ពួកយើងគ្រប់គ្នាសុទ្ធតែប្រាថ្នាចង់ទទួលបានអ្វីអស្ចារ្យមុនដំណាច់ឆ្នាំ២០១៧នេះ។ អ្នកខ្លះចង់ទទួលបានការរីកចម្រើន រីឯអ្នកខ្លះទៀតចង់ពង្រីកអាជីវកម្មបន្ថែមទៀត។ បំណងប្រាថ្នាមិនអាចកើតឡើងជាការពិតដោយឯកឯងទេលុះត្រាតែអ្នកធ្វើវាឲ្យកើតឡើង។ អ្នកត្រូវមានក្តីសុបិននិងគោលដៅឲ្យបានច្បាស់លាស់ជាមុនសិន។ ជាការពិតក្នុងនាមជាសហគ្រិនម្នាក់គឺពិតជាចង់ទទួលបានភាពជោគជ័យខ្លាំងណាស់។ ដើម្បីអាចសម្រេចបាន គេគួរសួរសំណួរទាំង៤ខាងក្រោមនេះទៅកាន់ខ្លួនឯងជាមុនសិន៖
#សំណួរទី១ តើខ្ញុំត្រូវធ្វើយ៉ាងណាដើម្បីទទួលបានភាពជោគជ័យ?
ដំបូងអ្នកត្រូវដឹងឲ្យច្បាស់ថាអ្នកចង់សម្រេចអ្វីនៅក្នុងឆ្នាំនេះ។ អ្នកអាចស្រមៃថាអ្នកស្ថិតនៅក្នុងបំណាច់ឆ្នាំ២០១៧។ អ្នកកំពុងអង្គុយនៅក្នុងការិយាល័យហើយអ្នកមានអារម្មណ៍ថាឆ្នាំនេះគឺពិតជាអស្ចារ្យណាស់ព្រោះអ្នកបានសម្រេចគោលដៅដែលអ្នកបានគ្រោងទុករួចហើយ។ បន្ទាប់ពីស្រមៃរួចអ្នកត្រូវកត់ត្រាអារម្មណ៍ ភាពអស្ចារ្យ និងគោលដៅទាំងនោះទុកហើយចាប់ផ្តើមរៀបចំផែនការណ៍ឲ្យបានច្បាស់លាស់ដើម្បីអាចសម្រេចគោលដៅនេះបាន។
#សំណួរទី២ តើខ្ញុំគួរធ្វើយ៉ាងណាដើម្បីទទួលបានភាពរីកចម្រើន?
អ្នកគួរស្វែងយល់ពីអតិថិជនរបស់អ្នកឲ្យបានច្បាស់។ តើអ្វីទៅជាយុទ្ធសាស្ត្រចម្បងរបស់អ្នកក្នុងការទាក់ទាញអតិថិជនឲ្យបានកាន់តែច្រើនសម្រាប់ឆ្នាំនេះ? អ្នកត្រូវដឹងថាអតិថិជនចង់បានអ្វីពីអាជីវកម្មរបស់អ្នក?បន្ទាប់ពីនោះអ្នកត្រូវប្តេជ្ញាចិត្តធ្វើឲ្យបានដើម្បីសម្រេចក្តីប្រាថ្នារបស់អ្នក។
#សំណួរទី៣ តើអ្នកគួរបម្រើអតិថិជនរបស់អ្នកដោយរបៀបណា?
អ្នកត្រូវរៀបចំគម្រោងសម្រាប់កិច្ចការដែលអ្នកនឹងធ្វើដើម្បីបម្រើអតិថិជនរបស់អ្នកឲ្យកាន់តែប្រសើរជាឆ្នាំ២០១៦ទៀត។ គិតពីចំណុចវិជ្ជមានទាំងឡាយដែលអ្នកអាចផ្តល់ឲ្យអតិថិជនដើម្បីបង្កើនការពេញចិត្តរបស់ពួកគេ។ អ្នកត្រូវគិតពីវិធីដេលអាចយកទំនុកចិត្តរបស់អតិថិជនបានដូចជាបង្កើនអនាម័យជាដើម។
#សំណួរទី៤ តើធ្វើយ៉ាងណាដើម្បីបញ្ឈប់ភាពស្ទាក់ស្ទើររបស់ខ្ញុំបាន?
ផ្លូវនៃការធ្វើអាជីវកម្មរបស់សហគ្រិនតែងតែមានឧបសគ្គ។ ជួនកាលពេលដែលជួបការលំបាកច្រើនពេកឬធ្ងន់ធ្ងរពេកនាំឲ្យមានការអស់សង្ឃឹម។ ដោយសារតែភាពភ័យខ្លាចឬការសង្ស័យនាំឲ្យពួកគេបោះបង់ចោល។ ដោយឡែកចំពោះសហគ្រិន អ្នកគឺបានព្យាយាមជាយូរមកហើយ អ្នកមិនត្រូវស្ទាក់ស្ទើរក្នុងការសម្រេចគោលដៅក្នុងឆ្នាំនេះទេ។ អ្នកត្រូវផ្តោតទៅលើការងារណាដែលនាំអ្នកទៅរកភាពជោគជ័យពិតប្រាកដនិងរៀនលះបង់ការងារដែលមិនចាំបាច់។ ចាប់ផ្តើមផ្តោតឲ្យកាន់តែខ្លាំងពីការងារបែបណាដែលអ្នកចង់បាននិងបន្តប្រឹងប្រែងធ្វើវាតទៅទៀត។ លើសពីនេះទៅទៀត អ្នកក៏អាចសិក្សាពីទម្លាប់ល្អៗរបស់បុគ្គលជោគជ័យ បុគ្គលគម្រូ ឬមនុស្សណាម្នាក់ដែលអ្នកតែងតែកោតសរសើរហើយរៀនអនុវត្តតាមពួកគេ។