តថភាពសង្គម៖ ពេលខ្លះយើងខ្លាច​ដោយ​មិន​ដឹងមូលហេតុ!

2594

អ្នកវិទ្យាសាស្ត្រមួយក្រុមបានដាក់ស្វា៥ក្បាលនៅក្នុងទ្រុងមួយ ដែលនៅចំកណ្តាលមានជណ្តើរមួយដែលមានចេកនៅពីលើចុងជណ្តើរនោះ។ នៅរាល់ពេលដែលមានស្វាមួយឡើងទៅលើជណ្តើរដើម្បីឈ្ពោះទៅរកផ្លែចេក ស្វាដ៏ទៃដែលនៅខាងក្រោមត្រូវបានអ្នកវិទ្យាសាស្ត្រប្រើប្រាស់ទឹកកកចាក់ទៅលើពួកវា ដូច្នេះហើយ ស្វាដែលនៅខាងក្រោមទាំងប៉ុន្មានបានចាប់ទាញស្វាដែលព្យាយាមឡើងជណ្តើរចុះមកក្រោម ហើយធ្វើការសំពងយ៉ាងចាស់ដៃ។ នៅពេលដែលមានស្វាណាព្យាយាមឡើងជណ្តើរ ហេតុការដដែលក៏បានឡើង គឺត្រូវបានស្វាដែលនៅខាងក្រោមចាប់ទាញទម្លាក់ និងសំពង រហូតទាល់តែគ្មានស្វាណាហ៊ានមានះដើម្បីឡើងជណ្តើរនោះទៀត។

monkey-banana-water-spray-paradigm

បន្ទាប់មកក្រុមអ្នកវិទ្យាសាស្ត្របានសម្រេចចិត្តធ្វើការផ្លាស់ប្តូរស្វាថ្មីមួយមកបញ្ចូលទៅក្នុងក្រុមដោយធ្វើការដកសត្វស្វាចាស់មួយចេញ។ អ្វីដែលស្វាដែលទើបតែដាក់ចូលក្នុងទ្រុងធ្វើដំបូងគេគឺការព្យាយាមឡើងជណ្តើរ។ ភ្លាមៗនោះ ស្វាទាំងបួនដែលនៅខាងក្រោមបានស្ទុះទៅទាញទម្លាក់ហើយសំពងដូចដែលធ្លាប់ធ្វើពីមុន។  បន្ទាប់ពីត្រូវបានសំពងប៉ុន្មានដងមក ស្វាដែលទើបដាក់បញ្ចូលថ្មីលែងហ៊ានឡើងជណ្តើរទៀតដោយមិនដឹងថាហេតុអ្វីបានជាមានរឿងដូច្នេះកើតឡើង ក្រៅពីត្រូវបានគេសំពង។

[box fontsize=”22″]មនុស្សភាគច្រើនច្រើនតែសុខចិត្តទទួលយកនូវអ្វីដែលមានពីមុនមក ទោះបីជាគេមិនដឹងពីមូលហេតុ ឬគិតថាអ្វីៗទាំងនេះគឺមិនទំនង និងមិនសមហេតុផល![/box]

ក្រោយមក ស្វាថ្មីទី២ត្រូវបានបញ្ចូលដោយធ្វើការដកស្វាចាស់ចេញពីទ្រុង ហើយលទ្ធផលគឺនៅដដែល គឺថា ស្វាថ្មីបានព្យាយាមឡើងជណ្តើរ តែត្រូវបានស្វាទាំងបួនផ្សេងទៀតធ្វើការចាប់ទាញទម្លាក់ ហើយវាយសំពង។ ការផ្លាស់ប្តូរស្វាថ្មីមកបញ្ចូលទ្រុងប្រព្រឹត្តទៅរហូតស្វាដែលនៅក្នុងទ្រង់ទាំង៥សុទ្ធតែជាស្វាថ្មីដែលមិនបានដឹងពីមូលហេតុពីការវាយសំពងនៅរាល់ពេលដែលពួកវាព្យាយាមឡើងជណ្តើរ និងមិនដែលបានទទួលបានការចាក់ទឹកកកទៅលើខ្លួនប្រាណពីសំណាក់អ្នកវិទ្យាសាស្ត្រឡើយ។

ប្រសិនជាអាចសួរសត្វស្វាទាំងនោះ (ស្វាទាំង៥ដែលគេដាក់បញ្ចូលទ្រុងដោយធ្វើការផ្លាស់ប្តូរស្វាចាស់ចេញ) ថាហេតុអ្វីបានជាវាត្រូវបានស្វាដទៃទៀតវាយសំពងនៅរាល់ពេលដែលវាឡើងជណ្តើរ ចម្លើយដែលអាចនឹងទទួលបានប្រាកដជា “វាមិនដឹងទេ! នេះគឺជាទម្លាប់ពួកវាតែងតែធ្វើតៗគ្នាមក”។

តើវាដូចទៅនឹងបរិបទសង្គមបច្ចុប្បន្នឬទេ?

រឿងប្រហាក់ប្រហែលនឹងការធ្វើពិសោធនេះក៏មានវត្តមាននៅក្នុងសង្គមយើងផងដែរ។ បច្ចុប្បន្ននេះមានមនុស្សមិនតិចទេដែលព្យាយាមធ្វើតាមគេដោយមិនដឹងពីមូលហេតុ ឬធ្វើតាមទម្លាប់ ដោយមិនដឹងថាតើហេតុអ្វីបានជាវាកើតឡើងយ៉ាងដូច្នេះ។ មនុស្សភាគច្រើនច្រើនតែសុខចិត្តទទួលយកនូវអ្វីដែលមានពីមុនមក ទោះបីជាគេមិនដឹងពីមូលហេតុ ឬគិតថាអ្វីៗទាំងនេះគឺមិនទំនង និងមិនសមហេតុផល។ ទម្លាប់ទាំងនេះ បានជ្រាបចូលទៅក្នុងផ្នត់គំនិត ហើយបានប្រែក្លាយទៅជាវប្បធម៌មួយ ដែលពិបាកនឹងកែប្រែ។

មិនថាតែនៅក្នុងសង្គមនោះទេ នៅក្នុងស្ថាប័ន ឬក្រុមហ៊ុនខ្លះក៏បានបញ្ច្រាបវប្បធម៌ខាងលើផងដែរ ហើយវាត្រូវបានកប់ឬសយ៉ាងជ្រៅទៅក្នុងផ្នត់គំនិតអ្នកធ្វើការនៅទីនោះ ដែលធ្វើឱ្យក្លាយទៅជា”វប្បធម៌ក្រុមហ៊ុន”។ ទឹកកកដ៏ត្រជាក់ត្រូវបានបាញ់ទៅលើមនុស្ស និងគំនិតថ្មីៗដែលបានលើកឡើង ឬក៏ចង់ធ្វើអ្វីដែលថ្មី។ ក្នុងករណីកាន់តែធ្ងន់ធ្ងរទៀតនោះ បុគ្គលិកដទៃបានដឹងពីបញ្ហានេះ ហើយលែងហ៊ានបញ្ចេញយោបល់ ឬគំនិតថ្មីអ្វីទាំងអស់ ហើយទម្លាប់នេះនឹងបែកសាយពាសពេញស្ថាប័នទាំងមូល។ ពាក្យដែលនិមយមប្រើបំផុតសម្រាប់វប្បធម៌មួយនេះនោះគឺ “ពីដើមមកគេធ្វើតែអញ្ចឹង!” ដែលបានចាក់ឬសចូលទៅក្នុងផ្នត់គំនិត ធ្វើឱ្យអ្នកជំនាន់ក្រោយ ឬអ្នកដែលមកថ្មីមិនហ៊ានហាមាត់សួរពីហេតុផល ឬឬសគល់ពីទម្លាប់នោះ។

ចូរកុំវាយសំពង ឬចាក់ទឹកកកទៅលើស្វាដែលមកថ្មី ទោះជាបុគ្គលិកថ្មី ឬក៏ដៃគូរថ្មីក៏ដោយ។ ពេលខ្លះសំណួរដែលពួកគេបានសួរ “ហេតុអ្វីបានជាយើងមានទម្លាប់ធ្វើដូច្នេះ?” គឺជាសំណួរមួយដែលត្រឹមត្រូវ ហើយមានប្រយោជន៍សម្រាប់ធ្វើការត្រិះរិះពិចារណា។

សម្រាប់មនុស្សទូទៅវិញ គួរមានទម្លាប់សួរដេញដោល និងសញ្ចឹងគិតពិចារណា ថាតើមូលហេតុអ្វីបានជាអ្វីៗប្រព្រឹត្តទៅយ៉ាងដូច្នេះ ហើយត្រូវហ៊ានសួរដេញដោលជីកឬសគល់ ដោយលើកយកដំណោះស្រាយដែលល្អជាង ទោះបីវាជាវិធីថ្មីក៏ដោយ ចៀសវាងការធ្វើតាមតែគេ ដោយមិនដឹងខ្យល់អ្វីទាំងអស់។ ការធ្វើដូចនេះ មិនមែនជាចំណុចវិជ្ជមានសម្រាប់តែខ្លួនឯងប៉ុណ្ណោះទេ គឺសម្រាប់អ្នកដែលនៅជុំវិញខ្លួនទាំងអស់។

 

Previous articleយុទ្ធសាស្ត្រ​ដាក់​តម្លៃ​ទំនិញដើម្បី​បង្កើនប្រាក់ចំណូល ភាគ១
Next articleកំហុស​ទាំង​៧​ដែល​តែង​កើត​មាន​ក្នុង​ការ​សរសេរ​អក្សរ​ខ្មែរ
លោក ហាក់គីមថុង គឺជា ស្ថាបនិក និងនាយក KUMNIT CREATIVE ដែលជា ស្ថាប័ន ផ្តល់សេវាកម្ម និងវគ្គសិក្សាយុទ្ធសាស្ត្រអាជីវកម្មសម័យទំនើប (Digital Marketing) ជាសហស្ថាបនិកគេហទំព័រគំនិត និង​ជា​ប្រធាន​ទីផ្សារ​របសក្រុមហ៊ុនអចលនទ្រព្យ​Century 21 Dream Property។ គាត់ មាន បទពិសោធន៍ការងារជាច្រើន ទាំង​ក្នុង​និង​ក្រៅប្រទេស​ទាក់ទង​ នឹង​វិស័យ​អចលនទ្រព្យ សិក្សា​​ស្រាវជ្រាវ​​ទីផ្សារ​ អាហារ​និង​ភោជនីយដ្ឋាន គ្រឿង​សម្អាង​ និង​ Retail ព្រមទាំង​​ជា​​អ្នក​ប្រឹក្សា​យុទ្ធសាស្ត្រ​អាជីវកម្ម​សម្រាប់​ក្រុមហ៊ុន​មួយចំនួន​ផងដែរ។  គាត់បានចុះកម្មសិក្សា នៅតាមបណ្តាក្រុមហ៊ុនផ្សេងៗ ទាំងក្នុង និងក្រៅប្រទេស ធ្លាប់ចូលរួមកម្មវិធីផ្លាស់ប្តូរវប្បធម៌ សិក្ខាសាលាធុរកិច្ច និង ធ្វើដំណើរ កម្សាន្ដ ទៅប្រទេស​ក្រៅជាច្រើន ដែលនេះសុទ្ធតែជាបទពិសោធ មួយដ៏ល្អសម្រាប់ចែករំលែក និងធ្វើការផ្សព្វផ្សាយបន្ត។