កំហុស​ទាំង​​៦​យ៉ាង​ដែល​សហគ្រិន​គួរតែ​ចៀសវាង​នៅពេល​ចាប់ផ្តើម​អាជីវកម្ម​លើកដំបូង

1365

អាជីវកម្ម​ថ្មី​ពិតជា​ត្រូវការ​ជំនាញ​ច្បាស់លាស់​និង​​​​​ចំណេះ​ដឹង​មួយ​ចំនួន​ដែល​អ្នក​គួរ​សិក្សា​ស្វែងយល់ដូចជាយុទ្ធសាស្រ្ត​ទីផ្សារ ច្បាប់​អាជីវកម្ម ភាព​ច្នៃ​ប្រតិដ្ឋ​នៃ​ផលិតផល​ឬ​សេវាកម្ម គណនេយ្យ​ជាដើម។ ​ដើម្បី​ទទួល​បាន​ចំណេះដឹង​ទាំងអស់​​នេះ​ក្នុង​នាមជា​សហគ្រិន អ្នក​គួរតែ​ចូលរួម​គ្រប់​ផ្នែក​ទាំងអស់​នៃ​អាជីវកម្ម​​។ ជាការពិត​សហគ្រិន​ថ្មី​គឺងាយ​នឹង​​​បង្កើត​កំហុស​​ណាស់​ក្នុង​ពេល​ទើប​តែ​បើក​អាជីវកម្ម ប៉ុន្តែ​គាត់​អាច​ជម្នះ​​ឧបសគ្គ​ទាំងនោះ​ដោយ​សិក្សា​ស្វែងយល់​និង​​សិក្សា​ស្រាវជ្រាវ​ឲ្យ​ច្បាស់​មុន​នឹង​សម្រេច​បើ់កអា​ជីវកម្ម​​។ ខាងក្រោមនេះ​​គឺជា​​ចំណុច​​ដែល​​សហគ្រិន​​គួរ​ចៀសវាង​​​ដើម្បី​​​បន្ត​ឱកាស​ទទួល​បាន​ជោគជ័យ​ក្នុង​អាជីវកម្ម​៖​

ទី១ បោះបង់​​ភាព​អាត្មា​និយម

ភាព​ជោគជ័យ​នៃ​អាជីវកម្ម​មួយ​គឺ​​មកពី​ការ​សម្រេច​ចិត្ត​ត្រឹមត្រូវ​គ្រប់​ដំណាក់កាល។ ប៉ុន្តែ​ការ​ជ្រើសរើស​ជម្រើស​ដ៏ល្អ​​​និង​ត្រឹមត្រូវ​គឺ​​មាន​​ការលំបាក​​​។ កត្តា​ចម្បង​ដែល​រាំងស្ទះ​សហគ្រិន​ក្នុង​ការ​ទទួលបាន​ជោគជ័យ​គឺ​មិនមែន​មក​ពី​កង្វះ​​មតិ ​ព័ត៌មាន​ឬ​​គាត់​ខ្វះ​​សមត្ថភាព ​ប៉ុន្តែ​ដោយសារ​តែ​ភាពអាត្មា​និយម​របស់គាត់​ដោយ​មិនព្រម​ទទួល​យក​គំនិត​ពី​​អ្នក​​ដទៃ​។

ទី២ យកចិត្ត​ទុកដាក់​ជាមួយ​បុគ្គលិក​ឲ្យ​ស្មើគ្នា

​          គ្រប់គ្នា​កើត​មក​មិន​មានសុទ្ធតែ​មាន​​​ចំណេះដឹង​ក្នុង​ការគ្រប់គ្រង​មនុស្សទាំង​អស់​ឡើយ។ ការរៀន​គ្រប់គ្រង​បុគ្គលិក​គឺ​ត្រូវ​ចំណាយពេល​មួយចំនួន​ក្នុងការ​សិក្សា​ជំនាញ​នេះ។ ទោះបីជា​យ៉ាងណា​ក៏ដោយ​អ្នក​ត្រូវ​ចាំ​ថា​បុគ្គលិក​គឺជា​ទ្រព្យ​សកម្ម​​ដ៏​មាន​តម្លៃ​របស់អ្នក​។ ដូចនេះ ក្នុងនាម​ជា​អ្នក​ដឹកនាំ អ្នកត្រូវ​ចេះ​ស្វែងយល់​ពី​ទេពកោសល្យ​រាល់​បុគ្គលិក​របស់អ្នក​ឲ្យ​បាន​ច្បាស់​។ ​អ្នក​ត្រូវ​ចំណាយ​ពេល​កត់​សម្គាល់​ថា​ពេល​ដែល​អ្នក​ជម្រុញ​ទឹកចិត្ត​បុគ្គលិក​ថា​តើ​គាត់​​បាន​ផ្លាស់​ប្តូរ​ឥរិយាបថ​របស់គាត់​បាន​ដ៏​កម្រិត​ណា​។ ម្យ៉ាងវិញ​ទៀត បើសិនជា​អ្នក​អាច​សម្រប​ខ្លួន​របស់អ្នក​ក្នុងការ​ដឹកនាំ អ្នក​នឹង​មាន​ឥទ្ធិពល​យ៉ាងខ្លាំង​ទៅលើ​ឥរិយាបថ​របស់​បុគ្គលិក​។

ទី៣ កុំ​ប្រញាប់​ក្នុង​ការជ្រើសរើស​បុគ្គលិក

​ចំពោះ​ការជ្រើសរើស​បុគ្គលិក ក្រុមហ៊ុន​មួយ​ចំនួន​យកចិត្ត​ទុកដាក់​យ៉ាងខ្លាំង​ព្រោះ​ពួកគាត់​ដឹងថានៅពេល​ដែល​គាត់​ជ្រើសរើស​បុគ្គលិគ​ខុស​ប្រៀបបី​ដូចជា​ចំណាយ​លុយ​និង​ចំណាយ​ពេលវេលា​ចោល​ឥត​ប្រយោជន៍​ក្នុង​អាជីវកម្ម​។ ដូចនេះ មុន​នឹង​សម្រេចចិត្ត​ជ្រើសរើស​បុគ្គលិក​ណាម្នាក់ គេ​ត្រូវ​សិក្សា​ស្វែងយល់​ឲ្យ​បាន​ច្បាស់ថា​បុគ្គល​នោះ​សក្តិសម​នឹង​ដំណែង​នោះ​ដែរឬទេ​​។ នៅពេល​ដែល​គាត់ជ្រើសរើស​បុគ្គលិក​បានត្រឹមត្រូវ​គឺ​បុគ្គលិក​នោះ​នឹង​ជួយ​ឲ្យ​អាជីវកម្ម​កាន់តែ​ប្រសើរ​ដោយ​ប្រើប្រាស់​ជំនាញ​ដែល​គាត់​មាន​ច្បាស់លាស់។

ទី៤ រៀន​ទទួល​យក​ចំណុច​​ខ្សោយ​របស់អ្នក

ទោះបីជា​មនុស្ស​នោះ​មាន​ទេពកោសល្យ​យ៉ាងណា​ក៏ដោយ​​ក៏​គាត់​​គង់តែ​មាន​ចំណុច​ខ្សោយ​ខ្លះ​ដែរ​។ កំហុស​ដែល​សហគ្រិន​មាន​នោះ​គឺ​គាត់​គិតថា​គាត់​អាច​ធ្វើអ្វីៗ​បាន​គ្រប់យ៉ាង។ ឧទាហរណ៍ គាត់​ពូកែ​គណិតវិទ្យា គាត់​គិត​ថាគាត់​អាច​ទទួល​ខុសត្រូវ​ផ្នែក​ហរិញ្ញវត្ថុ​បាន​ហើយ​ប៉ុន្តែ​វា​មិនមែន​សុទ្ធតែ​បែប​ហ្នឹងទេ​។ សហគ្រិន​ដ៏ល្អ​​​ស្គាល់​​​ពី​​ចំណុច​​ខ្សោយ​​របស់​គាត់​​ក្នុង​​ផ្នែក​​ណាមួយ។ ដូចនេះ​​គាត់​នឹង​អាច​ជ្រើសរើសបាន​អ្នក​មកជំនួស​ដើម្បី​ជួយ​​បំពេញ​ចន្លោះ​ខ្វះខាត​នោះបាន​។

ទី៥ ចំណាយ​ពេល​រៀបចំ​គម្រោង

អាជីវកម្ម​ថ្មី​ជាច្រើន​ចាប់ផ្តើម​ដោយសារ​តែ​ពួកគាត់​មាន​ជំនាញ​ច្បាស់លាស់​ក្នុង​ជំនាញ​ណាមួយ​​។ នេះ​គឺជា​អត្ថ​ប្រយោជន៍​មួយ​ដែល​គាត់មាន​។ ​ទោះជា​យ៉ាងណា​គាត់​​ត្រូវតែ​​រៀបចំ​ផែនការ​ឲ្យ​បាន​ច្បាស់លាស់​ក្នុង​អាជីវកម្ម​របស់គាត់​​ក៏ដូចជា​រៀបចំ​អាជីវកម្ម​របស់គាត់​ឲ្យ​មាន​លក្ខណៈ​ស្តង់ដារ​ត្រឹមត្រូវ​។

ទី៦ ពិចារណា​ទៅលើ​គោលដៅ​

ក្រុម​ដែល​ជោគជ័យ​គឺ​​​បង្ហាញ​​អាកប្បកិរិយា​​ដូចគ្នា​ដោយសារតែ​ពួកគាត់​មាន​ចក្ខុវិស័យ ចំណង់​ចំណូល​ចិត្ត​ក្នុង​ការងារ ទំនាក់​ទំនង​យ៉ាង​ស្មោះត្រង់​ជាដើម។ ​ពួកគាត់​សន្មត​ថា​ការយល់ស្រប​ទាំងអស់​គ្នា​ជា​ធ្លុង​មួយ​គឺជា​ការប្រសើរ​មួយ ​ ព្រោះ​ពួកគាត់​សម្រប​សម្រួល​គ្នា​ក្នុង​ការរិះរក​ដំណោះ​ស្រាយ​ជា​មតិ​រួម​។

Previous articleអាថ៌កំបាំងដែលជួយឲ្យ​ការធ្វើពាណិជ្ជកម្ម​ឆ្លងប្រទេស​ទទួលបាន​ជោគជ័យ
Next article៥​​ជំហាន​អ្នក​អាច​អនុវត្ត​ក្នុង​​ការ​រិះគន់​ដើម្បី​ស្ថាបនា
ហេង ប៊ុននាថ មានតំណែងជា Business Creative នៅគំនិត ដែលមានតួនាទីដែលផ្តោតលើការបង្កើតមាតិការធុរកិច្ច សហគ្រិន យុទ្ធសាស្ត្រអាជីវកម្មសម័យទំនើប ព្រមទាំងធ្វើករណីសិក្សាទៅលើអាជីវកម្មក្នុងស្រុក។ គាត់ក៏ជានិស្សិតថ្នាក់បរិញ្ញាប័ត្រ នៅ វិទ្យាស្ថានជាតិបរទេស(IFL) ផ្នែកអក្សរសាស្រ្តអង់គ្លេស និង សាកលវិទ្យាល័យ បញ្ញាសាស្រ្ត( PUC) ជំនាញ គ្រប់គ្រងអាជីវកម្ម ដែលសុទ្ធសឹងជាសាកលវិទ្យាល័យល្បីៗនៅប្រទេសកម្ពុជា។ ក្រៅពីការសិក្សានឹងការងារ គាត់បានលះបង់ពេលវេលាផ្ទាល់ខ្លួនរបស់គាត់ ក្នុងការចូលរួមសកម្មភាពសង្គម ដើម្បីចែករំលែកបទពិសោធន៌ និងចំណេះដឹងដែលគាត់មានទៅកាន់សហគមន៌ ព្រោះការអភិវឌ្ឍន៌សង្គមគឺជាកិច្ចការ ដែលគាត់គិតថាគួរចូលរួមចំនែក។ បន្ថែមពីនេះ នៅពេលទំនេរ គាត់បានធ្វើការស្មគ្រ័ចិត្ត ក្នុងសិក្សាស្រាជ្រាវ ទៅលើអាជីវកម្មផ្សេងៗ ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់ ពីតថភាពសង្គមខ្មែរ នាពេលបច្ចុប្បន្ន។