Home យុទ្ធសាស្ត្រទីផ្សារ អាជីវកម្មទើបបើកថ្មីៗ គួរតែប្រើយុទ្ធសាស្រ្តផ្សព្វផ្សាយបែបរុញនិងទាញ ហេតុអ្វី?

អាជីវកម្មទើបបើកថ្មីៗ គួរតែប្រើយុទ្ធសាស្រ្តផ្សព្វផ្សាយបែបរុញនិងទាញ ហេតុអ្វី?

0
យុទ្ធសាស្រ្តផ្សព្វផ្សាយបែប push និង pull

យុទ្ធសាស្រ្តផ្សព្វផ្សាយបែប រុញឬជំរុញ(push) និង ទាញ(pull) បើសរសេរជាភាសាអង់គ្លេស គឺ push and pull strategy។ ហើយហេតុអ្វីបានអាជីវកម្មដែលទើបនឹងបើកថ្មីៗ គួរតែយល់ដឹង និងប្រើយុទ្ធសាស្រ្តផ្សព្វផ្សាយ ជំរុញ និងទាញនេះ? ខាងក្រោមនេះ ជាការបកស្រាយលម្អិត។

យុទ្ធសាស្រ្តផ្សព្វផ្សាយ រុញ(push)

push strategy

បើយោងតាមគេហទំព័រ HubSpot បានឱ្យដឹងថា យុទ្ធសាស្ត្រផ្សព្វផ្សាយ “រុញ(Push)” គឺជាយុទ្ធសាស្ត្រដែលផ្តោតលើការជំរុញផលិតផលទៅកាន់អតិថិជនគោលដៅ។ គោលដៅនៃការជំរុញទីផ្សារនេះ គឺដើម្បីនាំយកអ្វីដែលអ្នកផ្តល់ជូនអតិថិជនតាមរយៈទីផ្សាររបស់ម្ចាស់អាជីវកម្មផ្ទាល់។ ឧទាហរណ៍៖ អ្នកអាចជំរុញផលិតផលរបស់អ្នកតាមរយៈមាតិកាទីផ្សារនៅលើបណ្តាញសង្គម។

បើយោងតាមគេហទំព័រ Business បានឱ្យដឹងថា យុទ្ធសាស្ត្រផ្សព្វផ្សាយ “រុញ(Push)” ជាការប្រើកម្លាំងលក់របស់ក្រុមហ៊ុននិងសកម្មភាពផ្សព្វផ្សាយពាណិជ្ជកម្មដើម្បីបង្កើតតម្រូវការអតិថិជនសម្រាប់ផលិតផល មានន័យថា យុទ្ធសាស្រ្តនេះត្រូវការផលិតផលឱ្យទៅដល់អតិថិជន ក្នុងគោលបំណងដើម្បីឱ្យអតិថិជនបានដឹងអំពីផលិតផលនៅពេលពួកគេបានទិញ។

ដំណើការនៃការប្រើយុទ្ធសាស្រ្ត “រុញ(Push)”

  • អ្នកផលិត លើកកម្ពស់អ្នកលក់ដុំនៃផលិតផល បន្ទាប់មក អ្នកលក់ដុំផ្សព្វផ្សាយផលិតផលដល់អ្នកលក់រាយ បន្ទាប់មក អ្នកលក់រាយផ្សព្វផ្សាយផលិតផលដល់អ្នកប្រើប្រាស់ឬដល់អតិថិជនគោលដៅ។

យុទ្ធសាស្ត្រ “រុញ(Push)” ជាការរិះរកគ្រប់មធ្យោបាយក្នុងការលក់ដោយផ្ទាល់ទៅកាន់អតិថិជនគោលដៅ ដោយឆ្លងកាត់បណ្តាញចែកចាយផ្សេងទៀត។

ឧទាហរណ៍

  • ជំរុញការលក់ទូរស័ព្ទដៃរបស់ក្រុមហ៊ុនផលិតទូរស័ព្ទធំៗ ដូចជាNokiaបានផ្សព្វផ្សាយផលិតផលរបស់ខ្លួន តាមរយៈអ្នកលក់រាយដូចជា Carphone Warehouse ដោយការផ្តល់ការឧបត្ថម្ភធនលើទូរស័ព្ទដើម្បីលើកទឹកចិត្តដល់អ្នកលក់រាយនិងអ្នកលក់បរិមាណខ្ពស់។

បើយោងតាមគេហទំព័រ corporatefinanceinstitute.com បានឱ្យដឹងថា យុទ្ធសាស្ត្រផ្សព្វផ្សាយ “រុញ(Push)” សំដៅលើ យុទ្ធសាស្រ្តដែលក្រុមហ៊ុនមួយព្យាយាមយកផលិតផលរបស់ខ្លួនទៅឱ្យអ្នកប្រើប្រាស់ឬអតិថិជនគោលដៅដើម្បី “រុញច្រាន (Push)” ពួកគេឱ្យក្លាយជាអតិថិជនលើអាជីវកម្មរបស់អ្នក។ នៅក្នុងយុទ្ធសាស្រ្តទីផ្សារជំរុញនេះ ជាគោលដៅដែលត្រូវប្រើបច្ចេកទេសទីផ្សារសកម្មផ្សេងៗដើម្បីរុញច្រានផលិតផលរបស់ពួកគេឱ្យអតិថិជនបានឃើញ។ ម្យ៉ាងទៀត គោលបំណងចម្បងមួយនៃការជំរុញទីផ្សារ ជាការកាត់បន្ថយឱ្យបានតិចតាមដែលអាចធ្វើទៅបាននូវពេលវេលាដែលនៅចន្លោះអតិថិជនឃើញផលិតផលនិងធ្វើការសម្រេចចិត្តទិញផលិតផល។

យុទ្ធសាស្រ្តផ្សព្វផ្សាយរុញ ភាគច្រើនគេប្រើវិធីសាស្រ្ត ដូចជា

  • ការលក់ដោយផ្ទាល់ដល់អតិថិជន -ឧទាហរណ៍ អ្នកលក់រថយន្តដែលជួបអតិថិជននៅក្នុងបន្ទប់តាំងបង្ហាញរថយន្តរបស់ក្រុមហ៊ុន
  • ការបង្ហាញចំណុចពិសេសដែលត្រូវលក់ (Point of sale displays = POS)
  • ការផ្សព្វផ្សាយពិព័ណ៍ពាណិជ្ជកម្ម
  • ការរចនាវេចខ្ចប់ដើម្បីលើកទឹកចិត្តដល់ការទិញ
  • ការចែកប្រើសាកល្បងដោយឥតគិតថ្លៃតាមរយៈការលេងហ្គេមផ្សេងៗ

យុទ្ធសាស្រ្តផ្សព្វផ្សាយ ទាញ(pull)

pull strategy

បើយោងតាមគេហទំព័រ HubSpot បានឱ្យដឹងថា យុទ្ធសាស្រ្តផ្សព្វផ្សាយ ទាញ(Pull)គឺល្អបំផុតនៅពេលអ្នកចង់ទាក់ទាញអតិថិជនឱ្យមករកផលិតផលរបស់អ្នក។ គោលដៅនៅក្នុងយុទ្ធសាស្រ្តនេះ គឺបង្កើតអតិថិជនស្មោះត្រង់ តាមរយៈការផ្តល់នូវសម្ភារៈទីផ្សារដែលបង្ហាញពីអ្វីដែលអតិថិជនកំពុងស្វែងរក។

បើយោងតាមគេហទំព័រ corporatefinanceinstitute.com បានឱ្យដឹងថា យុទ្ធសាស្រ្តផ្សព្វផ្សាយ ទាញ(Pull)ក៏ត្រូវបានគេហៅថាជាយុទ្ធសាស្ត្រជំរុញការលក់ ដែលសំដៅលើយុទ្ធសាស្រ្តដែលក្រុមហ៊ុនមួយមានគោលបំណងបង្កើនតម្រូវការផលិតផលរបស់ខ្លួននិងទាក់ទាញចិត្តអតិថិជនឱ្យចង់បានផលិតផល។ ហើយត្រូវបានប្រើដោយខ្លួនឯងឬរួមជាមួយយុទ្ធសាស្ត្រផ្សព្វផ្សាយជំរុញ។

គោលដៅចម្បងនៅក្នុងយុទ្ធសាស្រ្តនេះ គឺធ្វើឱ្យអ្នកអតិថិជនស្វែងរកផលិតផលមួយយ៉ាងសកម្ម ហើយធ្វើឱ្យអ្នកលក់រាយចាប់ផ្ដើមស្តុកទុកផលិតផល ដើម្បីឆ្លើយតបទៅនឹងតម្រូវការអ្នកអតិថិជនដោយផ្ទាល់។

យុទ្ធសាស្រ្តផ្សព្វផ្សាយទាញ ភាគច្រើនគេប្រើវិធីសាស្រ្ត ដូចជា

  • បណ្តាញទំនាក់ទំនងសង្គម
  • អតិថិជននិយាយពីមាត់មួយទៅមាត់មួយទៀត (Word of mouth)
  • ការគ្របដណ្តប់ប្រព័ន្ធផ្សព្វផ្សាយ (Media coverage)
  • ការផ្សព្វផ្សាយនិងការលក់បញ្ចុះតម្លៃ
  • ការផ្សាយពាណិជ្ជកម្ម

ភាពពាក់ព័នន្ធនៃយុទ្ធសាស្រ្តផ្សព្វផ្សាយ រុញ​និងទាញ

push VS pull

បើយោងតាមគេហទំព័រ HubSpot បានឱ្យដឹងថា យុទ្ធសាស្ត្រផ្សព្វផ្សាយជំរុញនិងទាញ អាចដំណើរការជាមួយគ្នា មានន័យថា អតិថិជនត្រូវការការជំរុញតម្រូវការដើម្បីបង្កើតនិងការទាញដើម្បីបំពេញតម្រូវការនោះ។ សម្រាប់អ្នកដែលមិនធ្លាប់លឺពីក្រុមហ៊ុនរបស់អ្នក ដូច្នេះត្រូវការការជំរុញ ហើយសម្រាប់អ្នកដែលនៅឆ្ងាយបន្តិចក្នុងដំណើររបស់អ្នកទិញអ្នកអាចទាញពួកគេចូល។

វិធីដែលអ្នកបញ្ចូលយុទ្ធសាស្រ្តទាំងពីរនៅក្នុងក្រុមហ៊ុនរបស់អ្នក នឹងពឹងផ្អែកលើគោលដៅជំរុញនិងទាញតែមួយគត់របស់អ្នក ហើយដើម្បីជួយអ្នកកំណត់ថាតើយុទ្ធសាស្រ្តជំរុញនិងទាញរបស់អ្នកនឹងទៅជាយ៉ាងណា សូមពិនិត្យមើលឧទាហរណ៍ខ្លះនៅខាងក្រោម៖

ឧទាហរណ៍

  • អ្នកផលិតវាយនភ័ណ្ឌដែលមានមូលដ្ឋាននៅរដ្ឋតិចសាស់ បានប្រើយុទ្ធសាស្ត្រផ្សព្វផ្សាយជំរុញនិងទាញ។ ពួកគេជំរុញបង្កើតតម្រូវការអតិថិជនតាមរយៈការអភិវឌ្ឍផលិតផលថ្មីៗឥតឈប់ឈរនិងផ្តល់ជូនផលិតផលទាំងនេះនៅក្នុងហាង ព្រមទាំងទាក់ទាញអតិថិជនឆ្ពោះទៅរកផលិតផលទាំងនេះតាមរយៈការផ្សាយពាណិជ្ជកម្មនិងកិច្ចព្រមព្រៀងផ្សព្វផ្សាយ។
  • អ្នកផលិតសា្របៀថ្មីមួយ ចាប់ផ្ដើមប្រើយុទ្ធសាស្រ្តផ្សព្វផ្សាយជំរុញនិងទាញ។ ពួកគេជំរុញឱ្យមានតម្រូវការដល់អតិថិជនបានស្គាល់និងនិយាយណែនាំបន្តទៅកាន់មនុស្សផ្សេងទៀត តាមរយៈការផ្សព្វផ្សាយលើបណ្ដាញសង្គម ការលេងហ្គេមលេងប្រើសាកល្បង និងជួលអ្នកមានឥទ្ធិពលលើបណ្ដាញសង្គមឱ្យជួយប្រូម៉ូដបន្ថែម ដើម្បីទាកទាញឱ្យអតិថិជនចាប់ផ្ដើមស្គាល់ ចាប់ផ្ដើមមានតម្រូវការ និងចាប់ផ្ដើមហ៊ានចំណាយថវិកាក្នុងការទិញ។

សរុបមក ការប្រើយុទ្ធសាស្រ្តផ្សព្វផ្សាយជំរុញនិងទាញ សម្រាប់អាជីវកម្មបើកថ្មី គឺជាការរុញអាជីវកម្មចូលទីផ្សារនិងបង្កើតតម្រូវការដល់អតិថិជនតាមរយៈរបៀបធ្វើទីផ្សារផ្សេងៗតាមការកំណត់របស់ក្រុមហ៊ុន និងតាមប្រភេទអតិថិជនគោលដៅ ហើយទាញយកលទ្ធផលពីការធ្វើយុទ្ធសាស្រ្តរុញនេះ។