ទីផ្សារគោលដៅពិតជាសំខាន់ណាស់សម្រាប់អាជីវកម្ម។ ប្រសិនបើអ្នកមានផលិតផលល្អ ប៉ុន្តែស្វែងរកទីផ្សារគោលដៅខុស អាជីវកម្មរបស់អ្នកប្រាកដជាបរាជ័យ។ ដូច្នេះពេលនេះគំនិតនឹងណែនាំអ្នកអំពីវិធី៣យ៉ាងដើម្បីកំណត់យកអតិថិជនគោលដៅ ឱ្យបានត្រឹមត្រូវនិងជោគជ័យ៖
១. បង្កើតផលិតផលដើម្បីដោះស្រាយបញ្ហាដែលកើតមាន
នៅពេលដែលអ្នកចង់បង្កើតផលិតផលថ្មី អ្នកត្រូវស្វែងរកផលិតផលណាដែលល្អជាងគេនិងអាចដោះស្រាយបញ្ហាដែលកំពុងតែកើតមាន។ ឧទាហរណ៍ដូចជាស្ថាបនិករបស់ GigTown គាត់បង្កើតកម្មវិធីបច្ចេកវិទ្យាមួយគឺនៅពេលដែលគាត់ឃើញអ្នកនៅក្នុងតំបន់ដែលគាត់រស់នៅមានបញ្ហាលំបាកក្នុងការស្វែងរកអ្នកចម្រៀងសម្រាប់កម្មវិធីនីមួយៗរបស់ខ្លួន។ ដូច្នេះគាត់ក៏បង្កើតកម្មវិធីមួយដែលអាចជួយណាត់អ្នកចម្រៀងដែលនៅក្បែរតំបន់បានដោយត្រូវការពេលវេលាត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ។
២. ជ្រើសរើសប្រភេទអតិថិជនដែលយើងចង់ដោះស្រាយបញ្ហាឲ្យ
ក្រៅពីបង្កើតនូវផលិតផលដែលអ្នកចង់ដោះស្រាយឲ្យហើយនោះ អ្នកត្រូវកំណត់អតិថិជនប្រភេទមួយណាដែលធ្លាប់ជួបបញ្ហាទាំងនោះនិងត្រូវការដំណោះស្រាយដែលយើងបានបង្កើតឡើងមក។ ឧទាហរណ៍ GigTown ដដែលនេះ។ អ្នកដែលត្រូវការ App នេះគឺជាម្ចាស់ហាងកាហ្វេ បារ និងភោជនីយដ្ឋានដែលបម្រើសេវាកម្មព្រមជាមួយនឹងការប្រគុំតន្រ្តីក៏ដូចជាអ្នកចម្រៀងផ្ទាល់ដែលត្រូវស្វែងរកហាងដើម្បីច្រៀង។
៣. សាកល្បងលើផលិតផលដែលបានបង្កើត
បន្ទាប់ពីបង្កើតផលិតផលដើម្បីដោះស្រាយបញ្ហា កំណត់នូវអតិថិជនគោលដៅ ពួកយើងត្រូវយកផលិតផលនោះទៅសាកល្បងដោយយកទៅផ្សព្វផ្សាយដល់ទីកន្លែងរបស់អតិថិជនគោលដៅដែលយើងបានកំណត់។ ប្រសិនបើអតិថិជនពេញចិត្តចង់បានផលិតផលយើង នោះមានន័យថាផែនការទីផ្សាររបស់យើងពិតជាទទួលបានជោគជ័យហើយ។