spot_img
spot_img
Homeធុរកិច្ចហេតុអ្វីបានជាសេវាកម្មអតិថិជនល្អគឺជារឿងសំខាន់សម្រាប់អាជីវកម្ម?

ហេតុអ្វីបានជាសេវាកម្មអតិថិជនល្អគឺជារឿងសំខាន់សម្រាប់អាជីវកម្ម?

-

សេវាកម្មអតិថិជន (Customer Service) គឺជាផ្នែកមួយដែលដើរតួយ៉ាងសំខាន់ ក្នុងការជួយជម្រុញឲ្យដំណើរការអាជីវកម្មរបស់អ្នកកាន់តែទទួលបានជោគជ័យនិងរីកចម្រើនទៅមុខ ដែលយើងអាចនិយាយម្យ៉ាងទៀតបានថាសេវាកម្មអតិថិជននេះគឺជាបេះដូង និងជាខ្យល់ដង្ហើមនៃអាជីវកម្មដែលអាចធ្វើឲ្យអតិថិជនដែលបានទិញផលិតផលឬសេវាកម្មពីក្រុមហ៊ុនរបស់អ្នកហើយ​ មានអារម្មណ៍សប្បាយចិត្ត កក់ក្ដៅ មានតម្លៃនិងចង់មកទិញនូវផលិតផលរបស់អ្នកម្ដងហើយម្ដងទៀតគ្មានភាពស្ទាក់ស្ទើរក្នុងការសម្រេចចិត្ត។
 
យើងឃើញថាទោះបីជាការបង្កើតឲ្យមានសេវាកម្មអតិថិជនល្អ ត្រូវចំណាយធនធាន ពេលវេលា និងថវិកាច្រើនក៏ដោយ ប៉ុន្តែបើសិនជាអ្នកធ្វើវាបានជោគជ័យ(បង្កើតឲ្យមានសេវាកម្មអតិថិជនមួយដែលល្អឥតខ្ចោះ) អាជីវកម្មរបស់អ្នកនឹងទទួលបាននូវការជឿជាក់ ទំនុកចិត្តពីអតិថិជន ដែលជាហេតុធ្វើឲ្យអ្នកអាចយកឈ្នះដៃគូប្រកួតប្រជែង និងអាចឈរជើងនៅលើទីផ្សារបានយូរអង្វែង។ជាពិសេសគឺអាចរក្សានូវកត្តិនាមក្រុមហ៊ុនរប​ស់អ្នកឲ្យកាន់តែមានភាពល្បីល្បាញ។
 
ដូចនេះតើការណ៍ដែលមានសេវកម្មអតិថិនល្អអាចជួយអ្វីដល់ក្រុមហ៊ុនឬអាជីវកម្មរបស់អ្នក?
 

១. ជួយរក្សានិងជួយបង្កើនអតិថិជនឲ្យបានច្រើន

 
សេវាកម្មអតិថិជនមួយដែលល្អអស្ចារ្យគឺគួរតែផ្ដោតសំខាន់ទៅលើការបម្រើជូន ការមើលថែទាំ និងតាមដានពីតម្រូវការរបស់ពួកគេឲ្យបានល្អ ថាពួកគេត្រូវការអ្វីពីអ្នក ជាពិសេសនោះគឺត្រូវរីករាយចំពោះការឆ្លើយតបនិងជួយដោះស្រាយរាល់បញ្ហាដែលពួកគេកំពុងតែជួបប្រទះ។
 
ការដែលធ្វើបែបនេះ អាជីវកម្មនិងក្រុមហ៊ុនរបស់អ្នកនឹងទទួលបានការចូលរួម និងការគាំទ្រពីអតិថិជនបានកាន់តែច្រើន ហើយថែមទាំងជួយកសាងនូវទំនាក់ទំនងរវាងអ្នកនិងអតិថិជនអ្នកកាន់តែជិតស្និទ្ធទៀតផង។
 
ជាក់ស្ដែងយើងឃើញថាអតិថិជនភាគច្រើនដែលតែងតែបន្តនូវការកម្ម៉ង់ឬទិញទំនិញពីហាងដដែលឬក្រុមហ៊ុនដដែលនោះគឺដោយសារតែពួកគេទុកចិត្តនិងជឿជាក់រាល់ផលិតផលនិងសេវាកម្មដែលក្រុមហ៊ុនទាំងនោះបានផ្ដល់ជូន។
 
ករណីបែបនេះបើសិនជាខាងក្រុមហ៊ុនរបស់អ្នកពិតជាបានផ្ដល់នូវសេវាកម្មអតិថិជនមួយដ៏ល្អឥតខ្ចោះទៅកាន់អតិថិជនទាំងនោះពិតមែន នោះក្រុមហ៊ុនអ្នកនឹងកាន់តែមានអតិថិជនច្រើនឡើងៗដែលអ្នកនឹកស្មានមិនដល់។
 

២. ជួយពង្រីកម៉ាកយីហោរបស់អ្នកឲ្យកាន់តែទូលាយ

 
​​​​​​​ ហេតុអ្វីបានជាសេវាកម្មអតិថិជនអាចធ្វើឲ្យម៉ាកយីហោរបស់អ្នកកាន់តែល្បី?
 
ដើម្បីជួយឲ្យម៉ាកយីហោ(Brand)របស់អ្នកកាន់តែល្បី មានអ្នកស្គាល់ច្រើន មានអ្នកពេញចិត្តច្រើន រឿងដំបូងដែលក្រុមហ៊ុនអ្នកត្រូវចាប់ផ្ដើមនោះ គឺត្រូវបង្កើតឲ្យមានសេវាកម្មអតិថិជនមួយដែលល្អបំផុតដើម្បីផ្ដល់ទៅឲ្យពួកគេ។
 
កាលណាដែលសេវាកម្មរបស់អ្នកកាន់តែរហ័ស កាន់តែល្អឥតខ្ចោះ នោះភាគរយដែលអតិថិជននឹងមកគាំទ្រ និងប្រើប្រាស់ផលិតផលរបស់អ្នកនឹងកាន់តែរីកធំៗឡើង។អ្វីដែលសំខាន់នោះគឺ ក្រុមហ៊ុនអ្នកត្រូវតែធ្វើឲ្យពួកគេមានអារម្មណ៍ថាងាយស្រួល សុវត្ថិភាព សប្បាយចិត្ត កក់ក្ដៅ និងមានអារម្មណ៍ថាជាពិសេសបន្ទាប់ពីប្រើប្រាស់នូវផលិតផលឬសេវាកម្មរបស់អ្នក។
 
ពេលដែលអតិថិជនរបស់អ្នកមានអារម្មណ៍បែបនេះហើយ ច្បាស់ណាស់ពួកគេនឹងជួយផ្សព្វផ្សាយនូវម៉ាកយីហោរបស់អ្នកទៅកាន់មនុស្សជាច្រើនឲ្យបានស្គាល់រួមមាន មិត្តភក្តិ ក្រុមគ្រួសារ អ្នកស្គាល់គ្នា និងមនុស្សជាទីស្រលាញ់ជាដើម។
 
កំឡុងពេលនោះហើយគឺជាពេលដែលម៉ាកយីហោរបស់អ្នកត្រូវបានសាយភាយ និងត្រូវបាននិយាយពីម្នាក់ទៅម្នាក់ដែលជាហេតុធ្វើឲ្យអ្នកកាន់តែទទួលបានជោគជ័យក្នុងវិស័យធុរកិច្ចនេះ។
 

៣. សេវាកម្មអតិថិជនល្អធ្វើឲ្យអតិថិជនស្មោះត្រង់នឹងអ្នក

 
ប្រសិនបើអតិថិជនដែលធ្លាប់ទៅទិញទំនិញនៅហាងរបស់អ្នក ហើយទទួលបាននូវការរាក់ទាក់ ការមើលថែ ការណែនាំនិងទទួលបាននូវសេវាកម្មមួយដ៏ល្អពីហាងអ្នក នោះប្រាកដណាស់គឺគ្មានផ្លូវដែលអតិថិជនទាំងនោះអាចបោះបង់ទំនិញនៅហាងអ្នកចោលហើយរត់ទៅទិញទំនិញនៅហាងដទៃទៀតដែលជាដៃគូរប្រកួតប្រជែងរបស់អ្នកនោះទេ។
 
ដូចនេះដើម្បីធ្វើឲ្យអតិថិជនបន្តនូវភក្ដីភាពចំពោះអាជីវកម្មរបស់អ្នកឲ្យបានយូរអង្វែង អ្នកត្រូវតែផ្ដល់នូវអ្វីដែលអតិថិជនត្រូវការ ដូចជាផ្ដល់នូវការប្រឹក្សាយោបល់ ជួយដោះស្រាយបញ្ហា និងផ្ដល់នូវសេវាកម្មល្អៗទៅដល់ពួកគេជាដើម ដើម្បីឲ្យពួកគេចងចាំអ្នកជានិច្ច។
 
ជារួមប្រសិនបើអ្នកចង់ឲ្យដំណើរការអាជីវកម្មរបស់អ្នករីកដុះដាលកាន់តែខ្លាំង ព្រមទាំងអាចបន្តឈរជើងបានយូរអង្វែងនិងជារៀងរហូត អ្នកត្រូវតែយកចិត្តទុកដាក់ឲ្យបានខ្ពស់ទៅលើសេវាកម្មអតិថិជននេះ​ ពោលគឺត្រូវធ្វើយ៉ាងណាឲ្យអតិថិជនពេញចិត្តនឹងអ្នក ស្មោះនឹងអ្នក ព្រោះក្រុមហ៊ុនអ្នកអាចទៅមុខឬថយក្រោយបានគឺដោយសារតែសេវាកម្មអតិថិជននេះឯង។
Rin Hanavy
Rin Hanavyhttp://www.kumnit.com
គឺជាអ្នកបង្កើត និងសរសេរមាតិកានៅក្នុងគេហទំព័រគំនិត គេហទំព័រពន្លក ផ្នែកយុទ្ធសាស្ត្រទីផ្សារ ភាពជាអ្នកដឹកនាំ យុទ្ធសាស្ត្រអាជីវកម្ម ការងារ និងការអភិវឌ្ឍខ្លួនឯង។ ជានិស្សិតថ្នាក់បរិញ្ញាបត្រ ជំនាញទីផ្សារ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ