ស៊ូណាមី ជារលកសមុទ្រយក្ស កើតឡើងដោយសារចលនាកញ្ឆក់ភ្លាមៗនាផ្ទៃបាតសមុទ្រ ដែលបង្កដោយរញ្ជួយដី ការបាក់ស្រុតដី និង បន្ទុះភ្នំភ្លើងក្រោមបាតសមុទ្រ រឺ ការធ្លាក់អាចម៍ផ្កាយ ។
ទីតាំងស៊ូណាមី
ភាគច្រើននៃស៊ូណាមី បង្កឡើងដោយការរញ្ជួយដី ជាពិសេសការរញ្ជួយដីនៅឯព្រំនៃផ្លាកសំបកផែនដីពីរ នាបាតសមុទ្រ ។ ការប៉ះទង្គិចបែបនេះបញ្ចេញថាមពលដ៏មហិមា បង្កើតបានជារលក ដែលនឹងក្លាយទៅជាស៊ូណាមី ។
៨០ ភាគរយនៃស៊ូណាមីទូទាំងពិភពលោក កើតឡើងក្នុងមហាសមុទ្រប៉ាស៊ីភិច ហើយក្នុងនោះទៀត ភាគច្រើនកើតនៅតាមតំបន់ “ខ្សែក្រវ៉ាត់ភ្នំភ្លើង” ដែលជាតំបន់បន្ទុះភ្នំភ្លើង និង រញ្ជួយដីសកម្ម ដូចជានៅតាម ប្រទេសជប៉ុន ភីលីពីន ឥណ្ឌូណេស៊ី ឆ្នេរខាងលិចនៃទ្វីបអាមេរិក រួមទាំងអាឡាសកា និង ទ្វីបអាមេរិកខាងត្បូង ។
កំណកំណើតស៊ូណាមី
ចលនាកញ្ឆក់យ៉ាងឆាប់រហ័សប្រកបដោយថាមពលដែលកើតឡើងនៅបាតសមុទ្រ ធ្វើឲ្យកើតបានជារលកសាយទៅគ្រប់ទិសជុំវិញចំនុចប្រភពរញ្ជួយ ។ រលកនេះមានជំហាន និង ល្បឿនអាស្រ័យនឹង ជំម្រៅទឹកសមុទ្រ និង សំទុះទំនាញដី គឺកាលណាជំម្រៅទឹកកាន់តែជ្រៅ រលកកាន់តែមានល្បឿនលឿន និង មានជំហានកាន់តែវែង ។ នៅក្នុងទឹកជ្រៅនៃមហាសមុទ្រ ដែលមានជំម្រៅជាមធ្យម ៦.៤៣៨ គ.ម (៤.០០០ ម៉ៃយ៍) រលកនេះមានល្បឿនរហូតដល់ ៨០០ គ.ម/ម៉ គឺប្រហែលនឹងល្បឿនយន្តហោះដឹកអ្នកដំណើរដូចនោះដែរ ហើយមានជំហានវែង ដែលអនុញ្ញាតឲ្យវាធ្វើដំណើរឆ្លងពីត្រើយម្ខាងទៅត្រើយម្ខាងទៀតនៃមហាសមុទ្រប៉ាស៊ីភិចក្នុងរយៈពេលតិចជាង ១ថ្ងៃ ដោយមិនបាត់បង់ថាមពលច្រើនទៀតផង ។ ពេលវាមានល្បឿនលឿន វាក៏មានកម្ពស់ (អាំងតង់ស៊ីតេរលក) ទាបដែរ, ទាបរហូតដល់នាវាក៏មិនចាប់អារម្មណ៍បាន ។
ពេលដែលស៊ូណាមីខិតមកជិតឆ្នេរ ជំម្រៅទឹកកាន់តែរាក់ វាក៏ចាប់ផ្តើមបន្ថយល្បឿន ។ ជំហានរលកក៏រួញខ្លីទៅៗ ឯកំម្ពស់ក៏កាន់តែលូតខ្ពស់ឡើងៗ អាចមានរហូតដល់ ១៥ម បើទីនោះស្ថិតនៅឆ្ងាយពីប្រភពរញ្ជួយ និង រហូតដល់ ៣០ម ឯណោះ បើវាកើតឡើងនៅក្បែរឆ្នេរ ។ ទំរង់ស៊ូណាមីក៏ប្រែប្រួលផងដែរ អាស្រ័យលើកំពូល រឺក៏បាតរលកទៅដល់ឆ្នេរមុន ។ បើកំពូលទៅបោកនឹងឆ្នេរមុននោះ រលកស៊ូណាមីបន្តបន្ទាប់នឹងចាប់ស្រកកំពស់ ប៉ុន្តែវានៅតែកាចសាហាវដដែរ។ តែបើសិនជាបាតរលកទៅដល់ឆ្នេរមុនវិញនោះ មុននឹងវាទៅដល់ វានឹងបង្កើតបានជាឥទ្ធិពលសុញ្ញាកាសម្យ៉ាង ហៅថា “ទំនាញថយក្រោយ” (drawback)ដែលស្រូបយកទឹកសមុទ្រថយក្រោយ អាចមានចម្ងាយរហូតដល់រាប់រយម៉ែត្រ ធ្វើឲ្យលេចឡើងនូវបាតសមុទ្រជ្រៅៗដែលទឹកសមុទ្រពុំដែលធ្លាប់នាចដល់ក្នុងលក្ខខណ័្ឌធម្មតា ។ ហេតុការណ៍នេះអាចទាក់ទាញអ្នកមកលេងទឹកសមុទ្រឲ្យងឿងឆ្ងល់ ហើយចុះមកមើលផ្ទាល់ ក៏ដូចជាមកចាប់យកមច្ឆជាតិដែលនៅកាល់នៅបាតឆ្នេរ ។ ប៉ុន្តែនេះជាសញ្ញាថា ស៊ូណាមីនឹងមកដល់ក្នុងរយៈពេលប៉ុន្មាននាទីទៀតទៅវិញទេ ។
ពេលវាមកដល់, ស៊ូណាមីបោកផ្ទប់នឹងឆ្នេរមានថាមពលដ៏មហិមា អាចហូរចូលទៅឆ្ងាយលើដីទ្វីប រហូតដល់ចំងាយឆ្ងាយជាង ៣០០ម (១.០០០ ហ្វីត) ឯណោះ និងបំផ្លាញអ្វីៗគ្រប់យ៉ាង រួមទាំងរុក្ខជាតិធំៗ អាគារ និង ហេដ្ឋារចនាសម្ព័ន្ធ ដែលនៅលើផ្លូវរបស់វា ។
អ្វីដែលស៊ូណាមីបន្សល់ទុក
ស៊ូណាមីពិតជាគ្រោះធម្មជាតិមួយដ៏កាចសាហាវ ។ នាពេលបច្ចុប្បន្ន គ្រោះកំណាចនេះគ្មានអ្វីទប់ស្កាត់ឡើយ មានតែការប្រុងប្រយ័ត្នតាមដានការប្រកាសអាសន្ន ទើបអាចភៀសខ្លួនទាន់ពេលវេលា និង អាចកាត់បន្ថយទំហំនៃមហន្តរាយ ។ បើមិនដូច្នោះទេ សោដនាដកម្មនឹងកើតឡើងជាមិនខាន ។ ឧទាហរណ៍ជាក់ស្តែងនៃសោដនាដកម្មនានាដែលបណ្តាលមកពី រលកយក្សស៊ូណាមី មានស្រាប់ក្នុងប្រវត្តិសាស្រ្តពិភពលោក ដូចជា ស៊ូណាមីនៃមហាសមុទ្រឥណ្ឌានាថ្ងៃទី ២៦ ធ្នូ ២០០៦ ដែលបាន បំផ្លាញឆ្នេរខាងលិចនៃប្រទេសថៃ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី, បង់ក្លាដេស ឥណ្ឌា និង ប៉ះពាល់រហូតទៅដល់ឆ្នេរខាងកើតនៃទ្វីបអាព្រិច និង កោះម៉ាដាហ្កាស្កា ទៀតផង ។
សោដនាដកម្មនេះជាសោដនាដកម្មមួយមហិមាក្នុងប្រវតិ្តសាស្រ្ត ដែលវាបានសម្លាប់ជីវិតមនុស្ស ជាង ២០០.០០០ នាក់ និង ផ្ទះសំបែងរាប់សិបខ្នងទៀត ។ ស៊ូណាមីនៃប្រទេសឈីលី កាលពីថ្ងៃទី ២៧ កុម្ភៈ ២០១០ ដែលបានសម្លាប់ជីវិតមនុស្សអស់ជាង ៥២៤ នាក់ ។ កាន់តែតក់ស្លុតជាងនេះទៅទៀតគឺ ស៊ូណាមីដែលបោកកំទិចឆ្នេរនិរតីនៃប្រទេសជប៉ុនកាលពីថ្ងៃទី ១១ មិនា ២០១១ កន្លងទៅនេះ ។ គ្រោះធម្មជាតិមួយនេះបានបណ្តាលឲ្យមនុស្សប្រហែល ២៧.០០០ នាក់ ស្លាប់ និង បាត់ខ្លួន ព្រមជាមួយនឹងផ្ទះសម្បែងរាប់ពាន់ខ្នង អាគារជាច្រើន អាកាសយានដ្ឋាន អណ្តូងប្រេងកាត និង រោងចក្រអគ្គិសនីនុយក្លេអ៊ែរចំនួន ៦ កន្លែងត្រូវខូចខាត ដែលក្នុងនោះ ៤ កន្លែងរងការខូចខាតធ្ងន់ធ្ងររហូតអាចឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សបន្ថែមទៀត ។
ឯសោដនាដកម្មរលកយក្សស៊ូណាមីកាលពីឆ្នាំ២០១១ នៅឯសមុទ្រភាគខាងកើតនៃប្រទេសជប៉ុន កាន់តែមានលក្ខណៈសាហាវជាងនេះទៅទៀត។
ឯកសារយោង៖
-វ៉ែបសាយទីចាត់ការមហាសមុទ្រ និង បរិយាកាសជាតិ (NOAA) ស.រ.អា / ស៊ូណាមី, http://www.tsunami.noaa.gov/
-National Geographic Channel, http://environment.nationalgeographic.com/environment/natural-disasters/tsunami-profile/
-សារពត៌មាន Yahoo!
-សារពត៌មាន BBC