មិត្តភក្តិរបស់ខ្ញុំបានចែករំលែកបទពិសោធន៍របស់គាត់ជាមួយខ្ញុំអំពីការដឹកនាំបុគ្គលិករបស់គាត់។ កំឡុងពេលពិភាក្សាគាត់បានលើកឡើងថាប្រសិនបើយើងជាអ្នកដឹកនាំម្នាក់ដែលអសមត្ថភាពក្នុងការដោះស្រាយបញ្ហាហើយបុគ្គលិកបង្កបញ្ហា យើងក៏បណ្តេញពួកគាត់ចេញពីក្រុមហ៊ុនមែនទេ? ក្នុងនាមជាអ្នកដឹកនាំ អ្នកគួរតែចេះយោគយល់បុគ្គលិកជាជាងបណ្តេញគាត់ចេញដោយគ្មានការរិះគិតឲ្យបានល្អិតល្អន់។ ខាងក្រោមនេះជាគន្លឹះសម្រាប់អ្នកដឹកនាំដើម្បីកសាងខ្លួនឲ្យក្លាយជាអ្នកដឹកនាំដ៏ជោគជ័យម្នាក់៖
ទី១ ចេះយោគយល់អ្នកដទៃ
អ្នកដឹកនាំគឺត្រូវចេះស្វែងយល់ពីអារម្មណ៍បុគ្គលិក។ ឧទាហរណ៍ បើបុគ្គលិកសុំច្បាប់ភ្លាមៗនិងច្រើនថ្ងៃមកពីកូនគាត់ឈឺ អ្នកគួរយកចិត្តអ្នកដាក់ក្នុងចិត្តគាត់។ ដូចនេះអ្នកដឹកនាំល្អគួរចេះស្វែងរកផ្លូវណាដែលមានភាពមិនស្មោះត្រង់ មិនមានភាពស្មុគស្មាញ និងមានក្រមសីលធម៌ជាដើម។ ម្យ៉ាងវិញទៀតការផ្តល់តាមតម្រូវការរបស់សមាជិកក្រុមរបស់អ្នក អ្នកត្រូវចេះរក្សាតុល្យភាពក្នុងការធ្វើផងដែរ។
ទី២ សុខភាពរឹងមាំគឺសំខាន់
ខ្ញុំតែងតែលឺមិត្តរួមការងារជាមួយខ្ញុំនិយាយថាភាពស្វាហាប់និងកម្លាំងបរិបូរណ៍គឺអ្នកត្រូវចាំបាច់មានដើម្បីចាប់យកឱកាសនៅពេលក្រុមហ៊ុនរបស់អ្នកជ្រើសរើសបុគ្គលិកដើម្បីឲ្យឡើងដំណែង។ នៅពេលវេលាមកដល់នៃការឡើងដំណែង គម្លាតនៃជំនាន់ការងារគឺជាបញ្ហាមួយ។ ដូចនេះបើសិនជាអ្នកមានសុខភាពល្អនិងមានសមត្ថភាពគ្រប់គ្រាន់ អ្នកនឹងមានឱកាសដែលគេនឹងជ្រើសរើសច្រើន។ ចំណុចដែលសំខាន់គឺរាល់សហគ្រិននិងអ្នកដឹកនាំអាចធ្វើបានគឺទាញយកប្រយោជន៍ពីវ័យរបស់អ្នកនិងរក្សាសុខភាពឲ្យបានរឹងមាំ។
ទី៣ រៀបចំខ្លួនអ្នក
អ្នកដឹកនាំមានទស្សនវិស័យវែងឆ្ងាយនិងមិនដែលមានភាពភ័យខ្លាចទេនៅពេលដែលមានបញ្ហាកើតឡើងព្រោះគាត់បានត្រៀមខ្លួនរួចជាស្រេច។ ម្យ៉ាងទៀតអ្នកដឹកនាំល្អក្រៅពីម៉ោងធ្វើការ គាត់តែងតែធ្វើស្វ័យសិក្សាបន្ថែមដើម្បីសន្សំចំណេះបន្ថែមក្នុងការដោះស្រាយបញ្ហាគ្រប់ស្ថានភាពដែលគាត់ជួបប្រទះ។ គាត់តែងតែធ្វើជាចំណុចកណ្តាលដើម្បីទទួលគំនិតពីអ្នកដទៃ។ ម្យ៉ាងវិញទៀតអ្នកដឹកនាំតែងតែចំណាយពេលជាយូរហ្វឹកហាត់ខ្លួនឯងដូចជាចំណាយពេលហាត់ប្រាណ សិក្សាស្រាវជ្រាវបន្ថែមលើចំណុចខ្វះខាត អភិវឌ្ឍទម្លាប់ល្អសម្រាប់ជាគម្រូដល់បុគ្គលិកជាដើមដើម្បីក្លាយជាអ្នកដឹកនាំដែលមានប្រសិទ្ធភាព។