ការសរសេរផែនការអាជីវកម្មឱ្យបានល្អ និងមានភាពច្បាស់លាស់ ទាមទារឱ្យមានការសិក្សាលើផ្នែកជាច្រើនទាំងសិក្សាពីទីផ្សារគោលដៅ ទំហំទីផ្សារ យុទ្ធសាស្រ្តទីផ្សារ ផែនការហិរញ្ញវត្ថុ និងជាច្រើនទៀត។ ទោះបីជាយ៉ាងនេះក្ដី មុននឹងសរសេរផែនការអាជីវកម្ម អ្នកក៏ត្រូវសិក្សាពី Porter’s 5 Forces ផងដែរ។
តើអ្វីជា Porter’s 5 Forces?
Porter’s Five Forces គឺជាគំរូដែលកំណត់ និងវិភាគនូវកម្លាំងប្រកួតប្រជែងចំនួនប្រាំ ដើម្បីជួយម្ចាស់អាជីវកម្មឱ្យស្គាល់ពីចំណុចខ្សោយ និងភាពខ្លាំងរបស់អាជីវកម្មរបស់ខ្លួនបានយ៉ាងជាក់លាក់។ បន្ថែមពីនេះ វាក៏ជួយម្ចាស់អាជីវកម្មអាចយកអនុវត្តន៍លើផ្នែកណាមួយនៃសេដ្ឋកិច្ច ដើម្បីយល់ដឹងពីកម្រិតនៃការប្រកួតប្រជែងលើឧស្សាកម្មដែលគ្រោងនឹងចាប់ផ្ដើមដំណើរការនៅក្នុងទីផ្សារជាក់ស្ដែង និងអាចបង្កើតប្រាក់ចំណេញរយៈពេលវែងសម្រាប់ក្រុមហ៊ុន។ ជាញឹកញាប់ Porter’s Five Forces ត្រូវបានគេវិភាគ ដើម្បីកំណត់រចនាសម្ព័ន្ធអាជីវកម្មក្នុងការកំណត់យុទ្ធសាស្រ្តអាជីវកម្ម។ ហើយយុទ្ធសាស្រ្តអាជីវកម្មនេះ ពិតជាសំខាន់ដើម្បីបញ្ចូលនៅក្នុងផែនការអាជីវកម្ម។
គួរបញ្ជាក់ផងដែរថា Porter’s Five Forces ត្រូវបានដាក់ឈ្មោះដោយសាស្រ្តាចារ្យនៃសាលា Harvard Business School គឺលោក Michael E. Porter។
Porter’s Five Forces រួមមាន៖
- ការប្រកួតប្រជែងនៅក្នុងឧស្សាហកម្ម (Competition in the industry)៖ ការវិភាគលើកម្រិតនៃការប្រកួតប្រជែងលើឧស្សាហកម្មដែលអ្នកគ្រោងនឹងចាប់ផ្ដើមនោះ ដើម្បីដឹងថា តើអាជីវកម្មរបស់អ្នកទទួលរងឥទ្ធិពលកម្រិតទាបឬខ្ពស់ ជាមួយនឹងការប្រកួតប្រជែងនៅក្នុងទីផ្សារជាក់ស្ដែង? ចំពោះការប្រកួតប្រជែងនេះ សំដៅលើ តើចំនួនគូប្រកួតប្រជែងរបស់អ្នកមានកម្រិតណា? តើពួកគេអាចមានឥទ្ធិពលលើអាជីវកម្មរបស់អ្នកកម្រិតណា? ហេតុអ្វីពួកគេមានឥទ្ធិពលកម្រិតទាប ឬកម្រិតខ្ពស់សម្រាប់អាជីវកម្មរបស់អ្នក?។ល។
- សក្ដានុពលនៃអ្នកចូលថ្មីក្នុងឧស្សាហកម្មនេះ (Potential of new entrants into the industry)៖ សំដៅលើការវិភាគលើអាជីវកម្មគូប្រកួតប្រជែងដែលអាចជ្រៀតចូលទីផ្សារថ្មី តើពួកគេមានឥទ្ធិពលកម្រិតណាសម្រាប់អ្នក? តើពួកគេអាចចំណាយពេលវេលា និងថវិកាតិចជាងអ្នកក្នុងការចូលទីផ្សារដែរទេ? ដូច្នេះត្រង់ចំណុចនេះ អ្នកត្រូវសិក្សាឱ្យបានច្រើន ថាតើអាជីវកម្មគូប្រកួតប្រជែងអាចចូលថ្មីក្នុងទីផ្សារ អាចនឹងមានឥទ្ធិពលខ្លាំង ឬក៏តិចសម្រាប់អាជីវកម្មរបស់អ្នក?
- អំណាចនៃអ្នកផ្គត់ផ្គង់ (Power of suppliers)៖ ការវិភាគលើកម្រិតដែលអាជីវកម្មរបស់អ្នកទទួលរងឥទ្ធិពលពីអ្នកផ្គត់ផ្គង់ ថាតើវាស្ថិតនៅកម្រិតទាប ឬកម្រិតខ្ពស់? ហេតុអ្វី?
- អំណាចរបស់អតិថិជន (Power of customers)៖ ការវិភាគលើឥទ្ធិពលដែលអតិថិជននឹងមានសម្រាប់អាជីវកម្មរបស់អ្នក ថាតើអ្វីដែលអាចធ្វើឱ្យអាជីវកម្មរបស់អ្នកបាត់បង់អតិថិជន? តើអតិថិជនមានឥទ្ធិពលទាមទារបញ្ចុះតម្លៃ ឬសំណើរផ្សេងៗដែលពួកគេយល់ថាល្អពីក្រុមហ៊ុនរបស់អ្នកកម្រិតណា? តើអ្នកនឹងធ្វើអ្វីដើម្បីកុំឱ្យអតិថិជនមានឥទ្ធិពលខ្លាំងលើអាជីវកម្មរបស់អ្នក?
- ការគំរាមកំហែងនៃផលិតផលជំនួស (Threat of substitute products)៖ ការវិភាគលើផលិតផល សេវាកម្មដែលអាចជំនួសលើផលិតផលសេវាកម្មរបស់អ្នក តើមានកម្រិតណានៅក្នុងទីផ្សារ? តើអាជីវកម្មរបស់អ្នកនឹងទទួលរងឥទ្ធិពលបែបណាខ្លះ? តើអ្នកនឹងត្រូវដោះស្រាយបែបណា?
ហេតុអ្វីត្រូវសិក្សា Porter’s 5 Forces មុនពេលសរសេរផែនការអាជីវកម្ម?
ការសិក្សា Porter’s 5 Forces មុនពេលសរសេរផែនការអាជីវកម្ម វានឹងជួយ៖
- អ្នកឱ្យស្គាល់យ៉ាងច្បាស់ពីបរិយាកាសប្រកួតប្រជែងនៅក្នុងទីផ្សារ
- អ្នកក្នុងការរៀបចំយុទ្ធសាស្រ្តអាជីវកម្ម ដើម្បីយកឈ្នះនៅក្នុងទីផ្សារ
- អ្នកឱ្យកាន់តែមានភាពជឿជាក់លើអាជីវកម្មរបស់ខ្លួនដើម្បីដំណើរការចូលក្នុងទីផ្សារ