះបានថា ពួកគេពិតជាចង់មកបម្រើការងារនៅទីនេះមែនដែរឬអត់ ឬមួយក៏គ្រាន់តែដាក់ឲ្យតែបានៗ ឲ្យតែរួចពីដៃទេ។ ដូចនេះអ្នកត្រូវប្រាកដចិត្តថាអ្នកពិតជាស្គាល់ក្រុមហ៊ុននោះច្បាស់ពិតមែន។
២.ត្រូវត្រៀមសំណួរសម្រាប់សួរនិងឆ្លើយឲ្យបានល្អ
តើហេតុអ្វីបានជាអ្នកត្រូវត្រៀមសំណួរមុនពេលទៅសម្ភាសន៍ការងារ??ហើយការត្រៀមបែបនោះវាជួយអ្វីខ្លះដល់អ្នក??
ជាធម្មតាបើសិនជាអ្នកពិតជាចង់ចូលម្រើការងារនៅក្នុងក្រុមហ៊ុនឬនៅក្នុងអង្គភាពនោះពិតមែន អ្នកប្រាកដជារៀបចំខ្លួនបានយ៉ាងស្អាត ទាំងសម្លៀកបំពាក់ ការតុបតែងខ្លួន ការនិយាយ និងស្នាមមញញឹម ជាពិសេសគឺត្រៀមរៀបចំនូវសំណួរដែលអ្នកគិតថា ពេលដែលអ្នកទៅសម្ភាសន៍ អ្នកគ្រប់គ្រងផ្នែកធនធានមនុស្សនៅទីនោះអាចនឹងសួរអ្នកពីសំណួរនេះឬសំណួរនោះ ដូចនេះបើអ្នកបានត្រៀមទុកជាមុន នោះអ្នកអាចនឹងមានភាគរយច្រើនដើម្បីជាប់ក្នុងការងារនេះ។
ចំពោះករណីដែលអ្នកមិនធ្លាប់ដាក់ពាក្យការងារ ឬមិនធ្លាប់ទទួលបានបទសម្ភាសន៍ពីមុនមក អ្នកអាចចូលទៅ search នៅក្នុង Google ឬនៅក្នុង Youtube ជាដើមដើម្បីដឹងពីរបៀប ក៏ដូចជាដឹងពីបៀបបទដែលគេសម្ភាសន៍បុគ្គលិក និងសំណួរដែលពួកគេតែងតែសួរ ព្រោះនៅកន្លែងនោះវាអាចប្រាប់អ្នកបានគ្រប់យ៉ាងពីរបៀបនិយាយ របៀបឆ្លើយ និងរបៀបសួរនៅពេលសម្ភាសន៍ជាដើម។ ឬមួយអ្នកអាចទៅសាកសួរអ្នកដែលធ្លាប់ជាប់ក្នុងបទសម្ភាសន៍ ឬធ្លាប់មានបទពិសោធន៍ច្រើនក្នុងការសម្ភាសន៍ ថា “ពេលដែលត្រូវទៅសម្ភាសន៍យើងត្រូវត្រៀមសំណួរបែបណាខ្លះ? ឬ ភាគច្រើនពេលដែលទៅសម្ភាសន៍ហ្នឹងគេតែងតែសួរអ្វីខ្លះពីយើង? ហើយត្រូវឆ្លើយបែបណាទើបល្អជាដើម”។
៣. ត្រូវរុករកទីតាំងពី Google map មុនពេលមកសម្ភាសន៍
ដើម្បីឲ្យមកទាន់ពេល អ្នកត្រូវពិនិត្យមើលពីទីតាំង ឬកន្លែងការងារនោះឲ្យបានច្បាស់លាស់សិនមុនពេលដែលអ្នកមកសម្ភាសន៍ការងារ។ មិនមែនដល់ពេលដែលអ្នកត្រូវទៅទើបអ្នកចាប់ផ្ដើមស្វែងរកទីតាំងនៅក្នុង Google map នោះទេព្រោះវាអាចធ្វើឲ្យអ្នកមកសម្ភាសន៍មិនទាន់ពេលវេលាដែលខាងក្រុមហ៊ុនបានកំណត់ ជាពិសេសវានឹងធ្វើឲ្យអ្នកមានអារម្មណ៍តានតឹងក្នុងចិត្តដោយសារខ្លាចមកមិនទាន់ ហើយមកដល់ក្នុងស្ថានភាពមួយដែលប្រថុចញុច ឬអាចមានអារម្មណ៍ថាធុញទ្រាន់លែងចង់មកសម្ភាសន៍ទៀត ដោយសារតែរកផ្លូវមកក្រុមហ៊ុននោះមិនឃើញជាដើម។
វិធីសាស្ត្រមួយទៀតដែលល្អ គឺបេក្ខជនគួរតែខលមកកាន់ផ្នែកធនធានមនុស្ស (HR Manager) ដែលជាអ្នកគ្រប់គ្រងខាងផ្នែកនេះផ្ទាល់ ដើម្បីផ្ញើរទីតាំងមកឲ្យអ្នក (Share Company’s location)។ហើយការធ្វើបែបនេះវាជារឿងមួយដែលល្អ និងងាយស្រួលទាំងសងខាង ព្រោះបើធ្វើបែបហ្នឹង ខាងក្រុមហ៊ុនមិនចាំបាច់ចំណាយពេលច្រើនដើម្បីនិយាយប្រាប់ផ្លូវឬទិសដៅច្រើនដង ឬនិយាយដដែលៗនោះទេ។
ចំពោះបេក្ខជន ករណីនេះអាចចាត់ទុកថាជាដំណាក់កាលមួយដែល HR Manager អាចកត់សម្គាល់ពីបុគ្គលិកលក្ខណៈ ទំនួលខុសត្រូវ និងអត្តចរិករបស់បេក្ខជនបាន ព្រោះបើសិនជាបេក្ខជនណាម្នាក់ដែលចង់បានការងារឬចង់ចូលមកបម្រើការងារនៅទីនេះពិតប្រាកដមែន ពួកគេនឹងស្រាវជ្រាវពីទីតាំងនោះឲ្យបានមុន ឬ ចំណាយពេលជិះដើររកកន្លែងដែលខ្លួនត្រូវទៅសម្ភាសន៍ហ្នឹងឲ្យបានមុនថ្ងៃសម្ភាសន៍។
៤. ត្រូវមកឲ្យបានមុនពេលសម្ភាសន៍
ហេតុអ្វីបានជាអ្នកត្រូវមកមុនយ៉ាងហោចណាស់១៥នាទីមុនពេលមកសំភាសន៍?
ពេលដែលអ្នកមកសម្ភាសន៍ការងារដំបូង អ្នកប្រាកដជាភ័យ និយាយអ្វីមិនត្រូវ អាចនឹងមានអាការថប់ៗទ្រូង ពិបាកដកដង្ហើមជាដើម ហើយវាគឺជាដើមហេតុដែលធ្វើឲ្យអ្នកមិនអាចឆ្លើយសំណួរបានគ្រប់ជ្រុងជ្រោយ និងមិនបានល្អផងដែរ។ដូចនេះជម្រើសល្អសម្រាប់អ្នក គឺអ្នកគួរតែមកដល់កន្លែងសម្ភាសន៍ការងារឲ្យបានមុនយ៉ាងហោចណាស់១៥នាទី ដើម្បីសម្រួលផ្លូវចិត្ត ផ្លូវអារម្មណ៍របស់អ្នកមានភាពធូរស្បើយ។ ម្យ៉ាងទៀតប្រសិនជាអ្នកមកមុនពេលអ្នកអាចស៊ាំពីទីតាំង ពីមនុស្សនៅទីនោះ ហើយមានភាពជឿជាក់ចំពោះការសម្ភាសន៍នេះទៀតផង។
ជារួមចំណុចទាំង៤ដែលបានបកខាងលើនេះពួកយើងសង្ឃឹមថា វានឹងជួយអ្នកឲ្យជាប់ក្នុងការសម្ភាសន៍ និងឆាប់ទទួលបានការងារមួយដែលអ្នកពេញចិត្ត។