កំហុសដ៏ធំរបស់ម្ចាស់អាជីវកម្មនៅកម្ពុជា តែងតែប្រព្រឹត្តិ!

47
កំហុសដ៏ធំរបស់ម្ចាស់អាជីវកម្មនៅកម្ពុជា តែងតែមើលរំលង!

គ្មានអ្វីដែលល្អឥតខ្ចោះនោះឡើយ ប៉ុន្តែក៏មិនត្រូវបណ្ដែតបណ្ដោយដែរ ដូច្នេះហើយម្ចាស់អាជីវកម្មទាំងអស់ អាចពិនិត្យនូវកង្វះខាតដែលបានប្រព្រឹត្តិឡើងវិញ ដើម្បីធ្វើយ៉ាងណាឱ្យអាជីវកម្មផ្ទាល់ខ្លួនកាន់តែមានភាពលេចធ្លោនៅក្នុងទីផ្សារ។ ជាពិសេសអាជីវកម្មដែលបានប្រព្រឹត្តិនូវកំហុសចំនួន 4 ខាងក្រោម៖

1. សមត្ថភាពខ្លាំងតែម្នាក់ឯង

ម្ចាស់អាជីវកម្មមួយចំនួន បានមើលរំលងក្នុងការបណ្ដុះបណ្ដាលបុគ្គលិកនៅក្រោមបង្គាប់ទាំងអស់ឱ្យមានសមត្ថភាពខ្លាំង និងអាចប្រើប្រាស់សមត្ថភាពផ្ទាល់ខ្លួនឱ្យកាន់តែមានប្រយោជន៍ជាងមុន ដោយភាគច្រើនថ្នាក់ដឹកនាំ មានសមត្ថភាពខ្លាំងតែម្នាក់ឯង ដែលធ្វើឱ្យកិច្ចការមួយចំនួនដំណើរការមិនបានល្អ។ ដូច្នេះហើយ ត្រង់ចំណុចនេះ ម្ចាស់អាជីវកម្ម ឬថ្នាក់ដឹកនាំផ្សេងៗ គួរតែពិនិត្យលើចំណុចនេះម្ដងទៀត ព្រមទាំងចាប់ផ្ដើមរៀបចំប្រព័ន្ធក្នុងការបង្វឹកបុគ្គលិកទាំងអស់ឱ្យមានសមត្ថភាពកាន់តែខ្លាំង ដោយអាចមានសមត្ថភាពក្នុងការបំពេញការងារផ្សេងៗបានយ៉ាងល្អ ទោះបីជាថ្ងៃណាមួយអ្នកមិនបាននៅក្រុមហ៊ុនក៏ដោយ។

អ្នកអាចបណ្ដុះបណ្ដាលឱ្យបុគ្គលិកមានសមត្ថភាពដូចជា៖

  • ដឹកនាំក្រុម
  • ធ្វើការងារជាក្រុម
  • ភាពច្នៃប្រឌិត និងការបង្កើតថ្មី
  • ចេះប្រើប្រាស់សមត្ថភាព និងទេពកោសល្យផ្ទាល់ខ្លួន
  • ចេះដោះស្រាយបញ្ហាដោយខ្លួនឯង
  • ចេះជំនាញសិក្សាស្រាវជ្រាវ និងស្វ័យសិក្សា
  • យល់ដឹងអំពីរបៀបនៃប្រព័ន្ធធ្វើការឱ្យមានប្រសិទ្ធភាព
  • និងចំណេះជំនាញថ្មីៗជាច្រើនទៀតអាស្រ័យលើអ្នកផ្ដល់ឱ្យ។

2. ការផ្ដល់សេវាកម្មអតិថិជនមិនល្អ

ក្រុមហ៊ុន ឬហាងមួយចំនួននៅកម្ពុជា បានមើលរំលងនូវការបណ្ដុះបណ្ដាលបុគ្គលិកដែលមានភាពពាក់ព័ន្ធនឹងការផ្ដល់សេវាកម្មអតិថិជនឱ្យបានល្អ ដែលធ្វើឱ្យបាត់បង់អតិថិជនជាបន្តបន្ទាប់ដោយមិនដឹងខ្លួន។ សូមចងចាំថា ទោះបីជាក្រុមហ៊ុន ឬហាងរបស់អ្នកមានផលិតផលល្អយ៉ាងណា ក៏វាទាមទារឱ្យមានការផ្ដល់សេវាកម្មអតិថិជនល្អបន្ថែមទៀតដែរ។

ការផ្ដល់សេវាកម្មអតិថិជនល្អ នោះអតិថិជននឹងសប្បាយចិត្តជាមួយអ្នក ហើយនឹងជួយធ្វើទីផ្សារបន្តឱ្យអ្នកតាមរយៈការណែនាំបន្ត ព្រមទាំងពួកគេនឹងក្លាយជាអតិថិជនដ៏ស្មោះត្រង់សម្រាប់អ្នក។ ប៉ុន្តែជាក់ស្ដែង នៅកម្ពុជា ម្ចាស់អាជីវកម្មមួយចំនួនមិនបានផ្ដល់ចំណេះដឹងនេះដល់បុគ្គលិកឡើយ ដោយអ្នកខ្លះមិនដឹងថាអ្វីទៅជាការផ្ដល់សេវាកម្មល្អដល់អតិថិជន ហើយពួកគេធ្វើអ្វីតាមតែពួកគេចង់ធ្វើ ដោយពេលខ្លះធ្វើប៉ះពាល់ដោយប្រយោលដល់អតិថិជនជាដើម។

កំហុសនៃការផ្ដល់សេវាកម្មអតិថិជនមិនល្អនៅកម្ពុជា រួមមាន៖

  • ការមិនញញឹម និងរុសរាយរាក់ទាក់ទាំងអតិថិជនអញ្ជើញមក និងត្រឡប់ទៅវិញ
  • ការធ្វើកាយវិកាមិនសមរម្យជាមួយនឹងអតិថិជនដែលពួកគាត់តែងខ្លួនបែបសាមញ្ញ ដោយវាយតម្លៃតែសំបកក្រៅ
  • មិនចេះរក្សាអតិថិជនទាំងចាស់ និងថ្មី តាមរយៈការផ្ដល់សេវាកម្មអន់បំផុត
  • មិនចេះប្រឹក្សាយោបល់ជាមួយអតិថិជន ដើម្បីផ្ដល់នូវជម្រើសល្អៗផ្សេងៗទៀតដល់អតិថិជន ដោយភាគច្រើនចង់និយាយស្ដីឱ្យអតិថិជន ឬប្រើពាក្យមិនសមរម្យនៅពេលអតិថិជនគ្រាន់តែសួរហើយដើរចេញ ពីព្រោះគ្មានអ្វីដែលពួកគាត់ចង់បានជាដើម
  • និងជាច្រើនទៀត ដែលជាកត្តាធ្វើឱ្យអតិថិជនចងចាំហើយមិនចង់ត្រឡប់មកម្ដងទៀត។

3. បង្កើតអាជីវកម្មដោយចិត្តមួយឆាវ

ម្ចាស់អាជីវកម្មមួយចំនួន ចង់ចាប់ផ្ដើមអាជីវកម្មដោយតាមតែចិត្តចង់មួយឆាវ ដោយសារការណែនាំរបស់សហគ្រិននានា ការចង់ក្លាយជាបុគ្គលល្បី ការចង់ក្លាយជាអ្នកមាន និងជាច្រើនទៀតដោយមិនមែនជាកត្តាស្រលាញ់ពិតប្រាកដ ដែលនេះប្រឈមមុខនឹងការខាតបង់ ហើយឆាប់បោះបង់។ ចងចាំថា ការធ្វើអាជីវកម្ម វាត្រូវឆ្លងកាត់បញ្ហាច្រើន និងទាមទារឱ្យមានការយល់ដឹងក្នុងការធ្វើអាជីវកម្ម ជាពិសេសយល់ដឹងពីឧស្សាហកម្មដែលកំពុងចង់ធ្វើនោះ ដូច្នេះបើអ្នកធ្វើអាជីវកម្មដោយមិនកើតចេញពីការស្រលាញ់ និងទស្សនវិស័យជាក់លាក់ណាមួយនោះទេ នោះអាជីវកម្មនោះក៏កើតឡើងមិនបានយូរអង្វែងផងដែរ។

កត្តានេះហើយ ដែលយើងសង្កេតឃើញថា មានអាជីវកម្មមួយចំនួននៅកម្ពុជា ត្រូវបានបិទទ្វារអស់ជាច្រើន ទោះបីជាកាលពីចាប់ផ្ដើមដំបូងមានសំទុះនៃការគាំទ្រច្រើនក៏ដោយ។

4. ធ្វើអាជីវកម្មដើម្បីប្រជែងគ្នា

នៅក្នុងទីផ្សារនៅកម្ពុជា យើងសង្កេតឃើញថា ម្ចាស់អាជីវកម្មមួយចំនួនភាគច្រើនចូលចិត្តបង្កើតអ្វីដែលដូចៗគ្នា ព្រមទាំងពេលខ្លះបើកអាជីវកម្មស្រដៀងនឹងគេ ហើយចាប់ផ្ដើមប្រណាំងគ្នាដើម្បីដណ្ដើមចំណែកទីផ្សារគ្នាជាដើម ប៉ុន្តែជាលទ្ធផលចុងក្រោយអាចមានអ្នកឈ្នះ អ្នកចាញ់ ហើយជួនកាលដួលទាំងអស់គ្នាក៏មាន។ លើសពីនេះ ពួកគេព្យាយាមរកយុទ្ធសាស្រ្តមកប្រកួតគ្នា ហើយពេលខ្លះប្រើយុទ្ធសាស្រ្តដូចគ្នា ដើម្បីផលប្រយោជន៍រៀងខ្លួនក៏មានដែរ។ (បញ្ជាក់៖ នេះគ្រាន់តែជារូបភាពមួយផ្នែកតូចប៉ុណ្ណោះ)។

ការដែលធ្វើបែបនេះ នាំតែធ្វើឱ្យទីផ្សារកាន់តែតូចចង្អៀត ព្រមទាំងគ្មានពេលវេលាគ្រប់គ្រាន់ក្នុងការស្វែងរកគំនិតច្នៃប្រឌិតផ្សេងៗដើម្បីបញ្ចូលនៅក្នុងអាជីវកម្មឡើយ ដោយភាគច្រើននាំចូលពីបរទេសច្រើនជាងការនាំចេញជាដើម។

ហេតុដូចនេះហើយ ក្នុងចំណុចនេះ ចង់បង្ហាញឱ្យម្ចាស់អាជីវកម្មយកពេលវេលាដែលចង់តែឈ្នះដៃគូប្រកួតប្រជែង មកស្វែងរកអ្វីដែលថ្មី ដើម្បីបំពេញចន្លោះខ្វះខាតនៅក្នុងទីផ្សារក្នុងការបំពេញតម្រូវការអតិថិជន និងជួយជំរុញក្នុងការបង្កើតអ្វីដែលថ្មីៗឱ្យបានច្រើននៅក្នុងទីផ្សារ គឺវាជាការល្អបំផុត។