គន្លឹះបង្កើត Content ដើម្បីកសាងហ្វេសប៊ុកផេកអាជីវកម្មរបស់អ្នក

242
គន្លឹះបង្កើត Content ដើម្បីកសាង Facebook business page របស់អ្នក

Content បើបកជាភាសាខែ្មរ យើងអាចកំណត់បានថា ជាមាតិកា ឬជាសារបង្ហោះនៅលើប្រព័ន្ធសង្គម ដូចជានៅលើ Facebook, Instagram, TikTok និងផ្សេងៗទៀត។

ឈ្វេងយល់អំពី Content

Content គឺត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយដោយអ្នកទីផ្សារឌីជីថល និងម្ចាស់អាជីវកម្ម។ ហើយជាទូទៅ អ្នកទីផ្សារ និងម្ចាស់អាជីវកម្ម បង្កើតContent ឬបង្កើតសារបង្ហោះ ឬបង្កើតមាតិកា ដើម្បីជំរុញទីផ្សារ កសាងកេរ្តិ៍ឈ្មោះម៉ាកយីហោ និងជំរុញការលក់ជាដើម។

Content មានច្រើនប្រភេទ ប៉ុន្តែគេតែងតែប្រើប្រាស់ មាន 18 ប្រភេទ រួមមាន៖

  1. វីដេអូ
  2. អត្ថបទ
  3. រូបភាព
  4. Infographics
  5. Podcast
  6. Ebooks
  7. ករណីសិក្សា (Case Studies)
  8. Quote
  9. ការធ្វើTestimonials និង Review អំពីអ្វីមួយ
  10. ការធ្វើសេចក្ដីប្រកាស (Announcements)
  11. ធ្វើសំណួរចម្លើយ
  12. ការធ្វើបទសម្ភាសន៍
  13. Live វីដេអូ
  14. បង្កើតកម្មវិធីតាមអនឡាញ
  15. ការស្ទង់មតិ
  16. SlideShares
  17. Posters
  18. Fan page

ចំណាំ៖ អ្នកទីផ្សារ ឬម្ចាស់អាជីវកម្ម អាចជ្រើសរើសប្រភេទ Content ណាដែលស័ក្តិសមបំផុតចំនួន 1ឬច្រើន ដើម្បីបង្កើតខ្លឹមសារ ឬធ្វើសកម្មភាពនានាក្នុងការផ្សព្វផ្សាយលើបណ្ដាញសង្គម ជាពិសេសនៅក្នុង Facebook page អាជីវកម្មរបស់អ្នក។

គន្លឹះបង្កើត Content សម្រាប់ Facebook page សម្រាប់អាជីវកម្មរបស់អ្នក

តើអ្នកចំណាយពេលប៉ុន្មានទៅលើទំព័រហ្វេសប៊ុកអាជីវកម្មរបស់អ្នក (Facebook business page)? ប្រសិនបើផេកនោះជាអ្វីដែលអ្នកបានបង្កើតជាយូរណាស់មកហើយ ប៉ុន្តែអ្នកមិនបានពិនិត្យឡើងវិញជាប្រចាំ នោះអ្នកអាចនឹងបាត់បង់វិធីដ៏មានតម្លៃ ដើម្បីធ្វើឱ្យអាជីវកម្មរបស់អ្នកមានភាពរីកចម្រើនជាងមុន។

បើយោងតាមគេហទំព័រ Forbes បានបង្ហាញពីគន្លឹះក្នុងការបង្កើតខ្លឹមសារបង្ហោះ ឬបង្កើត Content ដែលធ្វើឱ្យអ្នកប្រើប្រាស់ហ្វេសប៊ុកជាប់ចិត្តហើយត្រលប់មករកអ្វីបន្ថែមទៀតនៅក្នុងហ្វេសប៊ុកផេករបស់អ្នក។

1. Content ដែលផ្ដល់នូវគុណតម្លៃ

ទំព័រហ្វេសប៊ុករបស់អ្នក (Your Facebook page) គឺជាកន្លែងដ៏ល្អសម្រាប់ការធ្វើបច្ចុប្បន្នភាពអាជីវកម្មរបស់អ្នក ប៉ុន្តែកុំវែងឆ្ងាយពេក ពីព្រោះមនុស្សមិនចង់បានឬត្រូវការរបាយការណ៍ស៊ីជម្រៅអំពីការធ្វើបច្ចុប្បន្នភាពក្រុមហ៊ុនរបស់អ្នកទេ ផ្ទុយទៅវិញសូមផ្តល់គុណតម្លៃកាន់តែច្រើនដោយការរួមបញ្ចូលគ្នានូវមាតិកាចម្រុះ (mix of content) អំពីអាជីវកម្មរបស់អ្នក  ជាមួយ third-party content ដូចជាតំណភ្ជាប់ទៅកាន់ប្លុកនិងវេទិកាឧស្សាហកម្ម។ ធ្វើបែបនេះនឹងបង្កើតភាពជឿជាក់ ដើម្បីជាធនធានដ៏មានតម្លៃដល់អតិថិជនរបស់អ្នក។

ចំណាំ៖ third-party content បកជាខ្មែរថា “ខ្លឹមសាររបស់ភាគីទីបី” គឺសំដៅលើឈ្មួញកណ្ដាលដែលផ្ដល់សេវាកម្មផ្សព្វផ្សាយ ក៏ដូចជាបង្កើត Content ឱ្យអ្នក ដើម្បីឱ្យអតិថិជនបានស្គាល់ពីអាជីវកម្មរបស់អ្នក តាមរយៈ third-party content។

2. ត្រូវមានយុទ្ធសាស្ត្រអមជាមួយរូបភាព

កុំបង្ហោះរូបថតតែម្នាក់ឯងនៃផលិតផលឬសេវាកម្មរបស់អ្នក ចូរបង្ហាញថាផលិតផលឬសេវាកម្មរបស់អ្នកត្រូវបានប្រើដោយភាពសប្បាយរីករាយ និងភាពពេញចិត្តពីអតិថិជន។ ធ្វើបែបនេះ នឹងអាចទាក់ទាញចិត្តអតិថិជនឱ្យជួយចែករំលែកបន្តទៅកាន់សាធារណៈជនផ្សេងទៀតផងដែរ។

3. ជៀសវាងការបង្ហោះវែងពេក

ការបង្ហោះសារវែងឆ្ងាយ វាជាចំណុចដែលអតិថិជននិងមហាជនជាច្រើនមិនចាប់អារម្មណ៍ និងមិនចូលចិត្តអានឡើយ។ ប្រសិនបើអ្នកចង់ឱ្យអ្នកគាំទ្រអានសារបង្ហោះរបស់របស់អ្នកសូមរក្សាវាឱ្យខ្លីនិងផ្អែមល្ហែមជាទូទៅរវាង 100-250តួអក្សរ។

4. ផ្ដោតលើការចូលរួម (Focus on engagement)

តើអ្នកអាចជំរុញអតិថិជនឱ្យចូលរួមក្នុងអាជីវកម្មរបស់អ្នកយ៉ាងដូចម្តេច? ហើយដឹងយ៉ាងច្បាស់ថា នរណាជាអតិថិជនគោលដៅរបស់អ្នក ដែលអ្នកចង់ឱ្យពួកគេមានសកម្មភាពចូលរួមជាមួយនឹងអ្នក។ បន្ទាប់មក ព្យាយាមសួរសំណួរនិងផ្តល់ជូនការបោះឆ្នោត(polls) ដែលអញ្ជើញឱ្យមានការឆ្លើយតបលើប្រធានបទនានា។ នៅចុងបញ្ចប់នៃការផ្សព្វផ្សាយ សូមកុំភ្លេចអញ្ជើញអ្នកគាំទ្រឱ្យបញ្ចេញមតិ(Comment) ចូលចិត្ត(Like) ឬចែករំលែក(Share)។ នៅពេលមនុស្សឆ្លើយតប សូមរក្សាការសន្ទនាដោយមានមតិផ្ទាល់ខ្លួនរបស់អ្នក។

5. ភ្ជាប់ទំនាក់ទំនងឱ្យដូចមិត្តភក្តិ មិនមែនជាការធ្វើអាជីវកម្ម

ហ្វេសប៊ុក គឺជាការនិយាយអំពីបទពិសោធន៍ផ្ទាល់ខ្លួន ដូច្នេះដើម្បីភ្ជាប់ទំនាក់ទំនងជាមួយអតិថិជនឱ្យដូចជាមិត្តភក្តិនៅក្នុងហ្វេសប៊ុក អ្នកអាចចាប់ផ្ដើមការបង្ហោះព័ត៌មាន ឬព័ត៌មានថ្មីៗតាមវិធីសាមញ្ញដោយមានរីករាយហើយផ្ដល់ការអប់រំ គ្មានការឃោសនាបំផ្លើសផ្នែកទីផ្សារ ឬការផ្សាយព័ត៌មានជាដើម។ លើសពីនេះ ផ្សព្វផ្សាយអ្វីដែលធ្វើឱ្យមនុស្សសប្បាយរីករាយ ទទួលបានចំណេះដឹង និងគុណតម្លៃផ្សេងៗ ដោយផ្សាភ្ជាប់នឹងផលិតផលសេវាកម្មរបស់អ្នក (ប៉ុន្តែកុំផ្ដោតលើការផ្សព្វផ្សាយលក់ខ្លាំងពេក អាចធ្វើឱ្យមនុស្សឆាប់ធុញ និងគ្មានការចាប់អារម្មណ៍)។ ការធ្វើបែបនេះ នឹងធ្វើឱ្យមនុស្សមានអារម្មណ៍ថា ពួកគេជាផ្នែកមួយនៃសហគមន៍ដែលកំពុងរីកចម្រើនខ្លាំង។