ទីប្រឹក្សានាយកប្រតិបត្តិនិងជាស្ថានិកនៃ The Purposeful Culture Group លោក S. Chris Edmonds មានប្រសាសន៍ថា “សម្រាប់អ្នកដឹកនាំដើម្បីក្លាយជាមនុស្សដែលមានក្រមសីលធម៌ គេត្រូវប្រតិបត្តិចំពោះមនុស្សដោយរក្សាទំនុកចិត្ត ការគោរព និងសេចក្តីថ្លៃថ្នូរ។” ដើម្បីសម្រេចបាន អ្នកដឹកនាំត្រូវអនុវត្តតាមវិធីខាងក្រោមនេះ ៖
អ្នកដឹកនាំប្រកបដោយសីលធម៌ជាមនុស្សដូចម្តេច?
វប្បធម៌នៃការរក្សាសីលធម៌គឺមានចាប់ពីថ្នាក់ដឹកនាំកំពូលមក។លោក Thornton មានប្រសាសន៍ថា “អ្នកដឹកនាំដែលមានក្រមសីលធម៌គឺមានឥទ្ធិពលយ៉ាងធំសម្បើមដល់ឥរិយាបថមនុស្សនៅក្នុងអង្គភាពរបស់ពួកគេនិងអ្វីដែលគេអាចទទួលបាន។ អ្នកដឹកនាំដែលមានប្រសិទ្ធភាពផ្តោតអារម្មណ៍លើអ្វីដែលត្រឹមត្រូវនិងធ្វើជាគម្រូដល់អ្នកដែលនៅក្រោមបង្គាប់ថាគេនៅជាខ្នងបង្អែកចាំជួយ និងមិនកេងយកផលប្រយោជន៍តែម្នាក់ឯងឡើយ។” លោក Christie Marchese នាយកប្រតិបត្តិនៃPicture Motionបន្ថែមទៀតថា “ភាពជាអ្នកដឹកនាំប្រកបដោយសីលធម៌មានន័យថាជានិច្ចជាកាលគឺបញ្ចេញសកម្មភាពក្នុងលក្ខណៈមួយដែលទទួលបានទំនុកចិត្តពីក្រុមខ្លួន ជួយជម្រុញនិយោជិកឲ្យធ្វើការពួកគេឲ្យបានល្អបំផុត កសាងកន្លែងការងារដែលផ្តល់តម្លៃឲ្យភាពយុត្តិធម៌ ការលើកទឹកចិត្ត និងគាំទ្រធ្វើយ៉ាងណាអាចយកឈ្នះចិត្តអតិថិជនបាន។” ខាងក្រោមនេះជាជំហានមួយចំនួនដែលត្រូវបានចែកដោយលោក Thornton ៖
១.គម្រូអាកប្បកិរិយាមានសីលធម៌
ចូរធ្វើជាអ្នកដឹកនាំម្នាក់ដែលប្រតិបត្តិជាមួយអ្នកដទៃដោយក្តីគោរព និងភាពត្រឹមត្រូវជានិច្ចក្នុងជីវិតប្រចាំថ្ងៃ។ បើកសិទ្ធិសេរីភាពឲ្យអ្នកដទៃបានពិភាក្សាពីបញ្ហាសីលធម៌ជាពិសេសនៅកន្លែងការងារផ្ទាល់តែម្តង។
២.អនុម័តតម្លាភាពក្នុងការសម្រេចចិត្តនិងទំនាក់ទំនង
ក្នុងនាមជាអ្នកដឹកនាំ អ្នកត្រូវធ្វើឲ្យនិយោជិកមានអារម្មណ៍ថាមតិយោបល់របស់គេគឺត្រូវបានអ្នកគ្រប់គ្រងស្វាគមន៍និងឲ្យតម្លៃ។ ការធ្វើបែបនេះនឹងអាចឲ្យអ្នកកសាងទំនុកចិត្តនិងបង្កឲ្យមានបរិយាកាសដែលមនុស្សគ្រប់គ្នាសុទ្ធតែអាចមានយោបល់ចំពោះបញ្ហាសីលធម៌បានគ្រប់ៗគ្នា ព្រមទាំងអាចចែករំលែកទំនួលខុសត្រូវដែលធ្វើឲ្យម្នាក់ៗអាចរស់នៅជាមួយគ្នាដោយមានក្តីសុខបាន។
៣.ចាត់តាំងឲ្យមានឃ្លានិយាយពីសីលធម៌ឬតម្លៃជាលក្ខណៈផ្លូវការ
អ្នកត្រូវបង្កើតឲ្យមានឯកសារដែលលើកឡើងអំពីក្រមសីលធម៌នៅក្នុងអង្គភាពរបស់អ្នក។ អ្នកត្រូវផ្សព្វផ្សាយឲ្យបុគ្គលិកគ្រប់ជាន់ថ្នាក់ចាប់តាំងពីគណៈគ្រប់គ្រងមក ហើយអ្នកត្រូវប្រាកដថាអ្នកគ្រប់គ្នាសុទ្ធតែបានយល់ បានដឹងដោយអ្នកអាចបង្កើតជាវគ្គបណ្តុះបណ្តាលឬសិក្ខាសាលាផ្សេងៗ។
៤.ទាមទារឲ្យម្នាក់ៗមានការចង់បានសីលធម៌គ្រប់ៗគ្នា
អ្នកត្រូវប្រាកដថាមិនមាននរណាម្នាក់ដែលគេចផុតពីការប្រព្រឹត្តសកម្មភាពសីលធម៌នោះទេគឺដាច់ខាតត្រូវតែគោរពឲ្យបានខ្ជាប់ខ្ជួន។ មិនថាអ្នកនោះស្ថិតនៅក្នុងឋានៈ តួនាទីបែបណា ជាពិសេសគឺអ្នកដឹកនាំជាន់ខ្ពស់ក៏រាប់បញ្ចូលដែរ។
៥.ទទួលស្គាល់និងផ្តល់ជារង្វាន់ដល់អ្នកដែលមានអាកប្បកិរិយាមានសីលធម៌ល្អ
អ្នកគ្រប់គ្រងគួរណាស់តែជជែកជាមួយនិយោជិកឲ្យបានញឹកញាប់ពីលក្ខណៈសីលធម៌ត្រឹមត្រូវនិងជជែកពីអ្វីដែលគេគួរតែចៀសវាង។ អ្នកអាចចំណាយពេលខ្លះកែតម្រូវចំណុចខ្វះខាតរបស់បុគ្គលិកនិងផ្តល់ជារង្វាន់លើកទឹកចិត្តខ្លះដល់អ្នកដែលក្លាហានហ៊ានសារភាពនិងរៀនសូត្រកែប្រែទោសកំហុសរបស់ពួកគេ។
៦.ជជែកពីសីលធម៌និងចាត់ទុកវាជាអ្វីដែលត្រូវតែបន្តរៀនរហូត
ណែនាំឲ្យគ្រប់គ្នាប្រុងប្រយ័ត្នចំពោះការអនុវត្តន៍សីលធម៌រវាងគ្នានឹងគ្នា គ្រប់ពេលវេលា និងគ្រប់ទីកន្លែងមិនថាមានអ្នកគ្រប់គ្រងនៅឬអត់ក៏ដោយ។ ត្រូវធ្វើឲ្យពួកគេជឿថាការប្រព្រឹត្តនូវទង្វើប្រកបដោយសីលធម៌របស់គេគឺមិនសាបសូន្យឡើយ ហើយមិនថាពេលណាក៏គេនៅតែត្រូវមានមនសិការដាស់តឿនខ្លួនឯងឲ្យគិតពីសីលធម៌ជានិច្ចដែរ។
ប្រភពៈ បរទេស