ការចាប់ផ្ដើមរកស៊ី គឺអ្នកអាចសម្រេចចិត្តចាប់ផ្ដើមនៅពេលណាក៏បានដែរ ប៉ុន្តែឱ្យតែការចាប់ផ្ដើមនោះអ្នកបានត្រៀមខ្លួនរួចជាស្រេចក្នុងការចាប់ផ្ដើម ព្រមទាំងមានផែនការ និងគោលបំណងច្បាស់លាស់។ ម្យ៉ាងវិញទៀត ប្រសិនបើអ្នកនៅតែមានចម្ងល់នៅក្នុងចិត្តថា បើនៅរង់ចាំរៀបការសិន សឹមចាប់ផ្ដើមរកស៊ី តើល្អឬទេ? អ្នកអាចគិតពិចារណានៅគោលគំនិតដូចខាងក្រោម បន្ទាប់មកអ្នកអាចចាប់ផ្ដើមសម្រេចចិត្តម្ដងទៀត តើគួរនៅរង់ចាំរៀបការសិន ឬក៏យ៉ាងណាដែរ ដើម្បីចាប់ផ្ដើមអាជីវកម្ម?
មិនរង់ចាំរៀបការ ហើយចាប់ផ្ដើមរកស៊ីផ្ទាល់ខ្លួន
មិនថាអ្នកជាមនុស្សស្រី ឬជាមនុស្សប្រុសទេ ប្រសិនបើអ្នកបានពង្រឹងសមត្ថភាពផ្ទាល់ខ្លួនឱ្យបានខ្លាំង ព្រមទាំងមានសមត្ថភាពក្នុងការប្រមូលធនធានក្នុងការចាប់ផ្ដើមរកស៊ីលើវិស័យណាមួយហើយ អ្នកអាចចាប់ផ្ដើមបាន។ ប៉ុន្តែប្រសិនបើមិនទាន់ត្រៀមខ្លួនរួចរាល់ និងខ្វះធនធានក្នុងការចាប់ផ្ដើម អ្នកអាចចាប់ផ្ដើមរៀបចំផែនការអាជីវកម្មផ្ទាល់ខ្លួនមួយឱ្យបានច្បាស់លាស់ ក្នុងករណីថាអ្នកពិតជាស្រលាញ់និងចង់ចាប់ផ្ដើមរកស៊ី។ បន្ទាប់ពីរៀបចំផែនការអាជីវកម្មរួចហើយ អ្នកអាចស្វែងរកជំនួយក្នុងការជួយ និងរកក្រុមសហការ ហើយពង្រឹងក្រុម និងគោលបំណងខ្លួនឯងឱ្យខ្លាំង បន្ទាប់មកប្រមូលដើមទុនឱ្យបានគ្រប់គ្រាន់ នោះអ្នកអាចចាប់ផ្ដើមបាន។
បន្ថែមពីនេះ អ្នកត្រូវដឹងថា នៅពេលអ្នកមិនទាន់រៀបការ អ្នកអាចចាប់ផ្ដើមនូវអ្វីដែលជាក្ដីស្រលាញ់ផ្ទាល់ខ្លួន និងមានពេលវេលាច្រើនក្នុងការផ្ដោតធ្វើវាឱ្យបានសម្រេច គ្រាន់តែវាទាមទារឱ្យអ្នកយល់ពីអ្វីដែលខ្លួនឯងចង់ធ្វើពិតប្រាកដ និងយល់ពីបរិបទនៃការធ្វើអាជីវកម្ម ហើយអាចដំណើរការបាន។
ជារួមមក ត្រង់ចំណុចនេះចង់បង្ហាញឱ្យអ្នកដឹងថា បើអ្នកពិតជាមានគោលបំណងចង់បើកដំណើរការអាជីវកម្មផ្ទាល់ខ្លួន អ្នកអាចចាប់ផ្ដើមពីឥលូវបាន ដោយមិនចាំបាច់រង់ចាំរៀបការសិនឡើយ។ ប៉ុន្តែទាមទារឱ្យអ្នកត្រៀមខ្លួនឱ្យបានរួចរាល់ទាំងមានផែនការអាជីវកម្មច្បាស់លាស់ មានដើមទុនគ្រប់គ្រាន់ មានក្រុមសហការដ៏រឹងមាំ និងអ្នកខ្លួនឯងយល់ច្បាស់ពីការធ្វើអាជីវកម្មលើវិស័យដែលអ្នកជ្រើសរើស។
រង់ចាំរៀបការសិន សឹមចាប់ផ្ដើមរកស៊ីផ្ទាល់ខ្លួន
ប្រសិនបើអ្នកចង់ចាប់ផ្ដើមអាជីវកម្មក្រោយពេលអ្នករៀបការហើយ ក៏មិនមែនជារឿងអាក្រក់ដែរ ព្រោះវាជាជម្រើសរបស់អ្នកផ្ទាល់ខ្លួន។ ប៉ុន្តែអ្នកត្រូវចងចាំថា ប្រសិនបើដៃគូរបស់អ្នកមិនមានគោលបំណងក្នុងការចាប់ផ្ដើមរកស៊ីដូចអ្នក នោះវាអាចបង្កឱ្យមានការខ្វែងគំនិតគ្នា។ ប៉ុន្តែប្រសិនបើដៃគូរបស់អ្នកមានគោលបំណងដូចអ្នក ឬគាំទ្រឱ្យអ្នកចាប់ផ្ដើមរកស៊ីតាមក្ដីស្រមៃរបស់អ្នក នោះវាជារឿងដ៏ល្អ។
ជារួមមក ត្រង់ចំណុចនេះចង់បង្ហាញឱ្យអ្នកដឹងថា បើអ្នកសម្រេចចិត្តរង់ចាំរៀបការសិន សឹមចាប់ផ្ដើមរកស៊ីផ្ទាល់ខ្លួន អ្នកក៏ត្រូវធ្វើឱ្យប្រាកដថា តើអាជីវកម្មនោះអ្នកចាប់ផ្ដើមរួមគ្នាជាមួយដៃគូរបស់អ្នកឬយ៉ាងណា? ឬក៏អ្នកគ្រាន់តែចង់ទទួលបានការគាំទ្រជាការលើកទឹកចិត្ត និងដើមទុន ដើម្បីចាប់ផ្ដើមរកស៊ីតាមក្ដីស្រមៃរបស់អ្នកឬយ៉ាងណា?