ការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត(AI) ដើម្បីបង្កើតជាទម្រង់មុខរបស់អធិរាជជនជាតិចិនសម័យបុរាណ

951
ការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត(AI) ដើម្បីបង្កើតជាទម្រង់មុខរបស់អធិរាជជនជាតិចិនសម័យបុរាណ

 

ក្នុងរយៈកាល ៤០០០ ឆ្នាំមុនប្រទេសចិនត្រូវបានគ្រប់គ្រងអំណាចដោយអធិរាជដ៏អស្ចារ្យជាច្រើនរូបដែលសុទ្ធសឹងតែជាវីរៈបុរសដ៏អង់អាចក្លាហាននៅក្នុងដួងចិត្តរបស់ប្រជាជនគ្រប់ៗរូប ។ យ៉ាងណាមិញជាធម្មតានៅពេលដែលមនុស្សទូទៅចង់សិក្សាស្រាវជ្រាវពីប្រវត្តិសាស្ត្រពួកគេតែងតែស្វែងរកសៀវភៅនានាមកអានឬក៏មើលរូបភាពមួយចំនួនដែលពេលខ្លះពួកគេហាក់ដូចជាពិបាកក្នុងការស្រមើស្រមៃនិងមានភាពស្រពិចស្រពើលពីប្រវត្តិសាស្ត្រក៏ដូចជារូបភាពរបស់អធិរាជដ៏អស្ចារ្យនៅក្នុងសម័យបុរាណាទាំងអស់នោះ ។

យ៉ាងណាមិញដោយសារតែកត្តាមួយនេះហើយទើបជម្រុញឲ្យលោក Hu  Wengu ជាអ្នកអភិវ្ឍន៍កម្មវីធីវីដេអូ Game និងជា programmerឯករាជ្យដែលប្រកបទៅទេពកោសល្យម្នាក់បានប្រើប្រាស់នូវបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត (AI) ក្នុងការបង្កើតជារូបភាពដែលជាទម្រង់មុខរបស់អធិរាជសម័យបុរាណដែលមានលក្ខណៈដូចជាទម្រង់មុខពិតៗ ។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះលោកក៏បានធ្វើឲ្យទម្រង់មុខទាំងនោះអាចមានចលនារួមជាមួយនឹងការបញ្ចេញនូវទឹកមុខផ្សេងៗផងដែរ ។ ទាក់ទងទៅនឹងដំណើរការក៏ដូចជាវិធីសាស្ត្រនៅក្នុងការបង្កើតរូបភាពទាំងនោះវិញ  លោក Hu Wengu បានលើកឡើងថាលោកបានប្រើប្រាស់ PaddleGan ដែលជាប្រភេទ open-source machine learning project រួមជាមួយនឹង Baidu ដែលជាកម្មវិធីស្វែងរកទិន្ន័យឬព័ត៌មានដ៏ធំបំផុតរបស់ប្រទេសចិន( Chinese internet search engine) បូកផ្សំនឹងកម្មវីធី ArtBreederដែលមានមុខងារបន្សំក៏ដូចជាផ្លាស់ប្តូររូបភាពនានាតាមរយៈបញ្ញាសិប្បនិម្មិត (AI) ។ ក្រៅពីនេះលោកក៏បានប្រើប្រាស់នូវកម្មវិធីមួយឈ្មោះថា AI Studio ដើម្បីចាប់យកនូវរូបភាពនៃការបញ្ចេញទឹកមុខ

( Facial Expression ) របស់លោករួចយកទៅដាក់បញ្ជូលលើរូបភាពនៃទម្រង់មុខរបស់អធិរាជសម័យបុរាណដែលលោកបានបង្កើតដើម្បីឲ្យទម្រង់មុខទាំងនោះមានចលនានិងមានទឹកមុខដូចជាមនុស្សពិតៗ ។

បន្ថែមពីនេះលោកក៏បានបញ្ជាក់ផងដែរថាលោកបានបង្កើតនូវរូបភាពរបស់អធិរាជចំនួន ៨ រូបរួចមកហើយ ។ រហូតមកដល់ពេលបច្ចុប្បន្ននេះលោក Hu Wengu បានបង្កើតនូវរូបនៃទម្រង់មុខរបស់អ្នកចម្បាំងដ៏ខ្លាំងក្លាកាលពី ២០០០ ឆ្នាំមុនជាច្រើនរូបដែលត្រូវបានប្រើប្រាស់ជាជំនួយនៅក្នុងសិក្សាអក្សរសាស្ត្រចិននៅឯសកលវិទ្យាល័យ ។ មិនត្រឹមតែប៉ុណ្ណោះលោកក៏មានស្នាដៃនៅក្នុងការបង្កើតនូវរូបភាពបែបសខ្មៅដែលបង្ហាញអំពីទិដ្ឋភាពរបស់ទីក្រុងប៉េកាំងកាលពីសម័យមុនតាមរយៈការប្រើប្រាស់នូវបញ្ញាសិប្បនិម្មិត (AI) ផងដែរ ដែលរូបភាពនេះទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ជនជាតិចិនទូទាំងប្រទេសកាលពីខែឧសភាកន្លងទៅនេះ ។

ប្រភព​ : https://www.scmp.com/tech/article/3112919/video-game-developer-uses-ai-recreate-faces-ancient-chinese-emperors